ព័ត៌មាន​សំខាន់​ជាង​១០ ដែល​លោក​អ្នកគួរ​អាន​នៅ​ថ្ងៃសុក្រ​នេះ

ក្រុម​បាតដៃ​ទី​បី​តាម​យាយី​អ្នកធ្វើ​បាតុកម្ម​ប្រឆាំង​លោក ហ៊ុន សែន ដល់​ទឹកដី​អឺរ៉ុប

កិច្ចប្រជុំ​កំពូល​រវាង សហភាព​អឺរ៉ុប និង​អាស៊ាន នៅ​ទីក្រុង​ព្រុ​ច​សែ​ល (Brussels) ប្រទេស​បែ​ល​ហ្សិ​ច (Belgium) បាន​បញ្ចប់​ហើយ​។ ទាំង​លោក ហ៊ុន សែន និង​ក្រុម​អ្នក​និយម​ប្រជាធិបតេយ្យ​ដែល​បាន​នាំគ្នា​មក​ធ្វើបាតុកម្ម​នោះ​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដែរ​។​

សូម​ស្ដាប់​សេចក្ដីរាយការណ៍​ផ្ទាល់​របស់​លោក ជុន ច័ន្ទ​បុត្រ តាមរយៈ​ការសាកសួរ​ពី​សំណាក់​លោក យ៉ង ចាន់​តារា ដែល​បាន​ទៅ​យក​ព័ត៌មាន​ដល់​ទៅ​ទីក្រុង​ព្រុ​ច​សែ​ល អំពី​ព្រឹត្តិការណ៍​នានា​ដែល​បាន​កើតឡើង​កាលពី​ថ្ងៃទី​១៤ ខែធ្នូ ជាពិសេស​ទាក់ទង​ទៅនឹង​សកម្មភាព​របស់​ក្រុម​បាតដៃ​ទី​បី​របស់​លោក ហ៊ុន សែន ដែល​តាម​យាយី​ដល់​ក្រុម​បាតុករ។

6.jpg
ពលរដ្ឋ​ខ្មែរ​នៅ​អឺរ៉ុប​នាំ​គ្នា​ដាក់​ញត្តិ​ទៅ​ស្ថាប័ន​មួយ​ចំនួន រួមមាន ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប ប្រធាន​គណៈកម្មការ​អឺរ៉ុប និង​តំណាង​ជាន់ខ្ពស់​នៃ​សហភាព​អឺរ៉ុប កាលពីថ្ងៃទី១៤ ខែ​ធ្នូ ឆ្នាំ​២០២២។ RFA/Chun Chanboth

សូម​ស្ដាប់​សំឡេង និង​ទស្សនា​ដូច​តទៅ​នេះ៖Opens in new window ]

ក្រុម​មេដឹកនាំ​អាស៊ាន​ -​ អឺរ៉ុប ដាក់​គោលដៅ​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ប្លុក​ទាំងពីរ

ការ​បង្កើន​ទំនាក់ទំនង​ផ្នែក​ពាណិជ្ជកម្ម​បាន​ក្លាយ​ជា​ប្រធានបទ​សំខាន់​មួយ​នៃ​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​លើក​ទី​៤៥ នៃ​ភាពជា​ដៃគូ​សន្ទនា​រវាង​អាស៊ាន និង​សហភាព​អឺរ៉ុប ដែល​ទើបនឹង​បិទ​បញ្ចប់ទៅ​កាលពី​ថ្ងៃទី​១៤ ខែធ្នូ នៅ​ទីក្រុង​ព្រុ​ច​សែ​ល (Brussels) ប្រទេស​ប៊ែ​ល​ហ្សិ​ក (Belgium)​។​

hunsen-eu141222.jpg
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (រូប​កណ្ដាល) កិច្ច​ប្រជុំ​កំពូល​រំលឹកខួបលើកទី៤៥ នៃ​ភាព​ជា​ដៃគូ​សន្ទនា​រវាង​អាស៊ាន និង​សហភាព​អឺរ៉ុប នៅ​ទីក្រុង​ព្រុចសែល (Brussels) ប្រទេស​ប៊ែលហ្សិក (Belgium) ​កាលពី​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ​២០២២។ AP

អាន​ព័ត៌មាន​ពិស្ដារ ...

