អ្នក​ឃ្លាំ​មើល៖ អ្នក​នយោបាយ​មាន​ភាព​ចាស់​ទុំ​ជាង​មុន

ការ​ឃោសនា​រក​សំឡេង​ឆ្នោត​បាន​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី២៧ មិថុនា ជា​ផ្លូវ​ការ​ហើយ និង​មិន​មាន​បាតុភាព​អ្វី​កើត​ឡើង​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅ​លើ​សកម្មជន​គណបក្ស​នយោបាយ​នោះ​ឡើយ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ឃោសនា​លើក​មុនៗ។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ក្រុម​អ្នក​ច្បាប់ និង​ក្រុម​អ្នក​ឃ្លាំ​មើល​ការ​បោះឆ្នោត បាន​លើក​ឡើង​ថា អ្នក​នយោបាយ​មាន​ភាព​ចាស់​ទុំ​ជាង​មុន។

0:00 / 0:00

គណបក្ស​នយោបាយ​ចំនួន​៦ ក្នុង​ចំណោម​គណបក្ស​នយោបាយ​ទាំង​៨ ដែល​ចុះ​បញ្ជី​នៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) នោះ បាន​ធ្វើ​សកម្មភាព​ឃោសនា​នៅ​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២៧ មិថុនា ដែល​ជា​ថ្ងៃ​ចាប់​ផ្ដើម​ឃោសនា​លើក​ដំបូង​នោះ។

ប៉ុន្តែ​ក្នុង​ចំណោម​គណបក្ស​ទាំង​៦ នោះ មាន​តែ​គណបក្ស​ធំ​ពីរ​ទេ​ដែល​មាន​សកម្មភាព​បើក​យុទ្ធនាការ​ឃោសនា​ខ្លាំងក្លា​ជាង​គេ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ។

គណបក្ស​ប្រជាជន​កម្ពុជា បាន​កំណត់​យក​ទីតាំង​មជ្ឈមណ្ឌល​កម្សាន្ត​កោះ​ពេជ្រ ជា​ទី​ជួប​ជុំ​គ្នា និង​បើក​យុទ្ធនាការ​ហែ​ក្បួន​ឃោសនា​ដែល​មាន​អ្នក​ចូលរួម​ប្រមាណ ១​ម៉ឺន​នាក់ ដែល​ចេញ​ដំណើរ​ពី​កោះ​ពេជ្រ ដង្ហែ​ជុំវិញ​ក្រុង​ភ្នំពេញ។

ចំណែក​ឯ​គណបក្ស​សង្គ្រោះ​ជាតិ វិញ បាន​យក​ទីតាំង​ទីលាន​ប្រជាធិបតេយ្យ ជា​ទី​ជួប​ជុំ​គ្នា និង​រៀប​ជា​ក្បួន​ឆ្ពោះ​ទៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល និង​ដង្ហែ​ជុំវិញ​ក្រុង​ភ្នំពេញ មាន​អ្នក​ចូលរួម​ប្រមាណ ២​ម៉ឺន​នាក់។

ដោយ​ឡែក​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ មាន​អ្នក​ចូលរួម​ប្រមាណ ៦​ពាន់​នាក់ ដង្ហែ​នៅ​ជុំវិញ​ក្រុង​ភ្នំពេញ រីឯ​គណបក្ស​ដទៃ​ទៀត​មិន​សូវ​មាន​សកម្មភាព​ខ្លាំង​ទេ​នៅ​ថ្ងៃ​បើក​ឆាក​ឃោសនា​ដំបូង​នេះ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​ឃ្លាំ​មើល​ការ​បោះឆ្នោត បាន​លើក​ឡើង​ថា ការ​ឃោសនា​បោះឆ្នោត​ក្នុង​អាណត្តិ​នេះ​របស់​គណបក្ស​នយោបាយ ហាក់​បី​ដូច​ជា​ខុស​ប្លែក​ពី​ពេល​មុន។ រីឯ​គណបក្ស​ហ៊្វុនស៊ិនប៉ិច វិញ បាន​ធ្វើ​សកម្មភាព​ឃោសនា​ជា​ទ្រង់ទ្រាយ​ធំ​នៅ​ខេត្ត​កំពង់ចាម។

អ្នក​សម្រប​សម្រួល​ផ្នែក​អង្កេត​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ខុមហ្វ្រែល (Comfrel) កញ្ញា គង់ រ៉ាវីន មាន​ប្រសាសន៍​ថា ការ​បើក​ឆាក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​ថ្ងៃ​ដំបូង​នេះ គ្មាន​បញ្ហា​អ្វី​កើត​ឡើង​ធំ​ដុំ​ទេ។ ប៉ុន្តែ កញ្ញា​បាន​បញ្ជាក់​ថា គណបក្ស​កាន់​អំណាច​បាន​ប្រើប្រាស់​ធនធាន​រដ្ឋ​ច្រើន​នៅ​ក្នុង​ការ​ឃោសនា មាន​ទាំង​សម្ភារៈ ដូចជា​រថយន្ត និង​មន្ត្រី​រាជការ​ស៊ីវិល​ជាដើម។

ក្រៅ​ពី​នេះ ក្រុម​អ្នក​ឃ្លាំ​មើល​ការ​បោះឆ្នោត​សង្កេត​ឃើញ​ថា គណបក្ស​នយោបាយ​ធំ​ពីរ​បាន​ផ្លាស់​ប្ដូរ​យុទ្ធសាស្ត្រ​របស់​ខ្លួន​ក្នុង​ការ​ឃោសនា គឺ​គណបក្ស​ប្រជាជន​កម្ពុជា បាន​កៀងគរ​យុវជន​ជាច្រើន​ដើម្បី​ឃោសនា។ រីឯ​គណបក្ស​សង្គ្រោះ​ជាតិ វិញ បាន​ប្រើ​កម្មវិធី​នយោបាយ​ថ្មី​របស់​ខ្លួន​ក្នុង​ការ​ឃោសនា គឺ​គោល​នយោបាយ​ចំនួន ៧​ចំណុច។

កញ្ញា គង់ រ៉ាវីន បន្ថែម​ថា គណបក្ស​សង្គ្រោះ​ជាតិ ហាក់​ដូច​ជា​មាន​គោល​នយោបាយ​ច្បាស់​លាស់​ចង​ភ្ជាប់​ទៅ​នឹង​រថយន្ត​នីមួយៗ ហើយ​មេ​ដឹកនាំ​គណបក្ស​បាន​ចុះ​ជួប​ប្រជាពលរដ្ឋ​ផ្ទាល់ ដើម្បី​ពន្យល់​អំពី​គោល​នយោបាយ​ជូន​ម្ចាស់​ឆ្នោត។

លោក ហេង សំរិន ប្រធាន​កិត្តិយស និង​ជា​សមាជិក​គណៈកម្មការ​កណ្ដាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​នៅ​ក្នុង​ពិធី​រំលឹក​ខួប​លើក​ទី៦២ នៃ​ថ្ងៃ​បង្កើត​គណបក្ស​នៅ​កោះ​ពេជ្រ នៅ​ព្រឹក​ថ្ងៃ​ទី២៧ មិថុនា ថា បើ​សិន​គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​ឆ្នោត គណបក្ស​ប្រជាជន នឹង​បន្ត​ដឹកនាំ​កសាង និង​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ។ លើស​ពី​នេះ​ទៀត លោក ហេង សំរិន អះអាង​ថា គណបក្ស​ប្រជាជន ធានា​លទ្ធិប្រជាធិបតេយ្យ សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ និង​យុត្តិធម៌​សង្គម​ត្រូវ​បាន​ការពារ ពង្រឹង និង​លើក​ស្ទួយ​ជានិច្ច។

បន្ថែម​ពី​លើ​នេះ​ទៀត មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច លោក អ៊ិត សំហេង បាន​អះអាង​ថា គណបក្ស​ប្រជាជន​មាន​អ្នក​គាំទ្រ​ច្រើន ហើយ​លោក​រំពឹង​ថា​នឹង​ទទួល​ជ័យ​ជម្នះ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ក្រុម​អ្នក​ច្បាប់ និង​អ្នក​ឃ្លាំ​មើល​ការ​បោះឆ្នោត បាន​ពន្យល់​ថា ការ​ឃោសនា​របស់​គណបក្ស​ប្រជាជន លើក​នេះ គឺ​បាន​ប្រើប្រាស់​ថវិកា​ជាច្រើន​ក្នុង​ការ​បើក​ក្បួន​ឃោសនា​របស់​ខ្លួន។

ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​អាដហុក (ADHOC) លោក នី ចរិយា មាន​ប្រសាសន៍​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​ចំណាយ​លុយ​ទៅ​លើ​ការ​ជួល​រោង​ទីតាំង​ច្បាស់​លាស់ និង​ជួល​រថយន្ត​ជាច្រើន ក្នុង​ការ​ដឹក​អ្នក​គាំទ្រ​របស់​ខ្លួន​ឃោសនា ខុស​ពី​គណបក្ស​ដទៃ។ ក្រៅ​ពី​នេះ លោក​បញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រើប្រាស់​មន្ត្រី​រាជការ​ស៊ីវិល ក្នុង​ការ​ជួយ​ឲ្យ​ឃោសនា។

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូរ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រើ​រថយន្ត​គ្មាន​ស្លាក​លេខ ហើយ​បាន​បិទ​ស្លាក​សញ្ញា​គណបក្ស​នៅ​កន្លែង​ស្លាក​លេខ​នោះ។

គណបក្ស​ដែល​បើក​យុទ្ធនាការ​ឃោសនា​នៅ​ថ្ងៃ​ទី២៧ មិថុនា នេះ មាន ៦​គណបក្ស គឺ​គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​ហ៊្វុនស៊ិនប៉ិច គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ។ ដោយ​ឡែក​គណបក្ស​ពីរ​ទៀត គឺ​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​គណបក្ស​ខ្មែរ​ឈប់​ក្រ មិន​បាន​ធ្វើ​សកម្មភាព​ឃោសនា​នៅ​ទីក្រុង​ភ្នំពេញ​ទេ នៅ​ថ្ងៃ​ដំបូង​នេះ។

ប្រធាន​គណបក្ស​ខ្មែរ​ឈប់​ក្រ លោក ក្រវ៉ាញ ដារ៉ន ថ្លែង​ថា គណបក្ស​របស់​លោក​មិន​ទាន់​មាន​គម្រោង​ឃោសនា​នៅ​ឡើយ​ទេ ដោយ​លោក​បាន​លើក​ពី​ហេតុផល​ការ​ធ្វើ​ចរាចរណ៍​ពិបាក​ពេក។

រីឯ​តំណាង​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច លោក លីម សំណាង ថ្លែង​ថា ពេលវេលា​នៃ​ការ​ឃោសនា​របស់​គណបក្ស​លោក​មិន​ទាន់​ចាប់​ផ្ដើម​ដូច​គណបក្ស​ដទៃ​ទេ។

ចំពោះ​គណបក្ស​ធំ​ពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ វិធី​ដែល​ស្រដៀង​គ្នា​ក្នុង​ការ​ឃោសនា គឺ​គណបក្ស​ទាំង​ពីរ​បាន​បញ្ចាំង​វីដេអូ​នៅ​តាម​រថយន្ត។ គណបក្ស​ប្រជាជន​បញ្ចាំង​អំពី​សកម្មភាព​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​ក្នុង​ការ​ដឹកនាំ​ប្រទេស​របស់​ខ្លួន​កន្លង​មក។ គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ចាំង​ដូច​គ្នា គឺ​បញ្ចាំង​នូវ​អំពើ​អយុត្តិធម៌​នៅ​ក្នុង​សង្គម រួម​ទាំង​ការ​បណ្ដេញ​ចេញ ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ និង​បញ្ហា​ផ្សេងៗ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។