អ្នកសម្របសម្រួលសមាគមសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារីស្នើ ឱ្យអាជ្ញាធរចាប់ខ្លួនមេបញ្ជាការរងកងទ័ពជើងទឹកមកផ្ដន្ទាទោសតាមច្បាប់ ក្រោយពីគេចខ្លួនអស់រយៈពេលជាងមួយខែមកហើយ បន្ទាប់ពីបានមានជម្លោះប្រដាប់អាវុធជាមួយជនជាតិចិន។
អ្នកស្រីបញ្ជាក់ថា សមត្ថកិច្ចមិនមានឆន្ទៈក្នុងការចាប់ខ្លួនជនសង្ស័យទេ ដោយសារតែជាមន្ត្រីមានអំណាច និងមានបក្សពួកជាខ្នងបង្អែកមន្ត្រីធំៗក្នុងជួររដ្ឋាភិបាល។ អ្នកស្រីនិយាយថា ការពន្យាពេលរបស់អាជ្ញាធរនេះបង្ហាញថា កម្ពុជាកំពុងអនុវត្តស្តង់ដារពីរ ដែលធ្វើឱ្យប្រជាពលរដ្ឋរិះគន់ថា តុលាការគ្មាននីតិរដ្ឋពិតប្រាកដនោះទេ។
តុលាការខេត្តព្រះសីហនុកាលពីដើមខែឧសភា បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនមេបញ្ជាការរងកងទ័ពជើងទឹកគឺលោក ហាស់ សុភា ពីបទសង្ស័យថា បានប្រើប្រាស់អំពើហិង្សាដោយមានស្ថានទម្ងន់ទោស។ នៅក្នុងសំណុំរឿងឈ្លោះប្រកែកគ្នាជាមួយជនជាតិចិនរហូតដល់មានការផ្ទុះអាវុធនៅក្នុងកោះរ៉ុង។
ស្នងការប៉ូលិសខេត្តព្រះសីហនុលោក ជួន ណារិន្ទ បញ្ជាក់ថា បើទោះបីជាករណីផ្ទុះអាវុធបានកើតមានឡើងជាងមួយខែមកហើយ ក៏លោកបញ្ជាក់ថា លោកមិនទាន់ទទួលបានដីកាបង្គាប់ឱ្យចាប់ខ្លួនជនសង្ស័យនៅឡើយ។ អាស៊ីសេរីមិនទាន់អាចទាក់ទងលោកព្រះរាជអាជ្ញាខេត្តព្រះសីហនុលោក សៀង សុខ បានទេ កាលពីថ្ងៃទី២០ មិថុនា ដោយសារតែ លោកមិនលើកទូរស័ព្ទ។
កាលពីថ្ងៃទី១៤ ខែឧសភា កន្លងទៅនេះក្នុងភោជនីយដ្ឋានមួយនៅកោះរុង មានការឈ្លោះប្រកែកគ្នាមួយរវាងជនជាតិចិន និងជនជាតិខ្មែរដែលឈានរហូតដល់ការផ្ទុះអាវុធបានកើតឡើង។ ក្រោយពីកើតហេតុក្រុមសមត្ថកិច្ចបានឃាត់ខ្លួនជនជាតិចិនចំនួន២៥នាក់ និងជនជាតិខ្មែរចំនួន៦នាក់។ ក្រោយពីបានសាកសួរសមត្ថកិច្ចក៏សម្រេចដោះលែងជនជាតិខ្មែរទាំង៦នាក់នោះ ឱ្យមានសេរីភាពវិញតែក្នុងចំណោមនោះមាន ២នាក់បានដោះលែងឱ្យនៅក្រៅឃុំ តែដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យពីតុលាការ។
តុលាការខេត្តព្រះសីហនុបានសម្រេចឃុំខ្លួនជនជាតិចិនចំនួន ១៦នាក់ ក្រោយពីបានប៉ះទង្គិចគ្នាដោយអាវុធជាមួយពលរដ្ឋខ្មែរតែជម្លោះប្រដាប់អាវុធនោះមិនមានមនុស្សណាម្នាក់រងរបួសនោះទេ។
ចំណែកជនជាតិចិនទាំង២៥នាក់ មានតែ១៦នាក់ប៉ុណ្ណោះ ជាជនសង្ស័យថា បានបង្កឱ្យមានអំពើហិង្សាកើតឡើង ចំណែកអ្នកផ្សេងទៀតមិនជាប់ពាក់ព័ន្ធទេ។ ចំណែកឯមេបញ្ជាការរងកងទ័ពជើងទឹកគឺលោក ហាស់ សុភា បានគេចខ្លួន ដោយមានសេរីភាពរហូតមកដល់ពេលនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។