អ្នក​រាយការណ៍​ពិសេស​របស់​អ.ស.ប​បារម្ភ​ពី​ការ​រឹតត្បិត​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​និង​ប្រមូល​ផ្តុំ

ដោយ មួង ណារ៉េត
2016.09.28
រ៉ូណា ស្មីត ២០១៦ ៨៥៥ អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ (អ.ស.ប) ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នា​សាលា​ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៦។
Photo: RFA

អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ (អ.ស.ប) ប្រចាំ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា រាយការណ៍​ជូន​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ អំពី​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា និង​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កែទម្រង់​លើ​ផ្នែក​អប់រំ ដើម្បី​បញ្ជ្រាប​ការ​យល់​ដឹង​អំពី​សិទ្ធិមនុស្ស​ឲ្យ​បាន​ទូលំទូលាយ។

អ្នកស្រី​លើក​ឡើង​ពី​បញ្ហា​នៃ​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ សិទ្ធិ​ប្រមូល​ផ្តុំ  និង​សិទ្ធិ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី។ អ្នកស្រី​ផ្តល់​អនុសាសន៍​ឲ្យ​រដ្ឋាភិបាល​កម្ពុជា យក​ចិត្ត​ដាក់​បន្ថែម​លើ​វិស័យ​អប់រំ ដោយ​បញ្ចូល​ការ​អប់រំ​ផ្នែក​សិទ្ធិមនុស្ស​ទៅ​ក្នុង​កម្មវិធី​សិក្សា ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​យុត្តិធម៌​សង្គម និង​ភាព​ស្មើ​គ្នា។ ការ​អប់រំ​នេះ ត្រូវ​ផ្ដល់​ជូន​ដល់​កុមារ យុវជន មន្ត្រី​ពង្រឹង​ការ​អនុវត្ត​ច្បាប់ អ្នក​តំណាងរាស្ត្រ មន្ត្រី​រដ្ឋាភិបាល និង​មន្ត្រី​តុលាការ។

តំណាង​រដ្ឋាភិបាល​កម្ពុជា លោក ន័យ សាមុល ដែល​មាន​វត្តមាន​ក្នុង​កិច្ច​ប្រជុំ​នោះ​ដែរ បាន​ឆ្លើយ​តប​វិញ​ថា រដ្ឋាភិបាល​បាន​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បញ្ហា​ទាំង​អស់​ទាំង​នេះ​រួច​ហើយ។ លោក​អះអាង​ថា ដើម្បី​ពង្រឹង​ផ្នែក​យុត្តិធម៌ និង​តុលាការ រដ្ឋាភិបាល​បាន​ខិតខំ​ធ្វើ​ឲ្យ​តុលាការ​មាន​ឯករាជភាព ដោយ​មិន​ឲ្យ​ចំណុះ​ក្រោម​ឥទ្ធិពល​នៃ​អង្គនីតិបញ្ញត្តិ ឬ​អង្គ​នីតិប្រតិបត្តិ។ លោក​បន្ត​លើក​ឡើង​ថា ច្បាប់​ចំនួន​បី ពាក់ព័ន្ធ​នឹង​តុលាការ​ត្រូវ​បាន​អនុម័ត ដូចជា ច្បាប់​ស្តីពី​លក្ខន្តិកៈ​ចៅក្រម និង​ព្រះរាជអាជ្ញា ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្តិ​ទៅ​របស់​តុលាការ ច្បាប់​ស្តីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម។ លោក​បន្ត​ទៀត​ថា ចំពោះ​ការ​អប់រំ​ស្តីពី​សិទ្ធិមនុស្ស រដ្ឋាភិបាល​កម្ពុជា យក​ចិត្ត​ទុក​ដាក់​ក្នុង​រឿង​នេះ តាំង​ពី​ឆ្នាំ​១៩៩៣ មក​ម្ល៉េះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។