១ . អ្នកវិភាគ៖ ការរំលោភរដ្ឋធម្មនុញ្ញធ្ងន់ធ្ងរបំផុត គឺការបំពានពាក្យសម្បថរបស់មន្ត្រីជាប់ឆ្នោត
អ្នកឃ្លាំមើលការវិវឌ្ឍនៃរដ្ឋធម្មនុញ្ញកម្ពុជា រកឃើញថា ការរំលោភរដ្ឋធម្មនុញ្ញធ្ងន់ធ្ងរបំផុត គឺការបំពានពាក្យសម្បថខ្លួនឯងរបស់សមាជិកសភា និងសមាជិកគណៈរដ្ឋមន្ត្រី។
តើមន្ត្រីជាប់ឆ្នោតនៃស្ថាប័នកំពូលទាំងពីរនេះបំពានសម្បថបែបណា?
ក្នុងឱកាសខួប ២៩ឆ្នាំនៃរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣នៅថ្ងៃនេះ លោក ជី វិតា មានសេចក្ដីរាយការណ៍មួយផ្ដោតលើការបំពានលើឋានានុក្រមនៃច្បាប់ ដូចតទៅ។
ទស្សនាសេចក្តីរាយការណ៍ ...

២ . តុលាការខ្មែរក្រហមរក្សាការផ្ដន្ទាទោសដាក់ពន្ធនាគារលោក ខៀវ សំផន អស់មួយជីវិត
តុលាការកំពូលនៃសាលាក្ដីខ្មែរក្រហម ប្រកាសសាលដីកាតម្កល់សាលក្រមសាលាដំបូង ផ្ដន្ទាទោសអតីតប្រមុខរដ្ឋរបបកម្ពុជាប្រជាធិបេតយ្យ លោក ខៀវ សំផន ដាក់ពន្ធនាគារអស់មួយជីវិតនេះដែរ។

៣ . អតីតកងទ័ពខ្មែរក្រហមនៅខេត្តប៉ៃលិន សោកស្ដាយចំពោះសេចក្ដីសម្រេចសាលាក្ដីខ្មែរក្រហម
អតីតកងទ័ពខ្មែរក្រហមនៅតំបន់ប៉ៃលិនសោកស្ដាយចំពោះការសម្រេចរបស់តុលាការកំពូលនៃសាលាក្ដីខ្មែរក្រហម ដែលតម្កល់សាលក្រមរបស់សាលាដំបូងដាក់ទោសលោក ខៀវ សំផន អស់មួយជីវិត នៅថ្ងៃទី២២ កញ្ញា។ ពួកគាត់បញ្ជាក់ថាការសោកស្ដាយនេះ ដោយសារតែសាលាក្ដីខ្មែរក្រហមមិនអាចនាំខ្លួនមេដឹកនាំគណបក្សកាន់អំណាចមួយចំនួន មកឆ្លើយបំភ្លឺ និងកាត់ទោសដែរ។

៤ . ក្រុមប្រទេសផ្តល់ជំនួយជជែកពីបញ្ហាថវិកា និងការផ្តន្ទាទោស ខៀវ សំផន
ក្រុមប្រទេសផ្តល់ជំនួយរបស់សាលាក្តីខ្មែរក្រហម ប្ដេជ្ញាចិត្តយ៉ាងមុតមាំ តស៊ូមតិដើម្បីយុត្តិធម៌ និងប្រឆាំងជាដាច់ខាតចំពោះអំពើនិទ្ទណ្ឌភាព ព្រមទាំងបានរំលឹកឡើងវិញនូវការជួយគាំទ្ររបស់ពួកគេ ចាប់តាំងពីសាលាក្តីខ្មែរក្រហមចាប់ផ្តើមដំបូង កាលពីឆ្នាំ២០០៦ ដោយសង្ឃឹមថា កេរ្តិ៍ដំណែលនេះ នឹងបន្សល់ទុកដល់ពលរដ្ឋជំនាន់ក្រោយ។
អានព័ត៌មានបន្ថែម ...

៥ . លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសមិនជួបអ្នកគាំទ្រនៅបុរីញូវយ៉កខណៈគណបក្សប្រឆំាងគ្រោងធ្វើបាតុកម្ម
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា លោកនឹងមិនរៀបចំជួបអ្នកគាំទ្រ នៅបុរីញូវយ៉ក ខណៈលោកទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៧ នៅចុងសប្ដាហ៍នេះទេ។
អ្នកវិភាគអះអាងថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសមិនជួបអ្នកគាំទ្រ ខណៈលោកមកចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិនៅបុរីញូវយ៉កនេះ ដោយសារតែលោករវល់ និងមានកម្មវិធីនោះ ជារឿងចម្លែក។

៦.អ្នកវិភាគថា លោក ហ៊ុន សែន ប្រកាសថាកម្ពុជាមានសន្តិភាព ជាការបំពានលើការជួយជ្រោមជ្រែងរបស់ អ .ស .ប
អ្នកវិភាគនយោបាយលោក គឹម សុខ បានលើកឡើងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អួតអាងថា កម្ពុជាមានសន្តិភាព ដោយសារតែគោលនយោបាយឈ្នះឈ្នះ នោះជាការប្រមាថអង្គការសហប្រជាជាតិ ដែលបានជ្រួយជ្រោមជ្រែងឲ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។

៦ . សកម្មជនបក្សប្រឆាំង និងពលករខ្មែរនៅប្រទេសថៃនាំគ្នាលើកបដាប្រឆាំងនឹងរបបផ្តាច់ការលោក ហ៊ុន សែន
សកម្មជនបក្សសង្គ្រោះជាតិ ដែលភៀសខ្លួនដោយសារនយោបាយ និងពលករនៅថៃ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា បានមកជួបជុំគ្នានៅទីក្រុងបាងកកតវ៉ាដោយលើកបដាប្រឆាំងនឹងរដ្ឋាភិបាល លោក ហ៊ុន សែន និងទាមទារឲ្យរដ្ឋាភិបាលគោរពតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលបានប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញឡើងវិញកាលពី ឆ្នាំ១៩៩៣។

៧ . យុវជន និងអ្នកវិភាគរិះគន់សៀវភៅ «កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន»
យុវជន និងអ្នកវិភាគថា សៀវភៅ"កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត" ជា ការផ្សព្វផ្សាយពីគុណសម្បត្តិរបស់លោក មុនពេលស្នងតំណែងពីលោក ហ៊ុន សែន។ ពួកគេថា ការសិក្សា និងតួនាទីរបស់លោក ហ៊ុន ម៉ាណែត បានមកដោយសារឥទ្ធិពលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាឪពុក មិនមែនបានមកដោយសារសមត្ថភាពរបស់លោកឡើយ។

៨ . តុលាការ ចាប់ផ្ដើមដេញសួរលើអង្គហេតុថ្មីនៃសំណុំរឿងចោទ លោក កឹម សុខា ថាក្បត់ជាតិ
សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃនេះបានចោទសួរលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិទាក់ទងនឹងអង្គហេតុថ្មី៣ផ្សេងទៀត រួមមាន៖ ការធ្វើបដិវត្តន៍ពណ៌នៅចិនតៃវ៉ាន់(Taiwan) យុទ្ធនាការណ៍ថ្ងៃច័ន្ទពណ៌ខ្មៅនិងការកាន់ផ្កាឈូក។ លោក កឹម សុខា និងមេធាវីការពារក្ដីអះអាងថាអង្គហេតុថ្មីទាំងនេះមិនជាប់ពាក់ព័ន្ធនឹងលោក កឹម សុខា ទេ។

៩ . លោក កឹម សុខា ចេញមុខបញ្ជាក់ជាថ្មីថា លោក មិនបាននាំបរទេសណាមកឈ្លានពានទឹកដីខ្មែរ និងមិនកាប់សម្លាប់ប្រជាពលរដ្ឋនោះទេ
ពាក់ព័ន្ធនឹងរឿងប្រធានគណបក្សសង្គ្រោះជាតិវិញ លោក កឹម សុខា ដែលកំពុងរងបទចោទសំណុំរឿងក្បត់ជាតិ ចេញមុខបញ្ជាក់ជាថ្មីថា លោកមិនបានឃុបឃិតជារដ្ឋបរទេសណា ឲ្យឈ្លានពានទឹកដីកម្ពុជានោះទេ។
លោកថា ការចោទប្រកាន់លើរូបលោក ធ្វើឲ្យមានការរំខានផ្លូវកាយ ផ្លូវចិត្ត និងសិទ្ធិសេរីភាពរបស់លោក។ ទោះយ៉ាងណា មន្ត្រីបក្សកាន់អំណាចថា អ្វីដែលលោក កឹម សុខា លើកឡើងជាការភូតកុហក និងមិនទទួលស្គាល់ការពិត។

១០ . ក្រុមស្រ្តីថ្ងៃសុក្រធ្វើបាយម្ហូបជូនគ្រួសារនៅពន្ធនាគារព្រៃសក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
ឱកាសភ្ជុំបិណ្ឌឆ្នាំនេះ ក្រុមស្រ្តីថ្ងៃសុក្រនាំគ្នាធ្វើចង្ហាន់ទៅវត្តរៀបចំបាយម្ហូបផ្ញើជូនសមាជិកគ្រួសារដែលកំពុងជាប់ពន្ធនាគារព្រៃសស្របពេលរដ្ឋាភិបាលមិនព្រមដោះលែងអ្នកជាប់ឃុំនយោបាយឱ្យជួបជុំគ្រួសារបានធ្វើបុណ្យទានដូចគ្រួសារពលរដ្ឋខ្មែរផ្សេងទៀតនោះទេ។ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលអះអាងថា ករណីនេះគឺសមត្ថកិច្ចរបស់តុលាការ។ ប៉ុន្តែមន្រ្តីសិទ្ធិមនុស្សថាបញ្ហានេះផ្តើមចេញពីវិវាទនយោបាយរវាងគណបក្សកាន់អំណាចនិងគណបក្សប្រឆាំងដែលល្មមដល់ពេលរដ្ឋាភិបាលដោះស្រាយបញ្ចប់វិបត្តិនេះហើយ ។

១១ . តំណាងប្រជាពលរដ្ឋជាង១ពាន់នាក់ដាក់ញត្តិស្នើសុំឱ្យក្រសួងមហាផ្ទៃ បញ្ឈប់ការផ្តល់ អត្តសញ្ញាណប័ណ្ណ ជនអន្តោប្រេសន៍
ពលរដ្ឋចំនួន៥នាក់ ដែលតំណាងឱ្យប្រជាពលរដ្ឋជាង១ពាន់នាក់ (១,៥០០នាក់) នៅព្រឹកថ្ងៃទី១៩ ខែកញ្ញានេះ បាននាំគ្នាដាក់ញត្តិស្នើសុំឱ្យក្រសួងមហាផ្ទៃ បញ្ឈប់ការផ្ដល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ជនអន្តោប្រវេសន៍។ មន្ត្រីសង្គមស៊ីវិល គាំទ្រញត្តិរបស់ក្រុមប្រជាពលរដ្ឋ ហើយថា ការស្នើសុំនេះ មិនមែនជាការរើសអើងជាតិសាសន៍នោះទេ ប៉ុន្តែគឺជាការដែលគិតពីផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរ និងការការពារបូរណភាពទឹកដី។

១២ . អ្នកគាំទ្រទាមទារឱ្យតុលាការដោះលែងអ្នកជំនាញផ្នែកច្បាប់កញ្ញា សេង ធារី
អ្នកគាំទ្រស្នើឱ្យរដ្ឋាភិបាល និងតុលាការដោះលែងអ្នកជំនាញផ្នែកច្បាប់កញ្ញា សេង ធាវី ឱ្យមានសេរីភាពឡើងវិញ ក្នុងឱកាសភ្ជុំបិណ្ឌនេះ ពីព្រោះអ្នកជំនាញផ្នែកច្បាប់រូបនេះមិនមានកំហុសដូចការចោទប្រកាន់ឡើយ។ ពួកគេយល់ថា ចំណាត់ការលើកញ្ញា សេង ធារី កន្លងមក គឺជាការបំបិទសិទ្ធិសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋខ្មែរនៅសង្គមប្រជាធិបតេយ្យ។

១៣ . " ប្រេតមាតាធម្មជាតិ ទាមទារឲ្យក្រសួងបរិស្ថានដាក់កោះកុងក្រៅជាឧទ្យានជាតិសមុទ្រ "
ក្រុមយុវជនចលនាមាតាធម្មជាតិជិត ១០នាក់ នាំគ្នាតុបតែងខ្លួនធ្វើជាប្រេត ហើយរៀបចំសន្និសីទកាសែត ដើម្បីទាមទារឲ្យក្រសួងបរិស្ថានដាក់កោះកុងក្រៅជាឧទ្យានជាតិសមុទ្រ។ ការទាមទាររបស់ក្រុមយុវជននេះ គឺបន្ទាប់ពីក្រសួងបរិស្ថាន នៅតែរក្សាភាពស្ងៀមស្ងាត់ មិនបង្ហាញលទ្ធផលនៃការសិក្សាស្រាវជ្រាវ និងដាក់កោះកុងក្រៅជាឧទ្យានជាតិសមុទ្រដូចការប្រកាសរបស់ក្រសួងនោះទេ។

១៤ . សហជីពឯករាជ្យ និងកម្មករវិស័យកាត់ដេរមិនពេញចិត្តចំពោះការដំឡើងប្រាក់ឈ្នួលចំនួន២០០ដុល្លារ សំរាប់ឆ្នាំ២០២៣
សហជីពឯករាជ្យ និងកម្មករវិស័យកាត់ដេរ មិនពេញចិត្តចំពោះការដំឡើង ប្រាក់ឈ្នួលចំនួន២០០ដុល្លារនោះឡើយ។ ពួកគាត់លើកឡើងថា ចំនួននេះនៅតែតិចដដែល ដោយមិនទាន់ឆ្លើយតបចំពោះតម្រូវការនៃការរស់នៅរបស់កម្មករឡើយ។ ប្រតិកម្មរបស់សហជីពនិងកម្មករនៅពេលនេះ កើតឡើងបន្ទាប់ពីរដ្ឋាភិបាល សម្រេចដំឡើងប្រាក់ខែជូនកម្មករវិស័យកាត់ដេរ ចំនួន២០០ដុល្លារ ក្នុងមួយខែចាប់ពីខែមករា ឆ្នាំ២០១៣តទៅ។

១៥ . លោក ហ៊ុន សែន ឱ្យពលរដ្ឋធ្វើដំណើរទៅស្រុកកំណើតតាមរថយន្តក្រុងមិនគិតថ្លៃនៅថ្ងៃភ្ជុំបិណ្ឌ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឱ្យប្រជាពលរដ្ឋធ្វើដំណើរតាមរថយន្តក្រុង ដោយឥតគិតថ្លៃដើម្បីចូលរួមពិធីបុណ្យភ្ជុំបិណ្ឌចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែកញ្ញា។ ពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិល គាំទ្រសកម្មភាពនេះ ប៉ុន្តែពួកគេ ស្នើសុំឱ្យថ្នាក់ដឹកនាំរដ្ឋាភិបាល គួរអនុវត្តផែនការអភិវឌ្ឍ ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព តាមរយៈការគោរពសិទ្ធិមនុស្ស ជាជាងធ្វើប្រជាភិថុតិយកចិត្តរាស្ត្រតែមួយគ្រា។
អានអត្ថបទពិស្តារ ...
