សប្បុរសជន​ខ្មែរ​នៅ​បារាំង​ផ្ដល់​អំណោយ​ដល់​ពលរដ្ឋ​រង​ការ​បណ្ដេញ​ចេញ​ពី​លំនៅឋាន

ដោយ អ៊ុក សាវបូរី
2014.02.28
សប្បុរសជន​ខ្មែរ​នៅ​បារាំង ចែក​អំណោយ ៦១០ សកម្មភាព​ពលរដ្ឋ​ដែល​រង​ការ​បណ្ដេញ​ចេញ​ពី​លំនៅឋាន និង​អ្នក​រងគ្រោះ​នៅ​ពេល​កង​កម្លាំង​រដ្ឋាភិបាល​បង្ក្រាប​ការ​តវ៉ា​របស់​កម្មករ ចូល​រួម​ទទួល​អំណោយ​ពី​សប្បុរសជន​មក​ពី​ប្រទេស​បារាំង នា​វត្ត​សាមគ្គីរង្សី រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៤។
RFA/Ouk Savborey

សប្បុរសជន​ខ្មែរ​នៅ​ប្រទេស​បារាំង សហការ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ព្រះសង្ឃ ចែក​អំណោយ​ជា​អង្ករ និង​ថវិកា​ដល់​ពលរដ្ឋ​រងគ្រោះ​ដោយ​ការ​បណ្ដេញ​ចេញ​ពី​លំនៅឋាន និង​អ្នក​រងគ្រោះ​នៅ​ពេល​កង​កម្លាំង​រដ្ឋាភិបាល បង្ក្រាប​ការ​តវ៉ា​របស់​កម្មករ កាល​ពី​ដើម​ខែ​មករា ឆ្នាំ​២០១៤។

អង្ករ​ជាង ៣​តោន និង​ថវិកា​ច្រើន​ពាន់​ដុល្លារ ត្រូវ​បាន អ្នកស្រី អានីតា រស់​នៅ​ប្រទេស​បារាំង យក​ទៅ​ជួយ​ឧបត្ថម្ភ​ដល់​អ្នក​រងគ្រោះ ក្រោម​អំពើ​ហិង្សា​នៃ​ការ​បណ្ដេញ​ចេញ​ពី​ផ្ទះ និង​គ្រួសារ​រង​នូវ​ការ​បង្ក្រាប​បាតុកម្ម របួស ស្លាប់ និង​ជាប់​ពន្ធនាគារ។

អ្នកស្រី អានីតា ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៤ នៅ​បរិវេណ​វត្ត​សាមគ្គីរង្សី ថា អ្នក​ប្រើ​អាវុធ​មក​លើ​ជន​ស៊ីវិល ដែល​ទាមទារ​ឲ្យ​មាន​ការ​រស់​នៅ​សមរម្យ​នេះ ធ្វើ​ឲ្យ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​រន្ធត់​ខ្លាំង ក្រោយ​ពី​មាន​ការ​ផ្សាយ​ទាំង​សំឡេង និង​រូបភាព ត្រូវ​បាន​លាត​ត្រដាង​កន្លង​មក​នោះ។

អ្នកស្រី​ថា អ្នក​ស្រឡាញ់​ខ្មែរ​នៅ​ក្រៅ​ប្រទេស ពិសេស​អ្នក​រស់​នៅ​ទីក្រុង​ប៉ារីស បាន​ផ្តល់​ថវិកា​តាម​រយៈ​អ្នកស្រី ដើម្បី​យក​មក​ទិញ​អង្ករ ១៦០​បាវ ក្នុង ១​បាវ​ទម្ងន់ ២០​គីឡូក្រាម ចែក​ដល់​គ្រួសារ​ដែល​អាជ្ញាធរ​ចម្រុះ​បណ្ដេញ​មនុស្ស​ចេញ​ពី​អគារ​បុរីកីឡា និង​ថវិកា​ច្រើន​ពាន់​ដុល្លារ​ទៀត ចែក​ដល់​គ្រួសារ​អ្នក​ជាប់​ពន្ធនាគារ ២៣​នាក់ អ្នក​របួស ៣០​នាក់ អ្នក​ស្លាប់ ៥​នាក់ និង​អ្នក​បឹងកក់ មួយ​ចំនួន៖ «លោក​ប៉ូលិស​ទាហាន លោក​សន្តិសុខ​ពួក​លោក​សុទ្ធតែ​ស្បែក​ខ្មៅៗ គឺ​ជា​ខ្មែរ មុន​នឹង​លោក​វាយ​កូន​គេ ប្រពន្ធ​គេ ម្តាយ​គេ លោក​យក​ដៃ​ក្តិច​សាច់​របស់​លោក តើ​ឈឺ​ឬ​អត់?»

លោក ប៊ុត នឿន រង​របួស​ដោយ​គ្រាប់​កាំភ្លើង​បាញ់​ត្រូវ​ក​ជើង ឲ្យ​ដឹង​ថា ក្រោយ​ពី​របួស គាត់​មិន​អាច​ធ្វើ​ការ ២​ខែ​មក​ហើយ គឺ​បង់​ខាត​ប្រាក់​ចំណូល​ជាង ២០០​ដុល្លារ។ លោក​ថា ពេល​សម្រាក​នៅ​មន្ទីរពេទ្យ​រហូត​ចេញ​ពី​ពេទ្យ មិន​ដែល​បាន​ទទួល​អំណោយ ឬ​ការ​សួរ​សុខ​ទុក្ខ​ពី​សំណាក់​មន្រ្តី​រាជ​រដ្ឋាភិបាល ពី​កាក​បាទ​ក្រហម ពី​ព្រះមហាក្សត្រ​ទេ ទោះ​បី​គ្រប់​គ្នា​ដឹង​ថា អ្នក​របួស និង​អ្នក​ស្លាប់ ក្នុង​នោះ​មាន​អ្នក​ខ្លះ​មិន​មែន​បាតុករ​ក៏ដោយ។ លោក​ថា ទោះ​ជា​យ៉ាង​ណា គាត់​ទទួល​បាន​ជំនួយ​ទាំង​សម្ភារៈ និង​ថវិកា​ពី​សប្បុរសជន​ក្នុង និង​ក្រៅ​ប្រទេស​ទៅ​វិញ៖ «សុខភាព​ខ្ញុំ​រាង​គ្រាន់​បើ តែ​គ្រាន់​ថា​ដើរ​អត់​បាន​ឆ្ងាយ ត្រឹម ៥០​ម៉ែត្រ​អី វា​នៅ​ឈឺ​ជើង​វា​ប្រេះ​ឆ្អឹង»

ជាង​ដែក​រោងចក្រ ជីនវីន ឈ្មោះ សូ ណា អាយុ ២៧​ឆ្នាំ ឲ្យ​ដឹង​ថា គាត់​របួស​នៅ​ផ្លូវ​វ៉េងស្រេង កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា គឺ​ទាហាន​បាញ់​ត្រូវ​ពោះ ធ្វើ​ឲ្យ​ដាច់​ពោះវៀន ៤​កំណាត់។ លោក​ថា គាត់​មិន​មែន​កម្មករ​ទេ គាត់​ជា​ជាង​ដែក​ក្នុង​រោងចក្រ​នោះ ប្រាក់​ខែ​គាត់​ក្នុង​១​ខែ​ជិត ២០០​ដុល្លារ។ ឥឡូវ​គាត់​របួស​បាត់​បង់​ការងារ ២​ខែ និង​គ្មាន​ប្រាក់​ខែ​ច្រើន​ខែ​ទៀត ទម្រាំ​ពោះវៀន​ជា នឹង​ចូល​ធ្វើ​ការ មិន​ដឹង​ពេល​ណា​ទេ៖ «របួស​វា​សះ​ខាង​ក្រៅ តែ​ខាង​ក្នុង​វា​នៅ​មិន​ទាន់​ស្រួល ត្រូវ​ការ​វះ​កាត់​ម្តង​ទៀត»

លោក យូ សារិន ជា​ឪពុក លោក ជា សារ៉ាត់ កំពុង​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង ឬ ម៣ ខេត្ត​កំពង់ចាម ថ្លែង​ថា កូន​គាត់​រត់​ម៉ូតូ​កង់​បី នៅ​ផ្លូវ​វ៉េងស្រេង ស្រាប់​តែ​ក្រុម​ស្លៀកពាក់​ស៊ីវិល​មក​ភ្ជង់​ចាប់​កូន​គាត់ ហើយ​វាយ​ដំ​ចាប់​ដាក់​គុក​ចោទ​ថា​ជា​កម្មករ ដែល​ទាមទារ​ដំឡើង​ប្រាក់​ខែ​ដល់ ១៦០​ដុល្លារ។ លោក​ថា គាត់​ជា​ថ្នាក់​ដឹក​នាំ​ភូមិ​នៅ​ខេត្ត​កណ្ដាល លោក​ឈប់​បម្រើ​គណបក្ស​កាន់​អំណាច​ហើយ បើ​កូន​គាត់​មិន​ត្រូវ​បាន​គេ​ដោះ​លែង​ពី​គុក​ទេ​នោះ៖ «បើ​សិន​ណា​ខ្ញុំ​ចេញ​ពី​គណបក្ស​ប្រជាជន គឺ ១០០​អស់​ហើយ លែង​ជឿ​ហើយ»

លោកស្រី ហេង សុឃុន ត្រូវ​ជា​បង​របស់ លោក ហេង រដ្ឋា ដែល​កំពុង​ជាប់​ឃុំ​នៅ​គុក​ត្រពាំងផ្លុង  បាន​ឲ្យ​ដឹង​ថា រូប​ដែល​បង្ហោះ​តាម​ហ្វេសប៊ុក (Facebook) មាន​ក្រុម​ស្លៀកពាក់​ខោអាវ​ទាហាន វាយ​ដំ​យុវជន​ម្នាក់​លើ​ផ្ទះ​ថ្ម​នោះ គឺ​រូប​ប្អូន​គាត់​ឈ្មោះ ហេង រដ្ឋា ហើយ៖ «ប្អូន​ខ្ញុំ​ហ្នឹង គេ​វ៉ៃ​ត្រូវ​ក្បាល​ភ្នែក និង​បាក់​ខ្ទង់​ច្រមុះ»

ជន​ពិការ​ភ្នែក​ម្ខាង ដែល​ត្រូវ​បណ្ដេញ​ពី​បុរីកីឡា កញ្ញា ខៀវ ឡៃ ឲ្យ​ដឹង​ថា គាត់​បាន​ទទួល​អង្ករ ១​បាវ ទម្ងន់ ២០​គីឡូ លុយ ៤​ម៉ឺន​រៀល។ កញ្ញា​បន្ត​ថា គាត់​ទទួល​បាន​ការ​ឧបត្ថម្ភ​ញឹកញាប់​ពី​សប្បុរសជន និង​ពី​គណបក្ស​សង្គ្រោះ​ជាតិ។ ក្រោយ​ការ​បណ្ដេញ​ចេញ​ពី​បុរីកីឡា រដ្ឋាភិបាល និង​ក្រុមហ៊ុន ផានអ៊ីម៉ិច បោះ​បង់​ពួក​គាត់ ឲ្យ​រស់​នៅ​កណ្ដាល​វាល​គ្មាន​ទឹក​គ្មាន​ភ្លើង​នៅ​ភ្នំបាត។

ក្នុង​ពិធី​ចែក​អង្ករ និង​ថវិកា​ជំនួយ​ពី​ប្រទេស​បារាំង នៅ​វត្ត​សាមគ្គីរង្សី នា​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ មាន​វត្តមាន​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ ព្រះសង្ឃ លួន សាវ៉ាត និង​ព្រះសង្ឃ​ក្នុង​វត្ត​សាមគ្គីរង្សី រួម​ទាំង​ពុទ្ធបរិស័ទ​ប្រមាណ ៣០០​នាក់ និង​អង្គ ដែល​ឃ្លាំ​មើល​ពី​សមត្ថកិច្ច​ដែល​ស្លៀកពាក់​ស៊ីវិល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សាលាដំបូង​រាជធានី​ភ្នំពេញ តម្កល់​សាលក្រម​កំបាំង​មុខ​ទៅ​លើ​ប្រធាន​សហជីព លោក ម៉ម រិទ្ធី ឱ្យ​ជាប់​ពន្ធនាគារ ១៨ខែ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។