មន្ត្រី​សង្គម​ស៊ីវិល​ ស្នើសុំ​ឲ្យ​ក្រសួង​អប់រំ​រៀបចំ​ការ​ប្រឡង​លើក​ទី២ ដល់​បេក្ខជន​ម្នាក់ ដែល​បាន​បាត់​ឈ្មោះ​ពី​បញ្ជី​សិស្ស​ប្រឡង​បាក់ឌុប

ដោយ ជាតិ ចំណាន
2018-08-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សិស្ស​​ប្រឡង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឬ​បាក់ឌុប នៅ​​មណ្ឌល​វិទ្យាល័យ​ស៊ីសុវត្ថិ នា​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ប្រឡង ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៦។ RFA
សិស្ស​​ប្រឡង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឬ​បាក់ឌុប នៅ​​មណ្ឌល​វិទ្យាល័យ​ស៊ីសុវត្ថិ នា​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ប្រឡង ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៦។ RFA
Photo: RFA

មន្ត្រី​សង្គម​ស៊ីវិល​ ស្នើសុំ​ឲ្យ​ក្រសួង​អប់រំ​រៀបចំ​ការ​ប្រឡង​លើក​ទី២ ដល់​បេក្ខជន​ម្នាក់ ដែល​បាន​បាត់​ឈ្មោះ​ពី​បញ្ជី​សិស្ស​ប្រឡង​បាក់ឌុប ​ដោយសារ​កំហុស​របស់​មន្ត្រី​អប់រំ​ខេត្ត​កំពង់ធំ។

ការ​បាត់​ឈ្មោះ​នេះ ជា​កំហុស​របស់​មន្រ្តី​ក្រសួង​អប់រំ ដូច្នេះ​ក្រសួង​ត្រូវ​ចេញ​មុខ​ទទួល​ខុស​ត្រូវ​លើ​រឿង​នេះ

ការលើកឡើង​របស់​សង្គម​ស៊ីវិល​បែប​នេះ គឺ​ក្រោយ​ពេល​មន្រ្តី​មន្ទីរ​អប់រំ​ខេត្ត​កំពង់ធំ បាន​និយាយ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ថា មិន​មាន​ការ​ប្រឡង​លើក​ទី២ ដល់​បេក្ខជន​ម្នាក់ ដែល​បាត់​ឈ្មោះ​ពី​បញ្ជី​ឈ្មោះ​ប្រឡង​បាក់​ឌុប​នោះ​ទេ។ សង្គម​ស៊ីវិល​ថា ការ​បណ្តែត​បណ្តោយ​ឲ្យ​បេក្ខជន​រង់ចាំ ប្រឡង​បាក់​ឌុប​ឆ្នាំ​ក្រោយ​មិន​មែន​ជា​ដំណោះ​ស្រាយ​ល្អ​នោះ​ទេ។

ប្រធាន​មជ្ឃ​មណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គឹមអេង និយាយ​ថា បញ្ហា​នេះ​ជា​កំហុស​រដ្ឋបាល​របស់​មន្រ្តី​ក្រសួង​អប់រំ។ ដូច្នេះ​ក្រសួង​ត្រូវ​ទទួល​ខុស​ត្រូវ​លើ​បញ្ហា​នេះ។ លោក​បន្ត​ថា លោក​រឿង​នេះ​មិន​មែន​ជា​រឿង​លេង​សើច​ទេ គឺ​ជា​រឿង​អនាគត​របស់​បេក្ខ​ជន៖ «»

កាល​ពី​ព្រឹត្តិការណ៍​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​​ឆ្នាំ​ ឬ​ហៅ​ថា បាក់ឌុប កាល​ពី​ថ្ងៃ​ទី២០ និង ២១ ខែ​សីហា កន្លង​ទៅ​មាន​បេក្ខជន​ម្នាក់ នៅ​ខេត្ត​កំពង់ធំ ត្រូវ​បាន​គេ​រាយ​ការណ៍​ថា ​មន្រ្តី​ក្រសួង​អប់រំ​នៃ​ខេត្ត​នេះ ច្រឡំ​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​ប្រឡង។

ទីប្រឹក្សា​សមាគម​គ្រូប​ង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន មាន​ប្រសាសន៍​ថា បើ​ទោះ​ជា​ក្រសួង​គ្មាន​គោល​ការណ៍​ឲ្យ​ឡើង​វិញ​ក្តី ប៉ុន្តែ​លោក​ថា ក្រសួង​អប់រំ​ត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​​បញ្ហា​កំហុស​ឆ្គង​របស់​ខ្លួន។ លោក រ៉ុង ឈុន ក៏​មាន​ការ​ឯកភាព​ឲ្យ​ក្រសួង​រៀបចំ​វិញ្ញាសារ​ថ្មី ដើម្បី​បេក្ខ​ជន​ដែល​ឈ្មោះ​នោះ​អាច​បាន​ប្រឡង​លើក​ទី២ ឡើង​វិញ។ លោក​ថា ការ​រង់ចាំ​រយៈ​ពេល​មួយ​ឆ្នាំ​មិន​មែនរ​យៈ​ពេល​ខ្លី​ទេ សម្រាប់​បេក្ខជន​គ្មាន​កំហុស៖ «»

អាស៊ីសេរី​បាន​បំភ្លឺ​ករណី​នេះ​ពី​រដ្ឋមន្រ្តី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួន ណារ៉ុន ប៉ុន្តែ​លោក​សុំ​មិន​អត្ថាធិប្បាយ​ករណី​នេះ​ទេ៖ «»

អាស៊ីសេរី​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​មន្រ្តី​មន្ទីរ​អប់រំ​ខេត្ត​កំពង់ធំ និង​មន្រ្តី​រៀបចំ​ការ​ប្រឡង​បាក់​ឌុប​បាន​ទេ ជុំវិញ​ករណី​បាត់​ឈ្មោះ​ពី​បញ្ជី​ប្រឡង​នេះ។

ដោយឡែក​ទូរទស្សន៍​បាយ័ន របស់​កូន​ស្រី​លោក ហ៊ុន សែន បាន​ចុះផ្សាយ​ដោយ​ដកស្រង់​សម្ដី​មន្រ្តី​មន្ទីរ​អប់រំ​ខេត្ត​កំពង់ធំ​ថា ក្រសួង​មិន​អាច​រៀបចំ​ឲ្យ​មាន​ការ​ប្រឡង​ឡើង​វិញ​បាន​ទេ ព្រោះ​ខុស​ទៅ​នឹង​លក្ខណ​បច្ចេកទេស​​របស់​​ក្រសួង​អប់រំ។ មន្រ្តី​ក្រសួង​អប់រំ តម្រូវ​ឲ្យ​បេក្ខជន​ប្រឡង​វិញ​ នៅ​ឆ្នាំ​ក្រោយ​ម្តង​ទៀត ប៉ុន្តែ​ក្រសួង​សម្របសម្រួល​ដល់​បេក្ខជន ដោយ​ផ្តល់​​សម្ភារៈ​សិក្សា ការ​បង់​ថ្លៃ​រៀន​គួរ​ពេញ​មួយ​ឆ្នាំ និង​មាន​ការ​ផ្ត​ល់​អារូបករណ៍​ដល់​បេក្ខជន​រូប​នេះ នៅ​ពេល​ប្រឡង​បាក់ឌុប​ជាប់​នៅ​ឆ្នាំ​ក្រោយ។

ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ ឬ បាក់ឌុប ឆ្នាំ​២០១៨​នេះ សិស្ស​ដែល​បាន​ដាក់​ពាក្យ​ប្រឡង​មាន​ជិត ១២​ម៉ឺន​នាក់ ក្រសួង​មិន​ទាន់​ប្រកាស​លទ្ធផល​នៅ​ឡើយ​ទេ។

កន្លង​មក​ក្រសួង​អប់រំ ធ្លាប់​រៀបចំ​ការ​ប្រឡង​ឡើង​វិញ ជា​លើក​ទី​ពីរ​ដែរ ក៏​ប៉ុន្តែ ការ​ប្រឡង​ឡើង​វិញ​កាល​ពី​ឆ្នាំ​២០១៤ នោះ គឺ​ធ្វើ​ឡើង​ដោយសារ​តែ​សិស្ស​ប្រឡង​ធ្លាក់​ច្រើន​ពេក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល