ខ្មែរ​កម្ពុជា​ក្រោម​រំលឹក​ខួប​ទី​៦៩​ដែល​បារាំង​កាត់​ទឹក​ដី​ឲ្យ​ប្រទេស​វៀតណាម

ដោយ មាន ឫទ្ធិ
2018-06-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
នាយក​ប្រតិបត្តិ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា សំពះ​សម្ដេច​ព្រះ​ស៊ីសុវត្ថិ ពង្សនារី មុនីពង្ស ព្រះរាជតំណាង​ព្រះមហាក្សត្ស ដែល​យាង​ចូល​រួម​ក្នុង​ពិធី​រំឭក​ខួប​បាត់បង់​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម នៅ​ថ្ងៃ​ទី​៤ មិថុនា ឆ្នាំ​២០១៦ នា​រាជធានី​ភ្នំពេញ។
នាយក​ប្រតិបត្តិ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា សំពះ​សម្ដេច​ព្រះ​ស៊ីសុវត្ថិ ពង្សនារី មុនីពង្ស ព្រះរាជតំណាង​ព្រះមហាក្សត្ស ដែល​យាង​ចូល​រួម​ក្នុង​ពិធី​រំឭក​ខួប​បាត់បង់​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម នៅ​ថ្ងៃ​ទី​៤ មិថុនា ឆ្នាំ​២០១៦ នា​រាជធានី​ភ្នំពេញ។
RFA

ពលរដ្ឋ​ខ្មែរ​មាន​ដើមកំណើត​នៅ​ទឹកដី​ខ្មែរ​ក្រោម នៅ​ថ្ងៃ​ទី​០៤ មិថុនា​នេះ បាន​នាំគ្នា​ប្រារព្ធ​ទិវា​រំលឹក​វិញ្ញាណក្ខន្ធ និង​ខួប​៦៩​ឆ្នាំ នៃ​ថ្ងៃ​អាណានិគម​បារាំង​កាត់​ដី​ខ្មែរ​ក្រោម ទៅ​ឲ្យ​អាណានិគម​វៀតណាម​គ្រប់គ្រង។ ព្រះរាជតំណាង​ព្រះមហាក្សត្រ អាន​ព្រះរាជសារ ថា ព្រះបាទ​នរោត្តម សីហមុនី អរគុណ​ចំពោះ​អ្នក​ដែល​បាន​ចូលរួម​ពិធី​រាប់បាត្រ​ព្រះសង្ឃ ក្នុង​កម្មវិធី​រំលឹក​ខួប​បាត់បង់​ទឹកដី​នេះ។ «»

ដូច​រាល់​ឆ្នាំ​ដែរ កម្មវិធី​រំលឹក​ខួប​បាត់បង់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម មិន​ត្រូវ​បាន​របប​ក្រុងភ្នំពេញ​ជួយ​ជ្រោមជ្រែង​ឲ្យ​ប្រារព្ធ​នៅ​ទីតាំង​តូច​មួយ ក្នុង​រាជធានី​ភ្នំពេញ។

ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា និង​ជា​ព្រះ​រាជលេខា​ផ្ទាល់ អតីត​ព្រះមហាក្សត្រ​នរោត្តម សីហនុ គឺ​ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ ធម្មិកោ បាន​បន្ដ​អំពាវនាវ​ឲ្យ​ខ្មែរ​ក្រោម​សាមគ្គី​គ្នា​។ ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ ធម្មិកោ បាន​យាង​ទៅ​បើក​កម្មវិធី​រំលឹក​ខួប​បាត់បង់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម ជំនួស លោក សឺន ស៊ូប៊ែរិ៍ ដែល​ជា​ចៅទួត​របស់​វីរបុរស​ខ្មែរ​ក្រោម គឺ លោក​ឧកញ៉ា សឺន គុយ។

ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ ធម្មិកោ ប្រកាស​ថា បើ​ទោះ​ជា​ច្រើន​ឆ្នាំ​មកនេះ ខ្មែរ​ក្រោម​តែង​រងទុក្ខ​វេទនា ការឈឺចាប់ ដោយសារ​បាត់បង់​ទឹកដី​របស់​ខ្មែរ​ក្រោម ទៅ​អាណានិគម​វៀតណាម​គ្រប់គ្រង ប៉ុន្តែ​ការរៀបចំ​កម្មវិធី​ជួបជុំ​រំលឹក​ខួប​នេះ គឺ​ដើម្បី​ចង់​ឲ្យ​ខ្មែរ​ទាំងអស់​រួបរួម​គ្នា៖ «បើសិនជា​អតីតកាល​ការ​បាត់បង់​ទឹក ដី​កម្ពុជា​ក្រោម​ទៅ​វៀតណាម ជា​អវសាន​យើង​នៅតែ​សោកស្ដាយ​គ្រប់ពេលវេលា ពីព្រោះ អី​កាល ដើម​យើង​មាន អតីត​ចៅទួត​របស់​លោក​ឧកញ៉ា ស៊ឺន គុយ មហា​វរបុរស​ខ្មែរ​យើង គឺ​លោក ស៊ឺន សុប៊ែរ៏ ដែល​ជា​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះជាតិ ជា​អ្នក​អញ្ចឹង​ហើយ​យើង​រួបរួម​គ្នា​ចូលរួម អបអរ​សារ​ទរ​ចូលរួម​រំលឹក​ខួប​៦៩​ឆ្នាំ នៃ​ការបាត់បង់​ទឹកដី​កម្ពុជា​ក្រោម​របស់​ខ្មែរ​យើង»

ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ ធម្មិកោ អះអាង​ពេល​បើក​កម្មវិធី​រំលឹក​ខួប​បាត់បង់​ទឹកដី​ខ្មែរ​ក្រោម ថា ព្រះមហាក្សត្រ នរោត្តម សីហមុនី តែង​មាន​ព្រះរាជ​ហរទ័យ យកចិត្តទុកដាក់​ខ្មែរ​ក្រោម ដូច​ព្រះបិតា​ព្រះអង្គ គឺ ព្រះបាទ​នរោត្តម សីហនុ ដូចគ្នា ប៉ុន្តែ របប​ក្រុងភ្នំពេញ​អនុញ្ញាត​ឲ្យ​ខ្មែរ​ក្រោម រៀបចំ​ពិធី ក្នុង​ទីតាំង​មួយ​ដ៏​តួច​តែប៉ុណ្ណោះ។

ក្រុម​ខ្មែរ​ក្រោម អះអាង​ថា មាន​ម្ដង ព្រះបាទ នរោត្តម សីហនុ បាន​ព្យាយាម​ជួយ​ឲ្យ​ខ្មែរក្​រោម បាន​ប្រារព្ធ​ទិវា​បាត់បង់​ទឹកដី នៅ​លើ​សួនច្បារ ក្បែរ​ព្រះបរមរាជវាំង។ ប៉ុន្តែ​ក្រោយមក របប​ក្រុងភ្នំពេញ ហាក់​បាន​បំភ្លេច​ថ្ងៃ​បារាំង​កាត់​ទឹកដី​ខ្មែរ​ក្រោម​ឲ្យ​អាណានិគម​វៀតណាម​គ្រប់គ្រង ហើយ​តែងតែ​ហាមប្រាម​ពួកគេ មិន​ឲ្យ​ធ្វើ​សកម្មភាព​ហែ​ញត្តិ ឬ​ជួបជុំគ្នា​នៅ​តាម​ទីតាំង​សាធារណៈ ដោយ​អនុញាត​ឲ្យ​ធ្វើ​ពិធី​រំលឹក​ខួប​ប្រវត្តិសាស្ត្រ​នេះ ត្រឹម​ទីតាំង​តូច​ចង្អៀត​តែប៉ុណ្ណោះ។

ប៉ុន្មាន​ឆ្នាំ​មុន​នេះ ខ្មែរ​ក្រោម តែង​ប្រារព្ធ​ទិវា​រំលឹក​ខួប​បាត់បង់​ទឹកដី ៤​មិថុនា នៅ​ក្នុង​ទីតាំង​វត្ត​សាមគ្គីរង្ស៊ី ក្នុង​ខណ្ឌ​មានជ័យ ប៉ុន្តែ​នៅ​ឆ្នាំនេះ ព្រះសង្ឃ​នៅ​វត្ត​សាមគ្គីរង្ស៊ី មិន​ហ៊ាន​អនុញ្ញាត​ឲ្យ​ធ្វើ​ពិធី​រំលឹក​ខួប​នៅ​ក្នុង​វត្ត​ទេ ដោយសារ​ខ្លាច​មានការ​ចោទប្រកាន់​ពី​អាជ្ញាធរ។

តាមរយៈ​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ ព្រះរាជតំណាង​របស់​ព្រះអង្គ គឺ​ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ ពង្ស នារីមុនីពង្ស បាន​អាន​ព្រះរាជសារ​ថា ព្រះមហាក្សត្រ​សូម​ប្រសិទ្ធិ​ពរជ័យ ដល់​អ្នក​ដែល​បាន​ចូលរួម​ពិធី​រាប់បាត្រ​ព្រះសង្ឃ ក្នុង​ពិធី​រំលឹក​ខួប​៦៩​ឆ្នាំនេះ៖ «ខ្ញុំ​ព្រះករុណា​ខ្ញុំ​សូម​អរ​ព្រះ​គុណ ព្រះ​ថេរានុថ​រៈ​គ្រប់​ព្រះអង្គ និង​សូម​អរគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​ព្រះអង្គម្ចាស់ ឯកឧត្ដម លោក លោក ស្រី ដែល​បាន​យាង អញ្ជើញ​ចូលរួម​ក្នុង​ពិធី​រាប់​បាត​នៅ​ក្នុង​ពិធី​រំលឹក​ខួប​៦៩​ឆ្នាំ​ទាំងនេះ​ផង ដែ»

សហគមន៍​ខ្មែរ​ក្រោម ឲ្យ​ដឹង​ថា ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់​បាន ព្រះរាជទាន រាជទ្រព្យ​ចំនួន បី​ពាន់​ដុល្លារ ក្នុង​ពិធី​រំលឹក​ខួប​៦៩​ឆ្នាំ នៃ​ការបាត់បង់​ទឹកដី​ខ្មែរ​ក្រោម​នេះ។

យុវជន​ខ្មែរ​ក្រោម​ម្នាក់ គឺ លោក ខឿន វីរ៉ាត់ យល់ស្រប​នឹង​ការ​លើកឡើង​របស់ លោក ថាច់ សេដ្ឋា ដែល​ថា នៅ​ពេល​ដែល​របប​ក្រុងភ្នំពេញ​រឹត​ត្បិត​សេរីភាព ផ្សព្វផ្សាយ​របស់​ខ្មែរ​ក្រោម អ្នក​ដែល​ចំណេញ និង​សប្បាយចិត្ត ជា​អាណានិគម​វៀតណាម ព្រោះ លោក​យល់ថា អាណានិគម​វៀតណាម មិន​ចង់​ឲ្យ​កូន​ខ្មែរ បាន​ដឹង​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រោម​ទេ៖ «នៅ​ក្នុង​នាម​សម្ព័ន្ធ​យុវជន ខ្មែរ​យើង​ផ្ទាល់​នេះ​ផង ដែរ តែងតែ​ស្នើ​ទៅដល់​រាជរដ្ឋាភិបាល​ក្នុង​ការ​ផ្ដល់​ទីកន្លែង​សាធារណៈ​ឲ្យ​បងប្អូន​ខ្មែរ​កម្ពុជា​ក្រោម សមស្រប​ណាមួយ​ក្នុង​ការ​ប្រារព្ធ​ពិធី​រំលឹក​ខួប​នៃ​ការបាត់បង់​ទឹកដី​កម្ពុជា​ក្រោម​មាន ឪ​កាស ប្រារព្ធ ពិធី​នា​ថ្ងៃ​ទី​៤ មិថុនា ក្នុង​ការ​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម​ពី​ការឈ្លានពាន​ទឹកដី​ពី​ប្រទេស​ជិតខាង វា​មិន​ត្រឹមតែ​ជា​ការ​រំលឹក​តែប៉ុណ្ណោះ​នោះ​ទេ មិនមែន​រំលឹក​តែ​ការឈឺចាប់​នោះ​ទេ ផ្សព្វផ្សាយ តស៊ូ ទាមទារ​ទឹកដី​ត្រឡប់មកវិញ ខ្ញុំ​ក៏​យល់ថា បង​ប៉ូលិស​ដែរ​កំពុង​ឈរ​ថត​នេះ​ក៏​ចង់បាន​ដូច​យើង​ទាំង អស់​គ្នា​ដែរ»

កម្មវិធី​រំលឹក​ខួប​បាត់បង់​ទឹកដី​ខ្មែរ​ក្រោម ខួប​៦៩​ឆ្នាំនេះ មិន​មាន​ការ​ហែ​ញត្តិ​ទេ ដោយសារ​អាជ្ញាធរ​ក្រុង​ភ្នំពេញ បាន​កំណត់​ឲ្យ​ខ្មែរ​ក្រោម​ប្រារព្ធ​កម្មវិធី ត្រឹមតែ​ក្នុង​សហគមន៍​ខ្មែរ​ក្រោម ដែល​មាន​អ្នកចូលរួម ត្រឹម​២០០​នាក់ ប៉ុណ្ណោះ​។ ខ្មែរ​ក្រោម​លើកឡើង​ថា អ្នក​ដែល​ស្ថិត​ក្នុង​ដួងចិត្ត​របស់​ពួកគេ គឺ អង្គ​ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី អតីត​ព្រះមហាក្សត្រ នរោត្តម សីហនុ និង ព្រះរាជតំណាង ព្រះអង្គម្ចាស់​ពង្ស នារី​មុនី​ពង្ស ដែល​តែងតែ​ជួយ​ជ្រោមជ្រែង​ពួកគេ រាល់​ឆ្នាំ ឲ្យ​បាន​ប្រារព្ធ​កម្មវិធី​កាន់ទុក្ខ​ជាតិ គឺ​ថ្ងៃ​អាណានិគម​បារាំង កាត់​ទឹកដី​ខ្មែរ​ក្រោម ឲ្យ​ទៅ​អាណានិគម​វៀតណាម​គ្រប់គ្រង​បន្ត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល