លោក ហ៊ុន សែន រង​ការ​រិះគន់​ថា បាន​រំលោភ​តួនាទី​របស់​ខ្លួន និង​ច្បាប់​បោះឆ្នោត

0:00 / 0:00

មន្រ្តីសង្គម​ស៊ីវិល ផ្នែក​ឃ្លាំមើល​ការ​បោះឆ្នោត និងអ្នកវិភាគឯករាជ្យ ​យល់​ដូច​គ្នា​ថា ​លោក ហ៊ុន សែន រំលោភតួនាទី ក្នុង​ឋានៈលោក​ជា​នាយករដ្ឋមន្រ្តី និង​បំពាន​គោលការណ៍​នៃការ​បោះឆ្នោត​ ដោយសេរី ត្រឹមត្រូវ និង​​​យុត្តិធម៌ ដោយ​សារ​ការ​​ចេញ​ឃោសនារកសំឡេងឆ្នោត​ខុសរដូវកាល។

ការ​លើកឡើង​ដូច្នេះ គឺដោយសារ​តែ​យុទ្ធនាការឃោសនាបោះឆ្នោត សម្រាប់​ការបោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្រ្ត​អាណត្តិទី ៦ នេះ គឺត្រូវ​រង់ចាំដល់​ថ្ងៃទី៧ ខែកក្កដា​ឯណោះ។ ប៉ុន្តែ លោក​នាយករដ្ឋ​​មន្ត្រី ហ៊ុន សែន មិន​អាច​រង់ចាំបាន​នោះទេ ដោយ​​លោក​ចេញ​​ឃោសនា​រក​សំឡេង​ឆ្នោត ស្ទើរ​​តែ​​ពេញ​​មួយ​អាណត្តិ ពោលគឺស្ទើរ​តែ​រាល់ពេល ដែល​លោកចុះជួបកម្មកររោងចក្រ និង​មន្រ្តី​រាជការសាធារណៈជាដើម។

មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​​អង្គការ ​ខុមហ្រែល ​(Comfrel) លោក កន សាវាង្ស អះអាងថា ការ​យក​តួនាទី​ជា​នាយករដ្ឋ​មន្រ្តី​ទៅ​ឃោសនា ​ក្នុង​ឋានៈជា​ប្រធានបក្សកាន់អំណាច គឺជាការ​បំពាន​​តួនាទី​មន្រ្តី​សាធារណៈ និង​ប្រើ​ប្រាស់​​ធនធាន​រដ្ឋ ដោយ​មិន​ត្រឹមត្រូវ៖ «គេមិនអាច​យកតួនាទី​ ភារកិច្ច​ខ្លួន​ឯង ដែលធ្វើ​ការ​ងារ​​ក្នុង​​នាម​​រដ្ឋាភិបាល​ ទៅ​​ឃោសនា​​សម្រាប់​​បក្ស ​គេ​អត់​ដែលធ្វើ​អ៊‍ីចឹង​ទេ។ ដូច្នេះ ករណីនេះ កាលណា​យក​តួនាទី និង​​ភារកិច្ច ក្នុង​នាម​ជា​រដ្ឋាភិបាល បម្រើ​រដ្ឋាភិបាល​ ហើយ​ទៅនិយាយ​អំពី​បក្ស អាហ្នឹង​គឺការ​ប្រើប្រាស់ ធនធាន​របស់​រដ្ឋ ដើម្បី​បម្រើ​នូវ​នយោបាយ​របស់​ខ្លួន​ហើយ »

ចំណែកលោកបណ្ឌិត ឡៅ ម៉ុងហៃ មិន​ភ្ញាក់ផ្អើលនឹង​ទង្វើរបស់​លោកនាយករដ្ឋ​មន្រ្តី ហ៊ុន សែន និង រដ្ឋមន្រ្តី​ ព្រមទាំង​ថ្នាក់ដឹកនាំ​ដទៃទៀត ដែលជា​មន្រ្តីសាធារណៈផង ជាមន្រ្តីបក្ស​ផង ដែលតែងតែ​ចុះ​ឃោសនារក​សំឡេងឆ្នោត ខុសរដូវកាល និង​បំពាន​គោលការណ៍​ឃោសនា​បោះឆ្នោតនេះ នោះ​ទេ។

អ្នកវិភាគឯករាជ្យរូបនេះ​ លើក​ឡើងបន្ថែម ថារឿងនេះ មិន​មែន​ជារឿង​ថ្មីទេ ព្រោះលោក ហ៊ុន សែន ធ្លាប់​ធ្វើ​តែ​អ៊‍ីចឹង តាំងពីដើមរៀងមក។ លោកអះអាង​ថា មិន​ខុសឆ្គង​អ្វីទេ នៅពេលក្នុង​ឋានៈ​ជា​នាយករដ្ឋមន្រ្តី​លោក ហ៊ុន សែន ក្នុង​ការ​ចុះ​ឃោសនា​អំពី​កិច្ចការ​របស់​រដ្ឋ។ ប៉ុន្តែ ការ​អំពាវនាវឲ្យ​ពលរដ្ឋ​បោះឆ្នោត​ឲ្យ​គណបក្ស​របស់​ខ្លួន ក្នុងនាមជានាយករដ្ឋ​មន្រ្តី ដែល​តំណាង​ឲ្យ​ពលរដ្ឋទូទៅ គ្រប់​និន្នាការ​គណបក្ស​នយោបាយ​បែបនេះ គឺ​មិន​ត្រឹមត្រូវ​ទាល់​តែ​សោះ ព្រោះ​ការ​​ឃោសនា​​បែប​នេះ គឺ​​អាច​​ធ្វើ​​បាន​​តែ​​ក្នុង​​អំឡុង​​ពេល​​អនុញ្ញាត នៃ​​យុទ្ធនាការ​​បោះ​ឆ្នោត​​ប៉ុណ្ណោះ។

លោក ឡៅ ម៉ុងហៃ ទទូចអោយ គ.ជ.ប បើជាស្ថាប័ន​ឯករាជ្យមែន គប្បី​ចាត់​វិធានការ​អ្វីមួយ ដើម្បី​បញ្ឈប់​ការ​រំលោភគោលការណ៍​បោះឆ្នោត​ ដូច្នេះ​ទៅ​ទៀត៖ « គជប គេត្រូវ​តែ​នៅ​ជា​អព្យាក្រិត្យ បើ​ឃើញ​ថា ការប្រព្រឹត្តិបែបនេះ វា​ខុស​ការ​បោះ​ឆ្នោត ត្រូវ​ប្រាប់​ថា សុំ​កុំ​ធ្វើ​អ៊‍ីចឹង ដោយ​ចេញ​ជាការ​ណែនាំ ឬក៏បទបញ្ជាអ្វីមួយ ថាកុំ​ធ្វើ​អ៊‍ីចឹង »

ប៉ុន្តែ មន្រ្តី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ប.ជ)​ អះអាង​ថា ស្ថាប័នជាតិ​មួយ​នេះ គ្មាន​ភារកិច្ច​ ក្នុង​ការ​ហាម​ឃាត់ មន្ត្រី​សាធារណៈ ដែល​ឃោសនា​បម្រើ​បក្ស​នយោបាយ​នោះ​ទេ។ អ្នក​នាំ​ពាក្យ​ គ.ជ.ប លោក ឌឹម សុវណ្ណារុំ អះអាងបន្ថែម​ថា សកម្មភាព​ឃោសនា​រក​សំឡេង​ឆ្នោត ឲ្យ​បក្ស​នយោបាយ ទោះ​សកម្មភាព​នោះ ផ្ទុយ​ពី​តួនាទី​របស់​​មន្ត្រី​រាជការ​សាធារណៈ​ក៏​ដោយ គឺ គ.ជ.ប មិន​ទទួល​ខុសត្រូវ​ទេ ព្រោះ​ផុត​ពី​សមត្ថកិច្ច​របស់​ខ្លួន៖ «..ប ជា​ស្ថាប័ន​ច្បាប់​ ស្ថាប័ន​បច្ចេកទេស។ ច្បាប់​បាន​ចែង​ថា គ..ប គ្រប់គ្រង​ការ​ឃោសនា​បោះឆ្នោត​រយៈពេល ២១ ថ្ងៃ ពី​ថ្ងៃ​ទី៧ ដល់​ថ្ងៃ​ទី២៧ ខែកក្កដា ឆ្នាំ២០១៨។ ដូច្នេះ ក្រៅ​ក្របខ័ណ្ឌ​ហ្នឹង មិន​មែន​ជា​សមត្ថកិច្ច​របស់​ គ..ប ទេ ហើយ គ..ប ធ្វើ​កិច្ចការ​ទៅតាម​ច្បាប់​ អត់​មាន​ជម្រើស​អ្វី​ផ្សេង​ពី​ហ្នឹង​ទេ »

ការណ៍​ដែល គ.ជ.ប ​ មិន​ចាត់​ការ​មន្រ្តី​រាជការ​សាធារណៈ ដែល​យក​តួនាទី និង ធនធានរដ្ឋ ទៅ​បម្រើ​ប្រយោជន៍នយោបាយរបស់​បក្ស​ខ្លួនបែបនេះ ធ្វើ​ឲ្យ​មន្រ្តីជាន់ខ្ពស់​គណបក្ស​​សង្គ្រោះ​ជាតិ ចាត់​​ទុក​​ស្ថាប័ន​​ជាតិ​​រៀបចំ​​ការ​​បោះ​​ឆ្នោត​​នេះ បាត់​បង់​អព្យាក្រិត្យភាព និង​គ្មាន​ឯករាជភាព​របស់​ខ្លួន​អស់ហើយ។ មន្រ្តី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញាឫទ្ធិ មើល​​មិន​​ឃើញ​​ថា ​ហេតុ​​អ្វី​បាន​ជា​​ស្ថាប័ន គ.ជ.ប មើល​រំលង​ភាព​ខុស​ឆ្គង​របស់​លោក​នាយករដ្ឋមន្ត្រី​ខ្មែរ ដែល​បំពាន​គោល​ការណ៍​​បោះ​ឆ្នោត ដោយ​ការ​អំពាវនាវ​ខុស​ពេល​វេលា​កំណត់​ក្នុង​ច្បាប់ ឲ្យ​ពលរដ្ឋ​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​យ៉ាង​ដូច្នេះ នោះ​ទេ៖ « យើង​សង្កេត​ឃើញ​គ្រប់​តែ​អាណត្តិ តែងតែ​មាន​បែបនេះ ហើយ​ គ..ប ក៏​ពុំ​ដែល​មាន​ប្រតិកម្ម​ណា​មួយ។ បើ​យើង​មើល​នីតិវិធី​ផ្លូវ​ច្បាប់​ និង​ការអនុវត្ត​ជាក់​ស្ដែង​ គឺ​ពិត​ជា​ខុស​នឹង​ច្បាប់។ ថ្វីត្បិត​តែ​ជា​នាយករដ្ឋមន្ត្រី មកពី​បក្ស​កាន់អំណាច​ គឺ​ជា​នាយករដ្ឋមន្ត្រី​របស់​ប្រជាជាតិ​ខ្មែរ​ទាំង​មូល ហើយ​យុទ្ធនាការ​ឃោសនា មាន​ពេល​មាន​ថ្ងៃ​ខែ​កំណត់។ នៅ​ពេល​ដែល​លេច​ពាក្យ​ថា​បោះ​ឆ្នោត ឲ្យ​ខ្ញុំ​បោះឆ្នោត ឲ្យ​គណបក្ស​នេះ គណបក្ស​នោះ ​វា​ចូល​ក្នុង​ន័យ​ផ្សព្វផ្សាយ​ឃោសនា។ ការ​ឃោសនា​ មុន​ពេល​កំណត់​នេះ មិន​ត្រឹមត្រូវ​ទេ »

មន្រ្តី​នាំ​ពាក្យ​របប​លោក ហ៊ុន សែន លោក ផៃ ស៊ីផាន អះអាង​ការ​ពារ​សកម្មភាព​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយ​លើក​ឡើង​ថា ការណ៍​ដែល​លោក​នាយករដ្ឋមន្ត្រី​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​បោះ​ឆ្នោត ឲ្យ​គណបក្ស​ប្រជាជន​ជា​បែប​នេះ នេះ​មិនមែន​ជា​ការ​ឃោសនា​បោះ​ឆ្នោត​ទេ ព្រោះ​បើ​ឃោសនា​បោះឆ្នោត គឺ​ត្រូវ​ធ្វើ​ខ្លាំង និង ច្រើន​ជាង​នេះ​ទៅទៀត៖ «កាល​ណា​យើង​​និយាយ​​អំពី​​យុទ្ធនាការ គឺ​យើង​និយាយ​ប្រាប់​អំពី​គោល​ការ​នយោបាយ​​នៅ​​អាណត្តិ​​ក្រោយ។ នាយករដ្ឋមន្ត្រី អត់​មាន​​បាន​​និយាយ​​អំពី​​គោលនយោបាយ​​សម្រាប់​​អាណត្តិ​ចុងក្រោយនោះផង គឺ​គាត់​គ្រាន់តែ​និយាយ​អំពី​សមិទ្ធផល»

យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត ជូន​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើ​ស្ទើរ​គ្រប់​ទី​កន្លែង នៅ​ក្នុង​វេទិកា​សាធារណៈ ដែល​លោក​ចុះ​ជួប​ពលរដ្ឋ ក្នុង​នាម​ជា​នាយករដ្ឋមន្ត្រី។ ពេល​លោក​ចុះ តាម​សាលា​រៀន តាម​ខេត្ត លោក​អំពាវនាវ​ឲ្យ​សិស្សសាលា និង អាណាព្យាបាល​សិស្ស​ បោះឆ្នោត​ឲ្យ​គណបក្ស​របស់​លោក។ ពេល​ចុះ​ជួប​កម្មករ​រោងចក្រ លោក​អំពាវនាវ​ឲ្យ​កម្មករ​ និង ជីដូន​ជីតា​ពួក​គេ បោះឆ្នោត​ឲ្យ​លោក​បាន​បន្ត​កាន់​អំណាច​យូរ​ត​ទៅ​ទៀត៖ «ហើយ​សង្ឃឹម​ថា ក្មួយៗ ផ្ទាល់​ បូក​ជាមួយ​ឪពុក​ម្ដាយ និង​ក្រុម​គ្រួសារ​បន្ត​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន និង បោះ​ឲ្យ​ពូ​បន្ត​ដឹកនាំ»

ទោះបីជា​ការ​បោះ​ឆ្នោត​លើក​នេះ អស់​មាន​គូប្រជែង ដោយសារ​របប​លោក​បាន​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្សប្រឆាំង​ស្រប​ច្បាប់​តែមួយគត់ ដែល​មាន​អាសនៈ​នៅ​រដ្ឋសភា ចោល​ទៅ​ហើយ​ក្តី ក៏​លោក ហ៊ុន សែន បន្ត​ចុះ​ឃោសនា​រក​សំឡេង​ឆ្នោត យ៉ាង​សស្រាក់​សស្រាំ ស្ទើរ​គ្រប​ច្រកល្ហក ក្នុង​នាម​ជា​ប្រមុខរដ្ឋាភិបាល​ ដែល​ផ្ទុយ​ពី​គោលការណ៍ នៃ​ការ​ប្រកួត​ប្រជែង​ស្មើភាព​គ្នា ក្នុង​ការ​បោះ​ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ។ មិន​ត្រឹម​តែ​ឃោសនា​ឲ្យ​ពលរដ្ឋ​បោះឆ្នោត ជូន​រូប​លោក​ឲ្យ​បាន​បន្ត​ក្រាញ​អំណាច​យូរ​តទៅទៀត​ប៉ុណ្ណោះ​ទេ​​ លោក​ថែម​ទាំងយក​តួនាទី​ជា​នាយករដ្ឋ​មន្រ្តី ​កាលពីថ្ងៃទី២៣ ខែ​ឧសភា​កន្លងទៅនេះ ពេលចុះជួប​កម្មករ​នៅខេត្ត​កំពង់​ស្ពឺ អំពាវនាវ​ឲ្យ​កម្មករ​រោងចក្រ បោះ​ឆ្នោត​យិតយោង​​កូន​ប្រុស​ពៅ​របស់​​គាត់​ គឺ​លោក ហ៊ុន ម៉ានី ឲ្យ​បាន​ជាប់​ឆ្នោត​​ជា​តំណាង​រាស្រ្ត សម្រាប់​អាណត្តិ​ក្រោយនេះ ថែមទៀត​ផង៖ «ឥឡូវ​មាន​មួយ​មក​នេះ​ដែរ ក្បាល​ទំពែក​ហើយ អាហ្នឹង​ប្រុស​ពៅ។ តំណាងរាស្រ្ត​នៅ​ខេត្ត​កំពង់ស្ពឺ​នេះ។ សុំ​ក្មួយៗ​ បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​ទៅ បាន​ជាប់​កូន​របស់​ពូ​ឈរ​នៅ​ខេត្ត​កំពង់​ស្ពឺ » ។ ​

ចំពោះ​លោក ហ៊ុន សែន ការ​ប្រកាស​យ៉ាង​ចំហ​តាម​កញ្ចក់​ទូរទស្សន៍ និង​ប្រព័ន្ធឃោសនា​ដ៏​សម្បូរ​បែប​របស់​លោក រួម​ម​ទាំង​ទូរទស្សន៍​របស់​រដ្ឋ​ផង ឲ្យ​គេ​បោះ​ឆ្នោត​ឲ្យ​រូប​លោក បក្ស​លោក និង​គ្រួសារ​លោក​បែបនេះ លោក​នៅ​តែ​មើល​មិន​ឃើញ ជា​ការ​ឃោសនា​រក​សំឡេង​ឆ្នោត​នោះ​ឡើយ ព្រោះ​វា​ជា​ទម្លាប់​របស់​លោក​ទៅ​ហើយ។ ម្យ៉ាង​ក្រោម​ការ​ដឹកនាំ​របស់​លោក ដែល​ប្រព័ន្ធ​តុលាការ ត្រូវ​រង​ការ​រិះគន់​ ថា​ស្ថិត​ក្រោមការ​បង្គាប់​បញ្ជា​របស់​លោក និង ស្រប​ពេល​ដែល​ គ.ជ.ប ក៏​គ្មាន​ដែល​ជំទាស់ ឬ​ចាត់​វិធានការ​ណា​មួយ​ក្នុង​រឿងនេះ ហើយ​ក៏​គ្មាន​ស្ថាប័នជាតិ​ណាមួយ ហ៊ាន​រិះគន់​ទង្វើ​របស់​លោក​ដែរ។ ​លោក ហ៊ុន សែន​ អួតអាង​ថា អ្វីដែល​លោក​កំពុង​ធ្វើ​នេះ មិន​ខុស​ទេ ហើយ​ក៏​គ្មាន​នរណា​ហ៊ាន​ធ្វើ​អ្វី​លោក​នោះ​ដែរ៖ «នេះ​មិន​មែន​ជា​ការ​ឃោសនា​បោះឆ្នោត​មួយ​ទេ ក៏ប៉ុន្តែ​ក៏​គ្មាន​នរណា​ហាមឃាត់​ខ្ញុំ មិន​ឲ្យ​និយាយ​បែប​នោះ​ដែរ។ សុំ​ឲ្យ​ប្រជាជន​បោះឆ្នោត​ឲ្យ​ទៀត មាន​អី​ខុស ? អត់​មាន​អី​ខុស​សោះ »

ចំណែក​ឯ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន គាំទ្រ​មួយ​រយ​ភាគ​រយ ចំពោះ​ការ​ឃោសនា​រក​សំឡេង​ឆ្នោត ខុស​រដូវ​កាល​របស់​លោក ហ៊ុន​ សែន បែបនេះ។ លោក សុខ ឥសាន ថែមទាំង​អះអាង​ថា​ការពារ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ធ្វើ​ដូច្នេះ​គឺ​ត្រឹមត្រូវ​ហើយ​ ព្រោះ​លោក​ចាត់​ទុក​ថា នេះ​ជា​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ​ទាំង​អស់​គ្នា ដែល​អ្នក​ណា​ក៏​មាន​សិទ្ធិ​ធ្វើ​ដូច្នេះ​បានដែរ៖ «សម្តេច​មាន​ប្រសាសន៍​ហ្នឹង​ អត់​មាន​ខុស​អីទេ ត្រូវចំកន្លែងត្រូវ​តែម្តង។ អំពាវនាវ​ឲ្យ​ប្រជាជន ឲ្យ​កម្មករ​និយោជិក​ បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន វា​អត់​មាន​ខុស​អី ឲ្យ​តែ​បោះ​ទៅ​វា​ចំ​ទាំង​អស់​ហើយ ឲ្យ​តែ​បង​ប្អូន​គូស​ចំ​ប្រឡោះ​គណបក្ស​ប្រជាជន​​។ ចុះ​អា​មេ​បក្ស​ប្រឆាំង ដែល​រត់​ចោល​ស្រុក​ហ្នឹង ម៉េច​ក៏​មាន​សិទ្ធិ​អំពាវនាវ មិន​ឲ្យ​ប្រជាជន​ទៅ​បោះឆ្នោត ?

រដ្ឋធម្មនុញ្ញ​ មាត្រា ៣៥ ពិត​ជា​មាន​ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំងពីរ​ភេទ មាន​សិទ្ធិ​ចូលរួម​យ៉ាង​សកម្ម ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេស​ជាតិ។ ប៉ុន្តែ ច្បាប់​បោះឆ្នោត បាន​ហាម​ឃាត់​ មិន​ឲ្យ​មន្ត្រី​សាធារណៈ ដូចជា​នាយករដ្ឋមន្ត្រី​ជាដើម ​​ប្រើប្រាស់​​តួនាទី​​របស់​​រដ្ឋ​ ដើម្បី​កេង​ចំណេញ​ប្រយោជន៍​បក្ស​របស់​ខ្លួន​នោះ​ឡើយ។ មាត្រា ​៨០ នៃ​​ច្បាប់​​បោះ​ឆ្នោត​​ជ្រើសតាំង​​តំណាង​រាស្រ្ត បាន​ហាម​ប្រើប្រាស់​ថវិកា សម្ភារៈ មធ្យោបាយ​​ដឹក​​ជញ្ជូន ដែល​​ជា​សម្បត្តិ​រដ្ឋ ​ដើម្បី​ធ្វើ​សកម្មភាព​​ឃោសនា​បោះ​ឆ្នោត ឲ្យ​​គណបក្ស​​នយោបាយ​​ណា​​មួយ ឬ​​បេក្ខជន​​ណា​​ម្នាក់។

ទាំងអ្នក​សង្កេតការណ៍​បោះឆ្នោត និង​អ្នកវិភាគ​ឯករាជ្យ​យល់​ស្រប​គ្នា​ថា វា​ជា​ភារកិច្ច​របស់ គ.ជ.ប ដែល​ត្រូវ​តែ​ហ៊ាន​ចេញ​មុខ​អារ​កាត់ និង​អនុវត្ត​ច្បាប់​បោះឆ្នោត មិន​ឲ្យ​មាន​ការ​បំពារបំពាន​គោលការណ៍​ឃោសនា​បោះ​ឆ្នោត ខុស​រដូវ​កាល​បែប​នេះ ដើម្បី​បញ្ជាក់​អំពី​អព្យាក្រឹត្យ​របស់ គ.ជ.ប និង​សិទ្ធិ​ស្មើភាព​គ្នា​ក្នុង​ការ​ឃោសនា។

សហគមន៍​អន្តរជាតិ និង​ប្រទេស​ជប៉ុន​ផង សុទ្ធតែ​ចង់​ឃើញ​ការ​បោះឆ្នោត​នៅ​​កម្ពុជា​​​ប្រព្រឹត្ត​​ទៅ​​ដោយ​សេរី ត្រឹមត្រូវ និង​​យុត្តិធម៌ និង​មាន​​ការ​​ចូលរួម​​​ពី​​គ្រប់​​ភាគី។

ប៉ុន្តែ​របប​លោក ហ៊ុន សែន បាន​បំផ្លាញ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ចោល​ទាំង​ស្រុង ក្រោយ​ពី​ចាប់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ដាក់​ពន្ធនាគារ រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ ហាម​ឃាត់​សិទ្ធិ​ធ្វើ​នយោបាយ ចំពោះ​មន្ត្រី​ជាន់​ខ្ពស់​បក្ស​នេះ​ចំនួន ១១៨រូប បណ្ដេញ​អង្គការ​សង្គម​ស៊ីវិល បិទ​បន្ទប់​ស្ថានការណ៍​បោះ​ឆ្នោត បិទ​សារព័ត៌មាន​ឯករាជ្យ បិទ​ស្ថានីយ និង ប៉ុស្តិ៍​វិទ្យុ​ជាង ៣០ ចាប់​អ្នកសារព័ត៌មាន​ដាក់​ពន្ធនាគារ និង​រឹតត្បិត​សិទ្ធិ​សេរីភាព​ ក្នុង​ការ​ជួប​ប្រជុំ ឬ តវ៉ា​ដោយ​អហិង្សា​គ្រប់​បែបយ៉ាង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។