ប្រមុខ​ការពារជាតិ​ថៃ បង្ហាញ​ការ​មិន​ពេញចិត្ត​ករណី​ពលរដ្ឋ​ខ្មែរ​មួយ​ក្រុម​ច្រៀង​ចម្រៀង​ជាតិ​នៅ​​ប្រាសាទ​តាមាន់ធំ

0:00 / 0:00

មេដឹកនាំ​យោធា​ថៃ បាន​បង្ហាញ​ការ​មិន​ពេញចិត្ត ចំពោះ​ពលរដ្ឋ​ខ្មែរ​មួយ​ក្រុម​ដែល​បាន ​ច្រៀង​ចម្រៀង​ភ្លេង​ជាតិ នៅ​ប្រាសាទ​តាមាន់ធំ លើ​ភ្នំ​ដងរែក ដែល​ថៃ​អះអាង​ថា កន្លែង​ដែល​ពលរដ្ឋ​ខ្មែរ​ឈរ​ច្រៀង​នោះ​គឺ​នៅ​លើ​ប្រាសាទ​ផ្នែក​ខាង ថៃ បើ​ទោះជា​នៅ​មិន​ទាន់​បោះ​បង្គោល​ព្រំដែន​ច្បាស់លាស់​ក៏ដោយ។ អ្នកឃ្លាំមើល​កម្ពុជា លើកឡើង​ថា ការ​ហាមប្រាម​របស់​យោធា​ថៃ​ចំពោះ​ពលរដ្ឋ​ខ្មែរ​នេះ គឺជា​ទង្វើ​ហួសហេតុ និង​បំពាន​លើ​ម្ចាស់​វប្បធម៌។

ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ថៃ លោក ភូមិថាំ វេឆាយាឆៃ(Phumtham Wechayachai) បាន​អះអាង​ថា តំបន់​ប្រាសាទ​តាមាន់ធំ ដែល​ក្រុម​ប្រជាពលរដ្ឋ​ខ្មែរ នាំគ្នា​ចូល​ទៅ​ច្រៀង​ចម្រៀង​ជាតិ​នោះ គឺ​ស្ថិតនៅ​ក្នុង​ទឹកដី​ថៃ ទោះបីជា​ការ​បោះ​បង្គោល​ព្រំដែន​នៅ​តំបន់​នោះ​មិន​ទាន់​បាន​បញ្ចប់​ក៏ដោយ ហើយ​ការ​ច្រៀង​ចម្រៀង​បង្ហាញ​និមិត្តរូប​របស់​ខ្មែរ​នេះ បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​ថៃ មាន​ការ​មិន​ពេញចិត្ត​ឡើយ។

ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថៃ កាលពី​ថ្ងៃទី១៧ ខែ​កុម្ភៈ លោក ភូមិថាំ បាន​ចោទ​ថា ពលរដ្ឋ​ខ្មែរ​ដែល​ទៅ​ច្រៀង​ចម្រៀង​ជាតិ​នោះ មាន​ទាំង​ពលរដ្ឋ និង​ប្រពន្ធ​របស់​មន្ត្រី​យោធា​ជាន់ខ្ពស់​របស់​កម្ពុជា ហើយ​រដ្ឋាភិបាល​ថៃ មិន​ចង់​ឱ្យ​បញ្ហា​នេះ​បង្ក​ទៅជា​ជម្លោះ​នោះ​ឡើយ ទើប​ភាគី​ថៃ បាន​ដាក់​លិខិត​តវ៉ា​មក​កម្ពុជា។

ទោះជា​បែបនេះ​ក្ដី អតីត​តំណាងរាស្ត្រ គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅថ្ងៃទី១៨ ខែ​កុម្ភៈ ថា ការ​ហាមប្រាម​របស់​យោធា​ថៃ មិន​ឱ្យ​ពលរដ្ឋ​ខ្មែរ​ច្រៀង​ចម្រៀង​ជាតិ​នៅ​លើ​ប្រាសាទ​តាមាន់ធំ គឺជា​ទង្វើ​ហួសហេតុ ដែល​បំពាន​លើ​ពលរដ្ឋ​ខ្មែរ​ដែល​ជា​ម្ចាស់​វប្បធម៌​ដើម​មិន​ឱ្យ​រម្លឹក​ពី​អត្តសញ្ញាណ​ខ្លួនឯង។

