តំណាងពិសេសក្រសួងការបរទេសសហរដ្ឋអាមេរិក សម្រាប់កិច្ចការពលកម្មអន្តរជាតិ អ្នកស្រី សារ៉ា ហ្វក (Sarah Fox) គ្រោងបំពេញទស្សនកិច្ចមកកាន់កម្ពុជា ពីថ្ងៃទី៣ ដល់ទី៤ ខែតុលា។
មន្ត្រីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ឲ្យដឹងថា នៅក្នុងដំណើរទស្សនកិច្ចនេះ អ្នកស្រី សារ៉ា ហ្វក គ្រោងពិភាក្សាពីបញ្ហាមួយចំនួននៅកម្ពុជា រួមមានសេរីភាពនៃការប្រមូលផ្តុំ តុលាការការងារ ប្រាក់ឈ្នួលកម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ និងបញ្ហាមួយចំនួនទៀតជាមួយមន្ត្រីរដ្ឋាភិបាល មន្ត្រីសង្គមស៊ីវិល និងភាគីពាក់ព័ន្ធនានា រួមមានក្រុមហ៊ុនម៉ាកយីហោ រោងចក្រ និងកម្មករជាដើម។
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ឲ្យដឹងថា អ្នកស្រី សារ៉ា ហ្វក នឹងធ្វើសន្និសីទកាសែតបូកសរុបលទ្ធផលការងាររបស់អ្នកស្រីនៅថ្ងៃទី៤ ខែតុលា នាស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា នៅវេលាម៉ោង ១១ព្រឹក។
មុនមកបំពេញទស្សនកិច្ចនៅកម្ពុជា អ្នកស្រី សារ៉ា ហ្វក ក៏ធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា (Myanmar) ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។