រយៈពេលជិតពីរសប្ដាហ៍ហើយដែលកម្ពុជា បានដាក់សំណើទៅអាជ្ញាធរថៃ ដើម្បីបញ្ជូនមន្ត្រីជំនាញទៅពិនិត្យវត្ថុសិល្បៈ ដែលអាជ្ញាធរថៃ រក្សាទុក បន្ទាប់ពីរឹបអូសបានពីមន្ត្រីជាន់ខ្ពស់នគរបាលថៃ កាលពីខែមុន។
អាជ្ញាធរកម្ពុជា ដែលនៅទន្ទឹងចម្លើយពីអាជ្ញាធរថៃ អះអាងថា បានត្រៀមមន្ត្រីជំនាញ និងឯកសារចាំបាច់មួយចំនួន ដើម្បីកំណត់អត្តសញ្ញាណវត្ថុសិល្បៈទាំងនោះ ដោយរំពឹងថា ប្រសិនបើជាវត្ថុដែលនាំចេញពីប្រទេសខ្មែរប្រាកដមែននោះ នឹងអាចដាក់សំណើសុំអោយភាគីថៃ បញ្ជូនមកវិញ។
មន្ត្រីការបរទេសកម្ពុជា កំពុងធ្វើការជាមួយអាជ្ញាធរថៃ ដើម្បីបើកផ្លូវអោយមន្ត្រីជំនាញអាចទៅពិនិត្យ និងថតរូបវត្ថុសិល្បៈ ដែលអាជ្ញាធរថៃ ចាប់បាន។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង មានប្រសាសន៍កាលពីថ្ងៃទី១៦ ខែធ្នូ ថា បន្ទាប់ពីបានដាក់សំណើមកដល់ពេលនេះ នៅពុំទាន់មានដំណឹងឆ្លើយតបយ៉ាងណាពីអាជ្ញាធរថៃ នៅឡើយ។ លោក កុយ គួង បញ្ជាក់ថា ការកំណត់អត្តសញ្ញាណវត្ថុសិល្បៈទាំងនោះ គឺជាជំហានដំបូង និងសំខាន់ មុនពេលឈានដល់ការដាក់សំណើណាមួយ ដើម្បីសុំយកវត្ថុសិល្បៈទាំងនោះមកកម្ពុជា វិញ។ លោកថា សំខាន់ គឺត្រូវអោយមានការយល់ព្រមពីភាគីថៃ ដើម្បីអោយមន្ត្រីជំនាញ ដូចជាខាងក្រសួងវប្បធម៌ អោយចូលទៅពិនិត្យមើលសិន អោយដឹងថាពិតជារបស់ខ្មែរ។ លោក កុយ គួង បន្តថា កន្លងទៅប្រទេសថៃ ធ្លាប់បានប្រគល់វត្ថុបុរាណមួយចំនួនមកអោយខ្មែរវិញដែរ តាមបទដ្ឋានច្បាប់អន្តរជាតិ ដែលប្រទេសទាំងពីរធ្លាប់បានព្រមព្រៀងគ្នា។
បណ្ដាញផ្សាយព័ត៌មាន ឌឹ ណេសិន ថៃ (The Nation Thai) ផ្សព្វផ្សាយថា មន្ត្រីជាន់ខ្ពស់អាជ្ញាធរថៃ ឧត្ដមសេនីយ៍ សមយ៉ុត ពុំប៉ាន់មួង (Somyot Poompanmuang) បានប្រាប់អ្នកសារព័ត៌មានកាលពីខែមុនថា វត្ថុសិល្បៈចំនួន៥០ ដែលរួមមានបដិមាព្រះពុទ្ធអង្គ និងអាទិទេពសាសនាដទៃមួយចំនួនទៀត ត្រូវចាប់បាននៅពេលសមត្ថកិច្ចចាប់ខ្លួនមន្ត្រីជាន់ខ្ពស់នគរបាល និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។ ក្នុងចំណោមនោះ មានវត្ថុសិល្បៈចំនួន១៣ ជាវត្ថុសិល្បៈ ដែលមានរចនាបថសិល្បៈខ្មែរ និងទំនងថាអាចត្រូវគេនាំពីកម្ពុជា ទាំងស្រប និងខុសច្បាប់។
មន្ត្រីការបរទេសកម្ពុជា បានដាក់សំណើសុំពិនិត្យវត្ថុសិល្បៈទាំងនោះរយៈពេលជិតពីរសប្ដាហ៍មកហើយ គឺបន្ទាប់ពីបានដឹងព័ត៌មាននេះ។ ចំណែកមន្ត្រីជាន់ខ្ពស់នៃក្រសួងវប្បធម៌ ក៏បានបញ្ជាក់ដែរថា ក្រុមជំនាញកំពុងត្រៀមឯកសារផ្លូវច្បាប់នានា ពាក់ព័ន្ធនឹងករណីនេះដែរ។
អគ្គនាយកបេតិកភណ្ឌនៃក្រសួងវប្បធម៌ លោក ប្រាក់ សុណ្ណារ៉ា មានប្រសាសន៍ថា មកដល់ពេលនេះ លោកនៅមិនទាន់បានទទួលព័ត៌មានផ្លូវការណាមួយ ថាតម្រូវអោយក្រុមលោកចូលរួមការងារកំណត់អត្តសញ្ញាណវត្ថុសិល្បៈទាំងនោះនៅឡើយ ប៉ុន្តែក្រុមការងាររបស់លោកបានត្រៀមរួចហើយ នឹងចូលរួមកិច្ចការនេះ។ លោកថា ប្រសិនបើក្រសួងការបរទេស មានតម្រូវការ ក្រុមលោកនឹងចូលទៅពិនិត្យភ្លាម មុនពេលបញ្ជាក់ថាអាចមានវិធានការបែបណា។ លោកបន្តថា ពេលនេះ ភូមា និងប្រទេសឡាវ កំពុងស្នើសុំទៅមើលវត្ថុបុរាណទាំងនោះដែរ។
បណ្ដាញផ្សាយព័ត៌មាន ឌឹ ណេសិន ថៃ បញ្ជាក់ថា វត្ថុសិល្បៈដែលអាជ្ញាធរថៃ រក្សាទុកនោះមួយចំនួនទៀត មានប្រភពពីប្រទេសឡាវ ភូមា ឬ មីយ៉ាន់ម៉ា (Myanmar) និងតំបន់មួយចំនួនក្នុងប្រទេសថៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។