គណបក្សប្រជាជនកម្ពុជា ចង់រឹតបន្តឹងរបៀបឃោសនាបោះឆ្នោតសម្រាប់ការបោះឆ្នោតអាណត្តិក្រោយ។ ការបញ្ជាក់នេះ ធ្វើឡើងក្នុងជំនួបរវាងក្រុមការងារចរចាកែទម្រង់ការបោះឆ្នោតនៃគណបក្សទាំងពីរ នៅរសៀលថ្ងៃទី៩ ខែមករា នាវិមានរដ្ឋសភា។
ការចរចារវាងក្រុមការងារនៃគណបក្សទាំងពីរលើកនេះត្រូវផ្អាកសិន ដោយសារតែគណបក្សកាន់អំណាចស្នើឲ្យបន្ថយពេលវេលាហែក្បួនឃោសនាបោះឆ្នោត។ ក្នុងច្បាប់បោះឆ្នោតសព្វថ្ងៃ គណបក្សទាំងអស់អាចឃោសនាបោះឆ្នោតរយៈពេល ៣០ថ្ងៃពេញ ដោយមិនបានបញ្ជាក់ថា គណបក្សទាំងនោះនឹងប្រើវិធីឃោសនាបែបណាទេ។ ប៉ុន្តែ លិខិតមួយច្បាប់ដែលក្រុមការងារចរចាកែទម្រង់ការបោះឆ្នោតនៃគណបក្សប្រជាជនកម្ពុជា ហុចជូនក្រុមការងារគណបក្សប្រឆាំងនោះ គឺដាក់កំហិតពេលវេលាហែក្បួនឃោសនាបោះឆ្នោត។ បក្សកាន់អំណាច ចង់ធ្វើច្បាប់កំណត់ឲ្យគណបក្សទាំងអស់មានសិទ្ធិហែក្បួនឃោសនាតែនៅថ្ងៃដំបូង និងថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោតប៉ុណ្ណោះ។
ប្រធានក្រុមការងារចរចាគណបក្សប្រជាជនកម្ពុជា លោក ប៊ិន ឈិន ប្រាប់អ្នកកាសែតដោយត្រួសៗថា ការកាត់បន្ថយយុទ្ធនាការហែក្បួនឃោសនានេះ គឺដើម្បីទប់ស្កាត់ការកកស្ទះចរាចរណ៍ និងរក្សារបៀបរៀបរយសង្គម។
ចំណែកប្រធានក្រុមការងារចរចាគណបក្សសង្គ្រោះជាតិ លោក គួយ ប៊ុនរឿន វិញមិនបានទម្លាយឲ្យអ្នកកាសែតបានដឹងឡើយថា លិខិតរបស់បក្សកាន់អំណាចនោះនិយាយពីអ្វីខ្លះ។ លោកមានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិ សុំពេលពិចារណាលើសំណើរបស់បក្សប្រជាជន សិន មុននឹងសម្រេចថាយល់ព្រម ឬអត់នោះ។ ប៉ុន្តែលោកគិតថា ច្បាប់បោះឆ្នោតសព្វថ្ងៃត្រង់ជំពូកទី៧ នេះ មានខ្លឹមសារល្អគ្រប់គ្រាន់ហើយ មិនចាំបាច់ធ្វើវិសោធនកម្មទេ។
ទាក់ទងនឹងបញ្ហានេះ នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថាអង្គការនិកហ្វិច (Nicfec) លោកបណ្ឌិត ហង្ស ពុទ្ធា មានប្រសាសន៍ថា សង្គមស៊ីវិលមិនយល់ស្របឲ្យកែច្បាប់បោះឆ្នោតចាស់ ដោយគាបសង្កត់សេរីភាពនៃការឃោសនាបោះឆ្នោតឡើយ។ លោកបន្តថា បើសិនជាជំពូកទី៧ នៃច្បាប់បោះឆ្នោតនេះត្រូវបានធ្វើវិសោធនកម្មបែបនេះមែននោះ គណបក្សតូចៗនឹងគ្មានថ្ងៃងើបមុខរួចឡើយ។
សង្គមស៊ីវិលរកឃើញថា ការបោះឆ្នោតអាណត្តិទី៥ កន្លងទៅ គណបក្សប្រជាជនកម្ពុជា ចាយប្រាក់ឃោសនាច្រើនជាងគេ បន្ទាប់មក គឺគណបក្សសង្គ្រោះជាតិ។ ចំពោះការហែក្បួនឃោសនាបោះឆ្នោតវិញ បក្សប្រឆាំងហែក្បួនធំជាងគេ និងមានការចាប់អារម្មណ៍ពីមហាជនយ៉ាងច្រើន ជាពិសេសពីសំណាក់យុវជន។ ក្រុមយុវជនគាំទ្របក្សប្រឆាំង ចេញប្រាក់ចំណាយហូបចុក ចាក់សាំងខ្លួនឯង រីឯបក្សកាន់អំណាច គឺគណបក្សជាអ្នកចំណាយថ្លៃសោហ៊ុយឃោសនា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
