ស្ត្រី​អ្នក​ភូមិ​ម្នាក់​នៅ​ខេត្ត​ស្វាយរៀង​អំពាវនាវ​ឲ្យ​ម្ចាស់​ចង​ការប្រាក់​ដក​ពាក្យ​បណ្ដឹង

ដោយ ខែ សុណង
2017-04-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
តុលាការ​ខេត្ត​ស្វាយរៀង។ រូបថត​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៥
តុលាការ​ខេត្ត​ស្វាយរៀង។ រូបថត​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៥
Photo Provided

ស្ត្រី​អ្នក​ភូមិ​ម្នាក់​រស់នៅ​ក្នុង​ឃុំ​ស្រស់ នៃ​ខេត្ត​ស្វាយរៀង ស្វែងរក​កិច្ច​អន្តរាគមន៍​ក្នុង​រឿង​ដើម​បណ្ដឹង​ជា​ម្ចាស់​ចង​ការប្រាក់ ប្ដឹង​ទៅ​តុលាការ​ពី​បទ​មិន​សង​ថ្លៃ​ការប្រាក់​គ្រប់​ចំនួន។ ចំណែក​ភាគី​ដើម​បណ្ដឹង ប្រកាន់​ជំហរ​មិន​ដក​ពាក្យ​បណ្ដឹង បើ​សិន​ជា​ស្ត្រី​រូប​នោះ​​មិន​មាន​លុយ​សង​ការប្រាក់​គាត់​គ្រប់​ចំនួន។

ស្ត្រី​ដែល​កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ បាន​ស្នើ​ឲ្យ​អ្នក​ចង​ការប្រាក់​បន្ធូរបន្ថយ​ការប្រាក់ និង​ដក​ពាក្យ​ប្ដឹង​គាត់​ចេញ​ពី​តុលាការ។

លោកស្រី ហេង ចន្ថា វ័យ​ជាង ៥០​ឆ្នាំ រស់នៅ​ភូមិ​រំដេញ ឃុំ​ស្រស់ ស្រុក​រមាសហែក ថ្លែង​ថា កាល​ពី​ឆ្នាំ​២០១៣ គាត់​បាន​ខ្ចី​ប្រាក់​លោក ចាន់ ជឿន ជា​អ្នក​ចង​ការប្រាក់​រស់នៅ​ភូមិ​ថ្មី ឃុំ​ដូង ស្រុក​រមាសហែក ចំនួន ៤​លាន​រៀល ឬ​ប្រមាណ ១​ពាន់​ដុល្លារ ដោយ​ដាក់​បញ្ចាំ​ប្លង់​ដី និង​ផ្ទះ​ដែល​មាន​ទំហំ​ជិត ៣​ហិកតារ និង​បង់​ការប្រាក់​ក្នុង​មួយ​ខែ ៣២​ម៉ឺន​រៀល។

លោកស្រី​បន្ត​ថា បន្ទាប់​ពី​ខ្ចី​បាន ៩​ខែ នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៤ គាត់​បាន​សង​ប្រាក់​ដើម​វិញ​ចំនួន ៤​លាន​រៀល និង ២០​ម៉ឺន​រៀល ដោយ​មាន​អាជ្ញាធរ​ជា​មេ​ឃុំ​ដូង លោក ប្រាក់ សុត នៅ​កាន់​ជា​មេ​ឃុំ​ដឹង​ឮ និង​ជា​សាក្សី ប៉ុន្តែ​នៅ​ជំពាក់​ការប្រាក់ ៣​លាន ៨​សែន​រៀល​ទៀត។ លោកស្រី​បញ្ជាក់​ថា ដោយ​ការប្រាក់​ស្មើ​ដើម​ស្មើ​ចុង ហើយ​ត្រូវ​អ្នក​ចងការ គឺ​លោក ចាន់ ជឿន រារាំង​មិន​ឲ្យ​ភ្ជួរ​ស្រែ​ក្នុង​ឆ្នាំ​នេះ និង​ប្ដឹង​ប្ដី​គាត់​ទៅ​តុលាការ​ទៀត។ បញ្ហា​នេះ លោកស្រី​ស្នើ​ឲ្យ​ម្ចាស់​ចង​ការ​បន្ធូរបន្ថយ​ការប្រាក់​ត្រឹម​តែ ២​លាន​រៀល ឬ ៥០០​ដុល្លារ និង​ដក​ពាក្យ​ប្ដឹង​ពួក​គាត់​ពី​តុលាការ​វិញ៖ «ពេល​ដែល​ខ្ញុំ​យក​ប្រាក់ ៤​លាន ២០​ម៉ឺន​ទៅ​សង​ឈ្មោះ ចាន់ ជឿន នៅ​ភូមិ​ដូង ឃុំ​ដូង មាន​លោក​មេ​ឃុំ ខ្ញុំ ប្រាក់ សុត និង​ឈ្មោះ យ៉ាន ធ្វើ​ការ​នៅ​មន្ទីរ​យុត្តិធម៌​ស្រុក​រមាសហែក ធានា​អះអាង​ខ្ញុំ​ហើយ បាន​យក​ទាំង​ហូល​ខ្ញុំ​មួយ ស្មើ​នឹង​ប្រាក់ ២០​ម៉ឺន​លុយ​ខ្មែរ ស៊ី​លុយ​ខ្ញុំ​អស់ ១​ពាន់​បាត។ ខ្ញុំ​ចង់​ឲ្យ​សម្ដេច​តេជោ និង​លោក​ក្រឡា​ហោម ស ខេង ជួយ​វិនិច្ឆ័យ​ផ្លូវ​ច្បាប់​ចំពោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​អំពើ​យង់ឃ្នង​បែប​ហ្នឹង»

ឆ្លើយតប​បញ្ហា​នេះ លោក ចាន់ ជឿន ជា​អ្នក​រក​ស៊ី​ចង​ការប្រាក់ រស់នៅ​ភូមិ​ថ្មី ឃុំ​ដូង ថ្លែង​ថា លោក​មិន​អាច​បញ្ចុះ​ការប្រាក់​ត្រឹម ២​លាន​រៀល​បាន​នោះ​ទេ ប៉ុន្តែ​លោក​អាច​នឹង​ដក​ពាក្យ​ប្ដឹង និង​ប្រគល់​ប្លង់​ដី​ជូន​ឲ្យ​វិញ ប្រសិន​ជា​លោកស្រី ហេង ចន្ថា និង​លោក ទេព ប៊ន ជា​ប្ដី​ប្រពន្ធ សង​ប្រាក់​ថ្លៃ​ការប្រាក់​ឲ្យ​លោក​គ្រប់​ចំនួន គឺ ៣​លាន ៨​សែន​រៀល ពីព្រោះ​កន្លង​មក លោក​បាន​បន្ធូរបន្ថយ និង​ជួយ​សម្រួល​ច្រើន​ដង​ហើយ។ លោក​ថា កូន​បំណុល​នោះ​បាន​ទាមទារ​ឲ្យ​លោក​ថែម​ប្រាក់ ដើម្បី​កាត់​យក​ដី ប៉ុន្តែ​លោក​គ្មាន​លទ្ធភាព៖ «ខ្ញុំ​និយាយ​ជាមួយ​គាត់​ថ្ងៃ​មុន​ហ្នឹង គាត់​ថា​ឲ្យ​ខ្ញុំ​ហ្នឹង​ចេញ ១​ពាន់​ដុល្លារ យក​ដី​ហ្នឹង​ទៅ​គាត់​កាត់​ឲ្យ​ក្បាល ៣០ បណ្ដោយ ៣៣០​ម៉ែត្រ។ ខ្ញុំ​ថា​ខ្ញុំ​អត់​មាន​លទ្ធភាព​យក​ទេ។ ខ្ញុំ​ថា​បើ​ត្រឹម ៥០០​ដុល្លារ ខ្ញុំ​សុខ​ចិត្ត​ថែម​យក​ទៅ​ចុះ បើ​ខ្ញុំ​គិត​តាម​ខ្ញុំ​ប្ដឹង​ទៅ​តុលាការ ខ្ញុំ​ដាក់​ដល់ ២០​លាន​នុះ។ ខ្ញុំ​គិត​ទាំង​ការ​ទាំង​ជំងឺ​ចិត្ត​របស់​ខ្ញុំ»

ទាក់ទង​បញ្ហា​នេះ មេ​ឃុំ​ដូង គឺ​លោក នាង សាមាន ថ្លែង​ថា លោក​មិន​បាន​ធ្វើ​សាក្សី​ទេ ព្រោះ​នៅ​ក្នុង​អាណត្តិ​មេ​ឃុំ​ចាស់ ទុក​ឲ្យ​មេ​ឃុំ​ចាស់​ជា​អ្នក​ដោះស្រាយ។

ចំណែក​អតីត​មេ​ឃុំ​ដូង លោក ប្រាក់ សុត ដែល​បច្ចុប្បន្ន​ជា​មន្ត្រី​ក្រុម​ប្រឹក្សា​ឃុំ​ដូង មិន​អាច​ថ្លែង​អ្វី​បាន ដោយ​លោក​រវល់​នៅ​ក្នុង​កម្មវិធី​មាន​ចាក់​ធុងបាស។

លោកស្រី ហេង ចន្ថា អះអាង​ទៀត​ថា ចៅក្រម​សាលា​ដំបូង​ខេត្ត​ស្វាយរៀង លោក កើត សាំង បាន​កោះ​ហៅ​ប្ដី​របស់​លោកស្រី គឺ​លោក ទេព ប៊ន ចំនួន​ពីរ​លើក​ហើយ ដោយ​បង្គាប់​ឲ្យ​ដាក់​ភស្តុតាង​ជុំវិញ​រឿង​ជំពាក់​ប្រាក់​នេះ ដោយ​ដើម​បណ្ដឹង​ដែល​ជា​អ្នក​ចង​ការប្រាក់ ទាមទារ​ទាំង​សំណង​ជំងឺ​ចិត្ត​ប្រមាណ​ជិត ២០​លាន​រៀល។ ប៉ុន្តែ​ប្ដី​លោកស្រី ខកខាន​មិន​ចូល​ខ្លួន ដោយសារ​មាន​ជំងឺ​បញ្ជូន​ព្យាបាល​នៅ​ប្រទេស​វៀតណាម។

ពាក់ព័ន្ធ​បញ្ហា​ជំពាក់​បំណុល​នេះ អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី មាន​ទស្សនៈ​ថា ករណី​នេះ​មិន​មែន​ជា​ករណី​ថ្មី​ទេ ដែល​មាន​ពលរដ្ឋ​ច្រើន​ហើយ​ដែល​ខ្ចី​ម្ចាស់​ចង​ការ​ក្នុង​ការប្រាក់​ខ្ពស់​បែប​នេះ។ លោក​ថា ករណី​ប្រចាំ​ប្លង់​ដី​របស់​ពលរដ្ឋ​នៅ​តាម​ភូមិ-ស្រុក​ជាង ៨០% ប្លង់​ដី​កំពុង​ដាក់​បញ្ចាំ​នៅ​ក្នុង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ធនាគារ និង​ក្នុង​កណ្ដាប់​ដៃ​ឈ្មួញ​កណ្ដាល។ លោក​ថា រឿង​សំខាន់ ការ​ខ្ចី​ប្រាក់​ទៅ​រក​លុយ ឬ​ខ្ចី​យក​ទៅ​ធ្វើ​អ្វី​ផ្សេង ហើយ​មាន​កសិករ​មួយ​ចំនួន​កំពុង​តែ​លុង​ខ្លួន​ដោយសារ​ផលិតផល​កសិកម្ម​ពុំ​មាន​តម្លៃ។

បញ្ហា​នេះ លោក​បណ្ឌិត​យល់​ថា ថ្វី​បើ​នេះ​ជា​កិច្ចសន្យា​រវាង​ភាគី​ទាំង​សងខាង​ក្ដី ប៉ុន្តែ​អាជ្ញាធរ​ក៏​មាន​តួនាទី​សំខាន់​ក្នុង​ការ​សម្របសម្រួល​បន្ធូរបន្ថយ​ការប្រាក់ និង​សង​តាម​ដំណាក់កាល​ណា​មួយ ពុំ​នោះ​ទេ​ករណី​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​ពលរដ្ឋ​កាន់​តែ​មាន​ច្រើន​ថែម​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល