អ្នក​ឃ្លាំមើល​ និង​មន្ត្រី​បក្ស​ប្រឆាំង​ថា ឃាតកម្ម​លើ​លោក លិម គិមយ៉ា កម្ពុជា​មាន​កាតព្វកិច្ច​ចាប់​បញ្ជូន​ជន​សង្ស័យ​​ឱ្យ​តុលាការ​ថៃ

0:00 / 0:00

អ្នក​ឃ្លាំមើល​និង​មន្ត្រី​បក្ស​ប្រឆាំង​ថា រដ្ឋាភិបាល​កម្ពុជា មាន​កាតព្វកិច្ច​ស៊ើបអង្កេត​ឃាតកម្ម​លើ​លោក លិម គិមយ៉ា និង​ចាប់​បញ្ជូន​លោក លី រតនរស្មី និង​លោក ពេជ្រ គឹមស្រ៊ិន ទៅ​ឱ្យ​តុលាការ​ថៃ ក្នុង​ក្របខ័ណ្ឌ​ប៉ូលិស​អាំងទែប៉ូល ក្នុង​នាម​កម្ពុជា​​ជា​សមាជិក ព្រមទាំង​តាម​ស្មារតី​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​សន្ធិសញ្ញា​បត្យាប័ន​កម្ពុជា-ថៃ។ ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ​ថា ដីកា​របស់​តុលាការ​ថៃ តាម​ចាប់​ខ្លួន​ជន​សង្ស័យ​ពីរ​នាក់ គឺ​ជា​ដីកា​អត់​ប្រយោជន៍​ បើ​ភាគី​ថៃ​មិន​ស្វះស្វែង​រក​កិច្ច​សហការ​អនុវត្ត​ជាមួយ​រដ្ឋាភិបាល​កម្ពុជា។

អាជ្ញាធរកម្ពុជាមានកាតព្វកិច្ចរកយុត្តិធម៌ជូនលោក លិម គិមយ៉ា

មន្ត្រី​សិទ្ធិ​មនុស្ស និង​បក្ស​ប្រឆាំង​លើក​ឡើង​ថា លោក លិម គិមយ៉ា គឺ​ជា​ជន​ជាតិ​ខ្មែរ ដូច្នេះ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ មាន​កាតព្វកិច្ច​ស្រាវជ្រាវ ស៊ើបអង្កេត និង​សហការ​ជាមួយ​អាជ្ញាធរ​ថៃ រួម​ទាំង​ភាគី​បារាំង​ផង ដើម្បី​រក​យុត្តិធម៌​ជូន​លោក លិម គិមយ៉ា និង​បុព្វហេតុ​យុត្តិធម៌ តាម​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ និង​ស្មារតី​អន្តរជាតិ។

ប្រធាន​អង្គការ​លទ្ធិប្រជាធិបតេយ្យ​ខ្មែរ​ប្រចាំ​ប្រទេស​អូស្ត្រាលី លោក ស៊ឹងសែន ករុណា ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅថ្ងៃទី១ ខែ​មីនា ថា លើ​គោល​ការណ៍​យុត្តិធម៌ និង​ការ​ការពារ​ផល​ប្រយោជន៍​ខ្មែរ រដ្ឋាភិបាល​កម្ពុជា មាន​កាតព្វកិច្ច​តាម​ផ្លូវ​ច្បាប់ ក្នុង​ការ​ស៊ើបអង្កេត​ករណី​ឃាតកម្ម​លោក លិម គិមយ៉ា ដែល​ជា​ពលរដ្ឋ​ខ្មែរ ដោយ​មិន​ចាំ​បាច់ មាន​ការ​ស្នើ​សុំ​ពី​ភាគី​ណា​ឡើយ។ ចំពោះ​ការ​ចាប់​បញ្ជូន​ជា​ជន​សង្ស័យ​ពីរ​នាក់​ទៅ​ឱ្យ​ភាគី​ថៃ អនុវត្ត​នីតិវិធី​វិញ លោក​ថា ករណី​នេះ​ជា​ការ​ចាំ​បាច់ ដែល​ ត្រូវ​តែ​ធ្វើ ព្រោះ​ស្រប​តាម​កិច្ច​សហប្រតិបត្តិការ ដែល​មាន​ស្រាប់ ក្នុង​ក្របខ័ណ្ឌ​ ប៉ូលិស​អាំងទែប៉ូល ក្នុង​នាម​កម្ពុជា​ជា​សមាជិក។

លោក ស៊ឹង សែនករុណា ថា ទង្វើ​មិន​អើពើ​របស់​រដ្ឋាភិបាល​កម្ពុជា ក៏​អាច​ធ្វើ​ឱ្យ​សហគមន៍​អន្តរជាតិ មើល​ឃើញ​អំពី​វិធានការ​ច្បាប់​បែប​រើសអើង ចំពោះ​ពលរដ្ឋ​ ខ្មែរ ដែល​មាន​និន្នាការ​ប្រឆាំង ហើយ​របៀប​អនុវត្ត​បែប​នេះ អាច​នាំ​ឱ្យ​អ្នក​ដឹក​នាំ​រដ្ឋាភិបាល​ភ្នំពេញ ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ នៅ​ឯ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។

លោក ស៊ឹង សែនករុណា៖ «អ៊ីចឹង​កម្ពុជា​ជា​សមាជិក​នៃ​ប៉ូលិស​អាំងទែប៉ូល គួរ​តែ​មាន​ការ​ពិនិត្យ​មើល​ដីកា​ហ្នឹង​មក​អនុវត្ត មិន​ចាំ​បាច់​ទាល់​តែ​ភាគី​ថៃ ទាល់​តែ​មក​ទំនាក់ទំនង​ដើម្បី​មាន​វិធានការ​សហការ​ប្រតិបត្តិការ​អ្វី​ទៀត​ទេ ពីព្រោះ​ខ្លួន​ឯង គឺ​ជា​សមាជិក​របស់​ប៉ូលិស​អន្តរជាតិ​អាំងទែប៉ូល​ទៅ​ហើយ។ មួយ​ទៀត ពាក់ព័ន្ធ​នឹង​សមត្ថកិច្ច​របស់​តុលាការ​ថៃ គេ​បាន​បញ្ជាក់​យ៉ាង​ហើយ​ថា ពីរ​នាក់​ហ្នឹង​គឺ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ អ៊ីចឹង​គេ​ទាមទារ​ឱ្យ​មាន​ការ​ចាប់​ខ្លួន​បញ្ជូន​ទៅ​ដល់​ប្រទេស​ថៃ​ឬ​ក៏​តុលាការ​ដើម្បី​គេ​ធ្វើ​កិច្ច​ការងារ​បន្ត​នីតិវិធី វែក​មុខ​អ្នក​នៅ​ពី​ក្រោយ​ខ្នង»។

ឃាតកម្មលើជនជាតិខ្មែរ រដ្ឋាភិបាលបែរ​ជា​​រង់ចាំថៃ​មក​សហការ

ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​លោក ខៀវ សុភ័គ ប្រាប់​វិទ្យុ​អាស៊ី​សេរី កាល​ពី​ថ្ងៃទី២៨ ខែ​កុម្ភៈ ថា ដីកា​របស់​តុលាការ​ថៃ តាម​ចាប់​​លោក លី រតនរស្មី និង​លោក ពេជ្រ គឹមស្រ៊ិន គឺ​ជា​ដីកា​អត់​ប្រយោជន៍ បើ​ភាគី​​ថៃ​មិន​ស្វះ​ស្វែង​រក​កិច្ច​សហការ​អនុវត្ត​ដីកា​នេះ ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ដោយ​ផ្ទាល់ ខណៈ​លោក​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា​រង់​ចាំ​ធ្វើការ​ជាមួយ​អាជ្ញាធរ​ថៃ។

លោក ខៀវ សុភ័គ៖ «ដូច្នេះ ត្រូវ​រក​វិធី​ដើម្បី​សហការ​គ្នា ដើម្បី​អនុវត្ត​ដីកា​ហ្នឹង​ឱ្យ​ច្បាស់លាស់​មើល ឱ្យapproach[ចូល​ឱ្យ​ដល់]រដ្ឋាភិបាល​មើល​បញ្ជូន​មក​ពាក់ព័ន្ធ​គ្នា​មើល។ តើ​ដីកា​វា​ហោះ​ពី​បាងកក​មក​ចាប់​អា​ពីរ​នាក់​ទៅ​ឬ​ម៉េច?ដីកា​ហ្នឹង​វា​ជិះ​យន្ត​ហោះ​ពី​បាងកក​មក​ចាប់​​ពីរ​នាក់​ហ្នឹង ដីកា​ហ្នឹង​វា​ចង​ពីរ​នាក់​ទៅ​យ៉ាង​ម៉េច?សូម្បី​តែ​ដីកា​របស់​កម្ពុជា បង្គាប់​មក​សមត្ថកិច្ច​របស់​កម្ពុជា​ដើម្បី​ចាប់​ខ្លួន។ សូម្បី​តែ​តុលាការ​កម្ពុជា ក៏​ចេញ​បង្គាប់​ដែរ។ ដីកា​ហ្នឹង​ដីកា​ឥត​ប្រយោជន៍។ នេះ​មាន​តែ[វិធី]មួយ​ទេ។ យើង​រង់​ចាំ សហការ​ជាមួយ​គ្នា ដើម្បី​អនុវត្ត​កិច្ច​ការ​ផ្សេងៗ​តាម​ច្បាប់​ប្រទេស​នីមួយៗ អនុញ្ញាត​ប៉ុណ្ណឹង»។

អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក ម៉ែន សុថាវរិន្ទ អះអាង​ថា ការ​បំភ្លឺ​របស់​លោក ខៀវ សុភ័គ បង្ហាញ​កាន់​តែ​ច្បាស់​អំពី​ការ​ជាប់​ពាក់ព័ន្ធ​របស់​អ្នក​មាន​អំណាច​នៅ​កម្ពុជា។

លោក ម៉ែន សុថាវរិន្ទ ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃទី១ ខែ​មីនា ថា រដ្ឋាភិបាល​ត្រកូល​ ហ៊ុន គ្មាន​មូល​ហេតុ ដែល​ត្រូវ​គេច​វេះ​ពី​ការ​ចាប់​បញ្ជូន​ជន​សង្ស័យ​ជន​ជាតិ​​ខ្មែរ​ពីរ​នាក់ ទៅ​ឱ្យ​ភាគី​ថៃ​ឡើយ ពីព្រោះ​នេះ​ជា​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ដ៏​ធំ។ លោក​​ពន្យល់​បន្ថែម​ថា រដ្ឋាភិបាល​ថៃ​ធ្លាប់​បញ្ជូន​សមាជិក​គណបក្ស​ប្រឆាំង​ជា​ច្រើន​នាក់ ទៅ​កម្ពុជា ដោយ​បំពាន​ស្មារតី​បត្យាប័ន។ ដូច្នេះ លោក​ថា ពុំ​មាន​ហេតុ​ផល​អ្វី ដែល​​រដ្ឋាភិបាល​កម្ពុជា​បញ្ជូន​ជន​សង្ស័យ​ខ្មែរ​ពីរ​នាក់ ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ទៅ​ឱ្យ​ភាគី​ថៃ​នោះ​ទេ។

ចំពោះ​ការ​ស៊ើបអង្កេត​សំណុំ​រឿង​ឃាតកម្ម លោក លិម គិមយ៉ា វិញ លោក ម៉ែន សុថាវរិន្ទ អះអាង​ថា រដ្ឋាភិបាល​កម្ពុជា ត្រូវ​តែ​ធ្វើ​ក្នុង​នាម​រដ្ឋ​អធិបតេយ្យ ដែល​ត្រូវ​​ការពារ​ពលរដ្ឋ។

លោក ម៉ែន សុថាវរិន្ទ៖«នីតិវិធី គឺ​ប៉ូលិស​[បារាំង]ជា​អ្នក​ស៊ើបសួរ​ទាំងអស់ សួរ​ប្រពន្ធ​លោក លិម គិមយ៉ា[អ្នកស្រី]អានី!សួរ[កូន​ប្រុស​លោក លិម គិមយ៉ា]តូម៉ា សួរ​លោក សម រង្ស៊ី ភរិយា​គាត់ និង​ខ្ញុំ​ជា​សាក្សី​ផ្សេង​ក្នុង​នាម​ជា​តំណាង​រាស្ត្រ​ជាមួយ​គ្នា​អី​ហ្នឹង។ អ៊ីចឹង​គេ​ហើយ​អស់​ហើយ គេ​មាន​ជា​កញ្ចប់​ហើយ គេ​បញ្ជូន​ទៅ​ខាង​អាជ្ញាធរ​ខាង​ចៅក្រម​ម្ដង ហើយ​ចៅក្រម​ក៏​បង្កើត​ជា​គណៈកម្មការ​មួយ ដើម្បី​ធ្វើ​ការ​ទំនាក់ទំនង​ទៅ​ប្រទេស​ថៃ​និង​ប្រទេស​កម្ពុជា រៀបចំ​ហ្នឹង​ហើយ គេ​ប្រគល់​ឱ្យ​រដ្ឋ​រដ្ឋាភិបាល​បារាំង​គេ​ទំនាក់ទំនង​ទៅ​ខាង​ទូត​គេ!ទូត​គេ​ត្រូវ​សួរ​ដែរ​អី​ដែរ»។

ឯកអគ្គរដ្ឋ​ទូត​បារាំង​ប្រចាំ​កម្ពុជា​លោកហ្សាក់ ប៉ឺឡេ (Jacques PELLET) បាន​ជួប​ រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា លោក ប្រាក់ សុខុន កាល​ពី​ថ្ងៃទី២៣ ខែ​មករា ដោយ​រំឭក​លោក ប្រាក់ សុខុន ថា ភាគី​បារាំង​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​​លើ ការ​ស៊ើបអង្កេត​ស្ដី​ពី​ឃាតកម្ម​លើ​លោក លិម គិមយ៉ា ដែល​ជា​ពលរដ្ឋ​បារាំង និង​ជា​​សមាជិក​បក្ស​ប្រឆាំង​កម្ពុជា។

មួយ​ខែ​ក្រោយ​មក នៅថ្ងៃទី២៤ ខែ​កុម្ភៈ ឯកអគ្គរដ្ឋទូតបារាំង បាន​ជួប​អគ្គស្នងការ​ រង​នគរបាល​ជាតិ និង​ជា​កូន​ប្រសា​លោក ហ៊ុន សែន គឺលោក ឌី វិជ្ជា ដើម្បី​ពិភាក្សា​អំពី​វិធានការ​ធ្វើ​ឡើង​ដោយ​អាជ្ញាធរ​កម្ពុជា ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​ស៊ើបអង្កេត​របស់​ប្រទេស​ថៃ ជុំ​វិញ​ឃាតកម្ម​លោក លិម គិមយ៉ា។

អត្ថបទដែលទាក់ទង៖

កម្ពុជារង់ចាំសហការ​នឹង​ភាគី​ថៃ​ចាប់​បញ្ជូន​ជន​សង្ស័យខ្មែរពីរនាក់ ករណី​ឃាតកម្មលើ​លោក លិម គិមយ៉ា

លោក សម រង្ស៊ី ជំរុញ​លោក ឌី វិជ្ជា ឱ្យ​សហការ​ជាមួយ​បារាំង វែក​មុខ​មេខ្លោង​សម្លាប់​លោក លិម គិមយ៉ា

អគ្គរដ្ឋទូត​បារាំង​ជួប​លោក ឌី វិជ្ជា ពាក់ព័ន្ធ​ករណី​ឃាតកម្ម​លើ​លោក លិម គិមយ៉ា

តុលាការ​ថៃ​ចេញ​ដីកា​ចាប់​ខ្លួន​ជន​សង្ស័យ​ជនជាតិ​ខ្មែរ គឺ​លោក លី រតនរស្មី ករណី​ឃាតកម្ម​លើ​លោក លិម គិមយ៉ា

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក លិម គិមយ៉ា ដែល​រិះគន់​រដ្ឋាភិបាល​ត្រកូល ហ៊ុន ត្រូវ​ឃាតករ​បាញ់​សម្លាប់ នៅ​ប្រទេស​ថៃ

លោក លិម គិមយ៉ា ត្រូវ​បាន​ខ្មាន់​កាំ​ភ្លើង​ជន​ជាតិ​ថៃ ឈ្មោះ អេកាឡាក់ ផែណយ (Ekkalak Phaenoi)បាញ់​សម្លាប់​នៅ​ទី​ក្រុង​បាងកក កាល​ពី​ថ្ងៃ​ទី៧ ខែ​មករា ដែល​មក​ដល់​ពេល​នេះ មាន​រយៈពេល​ជិត​ពីរ​ខែ​ហើយ។ ជន​សង្ស័យ​ជា​ជន​ជាតិ​ខ្មែរ​​ពីរ​នាក់​ទៀត គឺ​លោក លី រតនរស្មី និង​លោក ពេជ្រ គឹមស្រ៊ិន ដែល​ស្ថិត​នៅ​កម្ពុជា​មិន​ត្រូវ​បាន​រដ្ឋាភិបាល​ត្រកូល​ ហ៊ុន ចាប់​បញ្ជូន​ទៅ​ឱ្យ​តុលាការ​ថៃ​អនុវត្ត​ដំណើរ​ការ​ក្ដី​ឡើយ។

ប្រការ​ទី២ ស្ដី​ពី​កាតព្វកិច្ច​នៃ​ការ​ធ្វើ​បត្យាប័ន ចែងថា ដោយ​អនុលោម​តាម​បទ​បញ្ញត្តិ​ទាំង​ឡាយ នៃ​សន្ធិសញ្ញា​នេះ ភាគី​ចុះ​កិច្ច​ព្រមព្រៀង​មាន​ភារកិច្ច​ធ្វើ​បត្យាប័ន​ទៅ​ភាគី​ម្ខាង​ទៀត នូវ​ជន​ទាំង​ឡាយ​ណា ដែល​ត្រូវ​បាន​ឃើញ​នៅ​លើ​ដែន​ដី នៃ​​ភាគី​ចុះ​កិច្ច​ព្រមព្រៀង​ណា​មួយ ហើយ​ជន​ទាំង​នោះ កំពុង​ត្រូវ​គេ​តាម​ចាប់​ខ្លួន​ ដើម្បី​ធ្វើការ​ចោទ​ប្រកាន់ ដើម្បី​ធ្វើ​ការ​ជំនុំ​ជម្រះ​ក្ដី ឬ​ដើម្បី​ឱ្យ​ទទួល​ទោស ឬ​អនុវត្ត​ ទណ្ឌកម្ម​តាម​ទោស​កំណត់​នៅ​លើ​ទឹក​ដី​របស់​ភាគី​ម្ខាង​ទៀត ចំពោះ​បទ​ល្មើស​ ដែល​អាច​ធ្វើ​បត្យាប័ន​បាន​ណា​មួយ។

អ្នក​ឃ្លាំមើល​លើក​ឡើង​ថា ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ និង​សន្ធិសញ្ញា​បត្យាប័ន​នេះ មិន​​រាំង​ស្ទះ​ដល់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ចាប់​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ គឺ​លោក លី រតនរស្មី និង​លោក ពេជ្រ គឹមស្រ៊ិន ទៅ​ឱ្យ​តុលាការ​ថៃ​ឡើយ ពីព្រោះ​អ្នក​ទាំង​ពីរ​ជាប់​​សង្ស័យ​នឹង​ឃាតកម្ម​សម្លាប់​មនុស្ស។ ម្យ៉ាង​ទៀត សន្ធិសញ្ញា​បត្យាប័ន​កម្ពុជា-ថៃ បដិសេធ​ដាច់​ខាត ក្នុង​ការ​ធ្វើ​បត្យាប័ន តែ​ក្នុង​ករណី​បទ​ល្មើស​ជា​កម្មវត្ថុ​នយោបាយ​ មូល​ហេតុ​ពូជសាសន៍ សាសនា ឬ​ក្នុង​លក្ខខណ្ឌ​ច្បាប់​អាជ្ញាសឹក​ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។