លោក ហ៊ុន សែន៖ កម្ពុជា​មិន​ត្រូវ​ភ្លេច​ខ្លួន​នឹង​ក្រុម​អាយស៊ីស

0:00 / 0:00

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា កម្ពុជា​មិន​ត្រូវ​ភ្លេចខ្លួន​នឹង​ក្រុម​អាយស៊ីស (ISIS) នោះ​ទេ បើ​ទោះ​ជា​កម្ពុជា មិន​មែន​ជា​ទីកន្លែង​នៃ​ការ​វាយ​ប្រហារ​របស់​ក្រុម​នេះ​ក៏ដោយ។ ចំណែក​មន្ត្រី​គណបក្ស​ប្រឆាំង​យល់​ថា ត្រូវ​ប្រុង​ប្រយ័ត្ន​ទាំង​អស់​គ្នា​ដើម្បី​បង្ការ​រឿង​នេះ។

លោក ហ៊ុន សែន លើក​ឡើង​ពី​រឿងរ៉ាវ​ទាក់ទង​ក្រុម​អាយស៊ីស នៅ​ពេល​នេះ បន្ទាប់​ពី​ក្រុម​ភេរវកម្ម​បើក​ការ​វាយ​ប្រហារ​ទៅ​លើ​បណ្ដា​ប្រទេស​នៅ​តំបន់​អាស៊ាន​ក្បែៗ​ប្រទេស​កម្ពុជា។ ការ​ថ្លែង​របស់​លោក ហ៊ុន សែន ធ្វើ​ឡើង​ក្នុង​កិច្ច​ប្រជុំ​សភា​តំបន់​អាស៊ី អេ.ភី.អេ (APA) ខណៈ​កម្ពុជា ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៅ​ថ្ងៃ​ទី​៩ ខែ​ធ្នូ។ លោក ហ៊ុន សែន ទាមទារ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​បែប​នេះ ដោយ​យល់​ថា ក្រុម​អាយស៊ីស អាច​យក​ទី​ដី​កម្ពុជា ធ្វើ​ជា​កន្លែង​លាក់​ខ្លួន៖ «បើ​ទោះ​ជា​គេ​និយាយ​ថា​ប្រទេស​កម្ពុជា មិន​មាន​ពួក​អាយស៊ីស (ISIS) ចូល​មក​ដល់ ក៏ប៉ុន្តែ​កម្ពុជា ក៏​មិន​ត្រូវ​ភ្លេច​ខ្លួន គេ​អាច​វាយ​នៅ​ប្រទេស​ដទៃ ប៉ុន្តែ​គេ​យក​កម្ពុជា ធ្វើ​ជា​តំបន់​សុវត្ថិភាព​ក៏​អាច​ថា​បាន»

ក្រៅ​ពី​ថ្លែង​ពី​វិធានការ​របស់​ខ្លួន​លើ​ក្រុម​អាយស៊ីស ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ថ្លែង​រិះគន់​ប្រមុខ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) ថា សហរដ្ឋអាមេរិក​ប្រើ​ដៃ​ម្ខាង​ធ្វើ​សង្គ្រាម​ប្រឆាំង​រដ្ឋាភិបាល​របស់ បាស្ហា អាល់ អាសាដ (Bashar al-Assad) និង​ដៃ​ម្ខាង​ទៀត​វ៉ៃ​អាយស៊ីស គ្រាន់តែ​ជា​គណិតវិទ្យា​មួយ​ដក​មួយ​ស្មើ​សូន្យ (១-១=០)៖ «ខ្ញុំ​បាន​និយាយ​ត្រង់ៗ និង​ចោទ​ជា​សំណួរ​ចំពោះ​ប្រធានាធិបតី​អាមេរិក ដំបូង​ខ្ញុំ​និយាយ​ថា ខ្ញុំ​គាំទ្រ​នូវ​ការ​វាយ​ប្រហារ​ក្រុម​អាយស៊ីស ប៉ុន្តែ​នៅ​ពេល​បាស្ហា អាល់ អាសាដ ក៏​វាយ​អាយស៊ីស កម្លាំង​អន្តរាគមន៍​ដឹក​នាំ​ដោយ​អាមេរិក ក៏​វាយ​អាយស៊ីស ប៉ុន្តែ​នៅ​ពេល​ណា​មួយ កម្លាំង​របស់ បាស្ហា អាល់ អាសាដ ទន់​ខ្សោយ​ជា​ការ​បង្កើន​កម្លាំង​ឲ្យ​ក្រុម​អាយស៊ីស»

កន្លង​មក​ក្រុម​ភេរវកម្ម​ធ្លាប់​វាយ​ប្រហារ​លើ​ប្រទេស​តំបន់​អាស៊ាន រួម​មាន ប្រទេស​ថៃ ហ្វីលីពីន និង​ប្រទេស​ឥណ្ឌូនេស៊ី។ ថ្មីៗ​នេះ​ដែរ ប្រព័ន្ធ​ផ្សព្វផ្សាយ ប៊ី.ប៊ី.ស៊ី (BBC) បាន​ចុះផ្សាយ​ថា ក្រុម​អាយស៊ីស ១០​នាក់ បាន​ចូល​មក​ដល់​ប្រទេស​ថៃ កាល​ពី​ខែ​តុលា ដើម្បី​វាយ​ប្រហារ​ទៅ​លើ​ស្ថានទូត​រុស្ស៊ី។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ឲ្យ​ដឹង​ថា មិន​ទាន់​មាន​ព័ត៌មាន​ណា​មួយ​ថា មាន​ក្រុម​អាយស៊ីស នៅ​កម្ពុជា នៅ​ឡើយ​ទេ។ ទោះ​បែប​នេះ​ក្តី លោក​ថា សមត្ថកិច្ច​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​លើ​រឿង​នេះ។ លោក​បន្ត​ថា អ្វី​ដែល​ត្រូវ​ប្រុង​ប្រយ័ត្ន​នោះ គឺ​ច្រក​ចេញ​ចូល​អន្តរជាតិ និង​ការ​គ្រប់គ្រង​វត្ថុ​ធាតុ​ដើម​ដែល​ជា​សារធាតុ​ផ្សំ​គ្រឿង​ផ្ទុះ៖ «ភេរវកម្ម​មិន​មែន​នាំ​អាវុធ​ទេ គេ​មក​តែ​មនុស្ស ប៉ុន្តែ​មាន​បច្ចេកវិទ្យា គ្រឿង​ផ្ទុះ​មាន​អី​ខ្លះ ឧទាហរណ៍​មាន​ជី មាន​ប្រេងកាត មក​ផ្សំ ចឹង​យើង​គ្រប់គ្រង​របស់​ទាំងអស់​នោះ»

ទាក់ទង​រឿង​នេះ​ដែរ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ យល់​ថា ប្រសិនបើ​មិន​ចង់​ឲ្យ​ប្រទេស​កម្ពុជា ក្លាយ​ជា​ទឹក​ដី​សម្រាប់​ក្រុម​ភេរវករ​ប្រើប្រាស់ ឬ​វាយ​ប្រហារ​នោះ គឺ​ទាមទារ​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ទាំង​អស់​គ្នា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។