ពលរដ្ឋ​រំពឹង​ថា​បញ្ហា​នយោបាយ​ត្រូវ​បាន​បញ្ចប់​នៅ​ក្នុង​ឆ្នាំ​ថ្មី

0:00 / 0:00

បញ្ហា​ជាប់​គាំង​នយោបាយ​បាន​ចេញ​ជា​ពន្លឺ​ខ្លះៗ​ក៏ដោយ ក៏​ប៉ុន្តែ​ការ​ទម្លាយ​ភាព​ជាប់​គាំង​នយោបាយ​នេះ​នៅ​តែ​ជា​បញ្ហា​ស្រពេចស្រពិល​នៅ​ឡើយ។ ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​បាន​លើក​ឡើង​ថា ពិធី​ចូល​ឆ្នាំ​ថ្មី​បាន​មក​ដល់​ហើយ អ្នក​នយោបាយ​ត្រូវ​តែ​បញ្ចប់​ជម្លោះ​រ៉ាំរ៉ៃ​នេះ ដើម្បី​ជា​កាដូ​ជូន​ពួកគាត់ និង​រួម​គ្នា​កសាង​ប្រទេស​ជាតិ នៅ​ខណៈ​ដែល​ប្រជាពលរដ្ឋ​កំពុង​ប្រឈម​នឹង​បញ្ហា​លំបាក​សព្វ​បែប​យ៉ាង​នេះ។

ឆ្នាំ​ថ្មី​បាន​មក​ដល់​ប្រជាពលរដ្ឋ​គ្រប់​រូប​ចង់​បាន​មាន​ការ​រីក​ចម្រើន​ទាំង​ធនធាន ទាំង​សេចក្ដី​សុខក្សេមក្សាន្ត​ក្នុង​គ្រួសារ និង​សង្គម​ជាតិ​ជាដើម។ ជាមួយ​គ្នា​នេះ អ្វី​ដែល​ប្រជាពលរដ្ឋ​ទន្ទឹង​រង់ចាំ​នោះ​នា​ឱកាស​ឆ្នាំ​ថ្មី​បាន​មក​ដល់​នេះ គឺ​ការ​បញ្ចប់​ជម្លោះ​នយោបាយ។

ឆ្នាំ​ថ្មី​ប្រជាពលរដ្ឋ​សង្ឃឹម​ថា នឹង​មាន​អ្វី​ថ្មី មាន​ការ​រីក​ចម្រើន​សម្រាប់​ពួក​គាត់ រាប់​ទាំង​សេដ្ឋកិច្ច​គ្រួសារ សេដ្ឋកិច្ច​ប្រទេស​ជាតិ ។ល។ ក៏​ប៉ុន្តែ ដើម្បី​រីក​ចម្រើន​សេដ្ឋកិច្ច​ជាតិ​ទៅ​បាន​នោះ អ្នក​ជំនាញ​សេដ្ឋកិច្ច​បាន​លើក​ឡើង​ថា លុះត្រា​ណា​អ្នក​នយោបាយ​មាន​ការ​រួបរួម​គ្នា​អភិវឌ្ឍន៍​ប្រទេស​ជាតិ។

ប្រជាពលរដ្ឋ​នៅ​ខែត្រ​ព្រះវិហារ ឈ្មោះ លី ហេង បាន​ត្អូញត្អែរ​ថា នៅ​ខណៈ​ដែល​ស្ថានភាព​ជាប់​គាំង​នយោបាយ​នេះ ប្រជាពលរដ្ឋ​មាន​ការ​លំបាក​ក្នុង​ការ​ប្រកប​មុខ​របរ​ផ្សេងៗ។ លោក​បញ្ជាក់​ថា អ្វី​ដែល​ធ្វើ​ឲ្យ​កាន់​តែ​លំបាក​ទៅ​ទៀត​នោះ គឺ​ទំនិញ​សព្វសារពើ​កាន់​តែ​ឡើង​ថ្លៃ ធ្វើ​ឲ្យ​ពួកគាត់​ជា​កសិករ​រក​ចំណូល​ប្រចាំ​ថ្ងៃ​បាន​តិចតួច​នោះ​មាន​ការ​លំបាក។ លោក​លើក​ឡើង​ថា ជម្លោះ​នយោបាយ​ក្រោយ​ការ​បោះ​ឆ្នោត​ជា​ដើម​ចម​មួយ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​លំបាក​ក្នុង​ការ​រក​ចំណូល។

ការ​ជាប់​គាំង​នយោបាយ​ក្រោយ​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​២៨ កក្កដា ឆ្នាំ​២០១៣ មក​នោះ មិន​ត្រឹមត្រូវ​តែ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រង​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​ដោយ​ប្រយោល​នោះ​ទេ ក៏​ទំនាស់​នយោបាយ​នេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​និង​កម្មករ​រោងចក្រ មាន​ការ​បង្ហូរ​ឈាម​ដោយសារ​គ្រាប់​កាំភ្លើង​របស់​កងកម្លាំង​រដ្ឋាភិបាល​ក្នុង​ការ​ចុះ​បង្ក្រាប​ទៀត​ផង។

ឆ្នាំ​ថ្មី​ឆ្នាំ​មមី បាន​មក​ដល់ ប្រជាពលរដ្ឋ​មិន​ចង់​ឃើញ​មាន​ការ​បង្ហូរ​ឈាម​រវាង​ខ្មែរ​និង​ខ្មែរ​ទៀត​ទេ អ្វី​ដែល​ប្រជាពលរដ្ឋ​ចង់​បាន​នោះ គឺ​ការ​បង្រួប​បង្រួម​គ្នា​រវាង​ខ្មែរ​គ្រប់​ភាគី ដើម្បី​បញ្ចប់​អំពើ​ហិង្សា​ទាំង​ឡាយ​ដែល​បង្ក​ឡើង​ដោយសារ​បញ្ហា​ជាប់​គាំង​នយោបាយ​នេះ។

ដ្បិតតែ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាង​ដូចៗ​គ្នា​ថា បញ្ហា​ជម្លោះ​នយោបាយ​នេះ​នឹង​បញ្ចប់​នៅ​ក្នុង​ពេល​ឆាប់ៗ​នោះ​ក្ដី ក៏​ប៉ុន្តែ​បញ្ហា​ជាប់​គាំង​នយោបាយ​នេះ ស្ថិត​នៅ​ក្នុង​ភាព​មិន​ច្បាស់លាស់​នៅ​ឡើយ។

ការ​ជាប់​គាំង​នយោបាយ​នេះ ចំពោះ​អ្នក​លក់​ដូរ​វិញ ក៏​ត្អូញត្អែរ​អំពី​ផល​លំបាក​ក្នុង​ការ​លក់​ដូរ​ប្រចាំ​ថ្ងៃ​ដែរ។ ពួក​គាត់​បាន​លើក​ឡើង​ថា ក្រោយ​ពី​ស្ថានភាព​នយោបាយ​ជាប់​គាំង ការ​លក់​ដូរ​មាន​ការ​ថយ​ចុះ​ដោយសារ​គ្មាន​មនុស្ស​ធ្វើ​ចរាចរណ៍​ច្រើន​ជា​ដើម។

អាជីវករ​នៅ​ផ្សារ​ដើមគរ បាន​រៀបរាប់​ថា បញ្ហា​ជាប់​គាំង​នយោបាយ​ជា​ឧបសគ្គ​ធំ​ណាស់​សម្រាប់​សង្គម​ជាតិ មិន​ថា​អាជីវករ​លក់​ដូរ មិន​ថា​ប្រជាកសិករ​នោះ​ទេ។ បញ្ហា​ជាប់​គាំង​នយោបាយ​ជា​ឧបសគ្គ​ក្នុង​ការ​ធ្វើ​ឲ្យ​ចរន្ត​សេដ្ឋកិច្ច​ដើរ​ទៅ​បាន​ល្អ ពីព្រោះ​ថា ប្រជាពលរដ្ឋ​រក​លុយ​មិន​សូវ​បាន ហើយ​គាត់​ជា​អាជីវករ​វិញ​ក៏​លក់​មិន​សូវ​ដាច់​ទេ។

