មន្រ្តីសិទ្ធិមនុស្សអន្តរជាតិថា លោក ហ៊ុន សែន នឹង​មាន​វាសនា​ដូច​អតីត​នាយករដ្ឋ​មន្រ្តី​​ម៉ាឡេស៊ី ដែល​ទើប​ត្រូវ​ចាប់​ខ្លួន

ដោយ មួង ណារ៉េត
2018.07.03
Brad-HunSen.jpeg នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន(ស្ដាំ)។
RFA

នាយកអង្គការ​ឃ្លាំមើលសិទ្ធិមនុស្ស​អន្តរជាតិ ថា​លោកនាយករដ្ឋ​មន្រ្តី​ ហ៊ុន សែន នឹង​មាន​វាសនា​មិនខុសពី​នាយករដ្ឋ​មន្រ្តី​ម៉ាឡេស៊ីលោក ណាជីប រ៉ាហ្សាក់ (Najib Razak ) ដែលទើបចាញ់ឆ្នោត និង ត្រូវ​បានចាប់​ខ្លួន ព្រោះរឿង​អាស្រូវ​អំពើ​ពុករលួយ កាលនៅកាន់អំណាច។

នាយកអង្គការ​ឃ្លាំមើលសិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch លោក ប្រ៊ែដ អាដាម (Brad Adams) ប្រាប់​អាស៊ី​សេរីថា លោក​ព្យាករណ៍ឃើញថា លោក ហ៊ុន សែន ក្រុម​គ្រួសារ និងមន្រ្តីនៃរបបរបស់​លោក ដែល​ប្រព្រឹត្តអំពើ​ពុករលួយ ការ​រំលោភសិទ្ធិមនុស្ស និងរំលោភប្រជាធិបតេយ្យនៅកម្ពុជា​​ថ្ងៃណាមួយ នឹង​ចៀស​មិន​ផុត​ពី​ទទួល​ទណ្ឌកម្ម អំពី​អំពើ​​បាប​​របស់​ខ្លួន​នោះឡើយ៖ «ខ្ញុំរពឹង​ថា​លោក ហ៊ុន សែន នឹង​ចំណាយ​ពេល​ចុងក្រោយ នៃជីវិត​របស់​លោក នៅ​ក្នុង​ពន្ធនាគារ។ ខ្ញុំ​មិន​ដឹង​ថា វានឹង​កើតឡើង​នៅពេលណា​នោះទេ។ ក៏ប៉ុន្តែ ខ្ញុំ​មិន​ជឿថាលោក ហ៊ុន សែន ជាមនុស្ស​អមតៈ ដែល​​អាច​​នៅ​ក្រាញ​​អំណាច​​អស់​​មួយ​​ជីវិត​នោះ​ឡើយ។ ថ្ងៃណាមួយ គាត់​នឹង​ធ្លាក់ចេញ​ពីអំណាច។ ពេលនោះហើយ ដែល​ប្រជាពលដ្ឋខ្មែរ នឹង​ទាមទារ​​ឲ្យ​​គេ​​កាត់​​ទោស​គាត់ ចំពោះ​​ឧក្រិដ្ឋកម្ម​ដែល​គាត់​បាន​ប្រព្រឹត្ត ដូចជាការ​រំលោភសិទ្ធិមនុស្ស និង​អំពើ​​ពុក​រលួយ ក្នុង​ចំណោម​​ឧក្រិដ្ឋកម្ម​​ដទៃ​ជា​ច្រើន​រាប់​មិន​អស់​ទៀត។ ខ្ញុំ​មិនអាច​និយាយបាន ថា​តើរឿង​នេះ​នឹង​កើតឡើង​នៅ​ពេល​ណា​នោះ​ទេ»។

ទោះបីជាលោក ប្រ៊ែដ អាដាម មិន​អាចនិយាយបាន​ថា លោក ហ៊ុន សែន នឹង​ទទួល​ទណ្ឌកម្ម​នៅពេលណានៅឡើយ​ក្តី ក៏​លោក​បាន​បញ្ជាក់​ថា តាមពិត​លោក ហ៊ុន សែន ត្រូវ​អស់​អំណាច និង​ប្រឈមការ​ទទួល​ទោស តាំងពី​ឆ្នាំ ១៩៩៣ មកម្ល៉េះ។ កាល​ណោះ គណបក្ស​ប្រជាជនកម្ពុជា ចាញ់ឆ្នោត​ទៅខាង​គណបក្សហ្វ៊ុនស៊ិនប៉ិច ប៉ុន្តែ លោក ហ៊ុន សែន បាន​យកលេសនៃការ​បង្កើត​តំបន់​អបគមន៍ក្លែងក្លាយ ដើម្បី​កម្លាអង្គការ​សហប្រជាជាតិ ឲ្យ​យល់ព្រមផ្តល់តំណែង​ជា​សហនាយករដ្ឋ​មន្រ្តី​ឲ្យ​លោក។ លោក ប្រ៊ែដ អាដាម បន្តទៀតថា លោក ហ៊ុន សែន ប៊ិះតែនឹង​រងការថ្កោលទោស ម្តងទៀត​ កាលពី​ឆ្នាំ ១៩៩៨ នៅក្នុង​ការ​បោះឆ្នោត​ជាតិ​កាលណោះ ដែល​គណបក្សប្រជាជនកម្ពុជា អាចប្រហែលចាញ់ឆ្នោតទៀត ក៏ប៉ុន្តែ ដោយ​ការ​លួចបន្លំ ទើប​អាច​ឲ្យ​លោក ហ៊ុន សែន នៅ​បន្ត​ក្រាញអំណាច​បាន​ដដែល។ កាលណោះក៏មាន​ការ​តវ៉ា​ពីពលរដ្ឋខ្មែរគ្រប់ទិសទី។

លោកថា តាមរបាយការណ៍​បង្ហាញថា ក្នុងជួរគណបក្សប្រជាជនកម្ពុជានៅពេលនោះ ក៏ចង់​ដកលោក ហ៊ុន សែន ចេញ​ ដើម្បី​ដាក់ឲ្យទទួលទោស ឬ​និរទ្ទេសខ្លួន​ដែរ ប៉ុន្តែ សំណាង​ល្អលោក ហ៊ុន សែន នៅអាចបន្ត​ក្រាញ​អំណាច​បាន​មួយ​អាណត្តិ​ទៀត។ លោក ប្រ៊ែដ អាដាម បញ្ជាក់ទៀតថា រហូតដល់បោះឆ្នោតឆ្នាំ ២០១៣ លោក ហ៊ុន សែន ប្រហែលជាចាញ់ឆ្នោតទៅ​​គណបក្ស​សង្គ្រោះជាតិ ប្រសិន​បើ​​ការ​​រាប់​សន្លឹកឆ្នោត​ធ្វើបាន​ត្រឹមត្រូវ និង​កុំ​មានការ​លួច​បន្លំ។ ក្រោយការបោះឆ្នោត​ឆ្នាំ ២០១៣ នោះ ពលរដ្ឋ​ខ្មែរ​​រហូត​ដល់​លាន​នាក់ បាន​​ក្រោក​តវ៉ា​ប្រឆាំង​នឹង​​លទ្ធផល​​បោះ​ឆ្នោត​​នេះ។

លោក ប្រ៊ែដ អាដាម បញ្ជាក់បន្ថែមថា គ្មាន​មេដឹកនាំផ្តាច់ការណាមួយ នៅលើ​ពិភពលោក អាច​គេចផុតពីការ​ផ្តន្ទាទោស ឬ​ស្លាប់​ខ្លួន​នោះឡើយ បើ​នៅតែប្រព្រឹត្ត​អំពើ​ពុករលួយ និង​ការ​រំលោភសិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ ដូចជាលោក ហ៊ុន សែន។

ទោះជាយ៉ាងនេះក្តី មន្រ្តីនាំពាក្យ​របស់​របបលោក ហ៊ុន សែន គឺលោក ផៃ ស៊ីផាន អះអាងថាលោកមិនចាប់អារម្មណ៍ នឹងការ​លើក​ឡើង​របស់​លោក ប្រ៊ែដ អាដាមទេ ដោយសារ​លោកថា នាយកអង្គការ​ឃ្លាំមើលសិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch រូបនេះ យក​លោក ហ៊ុន សែន ជាសត្រូវ។ លោក ផៃ ស៊ីផាន បន្ថែមទៀតថា ការលើកឡើងបែបនេះ គឺជាការ​វាយប្រហារ​បែបលក្ខណៈបុគ្គល និង​លម្អៀង ដែល​គ្មាន​ផ្តល់​ភាព​យុត្តិធម៌ដល់​លោក ហ៊ុន សែន នោះឡើយ៖ «គាត់​មើល​កម្ពុជា ដូចជាធុងសម្រាម។ ដូច្នេះ​ខ្ញុំ​មិន​ចាប់អារម្មណ៍​ជាមួយ​គាត់​ទេ ព្រោះមិនមាន​អ្វី​សម្រាប់​យុត្តិធម៌ ក្នុងការ​បញ្ចេញ​ព័ត៌មាន និង យុត្តិធម៌ក្នុងការ​វិនិច្ឆយអំពី​កម្ពុជានោះទេ»។

លោក ផៃ ស៊ីផាន ការ​ពារលោក ហ៊ុន សែន ថាជាបុគ្គលស្អាតស្អំ ដោយ​លោកយោងទៅលើ​ប្រសាសន៍លោកនាយករដ្ឋ​មន្រ្តី​ ហ៊ុន សែន ដែល​ធ្លាប់​អួតអាងថា លោកគ្មាន​ទ្រព្យធន​ពីអំពើពុករលួយនោះទេ​ ព្រោះ​ទ្រព្យរបស់​លោក គឺមានតែ​នៅ​ក្នុង​សាលា​រៀន វត្តអារាម អណ្តូង​ទឹក ឬ​ប្រឡាយ​ទឹក​ប៉ុណ្ណោះ។

លោក ហ៊ុន សែន កាលជួបកម្មករ​រោងចក្រកាត់ដេរ នៅកោះពេជ្យ កាលពីខែធ្នូ ឆ្នាំ ២០១៧ ធ្លាប់ថ្លែងឌឺដាក់អន្តរជាតិ ដែល​ចង់​ដាក់ទណ្ឌកម្មលើ​លោក ហ៊ុន សែន និង​មន្រ្តីរបស់លោក ទាក់ទងនឹង​ការ​បង្កកទ្រព្យសម្បត្តិ ថាគាត់​គ្មាន​ទ្រព្យ​ស្តុកស្តម្ភ ដូចគេ​ចោទទេ៖ «បើ​គេបង្កក​ក៏បង្កកទៅ! យក៍ទៅ! អ្នកឯងចង់ឆក់ប្លន់​ទ្រព្យសម្បត្តិ​​ ក៏ឆក់ទៅ យក៍ទៅ! ហើយ​នរណា​ភ្លើយក​​លុយ​ទៅ​ទុក​នៅ​ក្រៅ​ប្រទេស គេ​មាន យក​ទៅ។ ខ្ញុំ​លើក​ទឹក​ចិត្ត​ឲ្យ​គេ​យក​ទៅទៀត។ កុំ​ឲ្យ​ខ្មែរ​ពូកែ​យក​លុយ ទៅ​ផ្ញើ​នៅ​បរទេស​នោះ។ ខ្ញុំសុខចិត្ត​ផ្ញើនឹង​សាលារៀន ឲ្យ​ក្មួយៗ​រៀន​ហើយ ផ្ញើ​នៅវត្ត​អារាម ឲ្យ​ចាស់​ៗ​សុំ​សីលហើយ»។

ទោះបីជាលោក ហ៊ុន សែន អះអាងថា លោក​គ្មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភក្តី ក្នុង​ឋានៈជានាយករដ្ឋ​មន្រ្តីដែល​មាន​​ប្រាក់​ខែ​ត្រឹម​ជាង​មួយ​ពាន់​ដុល្លារ​នោះ (១.១៥០ ដុល្លារ) មាន​ទ្រព្យសម្បត្តិ ដើរចែកអំណោយ និង​សង់ផ្លូវ ឬ​សាលារៀន​​ដាក់​​ឈ្មោះ​​រូប​លោក​​ស្ទើរ​​ពេញ​ផ្ទៃប្រទេស។ ម្យ៉ាង​​ទៀត​ កាលពី​ខែ​មេសា​កន្លងទៅនេះ លោកបាន​ឡើង​គេហដ្ឋាន​ថ្មី​ដ៏ធំស្កឹមស្កៃ នៅ​ទួល​ក្រសាំង ក្រុង​តាខ្មៅ។

បើតាម​របាយការណ៍​អង្គការ​ឃ្លាំមើល​ពិភពលោក Global Witness ចេញផ្សាយ​កាលពីខែ​កក្កដា ឆ្នាំ ២០១៦ បានរកឃើញនូវ​ទ្រព្យសម្បត្តិ​យ៉ាង​ស្តុកស្តម្ភ ក្នុងគ្រួសារ​ត្រកូលហ៊ុន ដែលបាន​មកពីអំពើ​ពុករលួយ និង​ការ​កេងប្រវ័ញ្ចពី​ប្រជាពលរដ្ឋ​ខ្មែរ។ អង្គការ​​នេះ​​រក​ឃើញ​ថា លោក ហ៊ុន សែន គ្មាន​​ប្រាក់​ចំណូល​​អ្វី​​ក្​រៅ​​ពី​​ប្រាក់​ខែ​ជាង​មួយ​ពាន់​ដុល្លារ​​ក្នុង​មួយ​ខែ​នោះ ប៉ុន្តែ ក្រុម​គ្រួសារ​​ត្រកូល ហ៊ុន មាន​​ក្រុមហ៊ុន​ជា​ច្រើន ដែល​​មាន​​ទុន​លើស​ពី ២០០​លាន​ដុល្លារ។

ការលើកឡើង​របស់​លោក ប្រ៊ែដ​ អាដាម អំពីជោគវាសនា​របស់លោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន នេះគឺស្រប​គ្នាទៅនឹង​ព្រឹត្តិការ​ចាប់​ខ្លួន​​អតីតនាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ (Najib Razak )  ដែលត្រូវបាន​អាជ្ញាធរ​ម៉ាឡេស៊ី​ចាប់​ខ្លួន នៅ​​ថ្ងៃ​ទី៣ ខែ​កក្កដា ពីបទ​ជាប់ពាក់ពាន់នឹង​អំពើពុករលួយ ដែល​មាន​ទឹក​ប្រាក់រហូតដល់ជាតិ ៤,៥ ពាន់លានដុល្លារ។ មុន​នឹង​​ចាប់​ខ្លួន​​លោក ណាជីប រ៉ាហ្សាក់ សមត្ថកិច្ច​បាន​ចុះទៅឆែកឆេរផ្ទះរបស់លោក នឹង​រឹបអូសបាន​ប្រាក់ និង​ទ្រព្យ​ដ៏​សន្ធឹក​សន្ធាប់ សរុបជាទឹកប្រាក់ជាង ២២៥​លានដុល្លារ។

ការឆែកឆេរ និង​ឈានដល់ការចាប់ខ្លួន​លោក ណាជីប រ៉ាហ្សាក់ នេះគឺនៅក្រោយ​គណបក្សកាន់អំណាចរបស់លោក ចាញ់​ឆ្នោត​កាល​ពី​ខែ​ឧសភា។

លោក ប្រ៊ែដ អាដាម អះអាងថាលោក ហ៊ុន សែន ដឹង​ច្បាស់ខ្លួនលោកហើយថា ក្នុង​រយៈពេលកាន់អំណាចជាង ៣៣ឆ្នាំ​មក​នេះ លោក​បាន​​ប្រព្រឹត្តអំពើ​ពុករលួយ​ជាច្រើន ដែលធ្វើឲ្យ​លោក ហ៊ុន សែន សព្វថ្ងៃក្លាយ​ជា​សេដ្ឋី​មាន​​ទ្រព្យ​មហា​សាល។ មនុស្ស​​នៅ​ជុំវិញគាត់ ក៏ក្លាយ​ជាសេដ្ឋី​ច្រើនណាស់​ដែរ។ មិនតែប៉ុណ្ណោះ លោក ហ៊ុន សែន ដឹងថា ​លោក​ពិត​ជា​បាន​​ប្រព្រឹត្ត​អំពើ​​រំលោភ​សិទ្ធិមនុស្ស​​រាប់​​មិន​អស់ រួមមានការ​សម្លាប់ក្រៅប្រព័ន្ធច្បាប់​ និង​ការ​បញ្ជាឲ្យ​ប៉ូលីស និង​​ទាហាន​​វាយ​ដំ​​ធ្វើ​បាប​អ្នក​តវ៉ា និង​ការ​បញ្ជាឲ្យ​ចាប់​មនុស្ស​ជាច្រើនផ្សេងទៀត។ ដោយសារ​តែអ្វី​កំពុង​កើតមានឡើង​ នៅ​ប្រទេស​ម៉ាឡេស៊ី ទើប​លោក ប្រ៊ែដ អាដាម យល់ថា លោក ហ៊ុន សែន នឹង​រឹតតែបង្ហាញ​ពី​ភាព​ឃោរឃៅ ដើម្បី​បន្ត​​ក្រាញ​អំណាច​តទៅ​ទៀត រហូត​ស្លាប់​​ខ្លួន។

ទោះជាយ៉ាងនេះក្តី លោក ប្រ៊ែដ អាដាម យល់ថា អ្វីដែលកើតឡើង​នៅប្រទេសម៉ាឡេស៊ី ជាមេរៀន​សម្រាប់​​មន្រ្តី​​បក្ស​កាន់​អំណាច​ឲ្យ​​ភ្ញាក់​រលឹក ងាក​មក​រក​គន្លង​ប្រជាធិបតេយ្យ​វិញ ដើម្បី​​រៀបចំ​​ឲ្យ​​មាន​ការ​បោះឆ្នោត​ ដោយសេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដើម្បីឲ្យ​មានការ​ចូលរួម​ពី​គ្រប់​ភាគី បើសិនមន្រ្តីបក្សកាន់អំណាច​មិនចង់​ជួប​រឿង​អកុសលបែបនេះ។

ប៉ុន្តែ លោក ប្រ៊ែដ អាដាម ថាការបោះឆ្នោតនៅថ្ងៃទី២៩ ខែ​កក្កដា​ខាង​មុខនេះ គឺជាឆាកល្ខោននយោបាយ ដើម្បី​​បន្លំ​ភ្នែក​ប៉ុណ្ណោះ មិន​​មែន​ជា​​ការ​​បោះ​ឆ្នោត ដែល​សេរី ត្រឹមត្រូវ និង​​យុត្តិធម៌ ដែល​​ទទួល​យក​​បាន​​ពី​​​ពលរដ្ឋ​​ខ្មែរ​ និង​​សហគមន៍​អន្តរជាតិ​នោះ​​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។