មន្ត្រីអង្គការក្រៅរដ្ឋាភិបាលមានជំនឿច្រើនលើការដោះស្រាយបញ្ចប់បញ្ហាដីធ្លីរបស់អ្នកភូមិឡពាង ក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក្រោយជំនួបក្រៅផ្លូវការអស់រយៈពេលជាង ៣ម៉ោង។ ភាគីក្រុមហ៊ុនបញ្ជាក់ថា ប្រសិនបើដំណើរការនៃការដោះស្រាយនេះទទួលបានលទ្ធផលល្អនោះ រឿងក្ដីក្ដាំដែលកំពុងតែដំណើរការនៅប្រព័ន្ធតុលាការនឹងត្រូវបញ្ចប់។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តកំពង់ឆ្នាំង លោក សំ ច័ន្ចគា មានប្រសាសន៍ថា នៅក្នុងកិច្ចពិភាក្សានេះ ភាគីទាំងអស់បានលើកឡើងនូវនីតិវិធីផ្សេងៗក្នុងការដោះស្រាយបញ្ចប់បញ្ហា។ ក្នុងនោះ ភាគីក្រុមហ៊ុនបានប្ដេជ្ញាថា នឹងស្នើសុំទៅសាលាខេត្តកំពង់ឆ្នាំង ដើម្បីបង្កើតគណៈកម្មការចម្រុះមួយ ដែលមានសមាសភាពពីតំណាងប្រជាពលរដ្ឋ ក្រុមហ៊ុន អាជ្ញាធរ និងអង្គការក្រៅរដ្ឋាភិបាល៖ «ខ្ញុំសង្ឃឹមថា វានឹងកើតឆាប់ៗនេះ ពីព្រោះជំទាវលោកក៏មិនចង់ឲ្យរឿងនៅវែងឆ្ងាយ មិនចង់ឲ្យគេយកអារឿងហ្នឹងទៅវាយប្រហារទៅលើលោកដែរ។ កន្លងមក និយាយឲ្យចំ ភាគីអត់មានដែលបានជួបជជែកគ្នាទេ។ ភាគីក្រុមហ៊ុនហ្នឹងហាក់មិនចង់បានយោបល់ពីខាងណាឲ្យច្បាស់លាស់ ទើបឥឡូវនេះលោកពិភាក្សាជាមួយ អិន.ជី.អូ (NGO) ទៅឃើញថា ដំណោះស្រាយមានតែផ្លូវនេះទេដែលល្អ»។
នៅពេលសុំការបញ្ជាក់ពីក្រុមហ៊ុន ខេ.ឌី.ស៊ី តំណាងភាគីក្រុមហ៊ុន លោក ថៃ ហ៊ី បានបដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញបញ្ហានេះឡើយ នៅថ្ងៃទី៧ ខែកុម្ភៈ។
ទោះជាយ៉ាងណា មេឃុំតាជេស លោក សួស ស៊ីផៃ មានប្រសាសន៍យ៉ាងខ្លីថា លោកបានចូលរួមស្ដាប់កិច្ចពិភាក្សារកដំណោះស្រាយលើបញ្ហាដីធ្លីនៅភូមិឡពាង នេះដែរ ក៏ប៉ុន្តែខាងអាជ្ញាធរមិនទាន់បានធ្វើអ្វី ហើយក៏មិនដឹងថានឹងធ្វើអ្វីនៅឡើយទាក់ទងនឹងបញ្ហានេះដែរ៖ «ឥឡូវហ្នឹងនិយាយឲ្យចំទៅ ខ្ញុំនិយាយតែមួយម៉ាត់ទៀតទេណា។ ខ្ញុំមានរវល់បន្តិច គឺអត់ទាន់បានធ្វើអ្វីនៅឡើយ អ៊ីចឹងបានន័យថា គ្មានសេចក្ដីរាយការណ៍»។
ទាក់ទងនឹងបញ្ហានេះ អភិបាលរងខេត្តកំពង់ឆ្នាំង ទទួលបន្ទុកដោះស្រាយទំនាស់ដីធ្លី លោក ចេង ញ៉ាន់ មានប្រសាសន៍ថា គណៈកម្មការ គឺបង្កើតឡើងដើម្បីចុះស្រាវជ្រាវរកភាពត្រឹមត្រូវ និងច្បាស់លាស់ទៅលើបញ្ហាទាំងអស់ ក៏ប៉ុន្តែបើភាគីណាមួយមិនព្រមទទួលយកលទ្ធផលនៃការស្រាវជ្រាវនោះ គណៈកម្មការដែលបានបង្កើតឡើងក៏គ្មានប្រយោជន៍អ្វីដែរ៖ «តាមពិតទៅ បើយើងនិយាយពីនីតិវិធី វាមិនត្រឹមត្រូវតាមគោលការណ៍ច្បាប់ទេ ប៉ុន្តែបើភាគីទាំងពីរមានបំណងចង់ដោះស្រាយតាមរបៀបហ្នឹង អាហ្នឹងយើងក៏អាចធ្វើបាន គ្រាន់ថាយើងទៅបង្កើតគណៈកម្មការអី ព្រោះអាហ្នឹងរឿងកំពុងតែដោះស្រាយនៅតុលាការ មានន័យថា វាស្ថិតនៅក្នុងសមត្ថកិច្ចតុលាការ»។
សរុបជារួម ទំនាស់ដីធ្លីនៅក្នុងភូមិឡពាង មានរយៈពេល ១៣ឆ្នាំហើយ។ ប៉ុន្តែ វិវាទដីធ្លីរយៈពេលពិតប្រាកដរវាងអ្នកភូមិឡពាង ជាមួយនឹងក្រុមហ៊ុន ខេ.ឌី.ស៊ី របស់លោកជំទាវ ជា ខេង គិតមកដល់ពេលនេះ មានរយៈពេល ៧ឆ្នាំ។ បច្ចុប្បន្ន មានប្រជាពលរដ្ឋចំនួន ៥២គ្រួសារ នៅមិនទាន់ដោះស្រាយចប់។ ក្រុមប្រជាពលរដ្ឋទាមទារឲ្យមានការដោះស្រាយបញ្ចប់បញ្ហាឲ្យបានឆាប់ៗ នៅគ្រាដែលជីវភាពរបស់ពួកគាត់កាន់តែធ្លាក់ដុនដាបខ្លាំង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
