សហជីព​១១​ថោ្កល​ទោស​ការ​ចាប់ខ្លួន​តំណាង​សហជីព​ម្នាក់​ថា ជា​ការ​គំរាមកំហែង​ដល់​កម្មករ​ផ្សេង​ទៀត

0:00 / 0:00

សហជីព​ចំនួន​១១​បាន​នាំគ្នា​ថោ្កល​ទោស​ចំពោះ​អាជ្ញាធរ​សមត្ថកិច្ច​ដែល​បាន​ចាប់ខ្លួន​តំណាង​សហជីព​ម្នាក់​យក​ទៅ​ដាក់​មន្ទីរឃុំឃាំង​ក្រោយ​ពី​បាន​បង្ហោះ​សា​រលើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​លើ​ការ​រំលោភ​ច្បាប់​ការងារ​របស់​ថៅកែ​រោងចក្រ​ទៅ​លើ​ក្រុម​កម្មករ។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​របស់​តំណាង​សហជីព​ទាំង​១១ នៅ​ថ្ងៃ​ទី​៣ មេសា នេះ បាន​ចាត់​ទុក​ការ​ចាប់ខ្លួន​អ្នកស្រី សយ ស្រស់ ថា គឺជា​សកម្មភាព​គំរាមកំហែង​ធ្ងន់ធ្ងរ និង​មាន​ចេតនា​បំបាក់​ស្មារតី មក​លើ​ថ្នាក់​ដឹកនាំ និង​សកម្មជន​សហជីព​ដទៃ​ទៀត​ឱ្យ​បញ្ឈប់​ការចូលរួម​ចលនា​សហជីព​ដើម្បី​ការពារ​សិទ្ធិ​កម្មករ​តទៅ​ទៀត។

ប្រធាន​សហភាព​ការងារ​កម្ពុជា​លោក អាត់ ធន់ មាន​ប្រសាសន៍​ថា ការ​បញ្ឈប់​តំណាង​សហជីព​នេះ​គឺជា​រឿង​ដែល​លោក​មិន​អាច​ទទួល​យក​បាន​ហើយ​ទាមទារ​ឱ្យ​សមត្ថកិច្ច​គួរ​តែ​ដោះលែង​អ្នកស្រី សយ ស្រស់ ឱ្យ​មាន​សេរីភាព​មកវិញ៖ «ក្នុង​សំណុំ​រឿង​នេះ ខ្ញុំ​គិត​ថា គួរតែ​រដ្ឋាភិបាល​ពិនិត្យ​ឡើង​វិញ​ចំពោះ​ការ​ដាក់​ឃុំ​របស់​តុលាការ ឬ​របស់​អាជ្ញាធរ របស់​ក្រុមហ៊ុន​ចោទប្រកាន់​នឹង​ដាក់​ឃុំ​ហ្នឹង។ ពីព្រោះ​ខ្ញុំ​គិត​ថា វា​អយុត្តិធម៌​សម្រាប់​គាត់ ហើយ​ពេលនេះ​កម្មករ និង​តំណាង​សហជីព​គឺ​កំពុងតែ​រក​វិធី​ដើម្បី​ជួយ​កម្មករ ឬក៏​ដើម្បី​ការពារ​នូវ​គំនិត​រដ្ឋាភិបាល​ថា មិន​ឱ្យ​ក្រុមហ៊ុន​បញ្ឈប់​ឬក៏​បញ្ចប់​កិច្ចសន្យា​កម្មករ»។

អ្នកស្រី សយ ស្រស់ ប្រធាន​សហជីព​កម្មករ និង​ជា​តំណាង​កម្មករ​នៅ​រោងចក្រ​ផលិត​កាបូប ស៊ូ ភៀល មាន​ទីតាំងនៅ​ភូមិ​ត្រពាំងជៀក ឃុំ​ត្រពាំងគង ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ ត្រូវ​កម្លាំង​សមត្ថកិច្ច​នៃ​ការិយាល័យ​សន្តិសុខ​ផ្ទៃ​ក្នុង​នៃ​ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ​ចាប់ខ្លួន​កាល​ពី​ថ្ងៃ​ទី​២ ខែ​មេសា ក្នុងពេលដែល​អ្នកស្រី​កំពុង​បំពេញ​ការងារ​ក្នុង​រោងចក្រ។

មូលហេតុ​ដែល​នាំ​ទៅ​រក​ការ​ចាប់ខ្លួន​អ្នកស្រី​នេះ ដោយសារតែ​អ្នកស្រី​បាន​បញ្ចេញ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​អ្នកស្រី​កាលពី​ថ្ងៃ​ទី​៣១ មីនា ដោយ​បាន​សរសេរ​រិះគន់​ថា «ថៅកែ​រោងចក្រ ស៊ូភៀល ផ្គើន​នឹង​អនុសាសន៍​របស់​លោក ហ៊ុន សែន និង​សេចក្តីអំពាវនាវ​របស់​ក្រសួង​ការងារ ព្រោះ​កុំថាឡើយ​កម្មករ​ធម្មតា សូម្បីតែ​កម្មការិនី​មាន​ផ្ទៃពោះ​៦​ខែ ក៏​ត្រូវ​ក្រុមហ៊ុន​បញ្ចប់​កិច្ចសន្យាការងារ​ដែរ»។

ខ្លឹមសារ​ដែល​អ្នកស្រី សយ ស្រស់ បាន​បង្ហោះ​ចេញ​នេះ​ត្រូវ​បាន​ក្រុមហ៊ុន​រោងចក្រ ស៊ូភៀល ចោទ​ប្រកាន់​ថា ជា​ការ​បរិហារកេរ្តិ៍​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​របស់​ក្រុមហ៊ុន និង​បំពុល​ព័ត៌មាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។