លោក អ៊ុំ សំអាន៖«តាម​ការ​លើកឡើង​របស់​ទាហាន​ខ្មែរ​យើង ដែល​ប្រចាំការ​នៅ​ប្រាសាទ​តាមាន់ធំ បាន​អះអាង​ថា បង្គោល​ព្រំដែន​សម័យ​បារាំង ស្ថិតនៅ​ជាង ១គីឡូម៉ែត្រ ក្នុង​ទឹកដី​ថៃ។ ដូច្នេះ​មានន័យថា បើ​យើង​គិត​តាម​សន្ធិសញ្ញា​បារាំង-សៀម ឆ្នាំ១៩០៤ និង​ឆ្នាំ១៩០៧ គឺ​ប្រាសាទ​តាមាន់ធំ ហ្នឹង​ស្ថិតនៅ​ក្នុង​ទឹកដី​របស់​ខ្មែរ​យើង»។

ជម្លោះ​ពាក្យសម្ដី​រវាង​យោធា​ខ្មែរ និង​ថៃ​ នៅប្រាសាទ​តាមាន់ធំ

ជម្លោះ​ពាក្យសម្ដី​រវាង​យោធា​ខ្មែរ និង​ថៃ​នេះ បាន​កើតឡើង​កាលពី​ថ្ងៃទី១៣ ខែ​កុម្ភៈ នៅ​ពេល​មាន​ទាហាន និង​ពលរដ្ឋ​ខ្មែរ​មួយ​ក្រុម ដើរ​ទស្សនា​នៅ​ក្នុង​បរិវេណ​ប្រាសាទ​តាមាន់ធំ និង​បាន​ប្រមូល​ផ្ដុំ​គ្នា​ច្រៀង​ចម្រៀង​ជាតិ​ខ្មែរ​បទ«ដែនដី​សុវណ្ណភូមិ»។ ខណៈ​នោះ ទាហាន​ថៃ​មួយ​ក្រុម ដែល​ឈរជើង​នៅ​ប្រាសាទ​តាមាន់ធំ បាន​រារាំង​ក្រុម​ប្រជាពលរដ្ឋ​ខ្មែរ មិន​ឱ្យ​ច្រៀង​ចម្រៀង​ជាតិ ដោយ​ភាគី​ថៃ​បាន​ហាម​មិន​ឱ្យ​ពលរដ្ឋ​ខ្មែរ បង្ហាញ​ពី​អត្តសញ្ញាណ​ជាតិ នៅ​ក្នុង​បរិវេណ​ប្រាសាទ​តាមាន់​ធំ ឡើយ ដោយ​អនុញ្ញាត​ឱ្យ​ត្រឹមតែ​ចូល​មក​គោរព និង​ធ្វើ​សក្ការបូជា​ប៉ុណ្ណោះ។

មន្ត្រីយោធាព្រំដែនកម្ពុជា-ថៃ «ឈានដល់ការយោគយល់គ្នាឡើងវិញ» ក្រោប៉ះទង្គិចពាក្យសម្ដីគ្នានៅប្រាសាទតាមាន់ធំ មន្ត្រីខាងសម្របសម្រួលបញ្ហាព្រំដែនរវាងកម្ពុជានិងថៃ បានជួបប្រជុំគ្នាកាលពីថ្ងៃទី១៧ កុម្ភៈ ដើម្បីជជែកគ្នា ផ្ដោតលើការកែលម្អទំនាក់ទំនងទ្វេភាគី និងបញ្ចៀសកុំឱ្យមានការយល់ច្រឡំគ្នាតទៅទៀត នៅតាមបណ្ដោយព្រំដែន។ ភាគីទាំងពីរបានរាយការណ៍ថា ការជួបជជែកគ្នា ធ្វើឡើងដោយបរិយាកាសមិត្តភាព និងបានបញ្ចប់ទៅដោយការយោគយល់គ្នាទៅវិញទៅមកដ៏ជោគជ័យ។

នៅ​ក្នុង​វីដេអូ​ជម្លោះ​នេះ ភាគី​ទាហាន​ថៃ​អះអាង​ថា ពួកគេ​បាន​ទទួល​បញ្ជា​ពី​ថ្នាក់លើ​ឱ្យ​មក​ឈរជើង​ការពារ​នៅ​ទីតាំង​ប្រាសាទ​តាមាន់ធំ នេះ ខណៈ​មេបញ្ជាការ​ពល​តូច​ថ្មើរជើង​លេខ៤២ គឺ​លោក នាក់ វង្ស បាន​ឆ្លើយតប​វិញ​ថា កម្ពុជា​នឹង​បញ្ជូន​កងទ័ព​ឱ្យ​មក​កាន់កាប់​តំបន់​ក្នុង​ប្រាសាទ​តាមាន់ធំ នេះ​ដែរ ហើយ​លោក​បាន​ព្រមាន​ពី​ការ​ផ្ទុះ​អាវុធ មុន​នឹង​ដើរចេញ​ទៅវិញ។

