ព័ត៌មាន​សំខាន់ៗ​ដែល​លោក​អ្នក​នាង​គួរ​អាន​នៅ​ថ្ងៃអង្គារ​នេះ៖

. តំណាង​ប្រជាពលរដ្ឋ​ជាង​១​ពាន់​នាក់​ដាក់​ញត្តិ​ស្នើ​សុំ​ឱ្យ​ក្រសួង​មហាផ្ទៃ បញ្ឈប់​ការ​ផ្តល់ អត្តសញ្ញាណប័ណ្ណ​ ជន​អន្តោប្រេសន៍

ពលរដ្ឋ​ចំនួន​៥នាក់ ដែល​តំណាង​ឱ្យ​ប្រជាពលរដ្ឋ​ជាង​១ពាន់​នាក់ (១,៥០០នាក់) នៅ​ព្រឹក​ថ្ងៃ​ទី១៩ ខែ​កញ្ញា​នេះ បាន​នាំ​គ្នា​ដាក់​ញត្តិ​ស្នើ​សុំ​ឱ្យ​ក្រសួង​មហាផ្ទៃ បញ្ឈប់​ការ​ផ្ដល់​ប័ណ្ណ​ស្នាក់​នៅ​អចិន្ត្រៃយ៍​ដល់​ជន​អន្តោ​ប្រវេសន៍។ មន្ត្រី​សង្គម​ស៊ីវិល គាំ​ទ្រ​ញត្តិ​របស់​ក្រុម​ប្រជាពលរដ្ឋ ហើយ​ថា ការ​ស្នើ​សុំ​នេះ មិន​មែន​ជា​ការ​រើស​អើង​ជាតិ​សាសន៍​នោះ​ទេ ប៉ុន្តែ​គឺ​ជា​ការ​ដែល​គិត​ពី​ផល​ប្រយោជន៍​ប្រជា​ពលរដ្ឋ​ខ្មែរ និង​ការ​ការពារ​បូរណភាព​ទឹកដី។

អានអត្ថបទបន្ថែម...

Sar Kheng.jpg
លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ រូប៖ AP

. អ្នកគាំទ្រ​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​អ្នក​ជំនាញ​ផ្នែក​ច្បាប់​កញ្ញា សេង ធារី

អ្នកគាំទ្រ​ស្នើ​ឱ្យ​រដ្ឋាភិបាល និង​តុលាការ​ដោះ​លែង​អ្នក​ជំនាញ​ផ្នែក​ច្បាប់​កញ្ញា សេង ធាវី ឱ្យ​មាន​សេរីភាព​ឡើង​វិញ ក្នុង​ឱកាស​ភ្ជុំបិណ្ឌ​នេះ ពីព្រោះ​អ្នក​ជំនាញ​ផ្នែក​ច្បាប់​រូប​នេះ​មិន​មាន​កំហុស​ដូច​ការ​ចោទ​ប្រកាន់​ឡើយ។ ពួក​គេ​យល់​ថា ចំណាត់​ការ​លើ​កញ្ញា សេង ធារី កន្លងមក គឺ​ជា​ការ​បំបិទ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​ខ្មែរ​នៅ​សង្គម​ប្រជាធិបតេយ្យ។

អានអត្ថបទបន្ថែម...

2da1076e-a531-4e00-87f0-435e2c71c373.jpeg
(រូប​ទី៣ រាប់​ពី​ឆ្វេង) លោកស្រី សាត ផា អតីត​សកម្មជន​បឹងកក់ និង​អ្នក​គាំទ្រ​កញ្ញា សេង ធារី នៅ​ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី១៩ ខែកញ្ញា ឆ្នាំ២០២២។ រូបភាពពីសកម្មជន

. មន្ត្រីជាន់ខ្ពស់​គណបក្ស​ជំទាស់​និង​គ្រួសារ​ប្រឈម​នឹង​ទុក្ខលំបាក​ក្រោយ​ការ​តាមចាប់​ខ្លួន

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​លោក ជា ជីវ ព្រមទាំង​ប្រពន្ធ​និង​កូនៗ​៥​នាក់បាន​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ​ថ្មីៗ​នេះដើម្បី​គេច​ពី​ការ​ប៉ុនប៉ង​ចាប់​ខ្លួន​ដោយ​អាជ្ញាធរ​លោកហ៊ុន សែន។ជីវិត​ជា​ជន​ភៀស​​ខ្លួននយោ​បាយ​ដូច្នេះ​គ្រួសារ​លោក​ជា ជីវ ប្រឈម​ការលំបាក​ស្ទើរសព្វ​បែបយ៉ាង​ដូចជា​ការ​ចំណាយ​ប្រចាំថ្ងៃ​និង​ការ​បារម្ភ​ពី​សុវត្ថិភាព​ជាដើម។

Chear Chiv CNRP.jpg
លោក ជា ជីវ ប្រធានក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិខេត្តកំពង់ចាម។ រូប៖ ហ្វេសប៊ុក ជា ជីវ



. មន្រ្តីបរិស្ថាន​ខេត្តកំពង់ធំ​បង្ខំ​ឱ្យ​បណ្ដាញ​សហគមន៍​ព្រៃឡង់​១៦​នាក់​ធ្វើ​កិច្ចសន្យាបញ្ឃប់​ចុះល្បាតព្រៃ

