កម្មកររោងចក្រ ហាណា (HANA (Cambodia) 1Inc) នៅខណ្ឌពោធិ៍សែនជ័យ នាំគ្នាតវ៉ា មុខរោងចក្រទាំងថ្ងៃ ទាំងយប់ បន្តទៀត ករណីថៅកែបិទរោងចក្រ មិនផ្ដល់សំណងត្រឹមត្រូវ តាមច្បាប់ការងារ។ ចំណែកកម្មកររោងចក្រញូវបេស (NEW BEST GLOBAL TEXTILE CO., LTD.) នៅខេត្តកំពង់ស្ពឺវិញ ទទួលបានដំណោះស្រាយខ្លះហើយ ក្រោយការតវ៉ាជាង ៣ខែ។
ក្រុមកម្មកររោងចក្រហាណា អះអាងថា ពួកគេ បណ្ដាក់វេនគ្នាដេកយាមនៅមុខរោងចក្រទាំងថ្ងៃ ទាំងយប់ ដើម្បីបង្អាក់ឡានក្រុមហ៊ុន កុំឱ្យដឹកទំនិញចេញ ព្រោះថៅកែរោងចក្រជនជាតិកូរ៉េ បានលួចបិទរោងចក្រស្ងាត់ៗ និងមិនព្រមទូទាត់សំណងឱ្យកម្មករជាងប្រាំមួយរយ (៦៦៩) នាក់ ឱ្យត្រឹមត្រូវតាមច្បាប់ការងារ។
កម្មការិនីរោងចក្រ ហាណា លោកស្រី ប៊ុន ចិន្តា ប្រាប់អាស៊ីសេរីថា ក្រុមហ៊ុនបានព្យាយាមដឹកទំនិញចេញពីរោងចក្រច្រើនលើកច្រើនសាហើយ តាំងពីពេលចាប់ផ្ដើមតវ៉ា ថ្ងៃទី២២ មិថុនា មក តែខាងកម្មកររារាំងជានិច្ច។ លោកស្រី ថា តំណាងក្រសួងការងារ ធ្លាប់បានកោះហៅតំណាងកម្មករទៅចរចារកដំណោះស្រាយដែរ តែមិនត្រូវរ៉ូវគ្នា ហើយក្រុមកម្មករ នឹងប្រមូលផ្ដុំគ្នា តវ៉ាទ្រង់ទ្រាយធំ នៅមុខរោងចក្រ បើបន្តគ្មានដំណោះស្រាយទៀត។
រោងចក្រកាត់ដេរសំលៀកបំពាក់ ហាណា ស្ថិតនៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ ក្រុមកម្មករជាងប្រាំមួយរយនាក់ នៃរោងចក្រនេះ បាននាំគ្នា តវ៉ា កាលពីថ្ងៃទី២៣ មិថុនា ដោយសារភាគីរោងចក្រប្រកាសក្ស័យធនភ្លាមៗ ព្រោះតែវិបត្តិជំងឺកូវីដ១៩ (Covid-19)។
ក្រុមកម្មករបានទាមទារលក្ខខណ្ឌ ៥ចំណុច តាមច្បាប់ស្ដីពីការងារ ដែលតម្រូវឱ្យថៅកែបង់ប្រាក់ឱ្យកម្មករ និយោជិក នៅពេលបិទរោងចក្រ។ តែខាងភាគីថៅកែ យល់ព្រមបង់ប្រាក់ឱ្យតែ ៣ចំណុចទេ ដោយ ២ចំណុចទៀត ខាងក្រុមហ៊ុនមិនព្រមទូទាត់ឱ្យកម្មករឡើយ។
ខាងភាគីរោងចក្រហាណា អះអាងថា រោងចក្របានអនុវត្តស្របតាមច្បាប់ការងារ និងគោលការណ៍របស់ក្រសួងការងារហើយ។ រោងចក្រហាណា បានព្រមាន ប្ដឹងកម្មករ បើនៅតែបន្តសកម្មភាពរារាំងឡានក្រុមហ៊ុន មិនឱ្យដឹកអីវ៉ាន់ចេញពីរោងចក្រទៀត។