ក្រោយ​កើត​ជម្លោះ​នេះ មេ​បញ្ជាការ​យោធា​ថៃ ប្រចាំ​ភូមិភាគទី២ បាន​ដាក់​លិខិត​តវ៉ា​ជា​ផ្លូវការ​មក​កម្ពុជា តាមរយៈ​គណៈកម្មាធិការ​ព្រំដែន​ភូមិភាគ​ថៃ-កម្ពុជា(RBC) កាលពី​ថ្ងៃទី១៧ ខែ​កុម្ភៈ ដោយ​បាន​អះអាង​ថា អាកប្បកិរិយា​របស់​ទាហាន និង​ពលរដ្ឋ​ខ្មែរ គឺ​មិន​សមរម្យ និង​បាន​បំពាន​លើ​កិច្ចព្រមព្រៀង​ទៅវិញទៅមក​រវាង​ប្រទេស​ទាំង​ពីរ ទាក់ទង​នឹង​ពិធី​ការ​ចូល​ទស្សនា​នៅ​តំបន់​ទេសចរណ៍​បុរាណ។ បន្ទាប់ពី​ថៃ​បាន​ដាក់​លិខិត​តវ៉ា​រួច មន្ត្រី​សម្របសម្រួល​បញ្ហា​ព្រំដែន​រវាង​កម្ពុជា និង​ថៃ បាន​បើក​កិច្ចប្រជុំ​ដោយ​បាន​ជជែក​គ្នា​ទៅ​លើ​បញ្ហា​ការ​យល់​ច្រឡំ នៅ​តាម​បណ្ដោយ​ព្រំដែន។ ភាគី​ទាំង​ពីរ​បាន​រាយការណ៍​ថា ការ​ជួប​ជជែក​គ្នា ធ្វើ​ឡើង​ដោយ​បរិយាកាស​មិត្តភាព និង​បាន​បញ្ចប់​ទៅ​ដោយ​ការ​យោគយល់​គ្នា​ទៅវិញទៅមក។

នេះ​ជា​លើកទី២​ហើយ ដែល​ថៃ​បាន​ដាក់​លិខិត​តវ៉ា​មក​កម្ពុជា ដោយ​កាលពី​ខែ​តុលា ឆ្នាំ២០២៤ ធ្លាប់​មាន​ករណី​ស្រដៀង​គ្នា​នេះ បាន​កើតឡើង​ម្ដង​រួចមក​ហើយ។ មន្ត្រី​យោធា​ថៃ បាន​អះអាង​ថា មូលហេតុ​ដែល​ទាហាន​ថៃ រារាំង​ពលរដ្ឋ និង​កងទ័ព​កម្ពុជា មិន​ឱ្យ​ច្រៀង​ចម្រៀង​ភ្លេង​ជាតិ និង​ថត​វីដេអូ​បែបនេះ គឺ​ដើម្បី​បង្ការ​កុំ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ប្រើប្រាស់​វិធី​នេះ ធ្វើ​ជា​ភស្តុតាង​ដើម្បី​គាំទ្រ​ដល់​ការ​ទាមទារ​ទឹកដី ទៅ​ថ្ងៃមុខ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​បញ្ជាការ​យោធា​ថៃ ប្រចាំ​ភូមិភាគទី២ និង​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ អ្នកស្រី ម៉ាលី សុជាតា ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី១៨ ខែ​កុម្ភៈ។

អត្ថបទ​ដែលទាក់ទង៖

មន្ត្រី​យោធា​ថៃ​ដាក់​លិខិត​តវ៉ា​មក​កម្ពុជា រឿង​ពលរដ្ឋ​ខ្មែរ​ច្រៀង​ភ្លេង​ជាតិ​នៅ​ប្រាសាទ​តាមាន់ធំOpens in new window ]

ប្រាសាទ​តាមាន់ធំ​នៅ​ខេត្ត​ឧត្ដរមានជ័យ​មិន​ទាន់​សម្បូរ​ភ្ញៀវ​ទេសចរ​ទៅ​លេងOpens in new window ]

ទាហាន​ខ្មែរ ត្រៀម​ការពារ​ប្រាសាទ​តាមាន់ធំ និង​តាក្របីOpens in new window ]

