កម្មករនៃរោងចក្រផលិតកាបូបយួរដៃ ប្រមាណ ៣០០នាក់ នាំគ្នាធ្វើកូដកម្ម ទាមទារឲ្យថៅកែចិនទទួលយកតំណាងពួកគេ ៤នាក់ឲ្យចូលធ្វើការវិញ និងទទួលស្គាល់ការបង្កើតសហជីពក្នុងរោងចក្រ។
តំណាងកម្មករ លោក អួក ឆវ័ន្ទ ប្រាប់អាស៊ីសេរី នៅថ្ងៃទី៩ ខែមីនាថា ភាគីថៅកែនៅតែមិនព្រមទទួលយកពួកគាត់ទាំង ៤នាក់ ឲ្យចូលធ្វើការវិញទេ ថ្វីបើមានការសម្របសម្រួលដោះស្រាយវិវាទនេះពីមន្ត្រីនៃក្រសួងការងារម្ដងជាពីរដងហើយក៏ដោយ។
លោក ឲ្យដឹងថា កម្មករភាគច្រើន យល់ព្រមសម្រេចឲ្យគាត់៤នាក់ ធ្វើជាតំណាងពួកគេ ដើម្បីការពារផលប្រយោជន៍របស់កម្មករ ប៉ុន្តែភាគីរោងចក្រ បែរជាមិនចង់ឲ្យមានតំណាងកម្មករ ឬសហជីពណាមួយនៅក្នុងរោងចក្រនោះទេ ក្រៅពីសហជីពខាងភាគីថៅកែបានបង្កើតឡើង។
ប្រធានរដ្ឋបាលរោងចក្រ ធីអែនអែល (T&L) លោក ឈុន ប៉េងឡេង ប្រាប់អាស៊ីសេរីយ៉ាងខ្លីថា ភាគីរោងចក្រកំពុងពិភាក្សាដោះស្រាយរឿងនេះ ជាមួយមន្ត្រីនៃក្រសួងការងារនិងតំណាងកម្មករ ប៉ុន្តែការសម្រេចយ៉ាងណានោះនៅមិនលេចចេញនៅឡើយ។
អាស៊ីសេរី មិនអាចសុំការបំភ្លឺរឿងនេះ ពីមន្ត្រីផ្សះផ្សាវិវាទ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ឡាំ ប៊ុនថា ដែលចុះដោះស្រាយករណីវិវាទការងារបាននៅឡើយទេ ដោយគ្មានទទួលទូរស័ព្ទ។
ក្រុមកម្មករបញ្ជាក់ជំហរថា ប្រសិនបើថៅកែមិនព្រមទទួលយកតំណាងពួកគេ វិលចូលធ្វើការវិញទេ នោះការស្រែកទាមទារតវ៉ានៅពីមុខរោងចក្រ នឹងបន្តធ្វើទៀត រហូតទទួលបានដំណោះស្រាយ។ គិតចាប់ពីថ្ងៃទី៣ ខែមីនា កម្មករចេញធ្វើកូដកម្ម ដើម្បីឲ្យមានដំណោះស្រាយរឿងនេះ អស់រយៈពេលជិត ១សប្ដាហ៍មកហើយ។
រោងចក្រផលិតកាបូបដៃ ធីអែនអែល ខេមបូឌា (T&L Cambodia Handbags Industrial Co., Ltd) មានកម្មករបម្រើការងារសរុប៣៨០នាក់។ រោងចក្រនេះមាន ទីតាំងស្ថិតនៅភូមិតាភេម សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។