ប្រធានរដ្ឋបាលរោងចក្រ ហាណា អ្នកស្រី ទី សុធីតា អះអាងថា កម្មកររោងចក្រសរុបចំនួន ៦៦៩នាក់ បានព្រមទទួលយកលុយ៣ចំណុច ដែលរោងចក្រផ្ដល់ឱ្យ និងបានផ្ដិតមេដៃបញ្ចប់កិច្ចសន្យា និងប្រគល់កាតជូនក្រុមហ៊ុនវិញ អស់ហើយ តាំងពីថ្ងៃទី២៥ មិថុនាមក។ អ្នកស្រី ចោទថា មានការញុះញង់ពីខាងក្រៅ ទើបកម្មករចំនួន៥០នាក់ ទាមទារបន្ថែមពីរចំណុចទៀត ដែលធ្វើឱ្យមានការតវ៉ា មកដល់ពេលនេះ។
ទោះជាយ៉ាងណា អ្នកគ្រប់គ្រងកម្មវិធីសិទ្ធិការងារ នៃអង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ យល់ថា វិវាទនេះ គឺផ្ដើមចេញពីភាពមិនច្បាស់លាស់នៃសេចក្ដីបំភ្លឺរបស់អគ្គនាយកដ្ឋានអធិការកិច្ចក្រសួងការងារ ដែលបំភ្លឺថា ការបិទរោងចក្រក្នុងស្ថានភាពរងផលប៉ះពាល់ពីជំងឺកូវីដ១៩ មិនចាំបាច់ទូទាត់ប្រាក់សោហ៊ុយជំងឺចិត្ត និងប្រាក់ជូនដំណឹង។ លោក ឃុន ថារ៉ូ អះអាងថា ការបំភ្លឺរបស់មន្ត្រីក្រសួងការងារ គឺផ្ទុយពីច្បាប់ការងារ និងធ្វើឱ្យខាតប្រយោជន៍កម្មករ។ «»
អាស៊ីសេរីមិនអាចសុំការបញ្ជាក់រឿងនេះពីអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ បានទេ នៅថ្ងៃទី៤ កក្កដា ដោយសារ លោកមិនទទួលទូរស័ព្ទ។ តែយ៉ាងណា ក្នុងកំណត់ហេតុរបស់អនុប្រធានគណៈកម្មការដោះស្រាយកូដកម្ម បាតុកម្មគ្រប់មុខសញ្ញា លោក ខៀវ សាវុធ បង្ហាញថា ការចរចាគ្នា នៅថ្ងៃទី២៩ មិថុនា មិនសះជាទេ ដោយសារភាគីខាងកម្មករ និយោជិក ជម្នះទាមទារ ៥ចំណុចដដែល ឯភាគីរោងចក្រ ទូទាត់តែ៣ចំណុច។ មន្ត្រីក្រសួងការងាររូបនេះ មិនបានបង្ហាញថា តើនឹងបន្តដោះស្រាយ ឬត្រូវបញ្ជូនវិវាទនេះ ទៅស្ថាប័នណាបន្តទេ ដោយលោកស្នើសុំឱ្យភាគីទាំងពីរ ស្ដាប់ការរៀបចំរបស់អាជ្ញាធរមានសមត្ថកិច្ច។
ស្របពេលដែលកម្មកររោងចក្រហាណា កំពុងបន្តការតវ៉ាដដែល កម្មករមួយក្រុមទៀត នៅខេត្តកំពង់ស្ពឺ ដែលមានវិវាទការងារជាមួយថៅកែរោងចក្រ ញូវបេស (NEW BEST GLOBAL TEXTILE CO., LTD.) បានបញ្ចប់ការតវ៉ាហើយ នៅថ្ងៃទី៣ កក្កដា ក្រោយមានដំណោះស្រាយ។
