ជនជាតិនីហ្សេរីយ៉ា ៥នាក់ និងជនជាតិវៀតណាម ២នាក់ ត្រូវបានអាជ្ញាធរក្រុងភ្នំពេញចាប់ឃាត់ខ្លួន ក្នុងករណីចាប់ជំរិត និងជំរិតទារប្រាក់តាមប្រព័ន្ធអ៊ិនធើណេតនៅក្នុងប្រទេសកម្ពុជា។
កាលពីថ្ងៃទី២ ខែមីនា កម្លាំងនគរបាលរាជធានីភ្នំពេញបានឃាត់ខ្លួនជនជាតិ នីហ្សេរីយ៉ា ចំនួន ៤នាក់ ពាក់ព័ន្ធនិងករណីចាប់ជំរិតនៅប្រទេសវៀតណាម ហើយឆ្លងចូលមកលាក់ខ្លួននៅក្នុងទឹកដីកម្ពុជា។
ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក សេង ហៀង បានប្រាប់សារព័ត៌មានក្នុងស្រុកឲ្យដឹងថា សមត្ថកិច្ចបានចុះឆែកឆែទីតាំងខុនដូរមួយកន្លែងស្ថិតនៅខណ្ឌសែនសុខ ហើយចាប់ឃាត់ខ្លួនជនជាតិនីហ្សេរីយ៉ា ៤នាក់ ជាជនសង្ស័យរួមនិងវត្ថុ តាងមួយចំនួនទៀត។
កាលពីពេលថ្មីៗ នេះ កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ក៏បានឃាត់ខ្លួនជនបរទេសចំនួន៣នាក់ ផ្សេងទៀត ករណីជំរិតទាប្រាក់តាមប្រព័ន្ធអ៊ិនធើណេត ក្នុងនោះមានជនជាតិនីហេ្សរីយ៉ាម្នាក់និងជនជាតិវៀតណាម ២នាក់។
ជនបរទេសទាំងនោះបានចូលមកក្នុងប្រទេសកម្ពុជាហើយធ្វើសកម្មភាព ជួញដូរគ្រឿងញៀន ចាប់ជំរិត និងជំរិតទាប្រាក់តាមប្រព័ន្ធអ៊ិនធើណេតជាដើម។
មន្ត្រីនគរបាលអនុវត្ត ច្បាប់ឲ្យដឹងថា សមត្ថកិច្ចនឹងបញ្ជូនជនសង្ស័យទាំងអស់នោះ ទៅតុលាការ ដើម្បីបន្តនីតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។