កម្មករ​រោងចក្រ​ថៅកែ​ម៉ាឡេស៊ី​បន្ត​ការ​តវ៉ា​ឱ្យ​ថៅកែ​បើក​ប្រាក់​ឈ្នួល​ឱ្យ​ទៀងទាត់​តាមច្បាប់​ការងារ

ក្រុម​កម្មករ​ជិត ១​ពាន់​នាក់​នៃ​រោងចក្រ ឃេនធឹរ៉េន អាផារ៉ែល (Canteran Apparel) បន្ត​ធ្វើ​កូដកម្ម​ដោយ​ទាមទារ​ឱ្យ​ថៅកែ​ម៉ាឡេស៊ី​កាត់​ចិន បើកប្រាក់​ឈ្នួល​រាល់ ២​សប្ដាហ៍​ម្ដង កុំ​ឱ្យ​មាន​ភាព​យឺតយ៉ាវ​នៅ​ពេល​លើក​ក្រោយ​ទៀត។

តំណាង​កម្មករ លោកស្រី សាន់ សុផា ប្រាប់​នៅ​អាស៊ីសេរី​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ មីនា នេះ ថា ការ​តវ៉ា​រយៈពេល ៣​ថ្ងៃ មកនេះ ភាគី​ក្រុមហ៊ុន​នៅតែ​ប្រកាន់​គោល​ជំហរ​ដដែល ដោយ​បើកប្រាក់​ឈ្នួល​នៅសល់​២៥%​ទៀត​ឱ្យ​កម្មករ​នៅ​ដើមខែ​ក្រោយ ដោយ​មិន​គោរព​តាមច្បាប់​ការងារ​នោះ​ឡើយ។

លោកស្រី​បន្ត​ថា មក​ដល់​ពេល​នេះ គឺ​មិន​ឃើញ​មាន​វត្តមាន មន្ត្រី​ដោះស្រាយ​វិវាទ​នៃ​ក្រសួង​ការងារ ចុះ​អន្តរាគមន៍​និង​សម្របសម្រួល​រឿង​នេះ​ទៀត​ទេ​។ លោកស្រី បញ្ជាក់​ថា ក្រុម​កម្មករ ចង់​ឱ្យ​ថៅកែ​ចេញ​លិខិតស្នាម​ជា​លាយលក្ខណ៍អក្សរ​មួយ​ដោយ​កំណត់ពេល​ជាក់លាក់ ក្នុង​ការ​បើកប្រាក់​ឈ្នួល​ឱ្យ​កម្មករ​តែប៉ុណ្ណោះ។

រោងចក្រ ឃេនធឹរ៉េន អាផារ៉ែល (Canteran Apparel) ដែល​ក្រុម​កម្មករ​​ធ្វើ​កូដកម្ម​​ទាមទារ​ឱ្យ​ថៅកែ​ម៉ាឡេស៊ី​កាត់​ចិន បើកប្រាក់​ឈ្នួល នៅ​ថ្ងៃ​ទី២៦ ខែ​មីនា ឆ្នាំ​២០២០។
រោងចក្រ ឃេនធឹរ៉េន អាផារ៉ែល (Canteran Apparel) ដែល​ក្រុម​កម្មករ​​ធ្វើ​កូដកម្ម​​ទាមទារ​ឱ្យ​ថៅកែ​ម៉ាឡេស៊ី​កាត់​ចិន បើកប្រាក់​ឈ្នួល នៅ​ថ្ងៃ​ទី២៦ ខែ​មីនា ឆ្នាំ​២០២០។ (Photo courtesy)

តំណាង​កម្មករ​រូប​នេះ ឱ្យ​ដឹង​ថា កម្មករ​ប្រមាណ​ជាង​៤០០​នាក់​ចូល​ធ្វើ​ការងារ ដោយសារ​ថៅកែ​ដាក់​គំរាម​មិន​បើកប្រាក់​ឈ្នួល​ឱ្យ​ពួកគេ​បើ​មិន​ព្រម​ចូល​ធ្វើ​ការ​វិញ​។ ចំណែក​កម្មករ​ជាង​៤០០​នាក់​ដែល​នៅ​តវ៉ា​ក៏បាន​បំបែក​គ្នា​ទៅផ្ទះ​រៀងៗ​ខ្លួន ព្រោះ​ខ្លាច​ជំងឺឆ្លង​កូវីដ​១៩ ដែល​កំពុង​កើតឡើង​ក្នុងស្រុក។

ក្រុម​កម្មករ​អះអាង​ថា ពួកគេ​នឹង​ប្រមូលផ្ដុំ​គ្នា​តវ៉ា​មុខ​រោងចក្រ​នៅ​ថ្ងៃស្អែក​បន្ត​ទៀត រហូត​ដល់​មាន​ដំណោះស្រាយ​ដែល​អាច​ទទួល​យក​បាន។

ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា លោក ប៉ាវ ស៊ីណា ស្នើ​ឱ្យ​ក្រសួង​ការងារ​ចុះ​ដោះស្រាយ​វិវាទ​ការងារ​មួយ​នេះ ឱ្យ​បាន​ម៉ឺងម៉ាត់​និង​មាន​វិធានការ​ជាក់លាក់​ជាមួយ​ក្រុមហ៊ុន​ដើម្បី​ដោះស្រាយ​បញ្ហា​លំបាក​របស់​កម្មករ ដែល​កំពុង​ប្រឈម​និង​ការ​ខ្វះខាត​ថវិកា សម្រាប់​ប្រើប្រាស់​លើ​ការ​ចំណាយ​ផ្សេងៗ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។