សមាជិក​សភា​អាស៊ាន​ថា​ការ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​នឹង​គ្មាន​ភាព​ស្រប​ច្បាប់

ដោយ មាន ឫទ្ធិ
2018.02.23
សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស ២០១៧ ១៤៤០ ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស (APHR) ធ្វើ​សន្និសីទ​សារព័ត៌មាន​ផ្សព្វផ្សាយ​របាយការណ៍​ស្ដីពី​បញ្ហា​សិទ្ធិ​មនុស្ស និង​នយោបាយ​នៅ​កម្ពុជា នា​ទីក្រុង​បាងកក ប្រទេស​ថៃ ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០១៧។
Photo courtesy of APHR

ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស (APHR) នៅ​ថ្ងៃ​សុក្រ ទី​២៣ កុម្ភៈ នេះ អះអាង​ថា ការ​បោះឆ្នោត​ព្រឹទ្ធសភា​នេះ នឹង​មិន​អាច​ចាត់​ទុក​ថា​មាន​ភាព​ស្រប​ច្បាប់​តាម​លក្ខណៈ​ប្រជាធិបតេយ្យ​បាន​នោះ​ឡើយ។ អង្គការ​នេះ​សង្កត់​ធ្ងន់ៗ​ថា នេះ​គឺ​ដោយសារ​តែ​ការ​រម្លាយ​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ គឺ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ជា​រួម​ក្នុង​ប្រទេស​កម្ពុជា ជា​បន្តបន្ទាប់ នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ របប​ក្រុង​ភ្នំពេញ នឹង​រៀបចំ​ឲ្យ​មាន​នូវ​ការ​បោះឆ្នោត​ព្រឹទ្ធ​សភា​នៅ​ថ្ងៃ​អាទិត្យ ទី​២៥ កុម្ភៈ នេះ ដោយ​គ្មាន​ការ​ចូលរួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ។

ប្រធាន​ក្រុម​សមាជិកសភា​អាស៊ាន ដើម្បី​សិទ្ធិមនុស្ស លោក ឆាលស៍ សានទីអេហ្គោ  (Charles Santiago) ថ្លែង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា ការ​បោះឆ្នោត​ព្រឹទ្ធសភា​នេះ គឺ​ជា​រឿងរ៉ាវ​ដ៏​គួរ​ឲ្យ​អាម៉ាស់​មួយ​សម្រាប់​ប្រទេស​កម្ពុជា។ លោក​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្លាស់ប្ដូរ​ក្រឹត្យក្រម​នៃ​ការ​ប្រកួតប្រជែង​តាម​រយៈ​ការ​បោះឆ្នោត​ដោយ​ស្មើ​ភាព​ឲ្យ​ទៅ​ជា​ស្ថានភាព​ប្រកួតប្រជែង​មួយ​ដែល​ធ្វើ​ឲ្យ​ស្ថាប័ន​ព្រឹទ្ធ​សភា​មិន​អាច​ក្លាយ​ជា​ស្ថាប័ន​ដែល​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​ពិត​ប្រាកដ​របស់​ប្រជាពលរដ្ឋ​ខ្មែរ។ លោក​បន្ត​ថា ស្ទើរ​តែ​ប្រាកដ​ទៅ​ហើយ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ទទួល​ជ័យជម្នះ​ទាំង​ស្រុង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នេះ ហើយ​ថា ក្តី​សង្ឃឹម​ណា​មួយ​ដែល​ចង់​ឲ្យ​ស្ថាប័ន​នេះ​លែង​ជា​ស្ថាប័ន​ដែល​ចាំ​តែ​ប្រថាប់ត្រា​នោះ គឺ​បាន​រលាយ​សាបសូន្យ​បាត់​អស់​ទៅ​ហើយ។

​ក្រុម​សមាជិក​សភា​អាស៊ាន ដើម្បី​សិទ្ធិមនុស្ស​ម្នាក់​ទៀត និង​ជា​សមាជិកសភា​ហ្វីលីពីន លោក ថម វីឡារីន (Tom Villarin) ថ្លែង​ថា ការ​បោះឆ្នោត​ព្រឹទ្ធ​សភា​នេះ គឺ​គ្មាន​អ្វី​ក្រៅ​តែ​​ជា​ការ​ប៉ុនប៉ង​របស់​គណបក្ស​កាន់​អំណាច​ក្នុង​ការ​ដណ្ដើម​យក​ការ​គ្រប់គ្រង​ស្ថាប័ន​នេះ តាម​រយៈ​អំពើ​នៃ​ការ​លួច​ប្លន់​ផ្នែក​នយោបាយ​យ៉ាង​គឃ្លើន។

​អង្គការ​នេះ​រិះគន់​ថា ស្ថាប័ន​ព្រឹទ្ធ​សភា​នៅ​កម្ពុជា​នេះ  គ្រាន់​តែ​ជា​ស្ថាប័ន​ដែល​រម្លឹក​ឲ្យ​ឃើញ​ពី​ការណ៍​ដែល​ប្រទេស​កម្ពុជា ធ្លាក់​ផុង​ចូល​កាន់​តែ​ជ្រៅ​ទៅ​ក្នុង​របប​ផ្ដាច់ការ​ទាំង​ស្រុង​តែប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សាលាដំបូង​រាជធានី​ភ្នំពេញ តម្កល់​សាលក្រម​កំបាំង​មុខ​ទៅ​លើ​ប្រធាន​សហជីព លោក ម៉ម រិទ្ធី ឱ្យ​ជាប់​ពន្ធនាគារ ១៨ខែ
អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន តែងតាំង​លោក ហៃ វណ្ណា និង​សកម្មជន ១៨​នាក់​ទៀត​ជា​ទីប្រឹក្សា និង​ជំនួយការ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។