កម្មករ​សំណង់​ប្រមាណ ៦០នាក់​នៅ​បន្ទាយមានជ័យ​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​ជា​ថ្មី​ទាមទារ​ឱ្យ​ថៅកែ​ចិន​បើក​លុយ​ប្រាក់ខែ​នៅ​សល់​ជាង ៣ម៉ឺន ៥ពាន់​ដុល្លារ

0:00 / 0:00

ក្រុម​កម្មករ​សំណង់​ប្រមាណ ៦០នាក់​ដែល​ធ្វើ​ការងារ​សាងសង់​អគារ​អនឡាញ (Online) ឱ្យ​ថៅកែ​ចិន (Chinese) ស្ថិត​នៅ​ភូមិ​ប្រាសាទ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅ​រសៀល​ថ្ងៃ​ទី២ ខែមីនា ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​ជា​ថ្មី​ទាមទារ​ឱ្យ​ថៅកែ​ចិន​បើក​លុយ​ប្រាក់​ខែ​ឱ្យ​កម្មករ​ដែល​នៅ​សល់​ជាង ៣ម៉ឺន ៥ពាន់​ដុល្លារ។ មន្ត្រី​សិទ្ធិ​មនុស្ស​ស្នើ​ឱ្យ​អាជ្ញាធរ​ចាត់​វិធានការ​ឱ្យ​បាន​ម៉ឺងម៉ាត់​លើ​ថៅកែ ឬ​មេការ​ដែល​មាន​ចេតនា​កេង​ប្រវ័ញ្ច​កម្លាំង​កម្មករ។

តំណាង​កម្មករ​ឱ្យ​ដឹង​ថា ថៅកែ​ចិន​នៃ​ការដ្ឋាន​សំណង់​អគារ​អនឡាញ​ស្ថិត​នៅ​តំបន់​ភូមិ​ប្រាសាទ​តែងតែ​ព្យាយាម​គេចវេះ និង​ពន្យារពេល​បើក​លុយ​ឱ្យ​កម្មករ​ទើប​ក្រុម​កម្មករ​តែងតែ​នាំ​គ្នា​តវ៉ា​ជា​បន្តបន្ទាប់ ដើម្បី​ទាមទារ​ឱ្យ​ថៅកែ​បើក​លុយ​ជូន​កម្មករ និង​គោរព​សិទ្ធ​ការងារ។

«ពេលចិនពន្យារ​មិនបើកលុយ ធ្វើឱ្យយើងពិបាកខ្លាំង អត់លុយទិញអីហូបនិងបង់ធនាគារ»

តំណាង​កម្មករ​ម្នាក់​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​ព្រោះ​បារម្ភ​ពី​សុវត្ថិភាព​ប្រាប់​វិទ្យុអាស៊ីសេរី​នៅ​ថ្ងៃ​ទី២ ខែមីនា​ថា ការ​ពន្យារ​ពេល​របស់​ថៅកែ​ចិន និង​មេការ​ក្នុង​ការ​បើក​ប្រាក់​ឈ្នួល​ជូន​កម្មករ គឺ​ធ្វើ​ឱ្យ​កម្មករ​ជាច្រើន​នាក់​ជួប​ការ​លំបាក​ខ្លាំង​ពិសេស​គ្មាន​លុយ​ទិញ​អាហារ​ហូប​ចុក​ប្រចាំ​ថ្ងៃ និង​គ្មាន​ប្រាក់​បង់​ធនាគារ។ កម្មករ​រូប​នេះ​ឱ្យ​ដឹង​ថា ចាប់​ពី​ចុង​ឆ្នាំ២០២៤ មក​ដល់​ពេល​នេះ កម្មករ​តែងតែ​ប្រមូល​ផ្ដុំ​គ្នា​ស្រែក​តវ៉ា​នៅ​ការដ្ឋាន​ចំនួន ៣ដង​មក​ហើយ ដើម្បី​ទាមទារ​ឱ្យ​ថៅកែ​ចិន​គោរព​តាម​កិច្ច​សន្យា​ការងារ និង​បើក​ប្រាក់​ខែ​ជូន​កម្មករ​ឱ្យ​បាន​ទៀងទាត់។

ពលរដ្ឋ​ថ្លែង​លាក់​ឈ្មោះ៖«ទល់​ច្រក​ហើយ​និយាយ​ត្រង់ ណា​មួយ​ជំពាក់​អង្គការ ណា​មួយ​កូន​ចាយ ខ្លួន​ឯង​ចាយ​ទៀត​គ្មាន​អាជីព​អី​ទេ មាន​តែ​អាជីព​តែ​ប៉ុណ្ណឹង គេ​មិន​បើក​ប្រាក់​ខែ​ឱ្យ​គឺ​មាន​តែ​យ៉ាប់។ ភាគច្រើន[កម្មករ]មក​ពី​បណ្ដា​ខេត្ត​ផ្សេងៗ​ដូច​ថា ដើរ​តាម​មេ អ្នក​ខ្លះ​ក៏​កំលោះ អ្នក​ខ្លះ​មាន​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ អ្នក​ខ្លះ​ក៏​មាន​កូន​តូច​មក​តាម​កន្លែង​ការដ្ឋាន​អាណោចអាធ័ម​ណាស់​អ្នក​សំណង់។ អាណោចអាធ័ម​រឿង​ការ​រស់នៅ​ហើយ​នៅ​លុយ​កាក់​អ៊ីចឹង​ទៀត គ្នា​ទល់​ច្រក​គ្នា​មិន​ប្រមូល​ផ្ដុំ​កម្លាំង​គ្នា»។

កម្មករ​ឱ្យ​ដឹង​ទៀត​ថា លុយ​ដែល​ថៅកែ​ចិន​មិន​ទាន់​បើក​ឱ្យ​កម្មករ​ដែល​នាំ​គ្នា​ចេញ​តវ៉ា​គឺ​នៅ​សល់​ប្រមាណ​ជាង ៣ម៉ឺន ៥ពាន់​ដុល្លារ​ទៀត។ កម្មករ​បញ្ជាក់​ថា មេ​ជាង​ទទួល​បាន​ថ្លៃ​ឈ្នួល​ក្នុង​ម្នាក់​ចន្លោះ​ពី ៧ម៉ឺន​រៀល ទៅ ៨ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ ចំណែក​កម្មករ​ទទួល​បាន​ថ្លៃ​កម្លាំង​ពលកម្ម​ក្នុង​មួយ​ថ្ងៃ​ម្នាក់ ៤ម៉ឺន​រៀល។

សណ្ឋាន​ដី​នៃ​ការដ្ឋាន​សំណង់​អគារ​ចិន​មាន​ទំហំ​ធំ ហើយ​ការ​សាងសង់​អគារ​គឺ​ជា​ទម្រង់​អគារ​អនឡាញ​ដែល​មាន​កម្ពស់ ៣ជាន់ និង​មាន​ការ​សាងសង់​អគារ​ផ្ទាល់​ដី​សម្រាប់​ឱ្យ​ជនជាតិ​ចិន​ស្នាក់នៅ​រាប់​រយ​អគារ​ផ្សេង​ទៀត។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​កម្មករ។ កម្មករ​ដែល​មក​ធ្វើ​ការ​នៅ​ការដ្ឋាន​នេះ​អ្នក​ខ្លះ​មក​ពី​បណ្ដា​ខេត្ត​ឆ្ងាយ និង​មាន​កូន​តូចៗ​មក​តាម ចំណែក​ឯ​ការ​ស្នាក់នៅ​របស់​ពួកគាត់​គឺ​ប្រក់​តង់​កៅស៊ូ។

