អាជ្ញាធរ​កម្ពុជា​ឃាត់​ខ្លួន​ជន​ជាតិ​ចិន​ម្នាក់​ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀន

មន្ទីរ​ប្រឆាំង​បទ​ល្មើស​គ្រឿង​ញៀន​បាន​បញ្ជូន​ជន​ជាតិ​ចិន​ម្នាក់​ទៅ​កាន់តុលាការ​ក្រុង​ភ្នំ​ពេញ​នៅ​ព្រឹក​ថ្ងៃ​ទី​២៤​ខែ​កុម្ភ: ​បន្ទាប់​ពី​បាន​សង្ស័យ​ថា​បាន​ជួញ​ដូរ​គ្រឿង​ញៀន​។

អគ្គលេខាធិការ​នៃ​អគ្គ​លេខាធិការ​ដ្ឋាន​អាជ្ញាធរ​ជាតិ​ ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​លោក​ ​មាស​ ​វីរឹទ្ធ ​ប្រាប់​អាស៊ីសេរី​ថា​ ​ជន​សង្ស័យ​នេះ​​ បាន​បញ្ជូនទៅឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស។

លោក​ថា​ ​ជន​សង្ស័យ​ដដែលនេះ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ជួញ​ដូរ​ ​និង​រក្សា​ទុក​គ្រឿង​ញៀន​តាម​មាត្រា​៤០-៤១​ ​នៃ​ច្បាប់​ប្រឆាំង​គ្រឿង​ញៀន។

​ជន​ជាតិ​ចិន​ម្នាក់​នេះ​ត្រូវ​បាន​ឃាត់​ខ្លួន​កាលពី​ថ្ងៃ​ទី​២១​ខែ​កុម្ភ: នៅ​មុខ​សណ្ឋាគារ​មួយ​ក្នុងសង្កាត់​បឹង​កេង​កង​២​ ​​ទី​ក្រុង​ភ្នំ​ពេញ បន្ទាប់​ពី​បាន​ឆែក​ឃើញសារធាតុ​ញៀន​ប្រភេទ​មេតំ​ហ្វេតាមីន​ប្រមាណ​ជិត​១​គី​ឡូ​ក្រាម​ (៩៩៤.១០​ក្រាម)​​។

លោកបញ្ជាក់​​ថា​ភ្នាក់​ងារ​នគរបាល​យុត្តិ​ធម៌​​ ​នៃ​មន្ទីរ​ប្រឆាំង​បទ​ល្មើស​គ្រឿង​ញៀនកំពុង​បន្ត​ការ​ស្រាវ​ជ្រាវ​ដើម្បី​រក​បណ្តាញ​មេខ្លោង​ដែល​មានទំ​នាក់​ទំ​នង​ជា​មួយ​នឹង​ជន​ល្មើស​៕

​​