ប្រព័ន្ធ​ឃោសនា​លោក ហ៊ុន សែន ផ្សាយ​ព័ត៌មាន​ខ្វែង​គ្នា​រឿង​ដាក់​សមាជិកសភា​អឺរ៉ុប​ក្នុង​បញ្ជី​ខ្មៅ

ដោយ មួង ណារ៉េត
2019-07-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​ សម រង្ស៊ី ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ​ និង​ថ្នាក់​ដឹកនាំ​សហភាព​អឺរ៉ុប​ នៅ​ទីក្រុង​ព្រុចស៊ែល ប្រទេស​ប៊ែលហ្សិក​ ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ២០១៩។
លោក​ សម រង្ស៊ី ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ​ និង​ថ្នាក់​ដឹកនាំ​សហភាព​អឺរ៉ុប​ នៅ​ទីក្រុង​ព្រុចស៊ែល ប្រទេស​ប៊ែលហ្សិក​ ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ២០១៩។
បណ្ដាញ​សង្គមហ្វេសប៊ុក

ប្រព័ន្ធ​ឃោសនា​លោក ហ៊ុន សែន ផ្សាយ​ព័ត៌មាន​ខ្វែង​គ្នា រឿង​បញ្ជី​ខ្មៅ​សមាជិកសភា​អឺរ៉ុប ៦​រូប​។ ការផ្សាយ​ព័ត៌មាន​ខ្វែង​គ្នា​នេះ កើត​មាន​ឡើង ក្រោយ​អ្នកនាំពាក្យ នៃ​ក្រសួងការបរទេស​នៃ​របប​លោក ហ៊ុន សែន បន្ត​បិទបាំង​ព័ត៌មាន រឿង​ហាមឃាត់​សិទ្ធិ​មន្ត្រី​បរទេស ដែល​សន្យា​ថា នឹង​អម​ដំណើរ​លោក សម រង្ស៊ី វិល​ទៅ​កម្ពុជា​វិញ។

ប្រព័ន្ធ​ឃោសនា​លោក ហ៊ុន សែន the Swift News កាលពី​ថ្ងៃ​ទី២៤ ខែ កក្កដា ផ្សាយ​លិខិត​របស់​ក្រសួង​ការបរទេស ដោយ​ភ្ជាប់​ជាមួយ​រូបថត សមាជិកសភា​អឺរ៉ុប​ទាំង ៦ រូប ដែល​របប​នេះ ដាក់​ក្នុង​បញ្ជី​ខ្មៅ មិន​ឱ្យ​ចូល​ប្រទេស​កម្ពុជា ដោយសារតែ​អ្នក​ទាំងនោះ ប្រកាស​អម​ដំណើរ​មាតុភូមិនិវត្តន៍ របស់​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ​លោក សម រង្ស៊ី។

ប៉ុន្តែ សារព័ត៌មាន the Fresh News ឯណោះ​វិញ ផ្សាយ​ជំហរ​អ្នកនាំពាក្យ​ក្រសួងការបរទេស លោក កេត សោផាន់ ដែល​ចោទ​ថា ព័ត៌មាន​ដែល​វិទ្យុ​អាស៊ីសេរី ផ្សាយ​អំពី​លិខិត​នេះ តាំងពី​ថ្ងៃ​ទី១៧ ខែ កក្កដា​នោះ ថា ជា​ព័ត៌មាន​បំភ្លៃ។

ក្រសួង​ការបរទេស កាល​ពី​ថ្ងៃទី១៥ ខែ​កក្កដា បាន​ចេញ​លិខិត​បង្គាប់​មួយ ទៅ​ស្ថានទូត និង ស្ថាន​តំណាង​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ទាំងអស់ កុំ​ឱ្យ​ចេញ​ទិដ្ឋាការ ដល់​ជនបរទេស​ទាំងឡាយ​ណា ដែល​មាន​បំណង​គាំទ្រ ឬ​ការពារ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ និង​មន្ត្រី​បក្ស​នេះ ដែល​តុលាការ​របប​នេះ​ផ្ដន្ទាទោស ឬ​កំពុង​ជាប់ទោស​ដោយ​សាលដីកា។

ទោះបី​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា ប្រកែក​តាម​ប្រព័ន្ធ​ឃោសនា​របស់​លោក ហ៊ុន សែន ថា​មិន​បាន​ចេញ​លិខិត​រឹតត្បិត​ទិដ្ឋាការ ដល់​សមាជិកសភា​អឺរ៉ុប​ទាំងអស់​នោះ​ក្តី ក៏​មន្ត្រី​ទូត​ខ្មែរ​នៅ​ចក្រភព​អង់គ្លេស ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ ប្រាប់​អាស៊ីសេរី កាលពី​ថ្ងៃ​ទី១៧ ខែ កក្កដា ថា ខាង​ស្ថានទូត​ខ្មែរ​នៅ​ទីនោះ ពិតជា​បាន​ទទួល​លិខិត​របស់​ក្រសួង​ការបរទេស ចុះ​ថ្ងៃ​ទី១៥ ខែ​កក្កដា អម​ដោយ​បញ្ជី​ឈ្មោះ​អ្នក​ទាំង ៦ រូប ដែល​ត្រូវ​ដាក់​ក្នុង​បញ្ជី​អ្នក​ដែល​មិន​ត្រូវ​ផ្ដល់​ទិដ្ឋាការ ឱ្យ​ចូល​កម្ពុជា​ទាំងនេះ​នោះ​មែន។

ជនបរទេស​ទាំង​ប្រាំ​មួយ​រូប ដែល​ស្ថិត​ក្នុង​បញ្ជី​ខ្មៅ រួមមាន​លោក ហ្វៀល ប៊ិននៀន (Phil Bennion) ជនជាតិ​អង់គ្លេស អ្នកស្រី អាណា ហ្គោម៉េស (Ana Gomes) ជនជាតិ​ព័រទុយហ្គាល់ (Portugal) លោក អៀលហាន យូឈុក (Ilhan Kyuchyuk) ជនជាតិ​ប៊ុលហ្គារី (Bulgaria) លោក យ៉ូហាណេះ ឃនេលីស វ៉ាន់បាឡិន (Johannes Cornelis van BAALEN) ជនជាតិ​ហុល្លង់ (Netherlands) អ្នកស្រី អាបៀ អាល់សាឡានី (Abir Al Sahlani) ជនជាតិ​ស៊ុយអែត និង លោក ហាវ្យែរ ណាត (Javier Nart) ជនជាតិ​អេស្ប៉ាញ។ អ្នក​ទាំងនេះ សុទ្ធតែ​បាន​ប្រកាស​ជា​សាធារណៈ ថា ត្រៀមខ្លួន​ជាស្រេច ដើម្បី​អម​ដំណើរ​លោក សម រង្ស៊ី ត្រឡប់​ទៅ​កម្ពុជា​វិញ។

នៅមុន​ចេញ​លិខិត​នេះ លោក ហ៊ុន សែន ក៏បាន​ថ្លែង​នៅមុខ​មន្ត្រី​គណបក្ស​ប្រជាជន និង​អ្នកគាំទ្រ​បក្ស​កាន់អំណាច នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស អំពី​គម្រោង​នៃ​របប​ក្រុងភ្នំពេញ ក្នុង​ការ​រាំង​ខ្ទប់​មន្ត្រី​បរទេស​ទាំងនោះ មិន​ឱ្យ​ចូល​ទៅ​ស្រុក​ខ្មែរ ដោយសារតែ​ហ៊ាន​ប្រកាស​អម​ដំណើរ​លោក សម រង្ស៊ី៖ «ហើយ​ឥឡូវ​ស្អី មាន​អ្នកណា តំណាងរាស្ត្រ ៦​នាក់ អម​ដំណើរ​អាណា​ចូល​ស្រុក​... ខ្ញុំ​បញ្ជាក់​រឿង​នេះ​បន្តិច ចំពោះ​ជនបរទេស ធម្មតា អ្នកឯង​ត្រូវ​សុំ​វីសា (ទិដ្ឋាការ)។ បើ​ខ្ញុំ​មិន​ឱ្យ​អ្នកឯង​ចូល​មើល​? សាកល​មើល​? ឥឡូវ​សូម​អញ្ជើញ តំណាងរាស្ត្រ​មក​ប៉ុន្មាន ជូន​ទៅ ខ្ញុំ​អត់​ធ្វើ​អី​តំណាងរាស្ត្រ តែ​សុំ​វៃ​វី​សារ​ឱ្យ​ហើយ ចាំ​ចូល​។ បញ្ជូន​ឈ្មោះ​មក គឺ​ស្រួល​ឱ្យ​យើង​ទេ​។ ទូត​នានា​នៅ​តាម​ប្រទេស​នានា គេ​វៃ​ឈ្មោះ​តំណាងរាស្ត្រ​នេះ នៅ​ប្រទេស​នេះ ស្រួល​ហើយ ឃើញ​ឈ្មោះ​ហ្នឹង កុំ​ឱ្យ​វីសា»

មន្ត្រី​នាំ​ពាក្យ​របប​លោក ហ៊ុន សែន គឺ​លោក ផៃ ស៊ីផាន កាលពី​ថ្ងៃ​ទី២០ ខែ​កក្កដា ក៏​បញ្ជាក់​ការ​គាំទ្រ​ខ្លឹមសារ​លិខិត​នោះ និង​ថា កម្ពុជា​មាន​សិទ្ធិ​គ្រប់គ្រាន់ ក្នុង​ការ​ដាក់​សមាជិក​សភា​អឺរ៉ុប​ទាំងនោះ ទៅ​ក្នុង​បញ្ជី​ខ្មៅ ដោយ​ហាមឃាត់​ការ​ធ្វើ​ដំណើរ​ទៅ​កម្ពុជា ព្រោះ​បុគ្គល​ទាំងនោះ ត្រូវ​ចាត់ទុកថា ជា​ជន​ដែល​មិន​ត្រូវ​បាន​ទទួល​ស្វាគមន៍ ឬ ភាសា​ឡាតាំង​ថា Persona non grata«ក្នុង​ច្បាប់​អន្តរជាតិ គេ​មាន​និយាយ អាហ្នឹង non grata។ សាមញ្ញ​បំផុត កម្ពុជា​ជា​រដ្ឋ​អធិបតេយ្យ ដែល​មាន​សិទ្ធិ​គ្រប់គ្រាន់ ចង់​ឱ្យ​អ្នកណា​មក​ទទួល​ស្វាគមន៍​ ហើយ​ក៏​មាន​សិទ្ធិ​មិន​ស្វាគមន៍​បុគ្គល​ណាមួយ​ដែរ»

ទោះបី​របប​លោក ហ៊ុន សែន ព្យាយាម​បិទបាំង អំពី​លិខិត​ហាមឃាត់​សិទ្ធិ​ធ្វើដំណើរ​របស់​ជនបរទេស ដែល​ប្រកាស​គាំទ្រ​មន្ត្រី​បក្ស​ប្រឆាំង យ៉ាង​ណា​ក្តី មន្ត្រី​នាំ​ពាក្យ​នៃ​ក្រសួងការបរទេស​របប​នេះ​ដដែល ថ្លែងប្រាប់​ប្រព័ន្ធ​ឃោសនា​របប​នេះ គឺ​សារព័ត៌មាន the Fresh News កាលពី​ថ្ងៃ​ទី២៤ ខែ​កក្កដា ដោយ​ទទួលស្គាល់​ថា ក្រសួង​ការបរទេស ពិតជា​បាន​ចេញ​សេចក្ដី​ណែនាំ ទៅ​គ្រប់​ស្ថាន​តំណាង របស់​ខ្លួន​នៅ​ក្រៅ​ប្រទេស​ឱ្យ​រឹត​បន្តឹង​ការ​ផ្ដល់​ទិដ្ឋាការ​ដល់​ជនបរទេស​ទាំងនោះ​ពិតមែន ប៉ុន្តែ ស្វាគមន៍​គ្រប់​ជនបរទេស​ទាំងអស់​ដែល​មក​ស្រុក​ខ្មែរ ដែល​មិន​គាំទ្រ ឬ​ការពារ​មន្ត្រី​បក្ស​ប្រឆាំង ដែល​របប​នេះ​បាន​កាត់ទោស​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល