ព័ត៌មានសំខាន់ៗចំនួន ១០ ដែលលោកអ្នកនាងគួរអាននៅថ្ងៃព្រហស្បតិ៍នេះ
2022.10.26

១. លោក ហ៊ុន សែន ព្រមានរំលាយគណបក្សភ្លើងទៀន
អ្នកឃ្លាំមើលនយោបាយលើកឡើងថា ទំនាក់ទំនងរវាងគណបក្សភ្លើងទៀន ជាមួយលោក សម រង្ស៊ី និងមន្ត្រីបក្សប្រឆាំងផ្សេងទៀត មិនមែនជាទោសដែលត្រូវឈានដល់ការរំលាយគណបក្សភ្លើងទៀនទេ។ ការលើកឡើងដូច្នេះ ក្រោយពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានចំឈ្មោះគណបក្សភ្លើងទៀនថា គណបក្សនេះមានទំនាក់ទំនងជាមួយក្រុមមេដឹកនាំគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេស ដែលប្រឈមការរំលាយចោល ដែលលោកមានទាំងភស្តុតាងទៀតផង។

២. ពលរដ្ឋរិះគន់លោក ហ៊ុន សែនថា ការថ្លែងសាររបស់លោកមិនបានផ្តល់ប្រយោជន៍ដល់ជាតិ
ប្រជាពលរដ្ឋ និងអ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជារិះគន់លោក ហ៊ុន សែន ថាក្នុង រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ លោក ហ៊ុន សែន បានថ្លែងសារនយោបាយបែបគំរាមកំហែងបំផ្លាញពន្លកលទ្ធិប្រជាធិបតេយ្យ ដែលធ្វើឱ្យប្រជាជាតិខ្មែរកាន់តែបែកបាក់សាមគ្គី។

៣. អតីតបុគ្គលិកវិទ្យុអាស៊ីសេរី ស្នើឱ្យតុលាការកំពូលទម្លាក់បទចោទ ដើម្បីធ្វើលិខិតឆ្លងដែន
អតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ស្នើឱ្យតុលាការកំពូលទម្លាក់បទចោទ និងប្រគល់អត្តសញ្ញាណបណ្ណ និងលិខិតឆ្លងដែនត្រឡប់មកវិញ ដើម្បីឱ្យលោកមានឱកាសបានទៅជួបសាច់ញាតិនៅស្រុកកំណើត។ មន្ត្រីសង្គមស៊ីវិលថា តុលាការគួរទម្លាក់បទចោទ និងប្រគល់ឯកសារសម្គាល់ខ្លួនឱ្យទៅអ្នកសារព័ត៌មានទាំងពីររូបវិញ ដោយផ្អែកទៅលើអង្គច្បាប់ និងមនុស្សធម៌ ដើម្បីឱ្យពួកលោកមានសិទ្ធិសេរីភាពពេញលេញ។

៤. ពលរដ្ឋរងគ្រោះពីទឹកជំនន់ ប្រឈមបញ្ហាជីវភាពធ្ងន់ធ្ងរ
ទាក់ទងនឹងគ្រោះទឹកជំនន់វិញ ប្រជាពលរដ្ឋជាច្រើនពាន់គ្រួសារ កំពុងប្រឈមបញ្ហាជីវភាពលំបាក ដោយសារពួកគេបានខាតបង់ការចំណាយលើការធ្វើស្រែ ដែលត្រូវបានទឹកជំនន់បំផ្លាញទាំងអស់។ មន្ត្រីអង្គការសង្គមស៊ីវិលយល់ឃើញថា រដ្ឋាភិបាលត្រូវមានអន្តរាគមន៍ជួយឧបត្ថម្ភដល់កសិករដែលរងគ្រោះពីទឹកជំនន់ឱ្យបានគ្រប់គ្នា នឹងមិនត្រូវមានការប្រកាន់និន្នាការនយោបាយ ឬបក្សពួកឡើយ។

៥. ចៅសង្កាត់រងទី២ គណបក្សភ្លើងទៀនខេត្តបាត់ដំបង ចោទក្រុមប្រឹក្សាបក្សកាន់អំណាចប្រើហិង្សា
នៅខេត្តបាត់ដំបងឯណោះវិញ ចៅសង្កាត់រងទី២ គណបក្សភ្លើងទៀនអ្នកស្រី ស៊ិន ចាន់ពៅរ៉ួហ្សេត ចោទក្រុមប្រឹក្សាបក្សកាន់អំណាចប្រើហិង្សាលើអ្នកស្រី។ ការប្រើហិង្សានេះ បន្ទាប់ពីមានការទាស់សម្ដីគ្នារវាងចៅសង្កាត់រងទី២ និងក្រុមប្រឹក្សាសង្កាត់អូរចារមកពីគណបក្សកាន់អំណាច។ មន្ត្រីសង្គមស៊ីវិលយល់ឃើញថា ស្ថាប័នពាក់ព័ន្ធត្រូវធ្វើការដោះស្រាយ ដើម្បីកុំបញ្ហាកើតឡើងដដែលៗ និងលើកទឹកចិត្តអោយអ្នកប្រព្រឹត្តមិនខ្លាចច្បាប់។
អានព័ត៌មានពិស្តារ...
៦. អ្នកជំនាញច្បាប់ថា តុលាការដោះលែងលោក ឌួង ងៀប ដើម្បីបិទបាំងអំពើពុករលួយនៅក្នុងតុលាការ
អ្នកច្បាប់ និងអ្នកឃ្លាំមើលសិទ្ធិមនុស្សលើកឡើងថា តុលាការដោះលែង ឧត្តមសេនីយ៍នៃក្រសួងមហាផ្ទៃ ពាក់ផ្កាយបីលោកឧកញ៉ា ឌួង ងៀប គឺមានមន្ទិលសង្ស័យច្រើនដែលបង្ហាញថា តុលាការគ្មានឆន្ទៈស៊ើបអង្កេតលើសំនុំរឿងឆបោក និងប្រព្រឹត្តអំពើពុករលួយរបស់មន្រ្តីតុលាការខ្លួនឯង។ ពួកគេលើកឡើងថា សំណុំរឿងលោក ឌួង ងៀប នេះ គឺបង្ហាញថា កម្ពុជា នៅតែមានអំពើនិទណ្ឌភាព ឬអំពើគ្មានទោសពៃ។
អានព័ត៌មានពិស្តារ...
៧. ក្រុមសហគមន៍ព្រៃឈើទទូចដល់រដ្ឋាភិបាលទប់ស្កាត់បទល្មើសក្នុងដែនអភិរក្ស
បណ្ដាញសហគមន៍ព្រៃឈើបន្តទទូចដល់រដ្ឋាភិបាលឱ្យទប់ស្កាត់បទល្មើសព្រៃឈើក្នុងដែនអភិរក្សឱ្យមានប្រសិទ្ធភាព និងជាបន្ទាន់។ បណ្ដាញសហគមន៍ព្រៃឈើទាំងនោះ រួមមាន បណ្ដាញសហគមន៍ព្រៃឡង់ ព្រៃសហគមន៍សង្ឃរុក្ខាវ័ន និងសហគមន៍ព្រៃព្រះរកា។
ការអំពាវនាវរបស់បណ្ដាញសហគមន៍ព្រៃឈើទាំងនេះ កើតមានឡើងដោយសារតែបទល្មើសព្រៃឈើកំពុងកើតឡើងឥតឈប់ឈរនៅក្នុងដែនអភិរក្សរបស់ពួកគេនីមួយៗ។ របាយការណ៍អង្កេតលើកទី២ របស់ក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យកូពែនហេហ្គែន (Copenhagen) ប្រទេសដាណឺម៉ាក (Denmark) ចេញផ្សាយកាលពីពេលថ្មីៗនេះ បង្ហាញថា កម្ពុជាបានបាត់បង់ព្រៃឈើជាង ១៤ ម៉ឺនហិកតារ (១៤៤.០០០) កាលពីឆ្នាំមុន។ ក្នុងនោះ ការបាត់បង់គម្របព្រៃឈើក្នុងដែនជម្រកសត្វព្រៃឡង់បានកើនឡើង ២២% ព្រៃព្រះរកា ៤៣% និងដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័នចំនួន ៤៧%។
បើតាមរបាយការណ៍ដដែល មូលហេតុនៃការបាត់បង់ព្រៃឈើនេះ គឺដោយសារការផ្ដល់ដីសម្បទានសេដ្ឋកិច្ចទៅឱ្យក្រុមហ៊ុនឈើ រ៉ែ និងកសិកម្ម មានជាអាទិ៍ ក្រុមហ៊ុនស៊ីងបាយអូថិក (Think Biotech Co., Ltd.) ក្រុមហ៊ុនភីអិនធី (PNT Co., Ltd.) និងក្រុមហ៊ុន ធី ង៉ា (Thy Nga Development Co., Ltd) ដោយពួកគេបានចូលទៅកាប់ឈើនៅក្នុងតំបន់អភិរក្សជាប្រចាំ។
៨. កុមារកម្ពុជាប្រមាណ២លាន២សែននាក់ ងាយទទួលរងគ្រោះពីមហន្តរាយអាកាសធាតុ
មូលនិធិសហប្រជាជាតិដើម្បីកុមារ (យូនីសេហ្វ) ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា និងពិភពលោក ចាត់វិធានការជាបន្ទាន់ ដើម្បីបង្កើនមូលនិធិសម្រាប់គាំពារកុមារ និងសហគមន៍ពួកគេដែលងាយរងគ្រោះ ពីរលកកម្តៅខ្លាំង និងគ្រោះមហន្តរាយផ្សេងៗបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។
ប្រធានស្តីទីយូនីសេហ្វប្រចាំកម្ពុជាលោកវេជ្ជបណ្ឌិត អានៀរបាន ឆាតឺរជី (Dr. Anirban Chatterjee) មានប្រសាសន៍ថា បម្រែបម្រួលអាកាសធាតុកំពុងបង្កគ្រោះថ្នាក់ដល់អាយុជីវិត និងសុខុមាលភាពកុមារកម្ពុជារួចទៅហើយ។ ប៉ុន្តែរបាយការណ៍ស្រាវជ្រាវថ្មីចុងក្រោយនេះ បង្ហាញថា នៅពេលអនាគត ប្រទេសកម្ពុជានឹងក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់ ធ្ងន់ធ្ងរបំផុតក្នុងពិភពលោក។ របាយការណ៍ដដែលក៏បានរកឃើញថា មានប្រទេសចំនួន ២៣ រួមទាំងប្រទេសកម្ពុជាផង ត្រូវបានចាត់ថ្នាក់ជាប្រទេស ដែលកុមារប្រឈមខ្ពស់បំផុតដោយសារសីតុណ្ហភាពខ្ពស់ខ្លាំង។
៩. កសិករចិញ្ចឹមមាន់មួយចំនួននៅខេត្តប៉ៃលិនត្អូញត្អែរពីមាន់ងាប់មិនចេះបច្ចេកទេសព្យាបាល
នៅឯខេត្តប៉ៃលិន កសិករចិញ្ចឹមមាន់មួយចំនួន ត្អូញត្អែរពីបញ្ហាមាន់ងាប់ជាបន្តបន្ទាប់ ដោយសារមិនចេះបច្ចេកទេសព្យាបាល។ មន្ត្រីសង្គមស៊ីវិលយល់ឃើញថា អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធគួរពិនិត្យនិងចុះស្រាវជ្រាវនៅតាមមូលដ្ឋានរកមូលហេតុដើម្បីជួយដល់ កសិករ និង ផ្ដល់ពូជមាន់ចិញ្ចឹមដល់ពួកគាត់ ឡើងវិញ។
អានព័ត៌មានពិស្តារ...
១០. ក្រុមវេជ្ជបណ្ឌិតស្ម័គ្រចិត្តនៅសហរដ្ឋអាមេរិក នឹងចុះទៅព្យាបាលជំងឺដល់ពលរដ្ឋខ្មែរដោយឥតគិតថ្លៃ នៅខេត្តបន្ទាយមានជ័យ
សមាគមសុខាភិបាលខ្មែរនៅអាមេរិក ដែលមានមូលដ្ឋាននៅទីក្រុង ឡុស អន់យឺលេស (Los Angeles) រដ្ឋកាលីហ្វរនីញ៉ា (California) គ្រោងចុះទៅបំពេញបេសកកម្មស្ម័គ្រចិត្តឡើងវិញ ដើម្បីផ្តល់សេវាព្យាបាលសុខភាពដល់ប្រជាពលរដ្ឋខ្មែរក្រីក្រ ដោយឥតគិតថ្លៃ នៅខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី២៥ ខែមករា ដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពីបានអាក់ខានអស់រយៈពេល២ឆ្នាំ ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩។ ក្រៅតែពីការផ្តល់សេវាព្យាបាលនិងវះកាត់ ក្រុមគ្រូពេទ្យទាំងនោះ ក៏ចែកចាយថ្នាំពេទ្យ និងវ៉ែនតា សំរាប់អ្នកដែលមានបញ្ហាភ្នែកផងដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។