មន្ត្រីជាន់ខ្ពស់ប៉ូលិសជាតិឱ្យដឹងថា ចិនបានបង្កើតការិយាល័យសម្របសម្រួល ដើម្បីចាប់ជនជាតិចិនដែលប្រព្រឹត្តបទល្មើសនៅកម្ពុជា ហើយបញ្ជូនពួកគេទៅអនុវត្តទោសនៅប្រទេសចិន។ ប៉ុន្តែសង្គមស៊ីវិលចង់ឱ្យអាជ្ញាធរកម្ពុជាផ្ដន្ទាទោសជនល្មើសទៅតាមច្បាប់របស់ខ្មែរជាមុនសិន ព្រោះនេះជាការអនុវត្តច្បាប់របស់ប្រទេសនីមួយៗនៅសកលលោក។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានប្រាប់អាស៊ីសេរីថា សមត្ថកិច្ច កំពុងសហការជាមួយមន្ត្រីនគរបាលចិន ដើម្បីចាប់ជនជាតិចិន ដែលប្រព្រឹត្តបទល្មើសនៅប្រទេសចិន ហើយបានមកលាក់ខ្លួននៅកម្ពុជា។
រដ្ឋាភិបាលកម្ពុជា និងចិនបានចុះអនុស្សរណៈយោគយល់មួយ (MoU) ដើម្បីបង្កើតការិយាល័យសម្របសម្រួលអនុវត្តច្បាប់ កាលពីខែមករា ឆ្នាំ២០១៩ ដើម្បីធ្វើការស៊ើបអង្កេត និងចាប់ខ្លួនជនជាតិចិនដែលបង្កអសន្តិសុខ ហើយបានបង្កការភ័យខ្លាចដល់ជនជាតិចិន និងអ្នកវិនិយោគទុនចិនមួយចំនួននៅប្រទេសកម្ពុជា។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន មានប្រសាសន៍ថា ការិយាល័យសម្របសម្រួលអនុវត្តច្បាប់នេះ មានទីតាំងស្ថិតនៅក្នុងអគ្គស្នងការនគរបាលជាតិ ហើយមានទីប្រឹក្សា ៣នាក់ ដែលជាមន្ត្រីនគរបាលជាន់ខ្ពស់ចិន កំពុងធ្វើការជាមួយមន្ត្រីនគរបាលរបស់លោក៖ «យើងខ្ញុំមានការបង្កើតការិយាល័យសម្របសម្រួលអនុវត្តច្បាប់ ហើយការិយាល័យសម្របសម្រួលអនុវត្តច្បាប់នេះ មិនមែនឱ្យសមត្ថកិច្ចចិនមកចាប់ខ្មែរទេ ឬមកចាប់ចិននៅស្រុកខ្មែរទេ គ្រាន់តែដាក់ទីប្រឹក្សាពីរបីនាក់ ដើម្បីយកសំណុំរឿងមកពិគ្រោះយោបល់ជាមួយនគរបាលកម្ពុជា»។
ទោះបីយ៉ាងណា សង្គមស៊ីវិលចង់ឱ្យអាជ្ញាធរកម្ពុជា ផ្ដន្ទាទោសជនជាតិចិនទៅតាមច្បាប់ប្រទេសរបស់ខ្លួន មុននឹងបញ្ជូនទៅប្រទេសចិនវិញ បើទោះបីជនល្មើសទាំងនេះមានដីកាតាមចាប់ខ្លួនពីអាជ្ញាធរចិនក៏ដោយ ព្រោះថាពួកគេបានប្រព្រឹត្តបទល្មើសនៅកម្ពុជា។
កន្លងមកសង្គមស៊ីវិលសង្កេតឃើញថា ចិនដែលប្រព្រឹត្តបទល្មើសនៅកម្ពុជា និងប្រព្រឹត្តបទល្មើសនៅចិន បានមកលាក់ខ្លួននៅកម្ពុជា ត្រូវបានកម្ពុជាចាប់បញ្ជូនចេញទៅចិនវិញ ដោយមិនបានផ្ដន្ទាទោសជនទាំងអស់នោះទេ។ សង្គមស៊ីវិលថា ទង្វើនេះ បណ្ដាលឱ្យជនល្មើសមិនញញើតប្រព្រឹត្តបទល្មើសនៅកម្ពុជាឡើយ។
ប៉ុន្តែ លោក ឆាយ គឹមខឿន បញ្ជាក់ថា ប្រសិនបើជនជាតិចិនប្រព្រឹត្តបទល្មើសនៅកម្ពុជា ពួកគេនឹងត្រូវផ្ដន្ទាទោសនៅស្រុកខ្មែរ៖ «យើងសហការតាមចាប់ខ្លួន តែយើងពិនិត្យសំណុំរឿងច្បាស់លាស់ បើសិនអ្នកទាំងនោះប្រព្រឹត្តបទល្មើស យើងស្រាវស្រាវជ្រាវរកឃើញអ្នកទាំងហ្នឹងប្រព្រឹត្តបទល្មើសនៅកម្ពុជា យើងត្រូវអនុវត្តច្បាប់នៅកម្ពុជា»។
លោកបន្ថែមទៀតថា អាជ្ញាធរកម្ពុជាត្រូវពិភាក្សាជាមួយការិយាល័យសម្របសម្រួលអនុវត្តច្បាប់នេះមុននឹងធ្វើការចាប់ខ្លួនជនជាតិចិនណាដែលប្រព្រឹត្តបទល្មើស៖ «សូមកុំច្រឡំថា ចិនប៉ុន្មាននាក់ហ្នឹងយកមកធ្វើជំនាញការ ឬមកត្រួតប៉ូលិសខ្មែរ មិនមែនទេណាស់។ អ្នកទាំងនេះគ្រាន់តែជាអ្នកសម្របសម្រួល តាំងពីឯកសារ សំណុំរឿងទាំងអស់ ដើម្បីធ្វើការជាមួយយើង ទៅអង្កេតហើយត្រឡប់មកវិញ យើងពិគ្រោះ សួរនាំដេញដោល ហើយយើងបើកប្រតិបត្តិការ»។
លោក ឆាយ គឹមខឿន បានប្រាប់អាស៊ីសេរី អំពីការបង្កើតការិយាល័យសម្របសម្រួលចិននេះ បន្ទាប់ពីសមត្ថកិច្ចបានឃាត់ជនជាតិចិន២៦នាក់ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីបានរកឃើញថា ពួកគេបានបើកល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអ៊ីនធឺណិត កាលពីថ្ងៃទី១៤ ខែធ្នូ។
ការចាប់ខ្លួននេះ ត្រូវបានធ្វើឡើងដោយកម្លាំងសមត្ថកិច្ចមកពីអគ្គស្នងការនគរបាលជាតិ សហការជាមួយនគរបាលមូលដ្ឋានព្រមទាំងមានការចូលរួមពីការិយាល័យសម្របសម្រួលអនុវត្តច្បាប់របស់អាជ្ញាធរចិន។
ជនជាតិចិនទាំងនេះបានប្រព្រឹត្តបទល្មើសនៅប្រទេសចិន ហើយបានមកលាក់ខ្លួននៅក្រុងប៉ោយប៉ែត ហើយបើកល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណិត។
លោកបញ្ជាក់ថា ជាជំហានដំបូងមានមន្ត្រីនគរបាលជនជាតិចិននៅការិយាល័យសម្របសម្រួលអនុវត្តច្បាប់ចំនួនបីនាក់ ប៉ុន្តែពួកគេអាចប្រើប្រាស់កម្លាំងមួយចំនួនទៀតចេញពីស្ថានទូតចិននៅពេលចាំបាច់។
នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (Licadho) លោក អំ សំអាត អាជ្ញាធរគួរតែផ្ដន្ទាទោសទៅលើជនជាតិចិនដែលបានប្រព្រឹត្តបទល្មើសនៅកម្ពុជា បើទោះបីជាពួកគាត់មានដីកាតាមចាប់ខ្លួនពីអាជ្ញាធរចិនក៏ដោយ៖ «គួរតែខ្មែរយើងនេះអនុវត្តច្បាប់ខ្មែរ ហើយធ្វើការផ្ដន្ទាទោសតាមបទល្មើសដែលបានប្រព្រឹត្តនៅខ្មែរ ហើយទើបបញ្ជូនទៅឱ្យចិនវិញ ហើយបូកនឹងបត្យាប័នចំពោះទោសដែលបានប្រព្រឹត្តនៅស្រុកខ្មែរ ដើម្បីឱ្យចិនអនុវត្តទោសចំពោះបទល្មើសនៅប្រទេសចិន ហើយបន្ថែមនូវអ្វីដែលកម្ពុជាយើងបានអនុវត្តឬកាត់ទោសចិនដែលប្រព្រឹត្តនៅប្រទេសខ្មែរ»។
លោកថា ជាធម្មតាបើកាលណាជនជាតិចិនប្រព្រឹត្តបទល្មើសនៅកម្ពុជា ច្បាប់ខ្មែរនិងតុលាការខ្មែរជាអ្នកធ្វើការវិនិច្ឆ័យមុននិងបញ្ជូនទៅប្រទេសចិន លើកលែងតែជនល្មើសទាំងនោះប្រព្រឹត្តនៅប្រទេសចិនហើយរត់មកលាក់ខ្លួននៅប្រទេសកម្ពុជា។ដូច្នេះកម្ពុជាអាចចាប់បញ្ជូនជនល្មើសទាំងនេះត្រឡប់ទៅប្រទេសចិនវិញ។
កន្លងមក អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃកម្ពុជា បានចាប់បញ្ជូនជនជាតិចិនចំនួន ៩០៦ នាក់ ទៅប្រទេសចិនវិញ ក្នុងនោះមានស្រី ១៧២នាក់ នៅឆ្នាំ២០១៩នេះ។
ចំណែកស្ថានទូតចិននៅកម្ពុជា ធ្លាប់បានចេញរបាយការណ៍មួយបញ្ជាក់ថា ជនជាតិចិនចំនួនជាង១.០០០នាក់ ត្រូវបានបញ្ជូនទៅប្រទេសចិនវិញក្នុងឆ្នាំនេះ ពួកគេភាគច្រើនជាប់ពាក់ព័ន្ធបទល្មើសសេដ្ឋកិច្ចនៅប្រទេសចិន និងមួយចំនួនជាប់ពាក់ព័ន្ធទៅនឹងបទល្មើសល្បែងភ្នាល់តាមប្រព័ន្ធអ៊ីនធឺណិតខុសច្បាប់ និងមួយចំនួនពាក់ព័ន្ធនឹងបទក្លែងបន្លំឆបោកតាមរយៈទូរគមនាគមន៍នៅកម្ពុជា (VOIP)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។