ជនជាតិអាមេរិក ដែលធ្លាប់បង្រៀននៅមហាវិទ្យាល័យល្បីមួយរបស់អាមេរិក មិនភ្ញាក់ផ្អើលនោះឡើយ ប្រសិនបើកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត បានចូលរៀននៅសាលាបណ្ឌិតយោធាអាមេរិក តាមរយៈខ្សែ ឬបានចូលរៀនដោយសារមានមន្រ្តីអាមេរិកចេញមុខធានា។
អតីតគ្រូបង្រៀននៅមហាវិទ្យាល័យ ហាវើដ ខិនណឺឌី សម្រាប់រដ្ឋាភិបាល (Harvard Kennedy School of Government) ថាជាទម្លាប់ទៅហើយ បើទោះបីជាទម្លាប់នេះមិនសូវល្អក៏ដោយ ដែលសាលាល្បីៗនៅសហរដ្ឋអាមេរិក តម្រូវឲ្យសិស្សមានខ្សែ ឬអ្នកមានអំណាច ជាអ្នកធានាមុននឹងអាចចូលរៀនបាន ជាពិសេសសិស្សបរទេស ដែលជាកូនអ្នកធំ ដូចលោក ហ៊ុន ម៉ាណែត ជាដើមនោះ។
លោកស្រី ល័រ ដឺ-វីពីយែរ ឬហៅវូប (Laure de Vulpillieres, Voop) អតីតគ្រូបង្រៀននៅសាលា ហាវើដ ផ្នែករដ្ឋាភិបាល (Harvard Kennedy School of Government) ប្រាប់វិទ្យុអាស៊ីសេរី ថាលោកស្រីមិនដឹងថា លោក ហ៊ុន ម៉ាណែត រៀនពូកែឬមិនពូកែនៅស្រុកខ្មែរយ៉ាងណានោះទេ ប៉ុន្តែកាលណាកូនអ្នកធំពីបរទេស បានចូលរៀននៅសាលាយោធាល្បីរបស់អាមេរិកបែបនេះ គឺបង្កើតឲ្យមានការសង្ស័យជាទូទៅមួយ អំពីការសម្របសម្រួលណាមួយ ដើម្បីឲ្យគាត់អាចចូលរៀននៅទីនោះបាន។
ការយល់ឃើញរបស់លោកស្រីបែបនេះ ធ្វើឡើងស្របទៅនឹងខ្លឹមសារក្នុង លិខិតរបស់លោក ហ៊ុន ម៉ាណែត ដែលកាលពីឆ្នាំ១៩៩៣ (ពោលគឺជាង ២៨ ឆ្នាំមុន) លោកបានសរសេរទៅឳពុករបស់លោក គឺលោក ហ៊ុន សែន អំពីលក្ខខណ្ឌបានចូលរៀននៅសាលាយោធាអាមេរិកនេះ។
នៅក្នុង លិខិតសម្ងាត់ជិត ៣០ឆ្នាំ ដែលទើបត្រូវលោក ហ៊ុន សែន ទម្លាយជាសាធារណៈ កាលពីចុងឆ្នាំ ២០២១ នោះ លោក ហ៊ុន ម៉ាណែត សរសេរថា ចំពោះសាលាទាហាននៅអាមេរិក ពិបាកសុំចូលរៀនណាស់ ព្រោះភាគច្រើន អ្នកដែលអាចចូលរៀនបាន គឺជនជាតិអាមេរិកាំង និងបើអន្តរជាតិវិញ នោះគឺទាល់តែអ្នកនោះដាក់ដឺម៉ង់ពិសេស។ លោកបន្តថា បើតាមសម្តីអ៊ំប្រុសរបស់លោក អ៊ំនោះនិយាយថា ទាល់តែអ្នកជួយនោះ គឺចាប់ពីថ្នាក់ឧត្តមសេនីយ៍នៅប្រទេសក្រៅ ឬទូតក៏បាន ទើបអាចឲ្យចូលបាន ឬម្យ៉ាងទៀតសិស្សក្រៅប្រទេសដូចរូបលោក ត្រូវដាក់ដឺម៉ង់ជាឌីប៉្លូម៉ាទិក(ក្នុងក្របខណ្ឌទូត) ក៏បាន។
លោកស្រី វូប យល់ថា អ្វីដែលលោក ហ៊ុន ម៉ាណែត និយាយក្នុងលិខិត ដែលថា ដើម្បីចូលរៀននៅសាលាយោធាអាមេរិកបាន គឺទាល់តែមានអ្នកមានអំណាច មានឥទ្ធិពលដែលជាជនជាតិអាមេរិក សរសេរលិខិតធានានោះ គឺឆ្លុះបញ្ចាំងពីទម្លាប់ពិតនៅអាមេរិក៖ «អ្នកដែលមានឥទ្ធិពលទាំងនោះ អាចមានទាំងសមាជិកសភាឬសមាជិកព្រឹទ្ធសភាថែមទៀតផង ព្រោះអ្នកទាំងនោះដឹងខ្លួន ថាពួកគាត់ត្រូវចេញលិខិតធានា សម្រាប់សិស្សដែលពួកគាត់មិនស្គាល់ ឬធ្លាប់បានជួបម្តង ឬស្គាល់តាមរយៈឳពុកជាដើម។ ខ្ញុំយល់ថា ប្រព័ន្ធបែបនេះមិនល្អទេ ព្រោះវាធ្វើឲ្យមនុស្សដែលមានអំណាច និងឥទ្ធិពល ឬដែល មាន ខ្សែ ឬអ្នកធានា បានចូលរៀននៅសាលាល្បីយ៉ាងងាយស្រួល។ ដូច្នេះអ្វីដែលគាត់និយាយក្នុងលិខិតនោះ គឺជាការពិតទាំងស្រុង ដែលគាត់ត្រូវតែមានខ្សែ ឬអ្នកធានាដែលមានឥទ្ធិពល ឬអំណាចនៅអាមេរិក ដើម្បីជួយឲ្យគាត់អាចចូលរៀននៅសាលានោះបាន»។
រឿងសញ្ញាប័ត្ររបស់លោក ហ៊ុន ម៉ាណែត នៅសាលាបរទេសនេះ ក្លាយជាប្រធានបទក្តៅមួយ នៅមុនដាច់ឆ្នាំ ២០២១ ក្រោយពេលដែលប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី បានផ្តល់បទសម្ភាសន៍ឲ្យវិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២៥ ខែធ្នូ ពោលគឺតែមួយថ្ងៃក្រោយគណបក្សប្រជាជនកម្ពុជា បោះឆ្នោតក្នុងគណៈកម្មាធិការមជ្ឈិមបក្ស គាំទ្រលោក ហ៊ុន ម៉ាណែត ជាអ្នកស្នងតំណែងនាយករដ្ឋមរ្តីពីឳពុករបស់លោក។
លោក សម រង្ស៊ី ថាសញ្ញាប័ត្រ ដែលផ្តល់ដល់កូនៗរបស់មេដឹកនាំបរទេស ដែលឳពុកជានាយករដ្ឋមន្រ្តីបែបនេះ គឺគេផ្តល់ឲ្យដោយមិនបាច់សិស្សនោះ ខំប្រឹងរៀននោះទេ។ លោកបន្តថា សញ្ញាប័ត្រដែលគេឲ្យកូនអ្នកធំពីប្រទេសក្រៅបែបនេះ គឺឲ្យគ្រាន់តែដើម្បីរក្សាទំនាក់ទំនងការទូតល្អ ឬក៏ជាសញ្ញាប័ត្រយោគយល់តែប៉ុណ្ណោះ៖ «សញ្ញាប័ត្រយោគយល់ហ្នឹង បើថាឳពុកធ្វើជាមន្រ្តីជាន់ខ្ពស់ ធ្វើរហូតដល់នាយករដ្ឋមន្រ្តី ទៅរៀននៅសាលាគេ គេយោគយល់ គេឲ្យជាប់។ ប៉ុន្តែ គេអត់ឲ្យធ្វើការស្រុកគេទេ»។
សាររបស់លោក សម រង្ស៊ី នេះរងប្រតិកម្មតបវិញពីលោក ហ៊ុន ម៉ាណែត រហូតលោកបបួលលោក សម រង្ស៊ី ភ្នាល់គ្នាដាក់ជីវិតនយោបាយថែមទៀតផង។ ប៉ុន្តែលោក ហ៊ុន ម៉ាណែត មិនបានលាតត្រដាងការពិត ថាតើលោកពិតជាបានចូលរៀននៅសាលាបណ្ឌិតយោធាអាមេរិកនោះ ដោយសារមានខ្សែ ឬមានអ្នកមានអំណាចធានាឲ្យចូល ដូចអ្វីដែលលោកបានសរសេរក្នុងលិខិតរបស់លោក កាលពីឆ្នាំ១៩៩៣ នោះទេ។
វិទ្យុអាស៊ីសេរី ព្យាយាមសុំការបំភ្លឺជុំវិញរឿងនេះ ពីលោក ហ៊ុន ម៉ាណែត ដែរ ប៉ុន្តែលោកមិនឆ្លើយបត។ វិទ្យុអាស៊ីសេរីក៏មិនទាន់ទទួលបានការឆ្លើយតបពីសាលាបណ្ឌិតយោធាអាមេរិក ជុំវិញរឿងនេះនៅឡើយដែរ។
ប៉ុន្តែ ប្រព័ន្ធឃោសនារបស់លោក ហ៊ុន សែន បានចុះផ្សាយកាលពីដើមខែមករា នូវសម្តីរបស់អ្នកជំនាញផ្នែកកិច្ចការសាធារណៈរបស់សាលាបណ្ឌិតយោធាអាមេរិកនេះ គឺលោក ហ្រ្វង់ស៊ីស ដឺម៉ារ៉ូ ជូនៀរ (Francis J DeMaro Jr.) ថារាល់សញ្ញាប័ត្រនៅសាលាយោធាអាមេរិក ដែលសិស្សរាល់គ្នាទទួលបាន គឺជាបរិញ្ញាប័ត្រផ្នែកវិទ្យាសាស្រ្ត។ មន្រ្តីរូបនេះ បន្ថែមទៀតថា គ្មានទេភាពខុសគ្នា ឬលក្ខខណ្ឌខុសគ្នារវាងសិស្សអាមេរិក ឬសិស្សបរទេសនោះ។
ទោះជាយ៉ាងនេះក្ដី លោកស្រី វូប យល់ថា កុំថាឡើយនៅសាលាបណ្ឌិតសាភាយោធាអាមេរិក សូម្បីតែនៅសាលាល្បីហាវើដ (Harvard) ក៏គេមានករណីលើកលែងជាច្រើនដែរ ចំពោះលក្ខខណ្ឌនៃការទទួលឲ្យចូលរៀននៅសាលានេះ ជាពិសេសចំពោះកូនអ្នកធំពីបរទេស។ លោកស្រីបន្ថែមថា ជាឧទាហរណ៍ មនុស្សសំខាន់ៗដែលចូលសាលាហាវើដ (Harvard) ពួកគេមានភាពងាយស្រួលចូលជាងពលរដ្ឋទូទៅ។ រីឯការសិក្សាវិញ ក្រោយពេលសិស្សបានចូលរៀនហើយ សូម្បីតែនៅសាលាហាវើដ (Harvard) ក៏សិស្សមិនចាំបាច់ប្រឹងរៀនខ្លាំង ទើបបានសញ្ញាប័ត្រនោះដែរ៖ «ខ្ញុំមិនដឹងថា នៅសាលាបណ្ឌិតសភាយោធាយ៉ាងម៉េចទេ ប៉ុន្តែបើនៅហាវើដ (Harvard) សិស្សរៀនត្រឹមនិទ្ទេស D ក៏បានសញ្ញាប័ត្រដែរ។ ជារួមបើអ្នកបានចូលរៀននៅហាវើដ គឺដឹងតែបានសញ្ញាប័ត្រហើយ ព្រោះសិស្សអាចយកមុខវិជ្ជាងាយៗ ដើម្បីគ្រាន់តែម៉ាជាប់»។
លោក ហ៊ុន ម៉ាណែត បានចូលរៀននៅសាលាបណ្ឌិតយោធាអាមេរិក កាលពីឆ្នាំ១៩៩៥ ពោលគឺពីរឆ្នាំក្រោយលោកសរសេរលិខិតទៅលោក ហ៊ុន សែន អំពីការមានខ្សែ ឬក៏អ្នកមានអំណាចនៅអាមេរិក ទើបអាចចូលរៀននៅទីនោះបាន។
លោកគឺជាកូនខ្មែរដំបូងគេបំផុត ដែលបានចូលរៀននៅសាលាយោធារបស់អាមេរិកនេះ។ លោករៀនចប់ និងទទួលបានសញ្ញាប័ត្រពីសាលានេះ នៅឆ្នាំ១៩៩៩។ ក្នុងឆ្នាំនោះ លោក ហ៊ុន សែន បានទិដ្ឋាការ (ឬវីសា) មកអាមេរិក ដើម្បីចូលរួមពិធីប្រគល់សញ្ញាប័ត្រឲ្យលោក ហ៊ុន ម៉ាណែត។
ប៉ុន្តែ មានរឿងចម្រូងចម្រាស និងការតវ៉ាជាច្រើនក្នុងរដ្ឋសភាអាមេរិក ក្នុងការចេញទិដ្ឋាការឲ្យលោក ហ៊ុន សែន ជាន់ទឹកដីអាមេរិកនេះទេ ព្រោះតំណាងរាស្ត្រអាមេរិកមិនចង់ឃើញលោក ហ៊ុន សែន ជាន់ទឹកដីអាមេរិកនោះទេ ដោយសារកាលពីពីរឆ្នាំមុននោះ ពោលគឺនៅឆ្នាំ១៩៩៧ មានរដ្ឋប្រហារបង្ហូឈាមនៅកណ្តាលរាជធានីភ្នំពេញ រវាងក្រុមលោក ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រីទី២ និងក្រុមដែលស្មោះត្រង់ជាមួយសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលជានាយករដ្ឋមន្ត្រីទី១។ ក៏ប៉ុន្តែនៅទីបំផុត តំណាងរាស្ត្រសហរដ្ឋអាមេរិកយល់ថា លោក ហ៊ុន សែន ក្នុងនាមជាឪពុកគួរតែមានសិទ្ធិចូលរួមអបអរសាទរកូនប្រុស នៅក្នុងថ្ងៃទទួលសញ្ញាបត្រនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