ស្ត្រី​វិចិត្រករ​ខ្មែរ​ដែល​ត្រូវ​ជនបរទេស​ធ្វើ​ទារុណកម្ម​ស្ទើរ​ស្លាប់​នៅ​ថៃ​ទាមទារ​ឲ្យ​ចាប់​ជន​ដៃ​ដល់​ដាក់​ទោស

​ស្ត្រី​វិចិត្រករ​ខ្មែរ​ដែល​ត្រូវ​ជនបរទេស​ធ្វើ​ទារុណកម្ម​ស្ទើរ​បាត់បង់​ជីវិត​នៅ​ប្រទេស​ថៃ ទាមទារ​ឲ្យ​អាជ្ញាធរ​ខ្មែរ និង​ថៃ​ចាប់​ជនដៃ​ដល់​មក​ដាក់ទោស និង​រក​អ្នក​ដែល​បញ្ជា​ពីក្រោយ ព្រោះ​កញ្ញា​មិនដែល​មានរឿង​ជាមួយ​ជនជាតិ​ប៉ូឡូញ (Poland) ទាំងពីរ​នាក់​នោះ​ទេ​។ មន្ត្រី​សង្គម​ស៊ីវិល​ថា ស្ថានទូត និង​រដ្ឋាភិបាល​ខ្មែរ​មិន​ត្រូវ​ព្រងើយកន្តើយ ចំពោះ​ករណីនេះ​ទេ ពោលគឺ កម្ពុជា​ត្រូវ​សហការ​ជាមួយ​ថៃ​ចាប់​ជនល្មើស ដើម្បី​រក​យុត្តិធម៌​ជូន​ស្ត្រី​ខ្មែរ​រងគ្រោះ​។​

paint-girl-victim.jpg
ស្ត្រី​វិចិត្រករ​ខ្មែរ​ដែល​ត្រូវ​ជនបរទេស​ធ្វើ​ទារុណកម្ម​ស្ទើរ​បាត់បង់​ជីវិត​នៅ​ប្រទេស​ថៃ កាល​ពីថ្ងៃទី១ ខែ​វិច្ឆិកា ២០២២។ Photo Provided

អាន​ព័ត៌មាន​ពិស្ដារ​ ...

សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​ចាប់ខ្លួន​ជនជាតិ​ចិន ៧​នាក់​រឿង​បង្ខាំង​មនុស្ស​ជំរិត​ទារប្រាក់

មន្ត្រី​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​ប​ន្ត​ស្នើ​ដល់​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ពង្រឹង​ការអនុវត្ត​ច្បាប់ និង​បង្ហាញ​ព័ត៌មាន​ឱ្យ​បាន​ទូលំទូលាយ​ទាក់ទង​នឹង​បញ្ហា​ជួញដូរ​មនុស្ស និង​ការ​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់​។ ការស្នើ​នេះ​ធ្វើឡើង​ក្រោយ​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​បន្ត​ចាប់បាន​ជនសង្ស័យ​ជនជាតិ​ចិន​ចំនួន ៧​នាក់ ពាក់ព័ន្ធ​ករណី​ចាប់​បង្ខាំង​មនុស្ស​ជំរិត​ទារប្រាក់ និង​ប្រើប្រាស់​អាវុធ​ដោយ​ខុសច្បាប់។

china-arrested-101222.JPG
ជនសង្ស័យ​ជនជាតិ​ចិន ៧​នាក់ ត្រូវ​បានសមត្ថកិច្ច​ខេត្ត​ព្រះសីហនុចាប់​ខ្លួន ​ក្នុង​​ផ្ទះ​វីឡា​មួយ​កន្លែង​ដែល​ជា​ទីតាំង​បង្ខាំង​ជនរងគ្រោះ នៅ​ក្នុង​បុរី ប៊ីអេសអូ (B.S.O) ទី៥ ស្ថិតនៅ ភូមិ៥ សង្កាត់៤ ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​២០២២។ រូប៖ ហ្វេសប៊ុក​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ (Vadhna Vey)

អាន​ព័ត៌មាន​ពិស្ដារ​ ...

មន្ត្រី​សង្គម​ស៊ីវិល និង​មេធាវី​រិះគន់ថា ការសម្រេច​របស់​សាលាឧទ្ធរណ៍ ហាក់ដូចជា​ការបំពេញ​ចិត្ត​ភាគី​ឈ្នះក្ដី

​មេធាវី​ការពារ​អនុប្រធាន​គណបក្ស​ភ្លើងទៀន និង​មន្ត្រី​សង្គម​ស៊ីវិល​រិះគន់​ថា សាលាឧទ្ធរណ៍​ហាក់​កាត់ក្ដី ដើម្បី​បំពេញចិត្ត​ទៅ​ភាគី​ឈ្នះក្ដី គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​។ ប្រតិកម្ម​នេះ ធ្វើឡើង​ក្រោយពេល​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលដីកា ដោយ​តម្កល់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ទុក​ជា​បាន​ការ​ដដែល ពោល​គឺ លោក សុន ឆ័យ នៅតែ​បន្ត​ចាញ់ក្ដី គ​.​ជ​.​ប និង​បក្ស​កាន់អំណាច​។​

sonchhay22.JPG
លោក សុន ឆ័យ អនុប្រធាន​គណបក្ស​ភ្លើង​ទៀន ពេល​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ខែ​កក្កដា ឆ្នាំ២០២២។ រូប៖ គណបក្សភ្លើងទៀន (Vadhna Vey)

អាន​ព័ត៌មាន​ពិស្ដារ​ ...

ពលរដ្ឋ​មួយចំនួន​ចាប់អារម្មណ៍​នឹង​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នៅ​ឆ្នាំ​២០២៣

​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី​៧ កាន់តែ​ខិតចូល​មកហើយ​។ ស្របគ្នា​នេះ​ប្រជាពលរដ្ឋ​មួយចំនួន​ហាក់​ផុសផុល​ចាប់អារម្មណ៍​នឹង​ការបោះឆ្នោត​នេះ និង​បាន​អំពាវនាវ​ឱ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​)​អនុវត្ត​តួនាទី​ដោយ​អ​ព្យា​ក្រិត​និង​យុត្តិធម៌​ឱ្យបាន​ស្មើភាព​គ្នា​គ្រប់​គណបក្ស​នយោបាយ​។ មន្ត្រី​ជំនាញ​ខាង​ការបោះឆ្នោត​យល់ថា ការដែល​ប្រជាពលរដ្ឋ​ផុសផុល​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ​និង​ការបោះឆ្នោត​នេះ​នឹង​ធ្វើឱ្យ​ប្រទេស​មាន​ប្រជាធិបតេយ្យ​និង​មានការ​អភិវឌ្ឍន៍​រីក​ចំរើន​។​

អាន​ព័ត៌មាន​ពិស្ដារ​ ...

កូដ​ករ​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍​ម្នាក់​ចូល​បំភ្លឺ​តុលាការ​ភ្នំពេញ​តាម​ការកោះហៅ

​ទាក់ទង​នឹង​ការ​ធ្វើ​កូដកម្ម​របស់​កម្មករ​នៃ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍ (NAGAWORLD) វិញ កាលពី​ព្រឹក​ថ្ងៃទី ១៥ ខែធ្នូ​ម្សិលមិញ កូដ​ករ​ម្នាក់ បាន​ចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​បណ្ដឹង​របស់​ក្រុមហ៊ុន​បន​ល្បែង​មួយ​នេះ ក្រោយ​ចូលរួម​ធ្វើ​កូដកម្ម​អហិង្សា​ទាមទារ​ដំណោះស្រាយ​វិវាទ​ការងារ ដែល​អូស​បន្លាយពេល​ជិត​មួយឆ្នាំ​មកនេះ​។​

​កូដករ​ណាហ្គាវើ​លដ៍ និង​មន្ត្រី​សង្គម​ស៊ីវិល នៅតែ​ទទូច​ឲ្យ​តុលាការ ទម្លាក់​ចោល​ការចោទប្រកាន់​លើ​ក្រុម​កូដ​ករ និង​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ទទួលយក​សហជីព​ចូល​ធ្វើការ​វិញ ហើយ​ស្ថាប័ន​ពាក់ព័ន្ធ​ពន្លឿន​ការ​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​ក្រៅ​ប្រព័ន្ធ​តុលាការ​។​

អាន​ព័ត៌មាន​ពិស្ដារ​ ...

ព្រះមហាក្សត្រ​ប្រកាស​ឱ្យ​ប្រើ​ច្បាប់​ថវិកាជាតិ​ឆ្នាំ​២០២៣​មាន​ទំហំ​ជាង​៩​ពាន់​លាន​ដុល្លារ​

ព្រះមហាក្សត្រ​ប្រកាស​ឱ្យ​ប្រើ​ច្បាប់​ថវិកាជាតិ​ឆ្នាំ​២០២៣ ដែល​អនុញ្ញាត​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ប្រើប្រាស់​លុយ​ជាតិ​ជាង​៩​ពាន់​លាន​ដុល្លារ ហើយ​អាច​ខ្ចី​លុយ​ពី​ម្ចាស់បំណុល​ជាង​២​ពាន់​លាន​ដុល្លារ​ទៀត​ផង​។ មន្ត្រី​សង្គម​ស៊ីវិល​បារម្ភ​ថា បើ​រដ្ឋ​ប្រើប្រាស់​ថវិកាជាតិ​មិន​ចំ​គោលដៅ​ទេ នឹង​បង្ក​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ និង​ជីវភាព​ពលរដ្ឋ។

អាន​ព័ត៌មាន​ពិស្ដារ​ ...

ប្រជា​សហគមន៍​ស្នើ រដ្ឋាភិបាល​លុប​អនុក្រិត្យ​កាត់​ឆ្វៀល​ដី​ព្រៃ​មេត្តា​ធម្មជាតិ

ពាក់ព័ន្ធ​នឹង​ព្រៃ​មេត្តា​ធម្មជាតិ​វិញ ប្រជា​សហគមន៍ ស្នើ​ដល់​រដ្ឋាភិបាល​លុប​អនុ​ក្រិ​ត្យ​កាត់​ឆ្វៀល​ដីព្រៃ​មេត្តា​ធម្មជាតិ​ជាង​២​រយ​ហិកតារ កាលពី​ខែសីហា ឆ្នាំ​២០២១ ដើម្បី​ឱ្យ​ប្រជា​សហគមន៍​គ្រប់គ្រង​វិញ​។ សកម្មជន​បរិស្ថាន យល់​ឃើញ​ថា រដ្ឋាភិបាល​គួរ​ធ្វើតាម​សំណូមពរ​របស់​ប្រជា​សហគមន៍ ដើម្បី​ចូលរួម​ការពារ​សត្វព្រៃ​ជិត​ផុត​ពូជ និង​ទប់ស្កាត់​បម្រែបម្រួល​អាកាសធាតុ។

អាន​ព័ត៌មាន​ពិស្ដារ...

កម្ពុជា​នាំចេញ​ទំនិញ​ទៅ​អាមេរិក​មានតម្លៃ​ជាង ៨ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល ១១​ខែ

កម្ពុជា​នាំចេញ​ផលិតផល​ទំនិញ ទៅកាន់​ទីផ្សារ​អន្តរជាតិ​សរុប ចំនួន ២០​ពាន់​លាន​ដុល្លារ​អាមេរិក ចាប់ពី​ខែមករា ដល់​ខែវិច្ឆិកា ឆ្នាំ​២០២២ គឺ​កើនឡើង​១៨% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០២១​។ ក្នុង​នោះ​សហរដ្ឋអាមេរិក គឺជា​ទីផ្សារ​នាំចេញ​ធំជាង​គេ​បំផុត​របស់​កម្ពុជា ដែល​មាន​ទំហំ​ទឹកប្រាក់​ជាង ៨​ពាន់​លាន​ដុល្លារ (៨,២១៧) ឬ​ស្មើនឹង​៤០% នៃ​តម្លៃ​នាំចេញ​សរុប។

របាយការណ៍​របស់​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ (GDCE) នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឱ្យដឹង​ថា សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​ទិញ​ផលិតផល​របស់​កម្ពុជា​ច្រើន​ជាងគេ​។ អត្រា​នាំ​ទំនិញ​ចេញទៅ​សហរដ្ឋអាមេរិក​រយៈពេល​១១​ខែ ក្នុង​ឆ្នាំ​២០២២​នេះ គឺ​កើនឡើង​ប្រមាណ​២៣% បើ​ធៀប​ទៅ​នឹង​អំឡុង​ដូចគ្នា កាលពី​ឆ្នាំ​២០២១។

ចំណែក​ទំនិញ​នាំចូល​ពី​សហរដ្ឋអាមេរិក​វិញ គឺ​មាន​តម្លៃ​សរុប ជិត ៣​ពាន់​លាន​ដុល្លារ (២៩២,៧) ធ្លាក់ចុះ ជិត ៥% (៤,៨) រយៈពេល ១១ ខែ​នៅ​ឆ្នាំ​២០២២​នេះ បើ​ធៀប​អំឡុង​ពេល​ដូចគ្នា កាលពី​ឆ្នាំមុន​។ ទំនិញ​ដែល​កម្ពុជា​នាំចេញ ទៅ​សហរដ្ឋអាមេរិក​រួមមាន សំលៀកបំពាក់ ស្បែកជើង ផលិតផល​ធ្វើដំណើរ និង​ផលិតផល​កសិកម្ម ខណៈ​ដែល​ការ​នាំ​ចូល​សំខាន់ មាន​ដូចជា យានយន្ត ចំណី​សត្វ និង​គ្រឿង​ម៉ាស៊ីន​។​

របាយការណ៍​ដដែល​បន្ត​ថា បន្ទាប់ពី​សហរដ្ឋអាមេរិក ទីផ្សារ​វៀតណាម​ជាប់​លំដាប់ថ្នាក់​លេខ​២ ដែល​មាន​ទំហំ​ទឹកប្រាក់​ជិត ២​ពាន់​លាន​ដុល្លារ​។ ចំណែក​ប្រទេស​ចិន​វិញ ជាប់​ចំណាត់ថ្នាក់​ទី​៣ មាន​ទឹកប្រាក់​ជាង​១​ពាន់​លាន​ដុល្លារ៕

ស្ត្រី​ខ្មែរ ជាង​៧​រយ​នាក់ ( ៧២២ ) បំរើ​ការងារ​បោសសំអាត​មីន

អាជ្ញាធរ​មីន​និង​សង្គ្រោះ​ជនរងគ្រោះ (CMAA) ឱ្យដឹង​ថា ចាប់ពី​ខែមករា ដល់​ខែវិច្ឆិកា ឆ្នាំ ២០២២ មាន​ស្ត្រី​ជាង​៧​រយ​នាក់ (៧២២) កំពុង​បម្រើ​ការងារ​ជា​អ្នក​បោសសម្អាត​មីន និង​គ្រាប់​មិនទាន់​ផ្ទុះ​នៅ​កម្ពុជា​និង​នៅ​ប្រទេស។

គេហទំព័រ​អាជ្ញាធរ​មីន​កម្ពុជា​ឲ្យ​ដឹង​ថា រយៈពេល ៣ ទសវត្សរ៍​កន្លងមក​នេះ ច្រើន​តែ​មាន​បុរស​ចូលរួម​ការងារ​បោស​ប្រកបដោយ​គ្រោះថ្នាក់​នេះ ក៏ប៉ុន្តែ​បច្ចុប្បន្ន មាន​ស្ត្រី​កាន់តែ​ច្រើនឡើងៗ បាន​ចូល​បម្រើ​ការងារ​បោសសម្អាត​មីន និង​គ្រាប់​មិនទាន់​ផ្ទុះ ទាំង​នៅក្នុង​ប្រទេស​និង​ក្រៅប្រទេស​។ បន្ថែម​ពី​នេះ មាន​ស្ត្រី​ជា​ច្រើន​រូប​បាន​ក្លាយ​ជា​អ្នកមាន​តួនាទី​ខ្ពស់​នៅក្នុង​ស្ថាប័ន និង​ដៃគូ​ប្រតិបត្តិ​ករ​ដោះ​មីន។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ដើម​ខែ​ធ្នូ បាន​បង្កើត «​មូលនិធិ​កម្ពុជា​គ្មាន​មីន​ឆ្នាំ ២០២៥» ដែល​លោក​ប្ដេជ្ញា​ថា គឺ​ដើម្បី​ចូលរួម​គាំទ្រ​គោលដៅ​បោសសម្អាត​មីន និង​គ្រាប់​មិនទាន់​ផ្ទុះ ឱ្យ​អស់​នៅ​ត្រឹម​ឆ្នាំ ២០២៥ ខាងមុខ​។ អាជ្ញាធរ​មីន​ឲ្យ​ដឹង​ថា ចាប់តាំងពី​ឆ្នាំ​១៩៧៩​មក ប្រជា​ពលរដ្ឋ​ចំនួន​ប្រមាណ​៦៥​ម៉ឺន​នាក់ (៦៥,០០៤) បាន​រងគ្រោះ​ដោយសារ​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ក្នុង​នោះ​ស្លាប់​បាត់​បង់ជីវិត​ចំនួន ជិត ២​ម៉ឺន​នាក់ (១៩,៨១៨)​។ ចំ​ណែ​ជនរងគ្រោះ​ប្រចាំឆ្នាំ​វិញ ក៏បាន​ថយ​ចុះ​ពី ជាង ៤​ពាន់ នាក់ (៤,៣២០) ក្នុង​ឆ្នាំ​១៩៩៦ មក​នៅ ចំនួន​៤៤​នាក់ ក្នុង​ឆ្នាំ​២០២១ កន្លង​ទៅ​នេះ៕

ក្រសួងបរិស្ថាន​រក​ឃើញ​ឈ្លូស​យក្ស​ជិត​ផុត​ពូជ​នៅ​ខេត្តរតនគិរី

ក្រសួង​បរិស្ថាន បាន​រក​ឃើញ​សត្វ​ឈ្លូស​យក្ស​ដែល​ជិត​ផុត​ពូជ នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ក្នុង​ខេត្ត​រតនគិរី បន្ទាប់​ពី​បាត់ដាន​វា អស់​រយៈពេល​ជិត​៣០​ឆ្នាំ។

អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ប្រាប់​កាសែត​ក្នុងស្រុក (​ភ្នំពេញ​ប៉ុស្តិ៍​) កាលពី​ថ្ងៃទី ១៥ ខែធ្នូ​ថា ឈ្លូស​យក្ស​នេះ ជា​ប្រភេទ​សត្វ​រងគ្រោះ​ជិត​ផុត​ពូជ​ខ្លាំង នៅ​លើ​ពិភពលោក​។ លោក​បន្ត​ថា សត្វ​ឈ្លូស​យក្ស​នេះ បាន​រក​ឃើញ​ដំបូង​បំផុត នៅក្នុង​តំបន់ការពារធម្មជាតិ កាលពី​ឆ្នាំ​១៩៩៤ ហើយក៏​គេ​លែង​ប្រទះឃើញ​វត្តមាន​របស់​វា​ទៀត​។ ក្រោយពី​បាត់ដាន​អស់​យៈ​ពេល​ជិត​៣០​ឆ្នាំ​មក សត្វ​ឈ្លូស​យក្ស​នេះ បាន​បង្ហាញ​វត្តមាន​ម្ដងទៀត តាមរយៈ​ទិន្នន័យ​រូបភាព​ដែល​ប្រមូល​បាន​ពី​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ នៅក្នុង​ឧទ្យាន​ជាតិ​វីរ​ជ័យ ខេត្តរតនគិរី​។

លោក​អះអាង​ថា សត្វ​ឈ្លូស​យក្ស​ត្រូវ​បាន​ចាត់ជា​ប្រភេទ​រងគ្រោះ​ជិត​ផុត​ពូជ​ខ្លាំង (Critically Endangered) នៅក្នុង​បញ្ជី​ក្រហម ហើយ​កត្តា​គំរាមកំហែង​ដល់​សត្វ​ឈ្លូស​យក្ស គឺ​ការ​បរបាញ់​យក​ស្នែង​និង​សាច់​។ សត្វ​ឈ្លូស​យក្ស​ចូលចិត្ត​រស់នៅ​ក្នុង​ព្រៃស្រោង​និង​ព្រៃ​ពាក់កណ្តាល​ស្រោង ហើយ​ស្នែង​របស់​សត្វ​ឈ្លូស​យក្ស មាន​ទំហំ​ធំ​ជាង​ស្នែង​សត្វ​ឈ្លូស​ធម្មតា៕

ពលរដ្ឋ​មាន​ជម្លោះ​ដី​នៅ​ខេត្ត​ឧត្ដរមានជ័យ​ជាង​៣០០​គ្រួសារ ​កំពុង​ភៀសខ្លួន​បន្ទាប់ពី​អាជ្ញាធរ​ដុត​ផ្ទះ​ពួកគេ​ចោល

ប្រជាពលរដ្ឋ​ប្រមាណ ៣៧០​គ្រួសារ នៅ​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្តរមានជ័យ កំពុង​ភៀសខ្លួន​និង​រត់គេច​ពី​ការ​តាម​ចាប់​របស់​អាជ្ញាធរ ខណៈ​ផ្ទះសម្បែង​របស់​ពួកគាត់​ត្រូវ​បាន​ដុត​បំផ្លាញ ក្រោយ​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​ចំនួន​២។

មន្ត្រី​សង្គម​ស៊ីវិល ចាត់ទុក​ទង្វើ​របស់​អាជ្ញាធរ​និង​ក្រុមហ៊ុន​ទាំងនោះ​ថា ជា​អំពើ​ព្រៃផ្សៃ អមនុស្ស​ធម៌ និង​រំលោភបំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។

អាន​ព័ត៌មាន​ពិស្ដារ​ ...

ប្រជា​នេសាទ​ជាច្រើន​គ្រួសារ​បារម្ភ​បាត់បង់​របរ​នេសាទ ក្រោយពី​ក្រុមហ៊ុន​ឧកញ៉ា ឃុន សៀ បន្ត​ចាក់​លុប​ពង្រីក​ចូល​ផ្ទៃ​ទឹកទន្លេ​មេគង្គ នៅ​អរិយ​ក្សត្រ

ប្រជា​នេសាទ​ជាច្រើន​គ្រួសារ​ព្រួយបារម្ភ​បាត់បង់​មុខរបរ​នេសាទ និង​ទីកន្លែង​ដាំ​បន្លែបង្ការ តាម​បណ្តោយ​ច្រាំងទន្លេ​មេគង្គ បន្ទាប់ពី​ក្រុមហ៊ុន​ឧកញ៉ា ឃុន សៀ នៅតែ​បន្ត​ចាក់​លុប​ផ្ទៃ​ទឹកទន្លេ​មេគង្គ​មួយ​ផ្នែកធំ​តាម​បណ្តោយ​ច្រាំងទន្លេ​ត្រើយ​ខាងកើត​ប្រវែង​ជាង​៤​គីឡូម៉ែត្រ នៅ​តំបន់​អរិយ​ក្សត្រ​ខេត្តកណ្តាល។

អ្នកភូមិ​ថា គម្រោង​អភិវឌ្ឍន៍​ខ្នាត​ធំ​នេះ កំពុង​បំផ្លាញ​ទីកន្លែង​នេសាទ​ត្រី​យ៉ាង​សំខាន់​របស់​អ្នកភូមិ និង​ធ្វើ​ឱ្យ​ទិន្នផល​ត្រី​ថយ​ចុះ​ខ្លាំង ប៉ះពាល់​ប្រភព​ចំណូល​សេដ្ឋកិច្ច​របស់​ប្រជា​នេសាទ។

អាន​ព័ត៌មាន​ពិស្ដារ ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។