អ្នក​រត់​កង់បី​នៅ​ក្នុង​រាជធានី​ភ្នំពេញ មួយ​រូប​ឈ្មោះ វណ្ណៈ បាន​ឲ្យ​ដឹង​ថា ការ​ចំណូល​ពី​ការ​រត់​រ៉ឺម៉ក​កង់​បី​នេះ ជា​មុខ​របរ​គ្មាន​ជម្រើស។ វណ្ណៈ បាន​លើក​ឡើង​ថា លោក​ធ្លាប់​ធ្វើ​ការ​ក្រុមហ៊ុន​ដែរ​ពី​មុន ក៏ប៉ុន្តែ​ដោយសារ​ប្រាក់ខែ​តិច​មិន​អាច​ផ្គត់ផ្គង់​គ្រួសារ​បាន​គ្រប់ វណ្ណៈ ក៏​ឈប់​ធ្វើ​ការ​និង​រត់​ម៉ូតូ​កង់បី និង​ប្រកប​មុខ​របរ​ផ្សេង​ទៀត។ លោក​បញ្ជាក់​ថា នៅ​ក្នុង​ស្ថានភាព​ជាប់​គាំង​នយោបាយ​នេះ ទំនិញ​សព្វសារពើ​ឡើង​ថ្លៃ ប្រាក់​ចំណូល​របស់​ប្រជាពលរដ្ឋ​រក​បាន​តិច​មិន​អាច​ចាយ​គ្រប់។

របាយការណ៍​របស់​ធនាគារ​ពិភពលោក​បាន​ឲ្យ​ដឹង​ថា កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ឆ្នាំ​២០១៤ ត្រូវ​បាន​ព្យាករ​ថា នឹង​សម្រេច​បាន ៧.២% អាស្រ័យ​លើ​ការ​វិល​ត្រឡប់​ទៅ​កាន់​ស្ថិរភាព​នយោបាយ និង​ក្ដី​រំពឹង​អំពី​ទំនុក​ចិត្ត​សា​ជា​ថ្មី។

ប្រទេស​កម្ពុជា មាន​ក្រុម​អ្នក​ងាយ​រង​គ្រោះ​ច្រើន​កំពុង​ប្រឈម​នៅ​ឡើយ ក្នុង​នោះ​ប្រជាជន ៨​លាន​នាក់​រស់​នៅ​ក្បែរ​បន្ទាត់​ភាព​ក្រីក្រ និង​ចំនួន ៣​លាន​នាក់ ស្ថិត​នៅ​ក្រោម​បន្ទាត់​ភាព​ក្រីក្រ​នៅ​ឡើយ ឬ​មាន​ន័យ​ថា ពួកគេ​មិន​អាច​រក​ចំណូល​បាន ៥​ពាន់​រៀល​ក្នុង​មួយ​ថ្ងៃ។

ទាក់ទង​នឹង​បញ្ហា​នេះ យុវជន​ឈ្មោះ ចាន់ ធី មក​ពី​ខែត្រ​ព្រៃវែង បាន​និយាយ​ថា ភាព​ឥត​ការងារ​ធ្វើ​ជា​ឧបសគ្គ​ដ៏​ចម្បង​របស់​យុវជន​ដែល​យុវជន​នៅ​តាម​បណ្ដា​ខែត្រ​ភាគ​ច្រើន​បាន​ធ្វើ​ចំណាក​ស្រុក​ទៅ​រក​ការងារ​ធ្វើ​​ជា​កម្មករ​សំណង់​នៅ​ទីក្រុង​ភ្នំពេញ ខ្លះ​ទៀត​ទៅ​ប្រទេស​ថៃ ជាដើម។ លោក​បញ្ជាក់​ថា យុវជន​ភាគ​ច្រើន​រស់​នៅ​ក្នុង​ភាព​អស់​សង្ឃឹម​គ្មាន​គោលដៅ​ច្បាស់​លាស់។ លោក​លើក​ឡើង​ថា លោក​ចង់​ឲ្យ​អ្នក​នយោបាយ​ដោះស្រាយ​បញ្ហា​នយោបាយ​យក​ប្រជាពលរដ្ឋ​ជា​ធំ ពីព្រោះ​លោក​មើល​ឃើញ​ថា ក្រោយ​ការ​បោះ​ឆ្នោត​មក​នេះ លោក​ពុំ​ឃើញ​អ្នក​នយោបាយ​គិតគូរ​ពី​ប្រជាពលរដ្ឋ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​អ្នក​នយោបាយ​យក​ប្រជាពលរដ្ឋ​ជា​ឧបករណ៍​នយោបាយ​របស់​ខ្លួន​ទៅ​វិញ។

អ្នក​ស្រាវជ្រាវ​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក កែម ឡី មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​បច្ចុប្បន្ន​នេះ មិន​ងាយ​ឲ្យ​អ្នក​នយោបាយ​បោក​ប្រាស់​បាន​ដូច​ពី​មុន​ទៀត​ទេ ក៏ប៉ុន្តែ​លោក​បញ្ជាក់​ថា ស្ថានភាព​ជាប់​គាំង​នយោបាយ​នេះ អ្នក​ដែល​រង​គ្រោះ​ខ្លាំង​គឺ​ប្រជាពលរដ្ឋ។

ប្រទេស​កម្ពុជា បាន​ដើរ​ជាន់​ដាន​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ម្ដង​ហើយ​ម្ដង​ទៀត នៅ​ក្រោយ​ពេល​បោះ​ឆ្នោត​ម្ដងៗ គណបក្ស​ចាញ់​ឆ្នោត​មិន​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត ដោយសារ​តែ គ.ជ.ប ត្រូវ​បាន​គណបក្ស​ប្រឆាំង​ចោទ​ប្រកាន់​ថា មិន​ឯករាជ្យ រៀបចំ​ការ​បោះ​ឆ្នោត​គ្មាន​ភាព​យុត្តិធម៌​ជាដើម ដូចជា​ ការ​ជាប់​គាំង​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០០៣ បាន​អូស​បន្លាយ​ពេល​ជិត ១​ឆ្នាំ ទើប​បង្កើត​រដ្ឋាភិបាល​ថ្មី​បាន។ ឆ្នាំ​២០១៣ នេះ ថ្វីត្បិតតែ​រដ្ឋាភិបាល​ឯកបក្ស​បង្កើត​ទៅ​បាន ប៉ុន្តែ​មក​ទល់​ពេល​នេះ ការ​ជាប់​គាំង​នយោបាយ​នៃ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ បាន​អូស​បន្លាយ​ពេល​ប្រមាណ ៨​ខែ​ហើយ ដែល​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត។

ទោះ​ជា​យ៉ាង​នេះ​ក្ដី ប្រជាពលរដ្ឋ​សង្ឃឹម​ថា អ្នក​នយោបាយ​នឹង​ដោះស្រាយ​បញ្ចប់​ជម្លោះ​នយោបាយ​បាន​នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ ដើម្បី​ដឹកនាំ​មាគ៌ា​កម្ពុជា ឆ្ពោះ​ទៅ​រក​ការ​រីក​ចម្រើន​ដូច​ប្រទេស​នៅ​ក្នុង​តំបន់​ឯ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។