ជុំវិញ​រឿង​នេះ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​នៅ​ប្រទេស​ន័រវែស (Norway) លោក ម៉ែន ណាត ចោទ​ថា ថៃ​បាន​រំលោភ​លើ​អធិបតេយ្យ​កម្ពុជា នៅ​ពេល​ដែល​កម្ពុជា​កំពុង​មាន​សង្គ្រាម​ផ្ទៃក្នុង ថៃ​បាន​បញ្ជូន​កងទ័ព​ឱ្យ​ចូល​កាន់កាប់​តំបន់​ប្រាសាទ​តាមាន់តូច តាមាន់ធំ តាក្របី និង​ប្រាសាទ​ព្រះវិហារ ដែល​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡាអេ (The Hague) សម្រេច​ឱ្យ​កម្ពុជា​ឈ្នះ​ក្ដី​នៅ​ឆ្នាំ១៩៦២ និង​បន្ត​ឈ្នះ​ជាថ្មី​ទៀត​នៅ​ឆ្នាំ២០១៣ ហើយ​ប្រាសាទ​ព្រះវិហារ​បាន​ស្ថិតនៅ​ជា​សម្បត្តិ​ជាតិ​របស់​ខ្មែរ​រហូត​មក​ទល់​សព្វថ្ងៃ។

លោក ម៉ែន ណាត៖«អាច​ប្ដឹង​ទៅ​តុលាការ​អន្តរជាតិ។ មើល​ប្រាសាទ​តាមាន់ធំ តាមាន់តូច និង​តាក្របី អី​ហ្នឹង ដែល​ពាក់ព័ន្ធ​នឹង​អធិបតេយ្យ​កម្ពុជា ត្រូវ​ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ(ICJ)នៃ​ទីក្រុង​ឡាអេ។ រឿង​ហ្នឹង​ចាំបាច់​ត្រូវ​ប្ដឹង​តែម្ដង អត់​មាន​ត្រូវ​ទៅ​ចរចា​ជាមួយ​ថៃ ហើយ​ថៃ​ប្រគល់​ឱ្យ​យើង​នោះ​ទេ ដូច​តែ​វៀតណាម​អ៊ីចឹង គឺ​លេប​បាន​ប៉ុណ្ណា យក​ប៉ុណ្ណឹង។ ដូច្នេះ​ត្រូវតែ​ប្ដឹង អត់​មាន​នៅ​ស៊ុមគ្រលំ​តទៅ​ទៀត​ទេ​រឿង​នេះ ព្រោះ​វា​ជា​អធិបតេយ្យ​ជាតិ​របស់​កម្ពុជា»។

ភូមិសាស្ត្រ​ប្រាសាទតាមាន់ធំ

ប្រាសាទ​តាមាន់ធំ គឺជា​ប្រាសាទ​បុរាណ​ខ្មែរ​មួយ​កសាង​ក្នុង​ទសវត្សរ៍​ទី១១ មាន​ទីតាំង​ស្ថិត​ក្នុង​ភូមិសាស្ត្រ​លើ​ភ្នំ​ដងរែក ស្ថិត​ក្នុង​ឃុំ​គោកមន ស្រុក​បន្ទាយអំពិល ជាប់​ព្រំដែន​ថៃ​ក្នុង​ខេត្ត​សុរិន្ទ (Surin)។ ថៃ​បាន​ចាត់​ទុក​តំបន់​នេះ ស្ថិត​ក្នុង​ទឹកដី​របស់​ខ្លួន រហូត​ដល់​ឆ្នាំ២០០៨ ក្នុង​ពេល​ដែល​កម្ពុជា-ថៃ មាន​ជម្លោះ​ព្រំដែន​នៅ​ជិត​ប្រាសាទ​ព្រះវិហារ តំបន់​ប្រាសាទ​តាមាន់ធំ បាន​ក្លាយ​ជា​តំបន់​ប្រយុទ្ធ​គ្នា​រវាង​ទាហាន​ខ្មែរ-ថៃ ជា​ហេតុ​ធ្វើ​ឱ្យ​មាន​វត្តមាន​កងទ័ព​ទាំង​សងខាង​បន្ត​ឈរ​ជើង​នៅ​ទីនោះ​រហូត​មក​ដល់​បច្ចុប្បន្ន។

អ្នកឃ្លាំមើល​កម្ពុជា លើកឡើង​ថា ជម្លោះ​តាម​ព្រំដែន​រវាង​កម្ពុជា និង​ថៃ ក្នុង​តំបន់​ប្រាសាទ​លើ​ភ្នំ​ដងរែក​នេះ នៅតែ​ជា​បញ្ហា​រសើប ដែល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ គួរតែ​យក​សំណុំ​រឿង​នេះ ទៅ​ដោះស្រាយ​នៅ​ស្ថាប័ន​អន្តរជាតិ ដើម្បី​ចៀសវាង​ជម្លោះ​យោធា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។