ពលរដ្ឋខ្មែរក្រោមប្រមាណ ៦០នាក់ នៅថ្ងៃទី២ កញ្ញា ជួបជុំគ្នាធ្វើបាតុកម្មនៅខាងមុខស្ថានទូតវៀតណាម ប្រទេសហុល្លង់ (Netherlands) ដើម្បីទាមទារឲ្យរដ្ឋាភិបាលវៀតណាម គោរពសិទ្ធិជនជាតិដើម និងដោះលែងសកម្មជនខ្មែរក្រោមចំនួន ៤នាក់ ដែលកំពុងជាប់ពន្ធនាគារក្នុងប្រទេសវៀតណាម។
បាតុកម្មនៅថ្ងៃនេះ មានការចូលរួមពីពលរដ្ឋខ្មែរក្រោម មកពីប្រទេសបារាំង(French) អ៊ីតាលី(Italy) និងហុល្លង់(Netherlands) ជាដើម ក្នុងនោះមានទាំងព្រះសង្ឃ ក្មេងចាស់ ប្រុស ស្រី នាំគ្នាកាន់ទង់ជាតិខ្មែរក្រោម និងកាន់បដា ដែលបានសរសេរថា រដ្ឋាភិបាលវៀតណាមត្រូវតែគោរពសិទ្ធិមនុស្ស និងដោះលែងសកម្មជនខ្មែរក្រោម។
បាតុកម្មធ្វើឡើង បន្ទាប់ពីអាជ្ញាធរវៀតណាម បានឃាត់ខ្លួនសកម្មជនសិទ្ធិមនុស្សខ្មែរក្រោម ចំនួន ៤នាក់ កាលពីថ្ងៃទី៣១ កក្កដា ក្រោម បទចោទ កេងចំណេញលើសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ បំពានលើផលប្រយោជន៍របស់រដ្ឋ និងសិទ្ធិសេរីភាពស្របច្បាប់ នៃអង្គការចាត់តាំង និងបុគ្គលរបស់ប្រទេសវៀតណាម។អង្គការសិទ្ធិមនុស្សខ្មែរក្រោមបានបដិសេធការចោទប្រកាន់នេះ ។
អនុប្រធានទី២ សហព័ន្ធខ្មែរកម្ពុជាក្រោមនៅប្រទេសអ៊ីតាលី(Italy) លោក ត្រាន សារ៉ុង(Tran Xarong) ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២ កញ្ញា ថា បាតុកម្មនេះ គឺធ្វើឡើងដើម្បីទាមទារឲ្យរដ្ឋាភិបាលវៀតណាមគោរពសិទ្ធិជនជាតិដើមភាគតិចខ្មែរក្រោម និងដោះលែងសកម្មជនខ្មែរក្រោមទាំង៤នាក់។ លោក អំពាវនាវដល់ ពលរដ្ឋខ្មែរកណ្ដាលនៅកម្ពុជា ចូលរួមទាមទារសិទ្ធិជនជាតិដើមខ្មែរក្រោម នៅប្រទេសវៀតណាម ព្រោះទាំងពលរដ្ឋខ្មែរក្រោម និងខ្មែរកណ្ដាល សុទ្ធតែឈាមជាខ្មែរដូចគ្នា។
លោក ត្រាន សារ៉ុង៖ «គោលដៅយើងតែមួយឲ្យដោះលែងសកម្មជនសិទ្ធិមនុស្សខ្មែរកម្ពុជាក្រោមយើង ទី២ទៀតឲ្យគាត់ហ្នឹងទទួលស្គាល់ខ្មែរកម្ពុជាក្រោម ជាជនជាតិដើម។ ទី៣ទៀតយើងចង់ឲ្យរដ្ឋាភិបាលកុម្មុយនីស្តយួន គោរពសិទ្ធិមនុស្ស ណា៎គោរពសិទ្ធិមនុស្ស គោកតិកាសញ្ញារបស់អន្តរជាតិផ្សេងៗទៀត ដែលពួកគាត់បានចុះហត្ថលេខាជាមួយគេទាំងអស់ហ្នឹង»។
អាជ្ញាធរវៀតណាម បានចាប់ឃុំខ្លួន និងគំរាមកំហែងសកម្មជនសិទ្ធិមនុស្សខ្មែរក្រោមចំនួន ៩នាក់ កាលពីថ្ងៃទី៣១ ខែកក្កដា ក្រោមការចោទប្រកាន់ពីបទ «កេងចំណេញលើសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ បំពានលើផលប្រយោជន៍របស់រដ្ឋ និងសិទ្ធិសេរីភាពស្របច្បាប់ នៃអង្គការចាត់តាំង និងបុគ្គល» តាមមាត្រា ៣៣១ នៃក្រមព្រហ្មទណ្ឌរបស់ប្រទេសវៀតណាម។ ក្រោយការឃាត់ខ្លួន និងសួរនាំ អាជ្ញាធរបានដោះលែងពួកគេឱ្យមានសេរីភាពវិញ ប៉ុន្តែនៅបន្តឃុំខ្លួនសកម្មជនសិទ្ធិមនុស្សខ្មែរក្រោមចំនួន ៤នាក់៕
សូមទស្សនាបទសម្ភាសន៍ជាមួយប្រធាននាយកដ្ឋានព័ត៌មានសហព័ន្ធខ្មែរក្រោម ព្រះអង្គ ស៊ើង យ៉ឺងរតនា មានថេរដីកាបន្ថែមជុំវិញរឿងនេះ។ សូមអរគុណ!
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។