អ្នកវិភាគថា មេដឹកនាំរបបក្រុងភ្នំពេញគ្មានឆន្ទៈស្វែងយល់ពីសុខទុក្ខប្រជាពលរដ្ឋដោយពិតប្រាកដនិងផ្ដល់ដំណោះស្រាយជូនពលរដ្ឋដែលមានបញ្ហាគ្រប់ទីកន្លែងនោះទេ។ ការលើកឡើងនេះ បន្ទាប់ពីលោកហ៊ុន សែន ប្រកាសថា លោកនឹងបន្តស្វែងយល់ពីសុខទុក្ខពលរដ្ឋដោយផ្ទាល់គ្រប់ទីកន្លែង។
អ្នកវិភាគ និងសង្គមស៊ីវិលយល់ថា ការចុះជួបប្រជាពលរដ្ឋ ជាពិសេសកម្មករ កម្មការិនីនៅតាមរោងចក្រកន្លងមករបស់លោក ហ៊ុន សែន គឺមិនបានផ្ដល់ប្រយោជន៍ច្រើនដល់ប្រជាពលរដ្ឋ និងសង្គមជាតិនោះទេ ប៉ុន្តែលោក ហ៊ុន សែន បានចំណាយពេលវេលាឥតប្រយោជន៍យ៉ាងច្រើន ដើម្បីនិយាយរឿងដដែល ពាក់ព័ន្ធនឹងអតីតកាល និងនិយាយវាយប្រហារគណបក្ស សង្គ្រោះជាតិ។
មន្ត្រីគម្រោងមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP Center) លោក ហេង គឹមហុង យល់ថា លោក ហ៊ុនសែន គួរតែចំណាយពេលខំដោះស្រាយបញ្ហាប្រឈមធំៗ របស់ប្រជាពលរដ្ឋ និងប្រទេសជាតិ ដូចជា ដោះស្រាយបញ្ហាកុំឱ្យសហភាពអឺរ៉ុបផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធEBAនិងដោះស្រាយបញ្ហាតម្លៃកសិផល រួមទាំងដោះស្រាយបញ្ចប់ជម្លោះដីធ្លីជាដើម៖ «បញ្ហាចាស់ៗ ដែលមិនទាន់ដោះស្រាយបាន ដូចជា បញ្ហាពុករលួយនៅតែមានតួលេខខ្ពស់សម្រាប់កម្ពុជា។ កម្ពុជា ក៏នៅតែជាប្រទេស ដែលមិនមានសេរីភាពសារព័ត៌មានពិតប្រាកដ។ ខ្ញុំគិតថា លោក ហ៊ុន សែន គួរតែយកចិត្តទុកដាក់ក្នុងការអនុវត្តនីតិរដ្ឋ ឬក៏អនុវត្តច្បាប់ ដែលមានស្រាប់ ប្រសើរជាជាងបង្កើតយន្តការផ្សេងៗ ហើយយន្តការខ្លះមានហើយមិនដើរ និងយន្តការខ្លះទៀត បង្កើតឡើងនាំឲ្យមានវិវាទជាមួយយន្តការផ្សេងៗ»។
ការលើកឡើងនេះ បន្ទាប់ពីលោក ហ៊ុន សែន សរសេរសារនៅលើទំព័រហ្វេសប៊ុកថា ក្នុងនាមជានាយករដ្ឋមន្ត្រី លោកត្រូវបន្តពិនិត្យតាមដាន និងស្វែងយល់ពីសុខទុក្ខប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដើម្បីឱ្យបានដឹងពីសុខទុក្ខដោយផ្ទាល់ ជាពិសេសដើម្បីធានាបានថា ពលរដ្ឋទទួលបានសេវាសង្គមពិតប្រាកដពីរាជរដ្ឋាភិបាលរបស់លោក។ អ្នកតាមដានស្ថានភាពនយោបាយនៅកម្ពុជាមិនជឿការអះអាងរបស់លោក ហ៊ុន សែន នោះទេ។
សមាជិកក្រុមអ្នកវិភាគវ័យក្មេងលោក បុង ដែត លើកឡើងថា លោក ហ៊ុន សែន គ្មានឆន្ទៈស្វែងយល់ពីសុខទុក្ខ និងស្វែងរកដំណោះស្រាយជូនប្រជា ពលរដ្ឋនោះទេ ប៉ុន្តែផ្ទុយទៅវិញ លោក ហ៊ុនសែន កំពុងធ្វើយុទ្ធនាការកេងចំណេញនយោបាយពីប្រជាពលរដ្ឋ និងកំពុងបន្លប់ស្ថានការណ៍នយោបាយអាក្រក់នៅក្នុងប្រទេស៖ « ប្រសិនបើគាត់ពិតជាស្វែងយល់ពីសុខទុក្ខប្រជាពលរដ្ឋពិតប្រាកដមែន គឺនៅពេលដែលពលរដ្ឋមានបញ្ហាទាំងអស់ឡើងមកភ្នំពេញ មិនចាំបាច់ប្រើអាជ្ញាធរអីទៅចាត់ការពួកគាត់ទេ គឺត្រូវទទួលពួកគាត់ និងដោះស្រាយជូនពួកគាត់ឲ្យបានឆាប់។ លោក ហ៊ុន សែន គួរតែលុបចោលប្រពន្ធយុត្តិធម៌ ដែលមានស្តង់ដារពីរ លុបចោលប្រព័ន្ធនយោបាយ ដែលគាត់បង្កើតឡើងជាប្រជាភិថុតិ ដូចជា បង្កើតក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បង្កើតមូលនិធិស៊ីក្លូណា ដែលនៅក្រោមស្លាករបស់គណបក្ស ប្រជាជន ទាំងអស់។ មួយទៀត លុបចោលទៅនូវគោលនយោបាយសម្លុតគំរាមកំហែង និងការញុះញង់ផ្សេងៗ លើគណបក្សប្រឆាំង។ពួកគណបក្សប្រឆាំងក៏ជាប្រជាពលរដ្ឋដែរ » ។
លោក បុង ដែត សង្កេតឃើញថា លោក ហ៊ុន សែន ហាក់មិនខ្វល់ពីសុខទុក្ខពលរដ្ឋនោះទេ គឺខ្វល់តែពីអំណាចរបស់ខ្លួនប៉ុណ្ណោះ ព្រោះកន្លងមក មានព្រឹត្តិការណ៍សោកសៅធំៗ ជាច្រើន ប៉ុន្តែលោក ហ៊ុន សែន មិនដែលនឹកដើមដង្ហើមដល់នោះទេ ដូចជា ករណីពលរដ្ឋ ១៤នាក់ពុលទឹកស្លាប់ និងជាង ៣០០នាក់ធ្លាក់ខ្លួនឈឺនៅខេត្តក្រចេះ កាលពីដើមខែឧសភា ឆ្នាំ២០១៨ និងករណីអាជ្ញាធរបាញ់បង្ក្រាបលើពលរដ្ឋរងគ្រោះដីធ្លីជាច្រើនករណីទៀតផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។