អ្នក​វិភាគ​ថា​ការ​ធ្វើ​សមយុទ្ធ​នាគមាស​កម្ពុជា-ចិន​ អាច​មាន​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​កូវីត១៩ (COVID-19)

0:00 / 0:00

​អ្នក​វិភាគ​នយោបាយ​សង្គម​​យល់​ថា​ ការ​ធ្វើ​សមយុទ្ធ​យោធា​នាគ​មាស​​កម្ពុជា​-និងចិន ដែល​គ្រោង​នឹង​ធ្វើ​នៅ​​ពាក់​កណ្តាល​ខែ​មីនា​នេះ ​អាច​នឹង​នាំ​មក​ហា​និភ័យ​នៃ​ការ​ឆ្លង​វីរុស​បង្កជាជំងឺ​កូវីត​១៩ ​​ដល់​ប្រជា​ពល​រដ្ឋ​។​ ​ការ​លើក​ឡើង​នេះ​បន្ទាប់​ពី​​​​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការ​ពារ​ជាតិ​អះ​អាង​ថា​ ​កង​ទ័ពកម្ពុជា និង​កង​ទ័ព​រំដោះ​ប្រជាជន​ចិន នឹង​មិន​លុប​ចោល​គម្រោង​សមុទ្ធយោធានាគ​មាស​សម្រាប់​ឆ្នាំ២០២០នេះទេ។

អ្នក​វិភាគ​នយោ​បាយ​និង​សង្គមលោក​ គឹម​ សុខ​ ​មាន​ប្រសាសន៍​ថា​​​ការ​បន្ត​ធ្វើ​សមយុទ្ធយោធា​នាគ​មាស​​នេះ​ គឺ​​វា​ស្ថិត​នៅ​ក្រោម​ការ​សម្រេចចិត្ត​ជា​យុទ្ធសាសន៍​​របស់​ប្រទេស​ចិន​ ព្រោះ​ថា​ទាំង​សេដ្ឋកិច្ច​និង​នយោ​បាយ​របស់​កម្ពុជា ​កំ​ពុង​ស្ថិត​ក្រោម​ការ​ត្រួត​ត្រា​របស់​​ប្រទេស​កុម្មុយ​នីស្ត​មួយ​នេះ។

លោក​ថា​ការ​មិន​លប់​ចោល​សមយុទ្ធ​ជា​មួយ​នឹង​ចិន​នេះ​ គឺ​ស្រប​ទៅ​នឹង​នយោបាយ​បញ្រ្ចាស់​ទិស​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ​ហ៊ុន​ សែន​ ​ហើយ​ជា​ការ​មិន​ខ្វល់​អំ​ពី​ការ​ឆ្លង​មេរោគ​កូរ៉ូ​ណា​ ឬ​កូវិត​១៩ ​(Covid-19) ​នេះ​ ​ព្រោះ​កម្ពុជា​ចង់​ធ្វើ​ជា​មិត្ត​ដ៍​ស្មោះ​ស្ម័គ្រ​ជា​មួយ​ប្រទេស​ចិន​​គ្រប់​កា​ល:ទេ​ស: ​ដើម្បី​ការ​ពារ​អំ​ណាច​ បើទោះ​បី​ត្រូ​វបាត់​ EBA ឬ​ប្រឈម​នឹង​ការ​បាត់​បង់​ផ្នែ​ក​កា​ទូត​ជា​មួយ​ប្រទេស​លោកសេរី​ក៍​ដោយ។

"រឿង​នេះ​ជា​ការ​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ ​កម្ពុជា​ក្រោម​ការ​ដឹក​នាំ​របស់​លោក​ ហ៊ុន​ សែន​ នៅ​ក្រោមគន្លង​នៃ​ការ​បង្វិល​របស់​ចិនគ្រប់​យុទ្ធសាសន៍​ទាំង​អស់​។ ការ​លប់​ចោល​ឬ​មិន​លប់​ចោល​​វា​មិន​មែន​ជា​ការ​សម្រេច​របស់​លោក​ ហ៊ុន​ សែន​ ទេ​ ​ក៍​ប៉ុន្តែ​វា​ជា​ការ​គូស​វាស​របស់​ចិននៅ​ពេល​ដែល​មើល​ឃើញ​ថា​ជា​ប្រយោជន៍​របស់​ចិន​"។

ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​នេះ​ ​អ្នក​នាំ​ពាក្យ​​គណ:បក្ស​ប្រជា​ជន​កម្ពុជា​លោក​​​ ​សុខ​ ​ឥសាន្ត​ ​មាន​ប្រ​សាសន៍​ថា​​ កម្ពុជាបាន​​សម្រេច​មិនលុប​ចោល​ការ​ធ្វើ​សមយុទ្ធ​ជា​មួយ​ប្រទេស​ចិន​​​ គឺ​ដោយសារ​នៅ​កម្ពុជា​មិន​មាន​ជំ​ងឺ​កូ​វិត​១៩​ទេ ​ហើយ​ថា​នេះ​ជា​សំណាង​របស់​ពលរដ្ឋ​​កម្ពុជា។

"​នៅ​បណ្តា​ប្រទេស​គេ​លប់​ ដោយសារ​វា​មាន​ Covid-19 ចំណែក​នៅ​កម្ពុជា​វា​អត់​មាន​"​។

ទាក់​ទង​ទៅ​នឹង​ក្តី​បារម្ភ​អំ​ពី​ការ​ឆ្លង​មេរោគ​កូរ៉ូ​ណា​ ឬ​កូ​វិត​១៩​នេះ​ ​នៅ​ពេល​ដែល​កងទ័ព​ចិន​ជា​ច្រើន​នាក់​​គ្រោងនិង​​ចូលរួម​សមយុទ្ធជា​មួយ​កងទ័ព​កម្ពុជា​​ដែរ​នោះ​​ ​លោក​ សុខ​ ​ឥសាន្ត​ ​បានបដិសេធ​​ផ្តល់​ចម្លើយ​​អំ​ពី​រឿង​នេះ​ ​ហើយ​បាន​​បង្វែរ​សំ​ណួរ​នេះ​ទៅ​ក្រសួង​ការ​ពារ​ជាតិវិញ។

អាស៊ី​សេរី​បាន​ព្យា​យាម​ទាក់​ទង​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​លោក​ ទៀ​ បាញ់​ ​នឹង​អ្នក​នាំ​ពាក្យ​លោក​ ឈុំ សុជាតិ​ ​ព្រម​ទាំង​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​លោក​ ផៃ​ ស៊ី​ផាន​ ​នៅ​ថ្ងៃ​ទី​២​ខែ​មីនា​​នេះ​ប៉ុន្តែ​ទូរស័ព្ទ​រោរ៍​តែមិន​មាន​អ្នក​ទទួល។

ទោះ​បី​ជា​យ៉ាង​ណា​ក៍​ដោយ​លោក​ ​ទៀ​ ​បាញ់​ បាន​បញ្ជាក់​នៅ​ចំ​ពោះ​មុខ​ឯក​អគ្គ​រដ្ឋទូត​ចិន​នៅ​កម្ពុជា​លោក​ វ៉ាង​ វ៉ែនធៀន​ ​(Wang Wentian)​ ​នៅ​ថ្ងៃ​ទី​២​ខែ​​មីនាថា​ កង​ទ័ព​កម្ពុជា និង​កង​ទ័ព​រំដោះ​ប្រជាជន​ចិន នឹង​មិន​លុប​ចោល​គម្រោង​សម​យុទ្ធយោ​ធា​នាគ​មាស​សម្រាប់​ឆ្នាំ២០២០ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​១៤​​ខែមីនា ដល់​ថ្ងៃទី​១​ខែ​មេសា​ បើ​ទោះបី​ជា​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ថ្មី COVID-19 កំ​ពុង​វាយ​លុក​​ប្រ​ទេស​ចិន​យ៉ាង​ណា​ក៏​ដោយ។

ក្នុង​ពេល​ជំនួប​នោះ​ ​លោក​ ទៀ បាញ់ បាន​នាំយក​​សម្ភារៈ​ការ​ពារ​ទប់​ស្កាត់​វីរុស​ បង្ករ​ជំងឺ COVID-19 ឬ មេរោគកូរ៉ូណា ដែល​ជាអំ​ណោយ​របស់​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​ជូន​ដល់​ភាគី​ចិន​ផង​ដែរ​។

សម​យុទ្ធ​យោ​ធា​នាគ​មាស​ឆ្នាំ​២០២០ ​នេះ​ ក៏​​ដូច​ជា​សម​យុទ្ធ​លើក​មុនៗ​ដែរ គឺ​នឹង​ប្រ​ព្រឹត្ត​ទៅ​ក្រោម​ប្រធាន​បទ "ប្រឆាំង​ភេរវកម្ម និង​កិច្ច​ ការ​មនុស្ស ​ធម៌"។ សម​យុទ្ធនេះ​នឹង​ធ្វើ​ឡើង​នៅស្រុក​ជុំ​គិរី​​ ខេត្ត​​កំពត ដោ​​យ​មាន​កង​ទ័ព​ប្រទេស​ទាំងពីរ​ចូល​រួម​ជាង២ ពាន់​នាក់។

ភាគី​កម្ពុជា និង​ចិន អះ​អាង​ដូចគ្នាថា​សម​យុទ្ធ​នេះ​នឹង​ធ្វើ​ឱ្យ​ទំនាក់​ទំនង​រវាង​កង​ទ័ព​ប្រទេស​ទាំងពីរ​កាន់​តែមាន​ភាព​ជិតស្និទ្ធិថែម​ទៀត។

គិត​​ចាប់​តាំងពី​ឆ្នាំ​២០១៦​ មក​ កង​ទ័ព​កម្ពុជា​បាន​រៀប​ចំ​សម​យុទ្ធ​នាគ​មាស​ជាមួយ​​កង​ទ័ព​ចិន បាន​ចំនួន​៣ លើក​រួចមក​​ហើយ ហើយ​កម្ពុជា​ក៏​ទទួល​បាន​ជំនួយ​​យោធា​ច្រើន​សន្ធឹក​​សន្ធាប់​ពី​ប្រទេស​ចិន​ដែរ​ក្នុង​​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

ទោះ​ជា​យ៉ាង​ណាការ​ពង្រឹង​ទំនាក់​ទំនង​យោ​ធា​ជា​មួយ​ប្រ​ទេស​ចិននិង​ការ​បដិសេធ​ធ្វើ​សមយុទ្ធ​យោ​ធា​ជា​មួយ​ប្រ​ទេស​លោក​ខាង​លិច​ក្នុង​ពេល​កន្លង​ទៅ​បាន​ធ្វើ​ឱ្យ​កម្ពុជា​ដើរ​ឃ្លាត​ឆ្ងាយ​បន្តិច​ម្តងៗ​​ពី​ក្រុម​មហា​អំណាច​លោកសេរី​​នៅលើ​វិស័យ​ការ​ពារ​ជាតិ

ជា​ឧទាហរណ៍ កម្ពុជា​ក្រោម​ការ​ដឹក​នាំ​របស់​លោក ហ៊ុន សែន បាន​លុប​ចោល​សមយុទ្ធ​​យោធា “ឆ្មាំអង្គរ” ជាមួយ​សហរដ្ឋ​អាមេរិក និង​សមយុទ្ធ​យោធា​ ដនគោព្រៃ (Dawn Kouprey) ជា​មួយ​ប្រទេស​អូស្ត្រាលី នៅ​ចុង​ឆ្នាំ ២០១៧ ហើយ​មក​ទល់​ពេល​នេះ រដ្ឋាភិបាល​កម្ពុជា​​​មិនដែល​និយាយ​ដល់​ការ​រៀប​ចំ​សមយុទ្ធ​យោធា​ជាមួយ​​ប្រទេស​លោក​សេរី​ទាំងពីរ​នេះ​វិញ​ឡើយ៕