ពលរដ្ឋ​នៅ​ខេត្ត​កំពង់ស្ពឺ​ថា​ក្រុម​ទាហាន​ឈូស​រំលោភ​ចូល​ដី​ព្រៃ​សហគមន៍

ដោយ សាន សែល
2017-06-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​ទាហាន​ចុះ​សម្រប​សម្រួល​ជាមួយ​មន្ត្រី​បរិស្ថាន និង​ប្រជា​សហគមន៍​នៅ​ក្នុង​ទីតាំង​ជម្លោះ​ដី​ព្រៃ នៅ​ឃុំ​ត្រពាំងជោរ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០១៧។ RFA/San Sel
ក្រុម​ទាហាន​ចុះ​សម្រប​សម្រួល​ជាមួយ​មន្ត្រី​បរិស្ថាន និង​ប្រជា​សហគមន៍​នៅ​ក្នុង​ទីតាំង​ជម្លោះ​ដី​ព្រៃ នៅ​ឃុំ​ត្រពាំងជោរ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០១៧។ RFA/San Sel
RFA/San Sel

ប្រជា​សហគមន៍​ដែល​មាន​ទំនាស់​ដីធ្លី​នៅ​ឃុំ​ត្រពាំងជោ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ អះអាង​ថា ទាហាន​កង​ថ្មើរ​ជើង​លេខ​៧០ បាន​ប្រើ​គ្រឿងយន្ត​ឈូស​ឆាយ​ដី​ចូល​តំបន់​ព្រៃ​សហគមន៍ ក៏ប៉ុន្តែ​ទាហាន​បដិសេធ​ថា​មិន​បាន​ឈូស​រំលោភ​ដី​ព្រៃ​សហគមន៍​ទេ។

ជម្លោះ​ដីធ្លី​រវាង​សហគមន៍​អម្ពរ​ស្រែ​ពស់ និង​ក្រុម​ទាហាន​ចំនួន ១២​គ្រួសារ​លើ​ដី​ព្រៃ​ទំហំ​ប្រមាណ ៧៨​ហិកតារ (៧៧,៩៥​ហិកតារ) ដែល​សហគមន៍​បាន​ចោទ​ទាហាន​ថា​បាន​រំលោភ​យក​ដី​ព្រៃ​សហគមន៍ បាន​ឈាន​ដល់​ការ​ទទួល​យក​ដំណោះស្រាយ​ដែល​សម្របសម្រួល​ដោយ​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ កាល​ពី​សប្ដាហ៍​មុន។

មន្ត្រី​បរិស្ថាន បាន​វាស់វែង​កំណត់​ព្រំ​ដី​ដើម្បី​សម្គាល់​ដី​ព្រៃ​សហគមន៍ និង​ដី​ព្រៃ​សម្បទាន​ដែល​ទាហាន​ទទួល​បាន​ក្នុង​ការ​ទប់ស្កាត់​ទាហាន​ពី​ការ​ឈូស​ឆាយ​ដី​ព្រៃ​សហគមន៍។

ក៏ប៉ុន្តែ​នៅ​ថ្ងៃ​ទី​២៧ មិថុនា អ្នក​ភូមិ​ដែល​តាម​ឃ្លាំ​មើល​ការ​ឈូស​ដី​ព្រៃ​របស់​ទាហាន អះអាង​ថា ក្រុម​ទាហាន​បាន​ឈូស​ចូល​ដី​ព្រៃ​សហគមន៍​អស់​ទំហំ ៥០​ម៉ែត្រ​គុណ ២០០​ម៉ែត្រ​នៅ​ត្រង់​ចំណុច​អក្សរ​ស៊ី (C) និង ឌី (D) ដៅ​ដោយ​ប្រព័ន្ធ ជី.ភី.អេស (GPS)

លោក ឈន ធា ដែល​ជា​ពលរដ្ឋ​ចុះ​ល្បាត​ព្រៃ ចោទ​ទាហាន​ថា​បំពាន​ការ​កំណត់​របស់​មន្ទីរ​បរិស្ថាន៖ «កូន​ចៅ​ទាហាន​ប្រើ​អាអិច (គ្រឿងយន្ត​ឈូស​ឆាយ​ដី) ឈូស​ដី​លើស​ពី​លេខ (ទីតាំង) ដែល​បាន​កំណត់ បណ្ដាល​ឈូស​ដល់​ដី​សហគមន៍»

ក្រុម​ទាហាន​ច្រាន​ចោល​ការ​លើក​ឡើង​នេះ។ លោក ឯម ម៉ៅ ដែល​ដឹកនាំ​ក្រុម​ទាហាន​ឈូស​ដី​ព្រៃ បញ្ជាក់​ថា ពួក​គេ​ធ្វើ​ត្រឹមត្រូវ​តាម​ការ​កំណត់៖ «អត់​មាន​ចូល​ដី​សហគមន៍​ទេ។ អត់​មាន​ចូល អត់​មាន​អី​ទេ»

លោក​ឲ្យ​ដឹង​ថា ក្រុម​លោក​បាន​ឈូស​ដី​ជិត ៨០​ហិកតារ​ជិត​រួច​រាល់​ហើយ៖ «៥០​ម៉ែត្រ ១០០​ម៉ែត្រ​ទៀត​រួច​ហើយ»

បើ​យោង​តាម​អនុប្រធាន​មន្ទីរ​បរិស្ថាន លោក នៅ ណាក់ ដែល​ចុះ​សម្របសម្រួល​ករណី​នេះ ទាហាន​ពិត​ជា​បាន​ឈូស​ព្រៃ​ឆ្លង​ចូល​ដី​សហគមន៍​នៅ​ត្រង់​ចំណុច​អក្សរ​អ៊ី (E)«លើស​ប្រហែល ២០ ទៅ ៣០​ម៉ែត្រ​ទេ។ តែ​យើង​បាន​ឲ្យ​ទាហាន​ថយ​អាត្រាក់ មក​កាយ​ត្រឹម​ព្រំ​ដែល​យើង​ធ្វើ​ថ្មី»

នៅ​ពេល​សម្របសម្រួល​ដើរ​វាស់វែង​ព្រំ​ដី​ហើយ​កាល​ពី​សប្ដាហ៍​មុន មន្ទីរ​បរិស្ថាន ធានា​ថា នឹង​ដាក់​មន្ត្រី​របស់​ខ្លួន​ឃ្លាំ​មើល​ក្រុម​ទាហាន​ឈូស​ឆាយ​ដី ដើម្បី​បញ្ចៀស​កុំ​ឲ្យ​ឈូស​បំពាន​លើ​ដី​សហគមន៍។

លោក នៅ ណាក់ ពន្យល់​ថា ការ​ដែល​ឈូស​ដី​ចូល​ដី​សហគមន៍ បាន​កើត​ឡើង​ដោយ​ក្រុម​លោក​មិន​បាន​ចុះ​ទៅ​តាម​អង្កេត៖ «ដោយសារ​តែ​គាត់ (ទាហាន) អត់​បាន​ហៅ​មន្ត្រី​របស់​យើង​ចូលរួម។ យើង​ស្មាន​តែ​គាត់​ដឹង​ព្រំ​ហើយ​អស់​ហើយ ក៏​មិន​បាន​បញ្ចូល​មន្ត្រី​របស់​យើង​ចូលរួម​ទៅ»

បច្ចុប្បន្ន មន្ទីរ​បរិស្ថាន កំពុង​ស្រង់​ឈ្មោះ​ពលរដ្ឋ​ដើម្បី​រៀបចំ​បង្កើត​សហគមន៍​អភិរក្ស​ព្រៃ​ឈើ​ឡើង​វិញ បន្ទាប់​ពី​សហគមន៍​ចាស់​អស់​សុពលភាព ហើយ​ពួក​គេ​នឹង​ជួប​ជជែក​គ្នា​នៅ​ថ្ងៃ​ទី​៣ កក្កដា ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល