រដ្ឋាភិបាលអះអាងថា ភ្ញៀវទេសចរចិនកើនឡើង ២៤.៤ភាគរយ
2019.12.19
ក្រសួងទេសចរណ៍អះអាងថា ភ្ញៀវទេសចរចិន មានការកើនឡើង ២៤.៤ភាគរយក្នុងរយៈពេល ១០ខែដើមឆ្នាំ ២០១៩នេះ បើធៀបទៅនឹងឆ្នាំ ២០១៨។ ប៉ុន្តែមន្ត្រីសមាគមមគ្គទេសទេសចរ ថា ទេសចរចិនមានចំនួនតិចនៅខេត្តសៀមរាប ហើយទេសចរចិនមិនបានផ្ដល់ចំណូលដល់ពលរដ្ឋខ្មែរនោះទេ។
របាយការណ៍ក្រសួងទេសចរណ៍បានឱ្យដឹងថា ភ្ញៀវទេសចរចិនប្រមាណជាង ២លាននាក់ ក្នុងចំណោម ទេសចរសរុបចំនួន ៥លាន២សែន ៩ម៉ឺន លាននាក់ បានមកទស្សនាប្រទេសកម្ពុជាក្នុងរយៈពេល ១០ខែដើមឆ្នាំនេះ។
លោក ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ បានប្រាប់សារព័ត៌មានស៊ីនហួរ ផ្សាយកាលពីថ្ងៃទី ១៧ ធ្នូ ថា ប្រទេសចិនគឺជាទីផ្សារដ៏ធំមួយសម្រាប់ឧស្សាហកម្មទេសចរណ៍របស់កម្ពុជា។
ចំណែកក្នុងអំឡុងពេល ១០ ខែដើមឆ្នាំនេះ មានភ្ញៀវទេសចរអន្តរជាតិសរុបចំនួន ៥លាន ២សែន ៩ម៉ឺន នាក់ បានធ្វើដំណើរមកប្រទេសកម្ពុជា គឺកើនឡើង ៩.៧ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទោះបីយ៉ាងណា ប្រធានសមាគមមគ្គទេសក៍អង្គរខេត្តសៀម រាប លោក ខៀវ ធី ប្រាប់អាស៊ីសេរីនៅថ្ងៃពុធទី១៨ធ្នូថា លោកកត់សំកាល់ថា ភ្ញៀវទេសចរចិនហាក់ធ្លាក់ចុះខ្លាំងនៅក្នុង ខេត្តសៀមរាប ព្រោះពួកគេភាគច្រើនបានទៅលេងនៅក្រុងព្រះសីហនុ។
លោកថា ឆ្នាំមុនមានយន្តហោះចុះចតនៅខេត្តសៀម រាប យ៉ាងហោចណាស់មាន ៣គ្រឿងក្នុងមួយថ្ងៃ ប៉ុន្តែឆ្នាំនេះមានតែមួយគ្រឿង ហើយថ្ងៃខ្លះអត់មានតែម្ដង៖ «ភ្ញៀវជនជាតិចិនទៅលេងក្រុងកំពង់សោមច្រើន។ បើភ្ញៀវមកលេងតំបន់សៀមរាបអង្គរ យើងអត់សូវឃើញច្រើនទេ ហើយស្ងាត់បើប្រៀបធៀបទៅនឹងឆ្នាំមុនៗ គឺឆ្នាំនេះស្ងាត់ណាស់នៅសៀមរាបយើង»។
លោកបន្តថា ភ្ញៀវទេសចរចិនមិនបានផ្ដល់ប្រយោជន៍ច្រើនដល់ប្រជាពលរដ្ឋខ្មែរទេ ព្រោះពួកគេច្រើនមកជាក្រុម មានចំនួនច្រើន ហើយត្រូវការមគ្គទេសក៍ និងអ្នកបើកបរខ្មែរមានចំនួនតិចតួច៖ «ជនជាតិចិនគាត់មកទៅ គាត់ត្រូវការ Guide និងតៃកុងឡានមួយ ហើយដើរចូលទៅញ៉ាំអាហារជនជាតិចិនរបស់គាត់ ហើយចូលទៅ Shopping នៅហៅជនជាតិចិនរបស់គាត់ ហើយបើជនជាតិមកពីបច្ចឹមប្រទេស និងជនជាតិមកពីប្រទេសដទៃទៀត តែងតែដើរមើលផ្សារ ដើរទិញតាមតូបមួយៗទៅ គាត់ជិះតាក់ស៊ីទៅ គឺវាមានការខុសគ្នាអីចឹង»។
បន្ទាប់ពីភ្ញៀវទេសចរចិនដែលមកលេងនៅកម្ពុជាច្រើនជាងគេ គឺមានវៀតណាម ចំនួនជាង ៧១ ម៉ឺននាក់ ថៃចំនួនជាង ៣៣ ម៉ឺននាក់ និងឡាវមានជាង ២៦ ម៉ឺននាក់។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថោង ខុន បានបញ្ជាក់ថា កាលពីឆ្នាំមុនប្រទេសកម្ពុជាបានទទួលភ្ញៀវទេសចរបរទេសចំនួន ៦លាន ២សែន(៦.២) នាក់ក្នុងនោះមានជនជាតិចិន ២ លាននាក់ដែលមានប្រាក់ចំណូលសរុប ៤ពាន់ ៣៥ (៤.៣៥) លានដុល្លារអាមេរិក៕