គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​​សម្ភព​ក្រុង​តវ៉ា​ចំពោះ​ការ​បណ្ដេញ​ឲ្យ​រុះរើ​ការិយាល័យ

0:00 / 0:00

បុគ្គលិក​​​ពេទ្យ​​​​​រដ្ឋ​នៃ​មន្ទីរពេទ្យ​បង្អែក​រាជធានី​ភ្នំពេញ ឬ​ហៅ​ថា​មន្ទីរពេទ្យ​សម្ភព​ក្រុង ប្រមាណ ១០០​នាក់ បាន​ប្រមូល​​​​​​ផ្តុំ​គ្នា​​លើក​បដា​​តវ៉ា​នៅ​មុខ​កន្លែង​ធ្វើ​ការ ដើម្បី​ប្រឆាំង​ថ្នាក់ដឹកនាំ​របស់​ខ្លួន ដែល​បាន​បង្ខំ​ឲ្យ​រុះរើ​​​កន្លែង​ធ្វើ​ការ​ទៅ​កាន់​​ទីតាំង​ផ្សេង​តូច​ចង្អៀត​ជាង​មុន។

ក្រុម​គ្រូពេទ្យ​មន្ទីរពេទ្យ​បង្អែក​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ក្នុង​ពេល​ប្រមូល​ផ្តុំ​គ្នា​លើក​បដា​តវ៉ា​នៅ​មុខ​កន្លែង​ធ្វើ​ការ​​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ថា ពួក​គាត់​ប្រឆាំង​ដាច់​ខាត​នូវ​ការ​ដោះដូរ​ទីតាំង​មន្ទីរ​ពេទ្យ​​​​នេះ​ទៅ​កាន់​ទីតាំង​ផ្សេង ក្រោម​រូបភាព​ដោះដូរ​ឲ្យ​វិស័យ​ឯកជន​អភិវឌ្ឍន៍ ឬ​ចោទ​ថា អាគារ​បច្ចុប្បន្ន​មាន​សភាព​ទ្រុឌទ្រោម។

ក្រុម​អ្នក​តវ៉ា​ជា​បុគ្គលិក និង​កម្មករ ពេទ្យ បាន​សំណូមពរ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​អ្នក​ពាក់ព័ន្ធ ជួយ​អន្តរាគមន៍​រក្សា​ទីតាំង​មន្ទីរពេទ្យ​បង្អែក​រាជធានី​ភ្នំពេញ ដែល​ជា​អតីត​មន្ទីរពេទ្យ​សម្ភព​ក្រុង​ឲ្យ​នៅ​ទីតាំង​ដើម​​​វិញ។

ក្រុម​គ្រូពេទ្យ​បាន​ចោទ​លោក សុខ សុគន្ធ ប្រធាន​មន្ទីរ​​សុខាភិបាល​រាជធានី​ភ្នំពេញ ថា​មាន​បំណង​​យក​ទីតាំង​​​មន្ទីរពេទ្យ​ក្រុង​លក់​ទៅ​ឲ្យ​ឈ្មួញ​ក្រោម​រូបភាព​ដោះ​ដូរ ឬ​ចោទ​ថា សំណង់​ចាស់​ទ្រុឌទ្រោម​ជាដើម៖ «បើ​ធ្វើ​អាគារ​អត់​បាន​សូម​កុំ​លក់។ អាគារ​ធ្វើ​ក្រោយ​នេះ​ថា​អស់ ១​លាន​ដុល្លារ។ ​ប្រធាន​មន្ទីរ​សុខាភិបាល​គាត់​មក​ប្រជុំ​គាត់​ថា នឹង​ធ្វើ​អាគារ​ថ្មី​រួច​ហើយ​ចាំ​ឲ្យ​រុះរើ។ ប៉ុន្តែ​ក្រោយ​មួយ​ម៉ោង គាត់​បែរ​ជា​បញ្ជា​ឲ្យ​រុះរើ​ជា​បន្ទាន់។ សំណូមពរ​ដល់​លោក​នាយករដ្ឋមន្ត្រី និង​លោក​ជំទាវ មេត្តា​ជួយ​ដល់​មន្ត្រី​រាជការ​ខាង​មន្ទីរ​បង្អែក​ក្រុង​ផង គឺ​អត់​ចង់​បាន​អី​ទេ គឺ​ចង់​តែ​បាន​អាគារ​ថ្មី​ដែល​ផ្តល់​សេវា​សាធារណៈ​ដល់​ប្រជាជន​ជា​សាធារណៈ​ទេ។ ដូច្នេះ​ប្រធាន​មន្ទីរ​សុខាភិបាល​និយាយ​បាត​ដៃ​ជា​ខ្នង​ដៃ»