កម្មកររោងចក្រញូវបេស ម្នាក់ លោកស្រី ព្រុំ តុលា ប្រាប់ថា ក្រុមកម្មករនាំគ្នាឈប់តវ៉ាមុខរោងចក្រទៀតហើយ ក្រោយពីទទួលបានប្រាក់ឈ្នួលខែចុងក្រោយ ប្រាក់ឈប់សម្រាកប្រចាំឆ្នាំ ប្រាក់បំណាច់អតីតភាពការងារ និងប្រាក់លំហែមាតុភាព។ តែយ៉ាងណា លោកស្រី ថា កម្មករមិនទាន់ទទួលបានប្រាក់សោហ៊ុយជំងឺចិត្ត និងប្រាក់ជូនដំណឹងទេ។ «»
ក្រុមកម្មករនៃរោងចក្រញូវបេស បានតវ៉ាមុខរោងចក្រ ជាង៣ខែមកហើយ ដោយសារថៅកែរត់ចោលរោងចក្រ មិនព្រមទូទាត់សំណងឱ្យកម្មករ។ វិវាទនេះ បានឈានដល់ដំណាក់កាលតុលាការ ដោយសាលាដំបូងខេត្តកំពង់ស្ពឺ បានចេញដីកាអនុវត្តចាត់ចែងរក្សាការពារទ្រព្យសម្បត្តិរបស់រោងចក្រ កាលថ្ងៃទី២៤ ខែមីនា តែនៅបន្តដោះស្រាយមិនចេញ រហូតដល់ក្រុមកម្មករ លើកគ្នាតវ៉ានៅមុខក្រសួងការងារ។
អាស៊ីសេរី មិនអាចសុំការបំភ្លឺ ពីឧកញ៉ា អ៊ឹង ស្រ៊ុនទ្រី ដែលកម្មករអះអាងថា ជាម្ចាស់អគារនៃរោងចក្រញូវបេស និងជាអ្នកចេញមុខដោះស្រាយវិវាទនេះ ជំនួសថៅកែជនជាតិចិន បានទេ នៅថ្ងៃទី៤ កក្កដា។
មន្ត្រីចងក្រង និងដោះស្រាយវិវាទនៃសហព័ន្ធសហជីពកម្ពុជា អ្នកស្រី ម៉ន ចាន់ណា យល់ថា ត្បិតតែតំណាងរោងចក្រ បានយល់ព្រមទូទាត់លុយ ឱ្យកម្មករ តែមិនទាន់គ្រប់ចំនួនតាមច្បាប់ការងារទេ ដែលនៅតែធ្វើឱ្យកម្មករខាតប្រយោជន៍។ អ្នកស្រី បន្តថា សហជីព នឹងដាក់លិខិតទាមទារអត្ថប្រយោជន៍របស់កម្មករ ឱ្យត្រឹមត្រូវតាមផ្លូវច្បាប់ ទៅក្រុមអ្នកបញ្ជាទិញបន្តទៀត។
រោងចក្រញូវបេស ស្ថិតនៅឃុំកាហែង ស្រុកសំរោងទង គឺជារោងចក្រផលិតខោអាវបុរស ស្ត្រី និងក្មេង ម៉ាក ព្រីម៉ាក និងអាឌែន (Primark & Ardene) ដែលមានកម្មករធ្វើការសរុបជិត៨រយនាក់ (៧៦៤)។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ អះអាងថា តាមតួលេខក្រសួងការងារ គិតត្រឹមដើមខែកក្កដា មានរោងចក្រ ជាង ២៥០រោងចក្រ មានព្យួរការងារ ដោយសារវិបត្តិជំងឺកូវីដ១៩ ហើយមានកម្មករ ជាង ១សែន ៣ម៉ឺននាក់ បានរងផលប៉ះពាល់ពីការព្យួរការងារនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។