អ្នកជាប់ឃុំទាំង២១នាក់នៅត្រពាំងផ្លុងទទូចសុំឲ្យដោះលែងដោយគ្មានលក្ខខណ្ឌ
2014.02.28
មន្ត្រីពន្ធនាគារត្រពាំងផ្លុង ខេត្តកំពង់ចាម បានអនុញ្ញាតឲ្យមេដឹកនាំគណបក្សសង្គ្រោះជាតិ មាន លោក កឹម សុខា ជាអនុប្រធានគណបក្ស និងលោក សុន ឆ័យ ប្រធានក្រុមបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោត ចូលជួបសួរសុខទុក្ខ លោក វន់ ពៅ និងអ្នកជាប់ឃុំដទៃទៀតចំនួន ២០នាក់ នៅព្រឹកថ្ងៃសុក្រ ទី២៨ កុម្ភៈ។
អ្នកទាំង ២១នាក់នោះ និងក្រុមគ្រួសារ ទទូចសុំឲ្យមានកិច្ចអន្តរាគមន៍ដោះលែងពួកគាត់ឲ្យបានឆាប់ និងដោយគ្មានលក្ខខណ្ឌ ដោយសំអាងថា ពួកគេពុំមានទោសកំហុសដូចការចោទប្រកាន់របស់តុលាការនោះទេ។
មន្ត្រីបក្សប្រឆាំងបានឲ្យដឹងក្រោយជួបសួរសុខទុក្ខ លោក វន់ ពៅ ក្នុងពន្ធនាគារថា សុខភាពលោក និងអ្នកជាប់ឃុំ ២០នាក់ផ្សេងទៀតមានសភាពយ៉ាប់យ៉ឺន ស្គមស្លេកស្លាំង ដោយម្នាក់ៗមានជំងឺប្រចាំកាយ។
លោក សុន ឆ័យ ជាបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតមកពីគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា លោក វន់ ពៅ មានក្តីរំភើបពេលបានជួបថ្នាក់ដឹកនាំបក្សប្រឆាំងទៅសួរសុខទុក្ខពួកគាត់ ហើយគាត់បានបង្ហាញស្នាមរបួសពេញខ្លួន ក្បាល ដែលសមត្ថកិច្ចប្រដាប់ដោយអាវុធវាយដំក្នុងអំឡុងពេលចាប់ខ្លួនគាត់៖ «លោក វន់ ពៅ និយាយមកកាន់យើងទាំងក្តុកក្តួល ប្រាប់ពីការដែលគាត់មានសំណាងរស់មកដល់ថ្ងៃនេះ»។
បេក្ខជនតំណាងរាស្ត្ររូបនេះ បានរិះគន់ចំពោះការឃុំខ្លួនអ្នកជាប់ចោទទាំងនេះថា ខុសនីតិវិធី៖ «ខ្ញុំយល់ថា សមត្ថកិច្ចដែលឃុំគាត់តាមដែលយើងយល់ ហាក់ដូចជាខុសច្បាប់ ដោយសារការឃុំឃាំងនោះវាយូរលើសការកំណត់ ហើយខាងតុលាការថា នៅស៊ើបអង្កេត តាមដឹងអត់មានស៊ើបអង្កេតអីផង តាមដែលយើងដឹង ចេះតែទុកគ្នាចោលអ៊ីចឹងទៅ ត្រូវតែដោះលែងពួកគេជាបន្ទាន់»។
អ្នកទាំង ២១នាក់នោះ បានស្នើសុំឲ្យមានកិច្ចអន្តរាគមន៍ទៅខាងពន្ធនាគារ សុំឲ្យពួកគាត់បានចេញក្រៅបន្ទប់ឃុំឃាំងបានញឹកញាប់ ឬបានច្រើនម៉ោង និងផ្តល់ឱកាសបានទូរស័ព្ទទៅក្រុមគ្រួសារនៅផ្ទះផង។
ឆ្លើយតបបញ្ហានេះ ប្រធានពន្ធនាគារត្រពាំងផ្លុង លោក គា សុវណ្ណា មានប្រសាសន៍ថា សព្វថ្ងៃនេះលោកអនុញ្ញាតឲ្យចេញមកខាងក្រៅលើសពីមួយម៉ោងតាមច្បាប់កំណត់ហើយ ហើយអ្នកទាំង ២១នាក់នោះ មិនអាចទាមទារអ្វីច្រើនបានទេ ដោយសារនៅក្នុងនីតិវិធីស៊ើបអង្កេតរបស់តុលាការនៅឡើយ៖ «ព្រោះអានេះកម្លាំងយើងច្រើន ដូចថាបន្ទប់នេះមួយម៉ោង បន្ទប់នោះមួយម៉ោងពីរម៉ោង ទៅតាមជាក់ស្តែង ការងារចាំបាច់ ករណីពិសេសខ្លះយើងអាចចេញបានមួយម៉ោង ជួនកាលយើងចេញមួយម៉ោងពីរម៉ោងអ៊ីចឹងទៅ»។
ស្របពេលគ្នានេះដែរ ក្រុមគ្រួសារអ្នកទាំង ២១នាក់ នោះក៏បានស្នើសុំឲ្យតុលាការបើកសវនាការរឿងក្តីនេះឲ្យបានឆាប់ ឬដោះលែងឲ្យនៅក្រៅឃុំតែម្តង។
ភរិយារបស់លោក វន់ ពៅ អ្នកស្រី ប្រាក់ សុវណ្ណារី បញ្ជាក់ថា ពីហេតុផលថា ដោយសារតុលាការចេះតែអូសបន្លាយពេលយូរពេក៖ «ដោយសារតែក្នុងចំណោមអ្នកទាំង ២១នាក់ហ្នឹង មានអ្នកខ្លះមានជំងឺធ្ងន់ ដូចជាស្វាមីនាងខ្ញុំផ្ទាល់ ដូចលោក ថេង សាវឿន គាត់ក្អកធ្លាក់ឈាម ដល់ពេលអ៊ីចឹង យើងចង់ពន្លឿនតុលាការឲ្យបើកសវនាការ ដើម្បីធានាមនុស្សឲ្យនៅក្រៅឃុំ»។
មេធាវីការពារក្តីជនជាប់ចោទមកពីសហគមន៍អប់រំច្បាប់សម្រាប់សហគមន៍ លោក ហម ស៊ុនរិទ្ធ មានប្រសាសន៍ថា មកដល់ពេលនេះពុំទាន់មានសញ្ញាណណាមួយពីតុលាការ ថានឹងត្រូវបើកសវនាការនៅពេលណានៅឡើយទេ៖ «ហើយចំពោះរឿងក្តីនេះ សព្វថ្ងៃស្ថិតនៅដំណាក់ការពីរ។ ទីមួយ គឺនៅដំណាក់កាលសាលាដំបូងរាជធានីភ្នំពេញ ដែលស្ថិតក្នុងនីតិវិធីសាកសួរនៅឡើយ មិនទាន់បានកំណត់ថ្ងៃជំនុំជម្រះទេ ហើយចំពោះរឿងសុំនៅក្រៅឃុំ គឺនៅតុលាការកំពូល ក្រុមមេធាវីបានដាក់ប្ដឹងសុំសារទុក្ខហើយ»។
វិទ្យុអាស៊ីសេរី ពុំទាន់អាចទាក់ទងចៅក្រមកាន់រឿងក្តីនេះ ដើម្បីសុំការបញ្ជាក់បាននៅឡើយនៅថ្ងៃទី២៨ កុម្ភៈ។
លោក វន់ ពៅ ត្រូវបានយោធាកងឆត្រយោងពិសេសលេខ៩១១ ចាប់ខ្លួនកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ នៅខណៈលោកបានចូលរួមធ្វើបាតុកម្មអហិង្សាជាមួយកម្មករ ដើម្បីទាមទារឲ្យរដ្ឋាភិបាលដំឡើងប្រាក់ឈ្នួល។ បន្ទាប់ពីចាប់ខ្លួន សាលាដំបូងរាជធានីភ្នំពេញបានបញ្ជូនលោក រួមទាំងកម្មករ និងប្រជាពលរដ្ឋចំនួន ២២នាក់ទៀត យកទៅឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ខេត្តកំពង់ចាម ក្រោមបទចោទបង្កហិង្សាដោយចេតនា និងបំផ្លាញទ្រព្យសម្បត្តិសាធារណៈ តែបច្ចុប្បន្ន តុលាការបានដោះឲ្យនៅក្រៅឃុំចំនួន ២នាក់ហើយ៕