ក្រុមហ៊ុនបណ្ដាញសង្គមហ្វេសប៊ុក (Facebook) នឹងជូនដំណឹងដល់អ្នកប្រើប្រាស់កម្មវិធី Facebook និង Instagram រាប់លាននាក់ ឱ្យផ្លាស់ប្ដូរពាក្យសម្ងាត់របស់ខ្លួនចេញ បន្ទាប់ពីក្រុមហ៊ុននេះបានរកឃើញថា ពាក្យសម្ងាត់របស់អ្នកប្រើប្រាស់ទាំងនោះបានបែកធ្លាយនៅក្នុងផ្ទៃក្នុងរបស់ក្រុមហ៊ុន។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនហ្វេសប៊ុកបានចេញផ្សាយកាលពីថ្ងៃទី២១ ខែមីនា ឱ្យដឹងថា ជាទូទៅ ពាក្យសម្ងាត់របស់អ្នកប្រើប្រាស់ត្រូវបានបិទបាំងមិនឱ្យអ្នកណាម្នាក់អាចមើលយល់ ប៉ុន្តែក្នុងពេលពិនិត្យផ្នែកសុវត្ថិភាពកាលពីខែមករា ក្រុមហ៊ុនហ្វេសប៊ុកបានរកឃើញថា ពាក្យសម្ងាត់របស់អ្នកប្រើប្រាស់រាប់លាននាក់ បានបង្ហាញចេញមកនៅក្នុងទម្រង់ឯកសារដែលគេអាចមើលយល់ និងរក្សាទុកនៅក្នុងម៉ាស៊ីនផ្ទុកឯកសាររបស់ក្រុមហ៊ុន។
ក្រុមហ៊ុនហ្វេសប៊ុកបាន បន្ថែមទៀតថា ខ្លួនបានដោះស្រាយបញ្ហាទាំងនេះរួចរាល់ហើយ។ ទោះយ៉ាងណាក្រុមហ៊ុនហ្វេសប៊ុកនឹងធ្វើការជូនដំណឹងទៅអ្នកប្រើប្រាស់ Facebook Lite ប្រមាណរាប់រយលាននាក់ អ្នកប្រើប្រាស់ Facebook ប្រមាណដប់លាននាក់ និងអ្នកប្រើប្រាស់ Instagram ប្រមាណ ១ម៉ឺននាក់ផងដែរ។
ក្រុមហ៊ុនហ្វេសប៊ុកផ្ដល់អនុសាសន៍ដល់អ្នកប្រើប្រាស់ដែលនឹងប្ដូរពាក្យសម្ងាត់ថ្មីឱ្យជ្រើសរើសពាក្យសម្ងាត់ដែលមានភាពស្មុគស្មាញ និងរឹងមាំ គ្រប់គណនីដែលអ្នកមាន។ អ្នកប្រើប្រាស់អាចប្រើកម្មវិធីគ្រប់គ្រងពាក្យសម្ងាត់ ដើម្បីជួយបង្កើតពាក្យសម្ងាត់ដែលស្មុគស្មាញនិងរឹងមាំទាំងនេះ។
បន្ថែមពីលើនេះអ្នកប្រើប្រាស់អាចបើកដំណើរការនូវមុខងារ Security Key ឬសោរសុវត្ថិភាព និងបើកមុខងារ Two-Factor Authentication ឬការផ្ទៀងផ្ទាត់ពីកត្តា ដើម្បីការពារគណនីហ្វេសប៊ុករបស់លោកអ្នក តាមរយៈការប្រើប្រាស់លេខកូដជំនួសឱ្យពាក្យសម្ងាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។