អាជ្ញាធរថា​ ភាគី​ចិន​កំពុងដោះស្រាយទូទាត់

ទាក់ទង​នឹង​រឿង​នេះ មេ​ភូមិ​ប្រាសាទ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​លោក លីន សុខណាត ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក​បាន​ជួប​ជាមួយ​តំណាង​ថៅកែ​ចិន ហើយ​ករណី​នេះ​ភាគី​ខាង​ថៅកែ​កំពុង​រៀបចំ​ដោះស្រាយ​ជូន​កម្មករ​ហើយ។ លោក​បញ្ជាក់​ថា ថៅកែ​បាន​បើក​លុយ​ឱ្យ​កម្មករ​ជាង ៧០ភាគរយ​ហើយ ចំណែក​ឯ​លុយ​នៅ​សេសសល់​គឺ​ថៅកែ​បាន​ផ្អាក​បើក​ឱ្យ​កម្មករ​ដែល​នាំ​គ្នា​តវ៉ា​នោះ ដោយសារ​តែ​ក្រុម​កម្មករ និង​មេជាង​ធ្វើ​អគារ​ខុស​ពី​គំរូ​ដែល​ថៅកែ​ចិន​ដាក់​ចេញ។

លោក លីន សុខណាត៖«លុយ​ហ្នឹង​ខ្ទង់ ៣ម៉ឺន ៥ពាន់[ដុល្លារ]ទេ គេ​ថា គេ​កាក់ ៣០ភាគរយ​ហ្នឹង ខ្ញុំ​ជួប​មេការ​ផ្ទាល់​ពី​ចិន​គេ​ថា បញ្ហា​ហ្នឹង​កំពុង​ដោះស្រាយ​ឱ្យ​ហើយ​តែ​ចំពោះ​លុយ​កម្មករ​ដទៃ​ទៀត​ដែល​ចោទ​ថា មិន​បើក​នោះ​គឺ​មេការ​បាន​ទម្លាក់​ឱ្យ​អស់​ហើយ​នៅ​តែ​លុយ ៣០ភាគរយ​គេ​ហៅ​ថា លុយ​នៃ​ការ​ធ្វើ​អត់​ទាន់​គ្រប់​បច្ចេកទេស​របស់​គេ​ទេ ហើយ​លុយ​គេ​មិន​ដែល​ពិបាក​ទេ​ចិន​ហ្នឹង»។

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង​អ្នកនាំពាក្យ​សាលាខេត្ត​បន្ទាយមានជ័យ​លោក លី សុវណ្ណរិទ្ធ ដើម្បី​សាកសួរ​បន្ថែម​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី២ ខែ​មីនា។

ជុំវិញ​រឿង​នេះ អ្នក​គ្រប់គ្រង​ប្រចាំ​ការិយាល័យ​អង្គការ​លីកាដូ (LICADHO) នៅ​ខេត្តបន្ទាយមានជ័យ លោក អ៊ិន គង់ជិត មាន​ប្រសាសន៍​ថា កម្មករ​ខ្មែរ​បាន​ដោះដូរ​នឹង​កម្លាំង​ញើស​ឈាម ដើម្បី​បាន​ប្រាក់​ចិញ្ចឹម​គ្រួសារ និង​ដោះស្រាយ​បញ្ហា​ធនាគារ ដូច្នេះ​លោក​ថា ភាគី​ថៅកែ​គួរ​តែ​មាន​ភាព​ស្មោះត្រង់ និង​បើកប្រាក់​ឈ្នួល​ជូន​កម្មករ​ឱ្យ​បាន​ទៀងទាត់។

លោក អ៊ិន គង់ជិត៖«ប្រសិនបើ​ចេតនា​របស់​ក្រុមហ៊ុន​ម៉ៅការ​សំណង់​កិបកេង​មិន​បាន​បើក​ប្រាក់ខែ​ជូន​កម្មករ​នេះ​វា​គឺ​ជា​ការ​កេងប្រវ័ញ្ច​លើ​កម្លាំង​ញើស​ឈាម​របស់​កម្មករ​អាង​គាត់​មិន​សូវ​មាន​បញ្ញា ហើយ​កេងប្រវ័ញ្ច​មិន​បើក​ប្រាក់ខែ​ប្រាក់កម្រៃ វា​គឺ​ជា​ការ​កេងប្រវ័ញ្ច​ជ្រុល​ហួស មួយ​ទៀត​វា​គឺ​ជា​ការ​អនុវត្ត​ផ្ទុយ​ពី​ច្បាប់​រដ្ឋ ច្បាប់​ការងារ។ យើង​ស្នើ​សុំ​ឱ្យ​ក្រុមហ៊ុន​ម៉ៅការ មេការ​ក្ដី​ដែល​បាន​ទទួល​ម៉ៅការ​ពី​ក្រុមហ៊ុន​គួរតែ​មាន​ការ​ផ្ដល់​ផ្គត់ផ្គង់​ប្រាក់​កម្រៃ​ពលកម្ម​ដល់​កម្មករ​គ្រប់ៗ​គ្នា​ឱ្យ​គាត់​មាន​ទឹកចិត្ត​ក្នុង​ការ​ធ្វើ​ការងារ ព្រោះ​អ្នក​ខ្លះ​គាត់​បាន​លះបង់​ធ្វើ​ទាំង​យប់​ទាំង​ថ្ងៃ»។

អត្ថបទដែលទាក់ទង៖

កម្មករ​សំណង់​នៅ​ឧត្ដរមានជ័យ ៣០០នាក់​ចេញ​តវ៉ា​​ទាមទារ​ឱ្យ​ថៅកែ​ចិន​បើក​ប្រាក់​ខែ​ជូន​ពួកគាត់Opens in new window ]

អ្នកឃ្លាំមើល​រិះគន់​អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ​ថា គ្មាន​ចំណាត់​ការ​ស៊ើបអង្កេត​ទីតាំង​រមណីយដ្ឋាន​អូរស្មាច់​របស់​លោក លី យ៉ុងផាត់Opens in new window ]

ករណី​កម្មករ​សំណង់​ប្រឈម​មុខ​នឹង​ថៅកែ​មិន​បើក​ប្រាក់​ឈ្នួល​ឱ្យ​ហាក់​កើត​ឡើង​ជា​បន្តបន្ទាប់​នៅ​តាម​បណ្ដា​ខេត្ត​ជាយ​ដែន​ជាប់​នឹង​ប្រទេស​ថៃ​ដូចជា​នៅ​ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និង​ខេត្ត​ប៉ៃលិន ជាដើម ដោយសារ​តែ​នៅ​តាម​តំបន់​ទាំង​នោះ​ត្រូវ​បាន​គេ​ពង្រីក​អគារ​បម្រើ​ឱ្យ​ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ។

មន្ត្រី​សិទ្ធិ​មនុស្ស​លើកឡើង​ថា ហេតុផល​សំខាន់​ដែល​កម្មករ​ប្រឈម​នឹង​បញ្ហា​មិន​ទទួល​បាន​ថ្លៃ​កម្លាំង​ពលកម្ម​បែប​នេះ គឺ​ដោយសារ​តែ​កម្មករ​ខ្វះ​កិច្ច​គាំពារ​ពី​សំណាក់​អាជ្ញាធរ ខណៈ​ការដ្ឋាន​នៃ​អគារ​ថៅកែ​ចិន​នៅ​តាម​ព្រំដែន​ក៏​ត្រូវ​បាន​គេ​សង្ស័យ​ថា ព្យាយាម​សាងសង់​ដោយ​បិទ​បាំង ដើម្បី​ធ្វើ​ជា​អាជីវកម្ម​ឆបោក​តាម​អនឡាញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។