"ការ​ធ្វើ​បាប​កាសែត ខេមបូឌា ដេលី គឺ​ផ្ទុយ​ពី​គោលការណ៍​បើកចំហ​សេរីភាព​ព័ត៌មាន"

ដោយ តាំង សារ៉ាដា
2018-02-05
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សារព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០១៧។
សារព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០១៧។
RFA/Sorn Chanratha

សង្គម​ស៊ីវិល​ដែល​ធ្វើការ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ហៅ​ការ​តាម​រក​រឿង​ព្យាបាទ​របស់​រដ្ឋាភិបាល ទៅលើ​សារព័ត៌មាន​ដែល​ហ៊ាន រិះគន់​រដ្ឋាភិបាល ថា ជាការ​បំបិទ​សិទ្ធិសេរីភាព ដោយ​អនុវត្ត​ច្បាប់​ដោយ​ពុំ​ស្មើភាព​គ្នា ហើយ​ការតាមរក​រឿង​កាសែត​ឯករាជ្យ​បែបនេះ មិន​បាន​ផ្ដល់​ប្រយោជន៍​ដល់​រដ្ឋាភិបាល និង​សង្គម​ទេ។

នាយក​ស្ដីទី​មជ្ឈមណ្ឌល​កម្ពុជា​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) លោក ណុប វី យល់​ថា លិខិត​របស់​ក្រសួង​ប្រៃសនីយ៍ និង​ទូរគមនាគមន៍ ដែល​បានចេញ​បញ្ជា​ឲ្យ​ប្រព័ន្ធ​អ៊ីនធឺណិត​ទាំងអស់​បិទ​កម្មវិធី​ផ្សាយ (IP address) របស់​ក្រុមហ៊ុន BERNARD KRISHER JIMUSHI Co.Ltd ឬ​កម្មវិធី​ផ្សាយ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត របស់​កាសែត ឌឺ ខេមបូឌា ដេលី (The Cambodia daily) ថា ជា​ការ​ផ្ទុយ​ពី​គោលការណ៍​បើកចំហរ​សេរីភាព​សារព័ត៌មាន។ សង្គម​ស៊ីវិល​មើល​ឃើញ​ថា ការ​ដាក់​បទបញ្ជា​នេះ ជា​ការ​អនុវត្ត​ច្បាប់​មិន​ស្មើភាព​គ្នា លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​ហ៊ាន​រិះគន់​រដ្ឋាភិបាល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​មាន​និន្នាការ​គាំទ្រ​រដ្ឋាភិបាល។ «»

បើទោះជា​កាសែត ឌឹ ខេមបូឌា ដេលី បាន​បង្ខំ​ចិត្ត​បិទ​ការិយាល័យ​បោះពុម្ភ​ផ្សាយ​នៅ​ភ្នំពេញ ជិត​កន្លះ​ឆ្នាំ​មកហើយ​ក្ដី ប៉ុន្ដែ​រដ្ឋាភិបាល​នៅតែ​បន្ដ​ចាត់វិធានការ​តឹងរ៉ឹង​លើ​ការផ្សាយ​របស់​កាសែត​បរទេស​នេះ ដោយ​ចេញ​បញ្ជា​ឲ្យ​ក្រុមហ៊ុន​អ៊ីនធឺណិត​នៅ​កម្ពុជា​ទាំងអស់ រាំងខ្ទប់ (Block) កម្មវិធី​សុហ្វវ៉ែ (IP address) របស់​ក្រុមហ៊ុន BERNARD KRISHER JIMUSHI Co.Ltd ឬ កម្មវិធី​ការផ្សាយ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​របស់​កាសែត ឌឹ ខេមបូឌា ដេលី មិន​ឲ្យ​ពលរដ្ឋ​នៅ​កម្ពុជា​បាន​ឃើញ​ព័ត៌មាន​របស់​កាសែត ឌឹ ខេបូឌា ដេលី។

លិខិត​របស់​ក្រសួង​ប្រៃសនីយ៍ និង​ទូរគមនាគមន៍ ចុះ​ថ្ងៃទី​២៧ កញ្ញា ឆ្នាំ​២០១៧ ដែល​ទើប​ត្រូវ​បាន​សារព័ត៌មាន​ទទួល​បាន​នៅ​ថ្ងៃទី៥ កុម្ភៈ បង្ហាញ​ថា រដ្ឋមន្ត្រី​ស្ដីទី ឈ្មោះ ខាយ ឃុនហេង បាន​ណែនាំ​ឲ្យ​ក្រុមហ៊ុន​ផ្ដល់​អ៊ីនធឺណិត​នៅ​កម្ពុជា​ទាំងអស់ ត្រូវតែ​កំណត់ នៅ​ក្នុង​កម្មវិធី​សូហ្វវ៉ែ (Software) និង​ឧបករណ៍​គ្រប់គ្រង​អ៊ីនធឺណិធ្វើ​យ៉ាងណារាំង​ខ្ទប់​គេហទំព័រ https://www.cambodiadaily.com | http://www.cambodiadailykhmer.com ដែល​ប្រតិបត្តិការ​តាមរយៈ​កម្មវិធី​អ៊ីនធឺណិត កុំ​ឲ្យ​ដំណើរការ​បាន​នៅ​កម្ពុជា។

មិនមែន​តែ​គេហទំព័រ​នោះ​ទេ សូម្បី​ទំព័រ​ហ្វេសប៊ុក (Facebook) និង ធ្វីតធ័រ (Twiter) របស់​កាសែត ឌឺ ខេមបូឌា ដេលី ក៏​ត្រូវ​បាន​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បង្គាប់​ឲ្យ​ក្រុមហ៊ុន​ផ្ដល់​សេវា​អ៊ីនធឺណិត​ទាំងអស់ ត្រូវ​ប្រឹងប្រែង​ឲ្យ​អស់ពី​លទ្ធភាព​បច្ចេកទេស ដើម្បី​បញ្ឈប់​មិន​ឲ្យ​មាន​ដំណើរការ​នៅ​ក្នុង​ទឹកដី​ប្រទេស​កម្ពុជា។

កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល ក្នុង​ការ​តាម​ព្យាបាទ​បិទ​កាសែត ឌឺ ខេមបូឌា ដេលី តាម​ប្រព័ន្ធ​ឌីជីថល មិន​ទទួល​បាន​ជោគជ័យ​ទាំងស្រុង​នោះទេ។ រហូត​មក​ទល់ពេល​នេះ ទំព័រ​ហ្វេសប៊ុក និង​ធ្វីទធ័រ (Twitter) របស់​កាសែត The Cambodia Daily នៅ​តែ​បង្ហាញ​ខ្លួន​លើ​បណ្ដាញ​សង្គម​នៅ​កម្ពុជា ដដែល

សេចក្ដី​បង្គាប់​បញ្ជា​របស់​ក្រសួង​ប្រៃសណីយ៍​នេះ ត្រូវ​បានធ្វើ​ឡើងតាម​សំណូមពរ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច ដែល​បាន​ស្នើ​ទៅ​ក្រសួង​ប្រៃសណីយ៍ កាល​ពី​ថ្ងៃទី​៥ កញ្ញា ឆ្នាំ​២០១៧ ក្រោយ​កាសែត ឌឹ ខេមបូឌា ដេលី បង្ខំ​ចិត្ត​បិទ​ការិយាល័យ​តាម​បញ្ជា​របស់ រដ្ឋាភិបាល ២​ថ្ងៃ។

អាស៊ីសេរី បាន​ព្យាយាម​ទូរស័ព្ទ​ទៅសុំ​ការ​បំភ្លឺ​ពី​ក្រុម​អ្នកនាំពាក្យ ក្រសួង​ប្រៃសណីយ៍​ដើម្បី​បញ្ជាក់​បន្ថែម​លើ​លិខិត​បង្គាប់​ឲ្យ​បិទ​កម្មវិធី គេហទំព័រ​សារព័ត៌មាន​នេះ ប៉ុន្ដែ​គ្មាន​អ្នកទទួល​ទូរស័ព្ទ។ អ្នកនាំពាក្យ​បញ្ញត្តិករ​ទូរគមនាគមន៍​កម្ពុជា លោក អ៊ឹម វុត្ថា ប្រាប់​គេហទំព័រ​វីអូឌី (VOD) ថា ពិត​ជា​មាន​ការបិទ​ពិតមែន។

កាសែត ខេមបូឌា ដេលី ជា​សារព័ត៌មាន​អន្ដរជាតិ​ដែល​ហ៊ាន​ចុះផ្សាយ ចំណុច អវិជ្ជមាន​របស់​រដ្ឋាភិបាល។ ជារឿយៗ កាសែត​ដែលមាន អាយុកាល​២៤​ឆ្នាំ មួយ​នេះ​តែង​រង​ការព្រមាន​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចំពោះ​ការ​ហ៊ាន​ចុះផ្សាយ​អត្ថបទ​រិះគន់ ការដឹកនាំ​របស់​លោក

កាសែត​នេះ បាន​ប្រកាស​បិទ​ស្ថាប័ន​របស់ខ្លួន​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០១៧ ដោយសារ​រង​គំនាប​ពី​រដ្ឋាភិបាល ដោយ​បានចោទប្រកាន់​ថា កាសែត​នេះ ជំពាក់​ពន្ធ​រដ្ឋ​ជាង ៦​លាន​ដុល្លារ​អាមេរិក។ នៅ​ចុង​ខែ​តុលា ឆ្នាំ​២០១៧ កាសែត ឌឹ ខេមបូឌា ដេលី ប្រកាស​ចាប់ផ្ដើម​ការផ្សាយ​របស់​ខ្លួន​ឡើងវិញ តាម​ប្រព័ន្ធ​អ៊ីនធឺណិត ប៉ុន្តែ​ពុំមាន​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នោះទេ។

ក្រុមហ៊ុន​ផ្ដល់​សេវាអ៊ីនធឺណិត​មួយ ឈ្មោះ ស៊ីណេត ខេអេច (SINET KH) បាន​ប្រាប់​អតិថិជន តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ថា ពិត​ជា​មាន​ការ​បិទ​គេហទំព័រ​មួយ​នេះ​មែន ក្រោយពេល​ទទួលបាន​បញ្ជា​ឱ្យ​រាំងខ្ទប់​ការ​ចូល​ទៅ https://www.cambodiadaily.com | http://www.cambodiadailykhmer.com

ចំណែក តំណាង​ក្រុមហ៊ុន​ផ្ដល់ អ៊ីនធឺណេត ឈ្មោះ​មេគង្គ​ណេត (Mekong Net) លោក ស្រៀង ប៉ូទី ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍ ថា អាសយដ្ឋាន​អ៊ីនធឺណិត​របស់​កាសែត ឌឺ ខេមបូឌា ដេលី ពិត​ជាត្រូវ​បាន​រារាំង​មែន គឺ​ធ្វើតាម​បញ្ជា​របស់​រដ្ឋាភិបាល។ អ្នក​ជំនាញ​ផ្នែក​បច្ចេកវិទ្យា រក​ឃើញ​ថា គេហទំព័រ​ខេមបូឌា ដេលី ត្រូវ​បាន​រារាំង​មែន ប៉ុន្តែ សម្រាប់​ទំព័រ​ហ្វេសប៊ុក និង Twitter នៅ​មិនទាន់​អាច​រារាំង​បាន​នោះទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល