ពាក្យ​បណ្ដឹង​រឿង​ពុករលួយ​ក្នុង​ឆ្នាំ​២០១៥​ថយ​ចុះ

ដោយ អ៊ុំ រង្សី
2015.12.31
តវ៉ា អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ៦១០ ប្រជាពលរដ្ឋ​នាំ​គ្នា​លើក​បដា​តវ៉ា​នៅ​ខាង​មុខ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ឧសភា ឆ្នាំ​២០១៤។
RFA

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ (ACU) ឲ្យ​ដឹង​ថា ពាក្យ​បណ្ដឹង​រឿង​ពុករលួយ​ក្នុង​ឆ្នាំ​២០១៥ ថយ​ចុះ ២០% បើ​ធៀប​នឹង​ឆ្នាំ​២០១៤។ សង្គម​ស៊ីវិល​យល់​ថា ការ​ថយ​ចុះ​នេះ​អាច​បណ្ដាល​មក​កត្តា​ពីរ​គឺ​ភាព​យឺតយ៉ាវ​ឆ្លើយ​តប​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​មក​កាន់​ប្រជាពលរដ្ឋ និង​យន្តការ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​មិន​មាន​ប្រសិទ្ធភាព។

សង្គម​ស៊ីវិល​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​អភិបាលកិច្ច​យល់​ថា ការ​ថយ​ចុះ​ពាក្យ​បណ្ដឹង​ប្ដឹង​ជុំវិញ​រឿង​ពុករលួយ​របស់​ប្រជាពលរដ្ឋ មក​កាន់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ជា​សញ្ញា​អវិជ្ជមាន​នៃ​ការ​អនុវត្ត​ការងារ​របស់​អង្គភាព​នេះ ពោល​គឺ​មិន​ទាន់​អាច​ឆ្លើយ​តប​ទៅ​នឹង​សេចក្ដី​ត្រូវ​ការ​របស់​ប្រជាពលរដ្ឋ​កម្ពុជា នៅ​ឡើយ។

ការ​លើក​ឡើង​របស់​សង្គម​ស៊ីវិល​នៅ​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អង្គភាព​នេះ​ចេញ​សេចក្ដី​ជូន​ដំណឹង​ស្ដីពី​កិច្ច​ប្រជុំ​លើក​ទី​២ អាណត្តិ​ទី​២ នៃ​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ បង្ហាញ​ថា រយៈពេល ១​ឆ្នាំ គឺ​ឆ្នាំ​២០១៥ នេះ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ទទួល​បាន​ពាក្យ​ប្ដឹង​ចំនួន ៧២២​ករណី ដែល​ក្នុង​នោះ​មាន​បណ្ដឹង​អនាមិក​ចំនួន ៣៦០​ករណី ស្មើ​នឹង ៤៦​ភាគរយ។ អង្គភាព​នេះ​អះអាង​ថា ចំនួន​នេះ​មាន​ការ​ថយ​ចុះ​ជាង​មុន ២០​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៤។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ មាន​ប្រសាសន៍​ថា ការ​ថយ​ចុះ​ពាក្យ​ប្ដឹង​ជុំវិញ​រឿង​ពុករលួយ​ជា​សញ្ញា​មិន​ល្អ​មួយ ព្រោះ​វា​អាច​បង្ហាញ​ថា ប្រជាពលរដ្ឋ​មិន​ហ៊ាន​លាតត្រដាង​បញ្ហា​ពុករលួយ​ដើម្បី​ចូល​រួម​កែប្រែ​សង្គម​ឲ្យ​កាន់តែ​ប្រសើរ​ឡើង។

លោក សន ជ័យ បាន​ឲ្យ​ដឹង​ទៀត​ថា លោក​សង្កេត​ឃើញ​ថា អំពើ​ពុករលួយ​នៅ​កម្ពុជា មិន​បាន​ថយ​ចុះ​នោះ​ទេ។ ជាក់ស្ដែង​ដូច​ជា​រឿង​ទំនាស់​ដីធ្លី បញ្ហា​ធនធាន​ធម្មជាតិ និង​ការ​ដោះស្រាយ​សេវា​សាធារណៈ​ជូន​ពលរដ្ឋ​ជាដើម។ លោក​អះអាង​ថា មាន​កត្តា​ពីរ​ដែល​ជំរុញ​ឲ្យ​ថយ​ចុះ​ពាក្យ​បណ្ដឹង​ប្ដឹង​ជុំវិញ​រឿង​ពុករលួយ​របស់​ប្រជាពលរដ្ឋ គឺ​ទី​១ មក​ការ​យឺតយ៉ាវ​ឆ្លើយ​តប​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​មក​កាន់​ប្រជាពលរដ្ឋ និង​កត្តា​ទី​២ មក​ពីរ​យន្តការ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​មិន​មាន​ប្រសិទ្ធភាព៖ «ការ​ឆ្លើយ​តប​មួយ​ដែល​មិន​ទាន់​ពេលវេលា អា​ហ្នឹង​ក៏​វា​អាច​ប៉ះពាល់​មក​លើ​អារម្មណ៍ និង​ទំនុក​របស់​ប្រជាពលរដ្ឋ​មក​លើ​បញ្ហា​អំពើ​ពុក​រលួយ»

​លោក​ចង់​ឃើញ​អង្គភាព​នេះ ដុះ​ខាត​ពង្រឹង​ប្រព័ន្ធ​អភិបាលកិច្ច​ល្អ​ឲ្យ​មាន​ប្រសិទ្ធភាព​ជា​មុន​សិន​ទើប​អាច​ទប់ស្កាត់​បញ្ហា​ពុករលួយ​នៅ​កម្ពុជា បាន៖ «គួរ​តែ​មាន​វិធានការ ឬ​យន្តការ​ណា​មួយ​ឆ្លើយ​តប​ទៅ​កាន់​ប្រជាពលរដ្ឋ​ឲ្យ​បាន​លឿន​ជាង​មុន ពិសេស​ត្រូវ​ពង្រឹង​សមត្ថភាព​មន្ត្រី ឲ្យ​មាន​ការ​ឆ្លើយ​តប​ឲ្យ​បាន​ឆាប់​រហ័ស ដើម្បី​លើក​ទឹក​ចិត្ត​ដល់​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​អំពើ​ពុក​រលួយ»

​ចំណែក​ឯ​ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល មិន​អាច​សន្និដ្ឋាន​ច្បាស់​ពី​ការ​ថយ​ចុះ​ពាក្យ​បណ្ដឹង​ថយ​ចុះ​នេះ​នៅ​ឡើយ​ថា តើ​មក​ពី​បញ្ហា​ពុករលួយ​ថយ​ចុះ? ឬ​ពលរដ្ឋ​ឈប់​ដាក់​ពាក្យ​ប្ដឹង​នោះ​ឡើយ។ ប៉ុន្តែ​លោក ព្រាប កុល នៅ​តែ​ជំរុញ​ឲ្យ​អង្គភាព​នេះ ដោះស្រាយ​រាល់​ពាក្យ​ប្ដឹង​ឲ្យ​មាន​ប្រសិទ្ធភាព ពិសេស​ត្រូវ​មាន​ច្បាប់​ការពារ​អ្នក​រាយការណ៍​អំពើ​ពុករលួយ៖ «យើង​ត្រូវ​ការ​ច្បាប់​ការពារ​អ្នក​រាយការណ៍ ឬ​សាក្សី​ពី​អំពើ​ពុក​រលួយ ដើម្បី​ផ្តល់​ការ​ជឿជាក់ មាន​ជំនឿ​ចិត្ត​ជាង​មុន ក្នុង​ការ​សហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ»

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​បន្ថែម​ពី​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ លោក ឱម យ៉ិនទៀង ជុំវិញ​ការ​អះអាង​ថា មាន​ចុះ​ពាក្យ​ប្ដឹង ២០% ក្នុង​ឆ្នាំ​២០១៥ ដោយសារ​មូលហេតុ​អ្វី​បាន​ឡើយ​នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ។ ប៉ុន្តែ​សេចក្ដី​ជូន​ដំណឹង​របស់​អង្គភាព​ប្រឆាំង​ពុករលួយ​ដដែល​បង្ហាញ​ថា ក្នុង​ចំណោម​ពាក្យ​ប្ដឹង​ទាំង ៧២២​ករណី នៅ​ក្នុង​ឆ្នាំ​២០១៥ នេះ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​បើក​បន្ទប់​ស្ដាប់​ចម្លើយ​ចំនួន ១៧៥​លើក។ ក្រៅ​ពី​ជូន​ដំណឹង ពាក្យ​ប្ដឹង​ថយ​ចុះ​នេះ​ដែរ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ក៏​បាន​ឲ្យ​ដឹង​ពី​ការងារ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល តាម​របប ២​ឆ្នាំ បាន​ចំនួន​ជាង ២​ម៉ឺន​រូប (២១.៦៨៣​រូប) ទើប​នឹង​តែងតាំង​ថ្មី​ចំនួន ២០០​រូប និង​លា​ឈប់ (ចប់​អាណត្តិ) ចំនួន ២០០​រូប។

យ៉ាង​ណា​ក៏ដោយ សង្គម​ស៊ីវិល​ក៏​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា កែទម្រង់​អំពើ​ពុករលួយ​ក្នុង​ប្រព័ន្ធ​តុលាការ​កម្ពុជា ដើម្បី​ឲ្យ​ពលរដ្ឋ​ឈប់​ភ័យ​ខ្លាច​ក្នុង​ការ​រាយការណ៍ ឬ​ដាក់​ពាក្យ​ប្ដឹង​ពី​បញ្ហា​ពុករលួយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ឃួង ស្រេង ពី​មន្ត្រី​ខណ្ឌ​តូច​តាច​ទៅ​ជា​អភិបាល​ក្រុង​ភ្នំពេញ​ដោយសារ​ស្នាដៃ​បម្រើ​គ្រួសារ​ត្រកូល​ហ៊ុន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។