"អ្នក​ចង់​ចូល​រួម​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​តាម​អ៊ីនធឺណិត​ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ"

ដោយ យាង សុជាមេត្តា
2016-05-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​សមត្ថកិច្ច​ដាក់​បារាស​ស្ទាក់​ឃាត់​ពលរដ្ឋ​ដែល​ធ្វើ​យុទ្ធនាការ "ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ" មិន​អោយ​ធ្វើ​ដំណើរ​ទៅ​ពន្ធនាគារ​ព្រៃស កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦។
ក្រុម​សមត្ថកិច្ច​ដាក់​បារាស​ស្ទាក់​ឃាត់​ពលរដ្ឋ​ដែល​ធ្វើ​យុទ្ធនាការ "ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ" មិន​អោយ​ធ្វើ​ដំណើរ​ទៅ​ពន្ធនាគារ​ព្រៃស កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦។
RFA/Tha Kitya

អ្នក​ចូល​រួម​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ សម្ដែង​ការ​ហួស​ចិត្ត​ចំពោះ​មន្ត្រី​រដ្ឋាភិបាល ដែល​ឲ្យ​ពួកគេ​សុំ​អនុញ្ញាត​អាជ្ញាធរ​ជា​មុន មុន​នឹង​បង្ហោះ​ព័ត៌មាន​នៅ​លើ​បណ្ដាញ​សង្គម​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចូលរួម​ក្នុង​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ។ សង្គម​ស៊ីវិល​ថា នេះ​ជា​ការ​បំបិទ​សិទ្ធិ​សេរីភាព​សម្ដែង​មតិ​របស់​ពលរដ្ឋ។

អស់​ពី​រារាំង​មិន​ឲ្យ​អ្នក​ចូល​រួម​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ ប្រមូល​ផ្តុំ​គ្នា​តវ៉ា​ពេល​នេះ អ្នក​ដែល​ចង់​ចូល​រួម​ធ្វើ​យុទ្ធនាការ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ឬ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ក៏​ត្រូវ​សុំ​អនុញ្ញាត​ពី​អាជ្ញាធរ​ដែរ។

​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ដែល​បណ្ដាញ​របស់​ព្រះអង្គ​គ្រោង​ចាប់​ផ្ដើម​ធ្វើ​យុទ្ធនាការ​សរសេរ​អំពាវនាវ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដើម្បី​ឲ្យ​ពលរដ្ឋ​ចូល​រួម​ក្នុង​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ។ ព្រះតេជព្រះគុណ​មាន​ថេរដីកា​ថា មធ្យោបាយ​មួយ​ទៀត​ដើម្បី​បញ្ចៀស​នូវ​ការ​ប៉ះ​ទង្គិច ឬ​ការ​បង្ក្រាប​របស់​សមត្ថកិច្ច គឺ​អ្នក​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ អាច​សម្ដែង​ការ​ចូល​រួម​របស់​ខ្លួន​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក តាម​រយៈ​ការ​បង្ហោះ​សារ​អំពាវ​តៗ​គ្នា​ជាដើម។ ព្រះតេជព្រះគុណ​មាន​ថេរ​ដីកា​បន្ត​ថា មធ្យោបាយ​នេះ​ពលរដ្ឋ​ណា​ក៏​អាច​ចូលរួម​បាន​ដែរ ហើយ​អាច​គេច​ផុត​ពី​​ការ​ចាប់​ខ្លួន​របស់​សមត្ថកិច្ច​ទៀត​ផង។ ដោយសារ​តែ​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម មាន​គម្រោង​ការ​ធ្វើ​ដូច្នេះ​ហើយ ទើប​អាជ្ញាធរ​តម្រូវ​ឲ្យ​អ្នក​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​ត្រូវ​សុំ​អនុញ្ញាត​ពី​អាជ្ញាធរ​ជា​មុន។

វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​ទេ​នៅ​ថ្ងៃ​ទី​២១ ខែ​ឧសភា ប៉ុន្តែ​លោក ខៀវ សុភ័គ បាន​និយាយ​ប្រាប់​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ថា បើ​ទោះ​ជា​កម្ពុជា មិន​ទាន់​មាន​ច្បាប់​គ្រប់គ្រង​ប្រព័ន្ធ​អ៊ីនធឺណិត ក៏ដោយ អ្នក​ដែល​មាន​បំណង​ធ្វើ​យុទ្ធនាការ​អ្វី​មួយ​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ត្រូវ​ទទួល​ការ​អនុញ្ញាត​ផ្លូវការ​ពី​អាជ្ញាធរ​ជា​មុន​សិន។ លោក ខៀវ សុភ័គ បញ្ជាក់​ថា ការ​ឃោសនា​ទាំង​ឡាយ​ណា​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សន្តិសុខ​សង្គម គឺ​មិន​ល្អ​នោះ​ឡើយ។

ទោះ​ជា​មន្ត្រី​រដ្ឋាភិបាល​ថ្លែង​បែប​នេះ​ក្តី ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ រក្សា​ជំហរ​ថា ក្រុម​ព្រះតេជព្រះគុណ​នៅ​តែ​ធ្វើ​យុទ្ធនាការ​នេះ​នៅ​លើ​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​ចន្ទ ខាង​មុខ​ដដែល ព្រោះ​ព្រះតេជព្រះគុណ​ជឿ​ជាក់​ថា សកម្មភាព​នោះ​មិន​ខុស​ច្បាប់​ឡើយ៖ «ទោះ​ជា​គេ​ហាមឃាត់​ក៏​ហាម​ទៅ ពីព្រោះ​ក្រុមហ៊ុន​ហ្វេសប៊ុក មិន​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​ទេ បើ​ចង់​ទៅ​រក​រឿងៗ​ក្រុមហ៊ុន​ហ្វេសប៊ុក ទៅ​ក្រុមហ៊ុន​ហ្វេសប៊ុក គេ​ផ្ដល់​សេរីភាព​ឲ្យ​យើង​គ្រប់គ្រាន់​យើង​គ្រាន់តែ​ជា​អ្នក​ប្រើ​តើ អ៊ីចឹង​បើ​យើង​គ្រាន់តែ​ជា​អ្នក​ប្រើ​ខ្លាច​អី​គ្រាន់តែ​បង្ហោះ​ពណ៌​ខ្មៅ​ប៉ុណ្ណឹង ហើយ​បើ​រដ្ឋាភិបាល​ខ្លាច​ពណ៌​ខ្មៅ​ពេល​ចូល​ទៅ​ប្រជុំ​ម្តងៗ​នាំ​គ្នា​ពាក់​តែ​ពណ៌​ស​ទៅ ធ្វើ​តែ​បុណ្យ​ខ្មោច​វិញ​ទៅ»

​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​អង្គការ​លីកាដូ លោក អំ សំអាត យល់​ឃើញ​ថា ពលរដ្ឋ​គ្រប់រូប​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​សម្ដែង​មតិ មិន​ថា តាម​រយៈ​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី ឬ​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត នោះ​ឡើយ៖ «តាម​អនឡាញ (Online) តាម​បណ្ដាញ​សង្គម បើសិនជា​ការ​បញ្ចេញ​មតិ​មិន​បង្ក​ឲ្យ​វឹកវរ យើង​ត្រូវ​ចែក​ឲ្យ​ដាច់​អំពី​បទ​ញុះញង់ និង​សិទ្ធិ​សេរីភាព​បញ្ចេញមតិ ពីព្រោះ​បើសិនជា​មតិ​ណា​មួយ​មិន​ប៉ះពាល់​ធ្វើ​ឲ្យ​មាន​ភាព​វឹកវរ​ដល់​សង្គម​កើត​ឡើង​ទេ វា​ជា​សេរីភាព​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​មួយៗ​ទេ»

យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ ដែល​បង្កើត​ឡើង​ដោយ​ក្រុម​សង្គម​ស៊ីវិល បាន​ចាប់​ផ្ដើម​សកម្មភាព​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា។ ប៉ុន្តែ​អ្នកចូលរួម​ក្នុង​យុទ្ធនាការ​នេះ​ត្រូវ​បាន​សមត្ថកិច្ច​រដ្ឋាភិបាល​រារាំង​មិន​ឲ្យ​ជួបជុំ​ដង្ហែ​ក្បួន​ឆ្ពោះ​ទៅ​កាន់​ពន្ធនាគារ​ព្រៃ​ស​នោះ​ទេ។ ចាប់​ពី​មាន​យុទ្ធនាការ​នេះ​មក អ្នក​ចូល​រួម​សរុប ១៣​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​សួរ​នាំ​មុន​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ។

ទោះ​ជា​អាច​ប្រឈម​នឹង​ការ​ចាប់​ឃាត់​ខ្លួន​ក្តី តំណាង​ស្ត្រី​សហគមន៍​បឹងកក់ អ្នកស្រី ទេព វន្នី ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២១ ឧសភា ថា សហគមន៍​អ្នកស្រី​នឹង​នៅតែ​បន្ត​ចូលរួម​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ នៅ​រៀងរាល់ថ្ងៃ​ចន្ទ លុះណាតែ​មានការ​ដោះលែង​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស និង​មន្ត្រី គ.ជ.ប ឲ្យ​មាន​សេរីភាព​វិញ។

​អ្នកស្រី ទេព វន្នី ថា បើ​សមត្ថកិច្ច​រារាំង​មិន​ឲ្យ​ទៅ​ប្រមូល​ផ្តុំ​នៅមុខ​ពន្ធនាគារ​ព្រៃ​ស​ទេ ក្រុម​អ្នកស្រី​នឹង​នៅតែ​ធ្វើ​យុទ្ធនាការ​នេះ​នៅ​ក្នុង​សហគមន៍​តែម្ដង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (7)
Share

អ្នក​អាន​អនាមិក

ពួក ប៉ូលីស ទីងមោង គ្មានវិញ្ញាណ ធ្វើតាមគេ បញ្ជា ក្បាល រស់នៅ នាំតែធ្ងន់ ប្រទេសខ្មែរ !

May 22, 2016 10:13 AM

ហានិភ័យ

ពី តាកែវ

ចាប់គេទាំងបំពានច្បាប់ ភ័យខ្លាចប្រជាជនតវ៉ា​បះបោរ ប្រើធម៌ក្តៅប្រជាជនកាន់តែស្អប់ របបផ្តាច់ការកាន់តែផុសលេចចេញរូបរាងកាន់តែច្បាស់។

May 22, 2016 03:28 AM

អ្នក​អាន​អនាមិក

ពី Phnom Penh

ជំងឺមហារីករបស់សេរីភាពនៅកម្ពុជារីករាលដាលមើលលែងជាហើយ។
ខ្ញុំគ្មានសង្ឃឹមបក្សប្រឆាំងអាចដោះស្រាយបានទេ។ ខ្ញុំមានតែសង្ឃឹឹមថាមន្រ្តីរបស់រដ្ឋាភិបាលមួយចំនួនដែលនៅសេសល់ ដែលស្រឡាញ់ប្រទេសរបស់យើងជួយព្យាបាលជំងឺមហារីកនេះ។ បើមិនព្យាបាលទាន់ពេលទេនឹងស្លាប់ទាំងអស់គ្នាហើយ។ កំុស្មានថាហ៊ុនសែនឆ្លាតជាងយួន។

May 21, 2016 11:48 PM

អ្នក​អាន​អនាមិក

It doesn't matter whether you ask permission or not. The CPP will come up with excuses not to let you demonstrate against them. Now if you demonstrate in supporting the CPP thugs, there is no problem with that. The CPP will provide you with security, protection and money.

May 21, 2016 10:48 AM

អ្នក​អាន​អនាមិក

Cambodian government has lost its mind, and it goes crazy. Everything it says and does is the laughing stock. It has become so paranoid. Just the matter of time before collapsing on its knees.

May 21, 2016 10:21 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល