អ្នកឃ្លាំមើល​ថា ការ​ឡើង​កាន់​តំណែង​ជា​ប្រធាន​ព្រឹទ្ធសភា​របស់​លោក ហ៊ុន សែន នាំ​ឲ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេស​ដឹកនាំ​បែប​គ្រួសារ​និយម

0:00 / 0:00

អ្នក​ឃ្លាំមើល​លើក​ឡើង​ថា ការ​ឡើង​កាន់​តំណែង​ជា​ប្រធាន​ព្រឹទ្ធសភា​របស់​លោក ហ៊ុន សែន កំពុង​នាំ​កម្ពុជា ឱ្យ​ក្លាយ​ជា​ប្រទេស​ដឹកនាំ​បែប​គ្រួសារនិយម។ ការ​លើក​ឡើង​នេះ ស្រប​ពេល​អតីត​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន បាន​ជាប់​ឆ្នោត ក្លាយ​ជា​ប្រធាន​ព្រឹទ្ធសភា​នីតិកាល​ទី៥។

អ្នកតាមដានភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ី​អាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី៣ មេសា​ថា ការ​ឡើង​កាន់​តំណែង​ជាប្រធាន​ព្រឹទ្ធសភា​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ គឺ​មិន​ខុស​ទៅ​នឹង​ច្បាប់​នោះ​ទេ ប៉ុន្តែ​វា​ខុស​ទៅ​នឹង​សីលធម៌​នយោបាយ ដោយសារ​អំណាច​ទាំង៣ គឺ​អំណាច​នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និង​តុលាការ ត្រូវតែ​ជា​អំណាច​ឯករាជ្យ និង​មិន​អាច​មាន​ការ​ជ្រៀតជ្រែក​អំណាច​ណា​មួយ​បាន​នោះ​ទេ។

ការ​លើក​ឡើង​នេះ ក្រោយ​ពី​ព្រឹទ្ធសភា នីតិកាលទី៥ បានបើកកិច្ចប្រជុំដំបូងនៅថ្ងៃទី៣ មេសា ក្រោយ​ពី​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សភា កាលពីថ្ងៃទី២៥ មីនា កន្លងទៅ។

នៅពេល​បើក​សម័យ​ប្រជុំ​នៅ​ពេល​នេះ ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្ដម សីហមុនី ទ្រង់​យាង​បើក​សម័យ​ប្រជុំ​ដំបូង នៃ​ព្រឹទ្ធសភា​នីតិកាល​ទី៥ ហើយ​ព្រះអង្គ​មាន​ព្រះរាជ​បន្ទូល​ជូន​ចំពោះ​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី៥ ថា ព្រឹទ្ធសភា ត្រូវ​មាន​សាមគ្គីភាព​រឹងមាំ រួម​គ្នា​បំពេញ​តួនាទី​ភារកិច្ច នៅ​ក្នុង​ស្ថាប័ន​នីតិប្បញ្ញត្តិ​កំពូល​នេះ ឲ្យ​បាន​កាន់តែ​ប្រសើរ មានប្រសិទ្ធភាព និង​គណនេយ្យភាព​ខ្ពស់ ក្នុង​ក្របខ័ណ្ឌ​អភិបាលកិច្ច​ល្អ និង​នីតិរដ្ឋ។ ព្រះអង្គ មាន​ព្រះរាជ​បន្ទូល​ទៀត​ថា ព្រឹទ្ធសភា ត្រូវ​ចូលរួម​ចំណែក​ធ្វើ​ឲ្យ​អំណាច​រដ្ឋ ប្រព្រឹត្ត​ទៅ​បាន​ល្អ និង​មាន​តុល្យភាព ដើម្បី​ការពារ​ឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី ស្ថិរភាព​នយោបាយ រដ្ឋធម្មនុញ្ញ និង​របប​រាជា​និយម។

ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្ដម សីហមុនី។

Hun_Sen_Elected_as_Senate_President_040324.jpg
សមាជិក​ព្រឹទ្ធសភា នីតិកាលទី៥ ចំនួន ៦២រូប។ រូប៖ ព្រឹទ្ធសភា

ក្រោយ​ពី​បើក​សម័យ​ប្រជុំ​ព្រឹទ្ធសភា នៅ​ព្រឹក​ថ្ងៃ​ទី៣ មេសា ប្រធាន​បណ្ដោះអាសន្ន​ព្រឹទ្ធសភា នីតិកាល​ទី៥ លោក សុខ ឥសាន បាន​ប្រកាស​សុពលភាព សមាជិក​ព្រឹទ្ធសភា​ទាំង ៦២រូប និង​បាន​បោះ​ឆ្នោត​ជ្រើសរើស​ប្រធាន និង​អនុប្រធាន២ រូប​ផ្សេង​ទៀត។ លទ្ធផល នៃ​ការ​បោះ​ឆ្នោត​នោះ អតីត​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន បាន​ជាប់​ឆ្នោត​ក្លាយ​ជា​ប្រធាន​ព្រឹទ្ធសភា ចំណែក​ឯ​អតីត​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស លោក ប្រាក់ សុខុន បាន​ជាប់​ឆ្នោត​ក្លាយ​ជា អនុប្រធាន​ទី១ និង​អតីត​រដ្ឋ​លេខាធិការ​ក្រសួង​ការ​បរទេស លោក អ៊ុច បូររិទ្ធ បាន​ជាប់​ឆ្នោត​ក្លាយ​ជា​អនុប្រធាន​ទី២ នៃ​ព្រឹទ្ធសភា។

ប្រធាន​ព្រឹទ្ធសភា នីតិកាល​ទី៥ លោក ហ៊ុន សែន ថ្លែង​ក្នុង​ពេល​ត្រូវ​បាន​ជ្រើសរើស​ជា​ប្រធាន​ព្រឹទ្ធសភា​ថា លោក​អរគុណ​ចំពោះ​អង្គ​បោះ​ឆ្នោត ដែល​បាន​បោះ​ឆ្នោត​ជូន​គណបក្ស​របស់​លោក។ លោក ហ៊ុន សែន បាន​ប្ដេជ្ញា​ចិត្ត ដឹកនាំ​ស្ថាប័ន​នីតិប្បញ្ញត្តិ ក្នុង​ការ​បំពេញ​តួនាទី និង​ភារកិច្ច ហើយ​ចូលរួម​ជាមួយ​រដ្ឋសភា និង​រដ្ឋាភិបាល ដើម្បី​បំពេញ​អាណត្តិ​របស់​ខ្លួន​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ ក្នុង​ការ​បម្រើ​ជាតិ និង​ប្រជាជន។

សមាជិកព្រឹទ្ធសភា មក​ពី​គណបក្ស​ឆន្ទៈ​ខ្មែរ លោក គង់ មុនីកា ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី៣ មេសា​ថា ការ​ឈាន​ជើង​ចូល​ក្នុង​ស្ថាប័ន​នីតិប្បញ្ញត្តិ​របស់​សមាជិក​ព្រឹទ្ធសភានីតិកាលទី៥នេះ គឺ​បង្ហាញ​ពី​ពន្លក​នៃ​អ្នក​ប្រជាធិបតេយ្យ កំពុង​តែ​លូតលាស់​មក​វិញ ក្រោយ​ពី​គណបក្ស​ប្រឆាំង​ដ៏​ធំ គឺ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​រំលាយ កាល​ពី​ពេល​កន្លង​ទៅ។ លោក​លើក​ឡើង​ថា លោក និង​សមាជិក​ព្រឹទ្ធសភា ២រូប​ផ្សេង​ទៀត មក​ពី​គណបក្ស​ឆន្ទៈ​ខ្មែរ ដែល​តំណាង​ឲ្យ​គណបក្ស​ភ្លើង​ទៀន នឹង​បំពេញ​តួនាទី​ខ្លួន​ក្នុង​ភាព​ជា​តំណាង នីតិកម្ម និង​ការ​តាមដាន​ការ​អនុវត្ត​គោល​នយោបាយ និង​ច្បាប់​ឲ្យ​បាន​ខ្ជាប់​ខ្ជួន និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ទុក្ខ​លំបាក​របស់​ពលរដ្ឋ។

នេះ​ជា​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ទៀត សម្រាប់​ប្រទេស​កម្ពុជា ដែល​ជា​ប្រទេស​ប្រជាធិបតេយ្យ សេរី ពហុបក្ស ប៉ុន្តែ​ក្បាល​ម៉ាស៊ីន​ដឹកនាំ​រដ្ឋ ជាពិសេស គឺ​ក្បាល​ម៉ាស៊ីន​ដឹកនាំ​អង្គនីតិប្បញ្ញត្តិ និង​នីតិប្រតិបត្តិ ដែល​ត្រូវ​បាន​ក្ដោបក្ដាប់​ដោយ​បុគ្គល​ចេញ​ពី​គ្រួសារ​តែមួយ គឺ​ត្រកូល ហ៊ុន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។