មន្រ្តីបរិស្ថាន​ខេត្តកំពង់ធំ​បង្ខំឱ្យ​បណ្ដាញ​សហគមន៍​ព្រៃឡង់​១៦​នាក់​ធ្វើកិច្ចសន្យា​បញ្ឃប់​សកម្មភាព​ចុះល្បាត​ព្រៃអភិរក្ស​នៅតំបន់ព្រៃឡង់​ដោយលើកឡើងថា ប្រជាពលរដ្ឋ​ទាំងនោះ​តែងតែ​ចូល​ល្បាត​ព្រៃ​នៅ​តំបន់​ហាមឃាត់។ ពលរដ្ឋអះអាងថា ការរារាំង​របស់​មន្រ្តី​បរិស្ថាន​នេះគឺ​ជាទង្វើមិន​ត្រឹមត្រូវខណៈ​ដែល​បទល្មើស​ព្រៃឈើ​កើតមាន​ជា​បន្តបន្ទាប់​បែរ​ជា​មន្រ្តី​ពាក់ព័ន្ធ​ទាំង​នោះមិន​អើ​ពើប​ង្រ្កាប។



. អាជ្ញាធរ​កម្ពុជា​កំពុង​ស៊ើបអង្កេត​ជនជាតិ​វៀតណាម​ជិត ៦០ នាក់​នាំគ្នា​រត់​ចេញពី​កាស៊ីណូ​មួយ​កន្លែង​ក្នុង​ក្រុងបាវិត ខេត្តស្វាយរៀង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អាជ្ញាធរ​កម្ពុជា​កំពុង​ស៊ើបអង្កេត​ករណី​ជនជាតិ​វៀតណាម​ចំនួន​ជិត​៦០ នាក់ ដែល​បាន​នាំគ្នា​រត់​ចេញ​ពី​កាស៊ីណូ​មួយ​កន្លែង​ក្នុង​ក្រុង​បាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី១៧ ខែកញ្ញា។ នេះជាករណីទី២ ហើយ​ដែល​ជនជាតិវៀតណាម​ជាច្រើននាក់​នាំគ្នាសម្រុក​ចេញពី​កាស៊ីណូនៅ​កម្ពុជា។

អានព័ត៌មានបន្ថែម...

52c675aa-4788-4a71-baee-f21ec1e44b9b.jpeg
រូបភាពយកចេញពីវីដេអូដែលបង្ហាញពីជនជាតិវៀតណាមជាច្រើននាក់ រត់ចេញពីកាស៊ីណូមួយកន្លែងស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២។ រូប៖ VN Express



. សង្គមស៊ីវិលបារម្ភពីការប្រមូលពន្ធកើនឡើង អាចប្រឈមនឹងកំណើនអតិផរណា

អង្គការ​សង្គម​ស៊ីវិល​បារម្ភ​ពី​ស្ថានភាព​សេដ្ឋកិច្ច​នៅ​កម្ពុជា អាច​ប្រឈម​នឹង​កំណើន​អតិផរណា បន្ទាប់​ពី​អគ្គនាយកដ្ឋាន​ពន្ធដារ​បង្ហាញ​របាយការណ៍​ថា កម្ពុជា​ប្រមូល​ពន្ធ​កើន​ឡើង ២៧ភាគ​រយ​ក្នុង​ឆ្នាំ២០២២។ ពួក​គាត់​លើក​ឡើង​ថា កំណើន​អតិផរណា​នេះ ធ្វើ​ឱ្យ​ជីវភាព​ពលរដ្ឋ​កាន់តែ​ធ្លាក់​ទៅ​ក្នុង​បន្ទាត់​នៃ​ភាព​ក្រីក្រ ស្រប​ពេល​កម្ពុជា​កំពុង​មាន​កំណើន​អតិផរណា​ស្រាប់។ អ្នកវិភាគយល់ឃើញថា កម្ពុជាគួរប្រើប្រាស់ថវិកាដ៏ច្រើនដែលបានមកពីការប្រមូលពន្ធនេះ អភិវឌ្ឍប្រទេសឱ្យមានតុល្យភាព ដើម្បីជៀសវាងការខ្ចីបំណុលពីបរទេសបន្ថែម។

អានព័ត៌មានបន្ថែម...

c735f4cf-e86f-4d19-b7c2-010facde7df7.jpeg
លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ជា​វាគ្មិន​វេទិកា​អ្នកស្ដាប់​វិទ្យុអាស៊ីសេរី កាល​ពី​ថ្ងៃ​ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១។ រូប៖ RFA

. ប្រជាពលរដ្ឋជិត​១ពាន់​នាក់​នៅ​ខេត្តកោះកុង​ដាក់ញត្តិ​​ស្នើអាជ្ញាធរ​ឃុំ​រកដំណោះស្រាយដីធ្លី

ប្រជាពលរដ្ឋ​ប្រមាណ ៥រយនាក់(៥០០) តំណាងអោយ​ពលរដ្ឋ​ជិត​១ពាន់​នាក់(៩៥០) មកពី៥ឃុំ ប្រមូល ផ្តុំគ្នា ដាក់ញត្តិស្នើ​សុំ​អាជ្ញាធរ​ឃុំ​ក្នុង​ស្រុក​ស្រែអំបិល​រក​ដំណោះស្រាយ​ដីធ្លី​សមរម្យ​ជូន​ពួក​គាត់។ សង្គម​ស៊ីវិលយល់ថារដ្ឋាភិបាល​ត្រូវធានា​នូវ​សិទ្ធិរស់រាន​របស់​ពលរដ្ឋស្រប​តាម​រដ្ឋធម្មនុញ្ញនិង​គួរ​ផ្តល់​ដី​សម្បទាន​សង្គម​កិច្ចជូន​ដល់​ពលរដ្ឋ​ក្រីក្រ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។