លោក សុខ សុគន្ធ ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ដែល​បាន​ចុះ​ទៅ​ជួប​ក្រុម​គ្រូពេទ្យ​មន្ទីរ​ពេទ្យ​បង្អែក​រាជធានី បន្ទាប់​ពី​គ្រូពេទ្យ​ផ្ទុះ​ការ​តវ៉ា​បាន​ឲ្យ​ដឹង​ថា ការ​តម្រូវ​ឲ្យ​គ្រូពេទ្យ​រើ​សម្ភារៈ​ទៅ​កាន់​ទីតាំង​​ផ្សេង ដោយសារ​​តែ​អាគារ​ពេទ្យ​បង្អែក​សម្ភព​ក្រុង​ទ្រុឌទ្រោម និង​បារម្ភ​ខ្លាច​បាក់​សង្កត់​មនុស្ស​ស្លាប់​នៅ​ថ្ងៃ​អនាគត។

យ៉ាង​នេះ​ក្តី លោក សុខ សុគន្ធ បាន​អនុញ្ញាត​ឲ្យ​ក្រុម​គ្រូពេទ្យ​បន្ត​ធ្វើ​ការងារ​ជា​ធម្មតា​នៅ​ទីតាំង​ចាស់​​បណ្ដោះអាសន្ន រង់ចាំ​ការ​សាងសង់​អាគារ​ថ្មី​រួច​រាល់ នឹង​ដោះស្រាយ​បន្ត​ទៀត៖ «ប៉ុន្តែ​អាគារ​នេះ​ទុក​សិន លុះ​ត្រា​តែ​អភិវឌ្ឍន៍​រួច​ចាំ​យើង​រៀបចំ​ធ្វើ។ ប៉ុន្តែ​ស្នើ​ឲ្យ​អស់​លោក កន្លែង​ណា​ធ្វើ​ការ​ស្រួល​ធ្វើ​សិន​ចុះ ទម្រាំ​អាគារ​យើង​អភិវឌ្ឍន៍​រួច។ សូម​អធ្យាស្រ័យ​មាន​ការ​យឺតយ៉ាវ»

ក្រោយ​ពី​មាន​ការ​សន្យា​របស់​លោក​ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី បុគ្គលិក​ពេទ្យ​សម្ភព​ក្រុង ក៏​រំសាយ​ការ​តវ៉ា​នៅ​វេលា​ថ្ងៃ​ត្រង់ និង​ព្រម​ចូល​ធ្វើការ​វិញ ទាំង​មិន​ទាន់​អស់​ចិត្ត។

សកម្មភាព​បង្ខំ​ឲ្យ​បុគ្គលិក​ពេទ្យ​ប្ដូរ​ទីតាំង​អាគារ​មន្ទីរពេទ្យ​សម្ភព ​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២៥ ខែ​កុម្ភៈ នាំ​ឲ្យ​ស្ត្រី​គ្រប់​ខែ​ដែល​មក​រក​សេវា​សម្រាល​កូន ឬ​ឆ្លង​ទន្លេ នៅ​មន្ទីរពេទ្យ​នេះ មាន​ការ​ភ្ញាក់ផ្អើល​និង​ភ័យ​ស្លន់ស្លោ។ ពួក​គាត់​​បាន​រិះគន់​ចំពោះ​គម្រោង​ដោះដូរ​អាគារ​មន្ទីរពេទ្យ​សម្ភព​ក្រុង​របស់​រដ្ឋាភិបាល ឬ​ផ្នែក​ពាក់ព័ន្ធ ថា​មិន​គួរ​ឲ្យ​កើត​មាន​ទេ៖ «ខ្ញុំ​ឈឺ​ពោះ ឥឡូវ​គេ​លក់​ពេទ្យ​ទៅ​ហើយ ខ្ញុំ​បាន​អី​កើត​កូន​ទៅ? ពេទ្យ​គេ​ជ្រួលច្របល់​អត់​បាន​ចូល​ពេទ្យ​កើត​កូន​ទេ។ សំណូមពរ​ឲ្យ​ពេទ្យ​ទទួល​យក​ខ្ញុំ​ផល កុំ​លក់​ពេទ្យ​អី។ ឥឡូវ​លក់​ពេទ្យ​នេះ​ហើយ​ឲ្យ​អ្នក​ក្រ​ទៅ​ចូល​ពេទ្យ​ណា​អស់​លោក? ខ្ញុំ​សំណូមពរ​ដល់​សម្ដេច ហ៊ុន សែន តែម្តង ដែល​គាត់​លក់ៗៗៗ លក់​អត់​មាន​គិត។ ឥឡូវ​ខ្ញុំ​សូម​អង្វរ​ពេទ្យ​មួយ​ហ្នឹង លោក​កុំ​លក់​បាន​ទេ?»

មន្ទីរពេទ្យ​បង្អែក​រាជធានី​ភ្នំពេញ ឬ​ជា​មន្ទីរ​ពេទ្យ​សម្ភព​ក្រុង មាន​ទីតាំង​ស្ថិត​​ក្នុង​សង្កាត់​វាលវង់ ​ខណ្ឌ​៧​មករា គឺ​​នៅ​ជាប់​ខាង​ជើង​វិទ្យាល័យ​បាក់ទូក និង​ខាង​កើត​សហគមន៍​​បុរីកឡា ដែល​មាន​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ។
​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ គេ​សង្កេត​ឃើញ​ថា មាន​សកម្មភាព​លក់​ដូរ​អាគារ​ធ្វើ​ការ​របស់​រដ្ឋ​ក្រោម​រូបភាព​ដោះ​ដូរ​ ឬ​អភិវឌ្ឍន៍ ក្នុង​នោះ​មាន​ដូចជា៖ មណ្ឌល​សុខភាព ៧​មករា មាន​ទីតាំង​ជាប់​មន្ទីរពេទ្យ​សម្ភព​ក្រុង និង​មន្ទីរពេទ្យ​បង្អែក​ចំការមន និង​អាគារ​រដ្ឋ​​ជា​ច្រើន​ទៀត ក្រោម​រូបភាព​ដោះដូរ​ទៅ​កាន់​ទីតាំង​ថ្មី ឬ​អាគារ​ចាស់​ទ្រុឌទ្រោម ដោយ​​​វិនិយោគ​ទៅ​ឲ្យ​វិស័យ​ឯកជន​អភិវឌ្ឍន៍។

ទាក់ទិន​ការ​ទិញ​លក់ ឬ​ដោះដូរ​អាគារ​រដ្ឋ​នេះ​ដែរ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ឆ្នាំ​២០០៧ បាន​ណែ​នាំ​ដល់​ថ្នាក់​ដឹកនាំ​តាម​ក្រសួង ឬ​ស្ថាប័ន​ពាក់ព័ន្ធ​របស់​ខ្លួន ឲ្យ​ខិតខំ​រក្សា​ទីតាំង​បច្ចុប្បន្ន មាន​សាលារៀន មន្ទីរពេទ្យ មណ្ឌល​សុខភាព ឬ​អាគារ​រដ្ឋ​ផ្សេងៗ ទាំង​ក្នុង​រាជធានី​ភ្នំពេញ​ និង​តាម​ខេត្ត​ក្រុង​នានា ឲ្យ​បាន​គង់វង្ស ដោយ​ពុំ​ត្រូវ​​ឲ្យ​មាន​ការ​ដោះដូរ​ទីតាំង​ទាំង​នោះ​ជា​ដាច់ខាត។ ប៉ុន្តែ​សេចក្ដី​ណែនាំ​របស់​ប្រមុខ​ដឹកនាំ ត្រូវ​បុគ្គលិក​រដ្ឋ ប្រជាពលរដ្ឋ និង​អ្នក​ឃ្លាំមើល​សង្គម សង្កេត​ឃើញ​ថា គ្មាន​​ប្រសិទ្ធភាព និង​គ្មាន​អ្នក​គោរព​តាម​ទេ​មក​ដល់​ពេល​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។