អាជ្ញាធរ​ឃាត់ខ្លួន​ពលរដ្ឋ ១៩​នាក់ ដោយសារតែ​ពួកគេ​លួច​ឆ្លងដែន​ទៅ​ថៃ​ខុសច្បាប់

មន្ដ្រី​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​រដ្ឋាភិបាល​គិតគូរ​ដល់​ជីវភាព​របស់​ពលរដ្ឋ​ខ្មែរ ដើម្បី​បញ្ចៀស​កុំ​ឱ្យ​ពួកគេ​ធ្វើ​ចំណាកស្រុក ស្វែងរក​ការងារ​ធ្វើ​ដោយ​ខុសច្បាប់។

អ្នក​នាំពាក្យ​សមាគម​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា ប្រាប់​អាស៊ីសេរី​ថា រដ្ឋាភិបាល​គួរតែ​សិក្សា​ពី​មូលហេតុ​ដែល​ធ្វើ​ឱ្យ​ពលករ​ខ្មែរ​ទាំងអស់​នោះ ដែល​បង្ខំ​ចិត្ដ​ធ្វើ​ចំណាកស្រុក​ដោយ​ខុសច្បាប់។ លោក​បន្ថែម​ថា ដោយសារតែ​គ្មាន​ការងារ​ធ្វើ ការ​ជំពាក់​បំណុល​ធនាគារ និង​មីក្រូ​ហិរញ្ញវត្ថុ គួបផ្សំ​នឹង​វិបត្តិ​សេដ្ឋកិច្ច​ដោយសារ​ការ​រាតត្បាត​ជាស​កល​នៃ​ជំងឺ​កូវីដ​-១៩ ទើប​ធ្វើ​ឱ្យ​ពួកគេ​លួច​ធ្វើ​ចំណាកស្រុក​ដោយ​ខុសច្បាប់​បែបនេះ៖ «យើង​ឃើញ​ហើយ​ថា ពួកគាត់​ភាគច្រើន​មានការ​លំបាក គួបផ្សំ​នឹង​វិបត្តិ​កូវីដ​នេះ​ផង ហើយ​វិបត្តិ​កូវីដ​នេះ​ធ្វើ​ឱ្យ​ពួកគាត់​កាន់តែ​ប្រឈម​ខ្លាំង និង​អត់​ការងារ​ធ្វើ មាន​ជាប់ជំពាក់​ខាង​មីក្រូ​ហិរញ្ញវត្ថុ ឬ​ធនាគារ​ទៅទៀត អ៊ីចឹង​ប្រសិនជា​ពួកគាត់​មិន​ស្វះ​ស្វែងរក​ការងារ​ធ្វើ​ទេ តើ​ពួកគាត់​ដោះស្រាយ​បញ្ហា​ទាំងអស់​នោះ​ដោយ​របៀប​ម៉េច​។ រដ្ឋាភិបាល​គួរ​សិក្សា​ពី​បញ្ហា​ទាំងនោះ​ឱ្យ​បាន​ច្បាស់ ហើយ​រក​ដំណោះស្រាយ​ទៅ​ជួន​ពលរដ្ឋ​របស់​ខ្លួន ជាជាង​យើង​ប្រើ​វិធានការ​ផ្លូវច្បាប់​នានា ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ពួកគាត់​រង​នូវ​ទុក្ខ​លំបាក​បន្ដ​ទៀត»។

សំណើ​នេះ​ធ្វើឡើង​ដោយសារតែ កាលពី​ថ្ងៃ​ទី២ ខែ​កក្កដា អាជ្ញាធរ​ខេត្ដ​ឧត្ដរមានជ័យ​បាន​ឃាត់ខ្លួន​ពលរដ្ឋ ១០​នាក់ និង​មេខ្លោង ២​នាក់ នៅ​ពេល​ដែល​ពួកគេ​បម្រុង​នឹង​ឆ្លងដែន​ខុសច្បាប់​ទៅ​ប្រទេស​ថៃ​។ អធិការ​នគរបាល​ក្រុង​សំរោង លោក ហម ភិរម្យ បាន​ប្រាប់​អាស៊ីសេរី​កាលពី​ថ្ងៃ​ទី​០៣ ខែ​កក្កដា ថា ពលករ​ខ្មែរ​ទាំង​១០​នាក់​នោះ មកពី​ខេត្ត​កំពង់ធំ និង​ខេត្ដ​ឧត្ដរមានជ័យ បម្រុង​លួច​ឆ្លងដែន​ខុសច្បាប់​ទៅ​ធ្វើ​ការ​នៅ​ខេត្ដ​សុរិន្ទ និង​ទីក្រុង​បាងកក​ប្រទេស​ថៃ​។ លោក ហម ភិរម្យ ថា អាជ្ញាធរ​បាន​អប់រំ​ដល់​ពលរដ្ឋ​ទាំងនោះ ហើយ​ឱ្យ​ពួកគេ​ត្រលប់​ទៅផ្ទះ​របស់​ពួកគេ​វិញ​អស់ហើយ ចំណែក​មេខ្លោង អាជ្ញាធរ​បាន​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​តុលាការ។

ចំណែក​នៅ​ឯ​ខេត្ដ​បន្ទាយមានជ័យ​ឯណោះ​វិញ អាជ្ញាធរ​ខេត្ដ​នេះ​បាន​ឃាត់ខ្លួន​ពលរដ្ឋ​ខ្មែរ និង​ថៃ ៧​នាក់ នៅ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​កាលពី​ថ្ងៃ​ទី​០៣ ខែ​កក្កដា​។ សមត្ថកិច្ច​ខេត្ដ​នេះ​បាន​អប់រំ​ពលរដ្ឋ​ខ្មែរ ២​នាក់ និង​ថៃ ៥​នាក់​នោះ ហើយ​ឱ្យ​ពួកគេ​ត្រលប់​ទៅផ្ទះ​របស់​គេ​វិញ។

ចាប់​តាំង​ពី​មាន​វិធានការ​ទប់ស្កាត់​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ របស់​ប្រទេស​ថៃ​មក ពលករ​ខ្មែរ​រាប់​ម៉ឺន​នាក់​បាន​សម្រុក​ចេញពី​ប្រទេស​ថៃ​ទៅ​កម្ពុជា​វិញ ហើយ​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ទៀត​ត្រូវ​បាន​ថៃ​ចាប់​បញ្ជូន​មក​កម្ពុជា​វិញ ដោយសារតែ​ពួកគេ​លួច​ចូល​ទឹក​ដៃ​ថៃ ដោយ​ខុសច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។