ពលរដ្ឋរស់នៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ អះអាងថា អាជ្ញាធរពាក់ព័ន្ធបានគប់គិតគ្នាជាប្រព័ន្ធលួចធ្វើប័ណ្ណកម្មសិទ្ធិឈូសឆាយរំលោភយកដីព្រៃសហគមន៍អ្នកតាថ្មព្រង់ អស់ជាច្រើនហិកតារ ខណៈព្រៃមួយនេះពលរដ្ឋខិតខំការពារព្រៃឈើជាង២០ឆ្នាំមកហើយ។ មន្ត្រីសង្គមស៊ីវិល ទទូចឲ្យអាជ្ញាធរពាក់ព័ន្ធចុះត្រួតពិនិត្យ និងរកដំណោះស្រាយជូនសហគមន៍។
ពលរដ្ឋរស់នៅភូមិថ្មី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ អះអាងថា អស់រយៈពេល២ថ្ងៃមកហើយ ដែលមានគ្រឿងចក្រចូលឈូសឆាយដីព្រៃសហគមន៍អ្នកតាថ្មព្រង់អស់ជាង៣០ហិកតារ។ ពលរដ្ឋបន្ថែមថា អាជ្ញាធរនៅតំបន់នោះបានគប់គិតគ្នាលួចធ្វើប័ណ្ណកម្មសិទ្ធិចំនួន ៦កន្លែងនៅក្នុងព្រៃសហគមន៍ ដោយសំអាងថា អាជ្ញាធរត្រូវការដី ៩៣ហិកតារ ដើម្បីធ្វើកន្លែងចាក់សំរាម ប៉ុន្តែពលរដ្ឋបដិសេធមិនឲ្យដីព្រៃសហគមន៍នេះឡើយ។
ពលរដ្ឋចោទអភិបាលស្រុកកំពង់សីលាជាអ្នកឈូសឆាយដីព្រៃសហគមន៍
ប្រធានសហគមន៍អ្នកតាថ្មព្រង់ លោក ឃុត ស៊ីនឿន អះអាងប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៤ ខែមីនាថា អភិបាលស្រុកកំពង់សីលា បានឲ្យគ្រឿងចក្រ ចូលឈូសឆាយដីព្រៃសហគមន៍អស់ជាង៣០ហិកតារ ដោយមិនបានពិគ្រោះយោបល់ និងឯកភាពពីប្រជាពលរដ្ឋជាមុនសិននោះទេ។ លោកថា នៅព្រឹកថ្ងៃទី៤ ខែមីនា ពលរដ្ឋជាង៣០០គ្រួសារបានប្រមូលគ្នាទៅហាមឃាត់គ្រឿងចក្រមិនឲ្យឈូសឆាយបន្ត និងទាមទារឲ្យអាជ្ញាធរប្រគល់ដីទាំងនោះឲ្យទៅសហគមន៍វិញ ពីព្រោះដីព្រៃទាំងនោះ សហគមន៍បានដាំកូនឈើ ១០ម៉ឺនដើម ដើម្បីទុកជាជម្រកសត្វ និងពលរដ្ឋអាស្រ័យផលបែបប្រពៃណីទៅថ្ងៃខាងមុខ។
លោក ឃុត ស៊ីនឿន៖«មានអារម្មណ៍សោកស្ដាយ និយាយរួមទៅប្រជាពលរដ្ឋនៅក្នុងភូមិនាំគ្នាទៅទាំងអស់ ចំណែកអាជ្ញាធរភូមិឃុំវិញ មិនដែលឃើញទៅសួរនាំអ្វីទេ អាជ្ញាធរដែនដីទាំងអស់គ្មានទៅជួយរកដំណោះស្រាយទេ ខ្ញុំសំណូមពររដ្ឋាភិបាលឲ្យគាត់ជួយរកដំណោះស្រាយ ឥឡូវបងប្អូនប្រជាពលរដ្ឋគាត់កំពុងតែជួបទុក្ខលំបាក សុំឲ្យជួយរកយុត្តិធម៌ឲ្យពួកគាត់ផង»។
សហគមន៍លើកឡើងទៀតថា កាលពីឆ្នាំ២០២២ សហគមន៍បានស្នើឲ្យអាជ្ញាធរខេត្តព្រះសីហនុ និងក្រសួងពាក់ព័ន្ធឲ្យជួយអន្តរាគមន៍ កុំឲ្យចេញប័ណ្ណកម្មសិទ្ធិនៅលើដីព្រៃសហគមន៍អ្នកតាថ្មព្រង់ និងលុបចោលប័ណ្ណកម្មសិទ្ធិទាំងអស់នោះ ប៉ុន្តែអាជ្ញាធរពាក់ព័ន្ធមិនបានរកដំណោះស្រាយឲ្យប្រជាពលរដ្ឋឡើយ។ សហគមន៍ថា ព្រៃសហគមន៍អ្នកតាថ្មព្រង់ មានប្រជាពលរដ្ឋជាង៣០០គ្រួសារបាននាំគ្នាចូលថវិកាជាមូលនិធិក្នុង ១គ្រួសារ ១ម៉ឺន ២ពាន់រៀល(១២.០០០) រយៈពេល១ឆ្នាំ ដើម្បីការពារព្រៃឈើទុកជាសម្បត្តិរួម និងឲ្យកូនចៅជំនាន់ក្រោយបានអាស្រ័យផល។

វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអភិបាលស្រុកកំពង់សីលា លោក ឆាយ សុគន្ធដា និងអ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ ដើម្បីសុំការអត្ថាធិប្បាយបានទេ នៅថ្ងៃទី៤ ខែមីនា។ ចំណែកអ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា ក៏វិទ្យុអាស៊ីសេរី មិនអាចទាក់ទងបានដែរនៅថ្ងៃដដែលនេះ។
អត្ថបទដែលទាក់ទង៖
ទោះជាយ៉ាងណា សហគមន៍ថា ដីព្រៃសហគមន៍ដែលបានឈូសឆាយរួចហើយនោះ គឺមានឈ្មោះ អភិបាលស្រុកកំពង់សីលា លោក ឆាយ សុគន្ធដា និងបក្ខពួករបស់លោកម្នាក់ទៀត ឈ្មោះ វណ្ណ រដ្ឋា ជាម្ចាស់កម្មសិទ្ធិនៅលើដីទាំងនោះ។
មន្ត្រីសិទ្ធិមនុស្សស្នើឱ្យអាជ្ញាធរពាក់ព័ន្ធត្រូវតែចុះត្រួតពិនិត្យតំបន់នោះជាក់ស្ដែង
ទាក់ទិនបញ្ហានេះ អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក យិន ម៉េងលី លើកឡើងថា អាជ្ញាធរពាក់ព័ន្ធត្រូវតែចុះត្រួតពិនិត្យតំបន់នោះជាក់ស្ដែង និងពិនិត្យមើលឯកសារពាក់ព័ន្ធ ថា តើការធ្វើប័ណ្ណកម្មសិទ្ធិនៅលើដីសាធារណៈរបស់រដ្ឋ និងជាតំបន់ការពារនេះស្របតាមច្បាប់ដែរឬទេ។ លោកថា ប្រសិនបើរកឃើញថា ការធ្វើប័ណ្ណកម្មសិទ្ធិទាំងនោះមិនស្របទៅតាមច្បាប់ អាជ្ញាធរត្រូវតែនិរាករណ៍ប័ណ្ណកម្មសិទ្ធិទាំងនោះ និងត្រូវយកដីដែលបានឈូសឆាយប្រគល់ឲ្យទៅសហគមន៍ការពារវិញ។
លោក យិន ម៉េងលី៖«ត្រូវចុះត្រួតពិនិត្យមើល ប្រសិនបើរកឃើញថា ការធ្វើប័ណ្ណកម្មសិទ្ធិមិនត្រឹមត្រូវ មិនមែនត្រឹមតែនិរាករណ៍ចោលទេ ត្រូវមានវិធានការចំពោះអ្នកធ្វើនឹង ហេតុអ្វីបានជាធ្វើប័ណ្ណកម្មសិទ្ធិទាំងបំពាន ទីពីរ បើទោះបីនីតិវិធីត្រឹមត្រូវតែវាបានរំលោភទៅលើព្រៃឈើ រំលោភទៅលើច្បាប់បរិស្ថាន រំលោភទៅលើដីសហគមន៍ត្រូវនិរាករណ៍ចោលទៀត ដើម្បីឲ្យសហគមន៍គាត់មានលទ្ធភាពអភិរក្ស និងអភិវឌ្ឍន៍នៅតំបន់នោះ»។
ព្រៃសហគមន៍អ្នកតាថ្មព្រង់ ស្ថិតនៅឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានផ្ទៃដីជិត១ពាន់ (៧៩៣) ហិកតារ ដែលបានចុះបញ្ជីជាដីព្រៃសហគមន៍តំបន់ការពារ នៅឆ្នាំ២០០០ និងមានប្រជាពលរដ្ឋជាង៣០០គ្រួសារនាំគ្នាការពារដើម្បីទុកជាជម្រកសត្វព្រៃ និងទុកឲ្យពលរដ្ឋអាស្រ័យផល។ ព្រៃសហគមន៍មួយនេះមានដើមឈើធំៗកម្រងគ្រប់ប្រភេទ និងសត្វជាច្រើនប្រភេទ កំពុងរស់នៅក្នុងតំបន់នោះហើយសហគមន៍កំពុងខិតខំការពារទាំងថ្ងៃទាំងយប់ ទុកសម្រាប់ឲ្យក្មេងជំនាន់ក្រោយបានស្គាល់ និងការពារបន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
