គណបក្សសង្គ្រោះជាតិបណ្ដេញអ្នកស្រី ឡាក់ សុភាព ចេញពីបក្ស
2014.12.30

មន្ត្រីជាន់ខ្ពស់គណៈកម្មការវិន័យរបស់គណបក្សសង្គ្រោះជាតិ បញ្ជាក់ថា គណៈកម្មការវិន័យគណបក្សបានបញ្ឈប់សមាជិកភាពអ្នកស្រី ឡាក់ សុភាព ពីគណបក្សសង្គ្រោះជាតិហើយ កាលពីព្រឹកថ្ងៃទី៣០ ខែធ្នូ ដោយសារកំហុសធ្ងន់ធ្ងរ។
លោក អ៊ូ ច័ន្ទឫទ្ធិ ប្រធានគណៈកម្មការវិន័យរបស់គណបក្សសង្គ្រោះជាតិ ឲ្យដឹងថា ចាប់ពីពេលនេះទៅ អ្នកស្រី ឡាក់ សុភាព លែងជាមន្ត្រីនៃគណបក្សសង្គ្រោះជាតិ ទៀតហើយ។លោកថ្លែងបន្តថា មូលហេតុដែលគណៈកម្មការវិន័យសម្រេចបញ្ឈប់នេះ ដោយសារអ្នកស្រីមិនបានបង្ហាញភាពស្មោះត្រង់របស់ខ្លួន បន្ទាប់ពីគណបក្សបានផ្ដល់ឱកាសឲ្យបកស្រាយជាសាធារណៈ តាមបណ្ដាញសារព័ត៌មាន ដូចអ្វីដែលអ្នកស្រីអះអាងថា មិនបាននិយាយមិនល្អពីថ្នាក់ដឹកនាំ និងរឿងអំពើពុករលួយ។
លោកឲ្យដឹងទៀតថា ប៉ុន្តែរហូតដល់ព្រឹកថ្ងៃទី៣០ ខែធ្នូ អ្នកស្រី នៅតែមិនអនុវត្តតាម។ ហេតុនេះគណៈកម្មការវិន័យសម្រេចបញ្ឈប់តួនាទី និងបណ្ដេញចេញពីគណបក្សតែម្ដង៖ «យើងគ្រាន់តែផ្ដល់ឱកាសជូនគាត់ដើម្បីបកស្រាយឆ្លើយតបចំពោះសារព័ត៌មាន ប៉ុន្តែកាលពីម្សិលមិញ (២៩ ធ្នូ) គាត់មិនបានធ្វើអ្វីតាមដែលយើងស្នើ»។
លោក អ៊ូ ច័ន្ទឫទ្ធិ ថ្លែងថា ចំពោះការបាត់បង់មនុស្សដែលមានចំណេះដឹង លោកមានការសោកស្ដាយ ប៉ុន្តែចំពោះមនុស្សដែលមិនបានជួយអ្វីសោះនោះ ហើយបង្កបញ្ហាគឺការដកចេញមិនធ្វើឲ្យខាតបង់នោះទេ៕