ក្រុមកម្មករជិត ៨០០នាក់ នៃរោងចក្រដេរសំលៀកបំពាក់របស់ជនជាតិចិនឈ្មោះ ញូ បេស គ្លូប៊ល ធិចធៀល (New Best Global Textile) នៅខេត្តកំពង់ស្ពឺ ដាក់ពាក្យបណ្ដឹងទៅតុលាការ ដោយស្នើសុំចេញដីការក្សាការពារឥវ៉ាន់ក្នុងរោងចក្រ ព្រោះពួកគេនៅមិនទាន់ទទួលបានប្រាក់សំណងការងារ ក្រោយពីថៅកែចិនរត់ចោល។
តំណាងកម្មករ លោកស្រី ថូ ស្រីល័ក្ខ ប្រាប់អាស៊ីសេរី នៅថ្ងៃទី២៨ ខែមីនាថា កម្មករនាំគ្នាស្វែងរកដំណោះស្រាយវិវាទការងារមួយនេះ ពីស្ថាប័នតុលាការបន្តទៀត បន្ទាប់ពីប្រធានមន្ទីរក្រសួងការងារខេត្តកំពង់ស្ពឺ លោក ចិត្រ បូរិន មិនអាចដោះស្រាយរឿងនេះឲ្យកម្មករបានតាមច្បាប់ស្ដីពីការងារ។
លោកស្រី បញ្ជាក់ថា គិតមកដល់ពេលនេះ កម្មករមិនទាន់ទទួលបាន ប្រាក់ឈ្នួល ៨ថ្ងៃក្នុងខែមីនា ប្រាក់ព្យួរការងារ រួមនឹងប្រាក់បំណាច់ឆ្នាំទៀតនៅឡើយទេ។
តំណាងកម្មកររូបនេះ ឲ្យដឹងថា ខណៈកម្មករមិនទទួលបានប្រាក់សំណងការងារ ម្ចាស់អគារ លោក ទ្រី បានជួលរថយន្តចូលទៅដឹកម៉ាស៊ីនដេរចេញពីរោងចក្រអស់ជាច្រើនដងមកហើយ។
អាស៊ីសេរី មិនអាចសុំការបំភ្លឺរឿងនេះ ពីតំណាងថៅកែរោងចក្រ លោក លី អែនឌី និងប្រធានមន្ទីរការងារខេត្តកំពង់ស្ពឺ លោក ចិត្រ បូរិន បានទេ ដោយទូរស័ព្ទតែគ្មានអ្នកទទួល។
ប្រធានសហភាពចលនាកម្មករកម្ពុជា លោក ប៉ាវ ស៊ីណា ស្នើដល់រដ្ឋាភិបាលបញ្ចេញកញ្ចប់ថវិកាបម្រុងណាមួយ ដើម្បីជួយដោះស្រាយផលប៉ះពាល់ភ្លាមៗដល់កម្មករ ដែលត្រូវថៅកែមិន បើកប្រាក់ខែឲ្យ ដោយយកលេសព្យួរការងារព្រោះខ្វះវត្ថុធាតុដើម ហើយរត់គេចពីការទទួលខុសត្រូវតាមផ្លូវច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។