កម្មករ​រោងចក្រ​ដេរ​សំលៀកបំពាក់ ហាណាវ័ន ខេមបូឌៀ ផ្អាក​ធ្វើ​កូដកម្ម ពេល​ក្រសួង​ការងារ និង​ថៅកែ​រោងចក្រ​សន្យា​ទូទាត់​សំណង​នៅ​ថ្ងៃ​ទី២៦ មិថុនា

កម្មករ​កម្មការិនី​នៃ​រោងចក្រ​ដេរ​សំលៀកបំពាក់​ហាណា​វ័ន​ ខេមបូឌៀ (Hana1 Cambodia) បាន​ផ្អាក​ធ្វើ​កូដកម្ម​ភ្លាមៗ បន្ទាប់​ពី​ក្រសួង​ការងារ​ចុះ​អន្តរាគមន៍​ឲ្យ​ថៅកែ​រោងចក្រ​ទូទាត់​ប្រាក់​សំណង​ឲ្យ​កម្មករ​តាម​ច្បាប់​ស្ដី​ពី​ការងារ​នៅ​ថ្ងៃ​ទី​២៦ ខែមិថុនា ខាង​មុខ​ក្រោម​ហេតុផល​ក្ស័យធន។

កម្មករ​ផ្នែក​ឃ្លាំង លោក រៀម សីហា ឲ្យ​ដឹង​ថា ភាគី​រោងចក្រ​ដែល​មាន​ថៅកែ​ជា​ជនជាតិ​កូរ៉េ បាន​ឯកភាព​យល់​ព្រម​ដោះ​ស្រាយ​ឲ្យ​កម្មករ​ចំនួន ៥ចំណុច មាន​ដូច​ជា ទូទាត់​ប្រាក់​ខែ​ចុង​ក្រោយ ប្រាក់​អតីតភាព​ការងារ ប្រាក់ ៥% ប្រាក់​ជូនដំណឹង និង​ប្រាក់​បំណាច់​ឆ្នាំ នៅ​ថ្ងៃ​ទី២៦ មិថុនា។ ប៉ុន្តែ​នៅ​ថ្ងៃ​ទី​២៥ មិថុនា លោក​ថា ភាគី​រោងចក្រ​សុំ​ឲ្យ​កម្មករ​ទៅ​ផ្ទៀងផ្ទាត់​បញ្ជី​ទូទាត់​ប្រាក់​ជា​មុន។ លោក រៀម សីហា បន្ត​ថា លោក​បំពេញ​ការងារ​នៅ​រោងចក្រ​នេះ​ចំនួន ៩ឆ្នាំ​ហើយ។ លោក​ថា លោក​និង​កម្មករ​ដទៃ​ទៀត ពេញ​ចិត្ត​ដំណោះ​ស្រាយ​នេះ ប៉ុន្តែ​លោក​នៅ​បារម្ភ​ពី​នីតិវិធី​និង​ការ​គណនា​ការ​ទូទាត់​សំណង​ជូន​កម្មករ៖ « កម្មករ​គាត់​ចេះ​តែ​ភ័យ​ខ្លាច សន្យា​ហើយ​តែ​ចេះ​តែ​បារម្ភ​ខ្លះៗ ថ្ងៃ​២៦ បាន​បើក​លុយ។ ប្រហែល​ជា​មាន​ខាង​ក្រសួង​ចុះ​មក​មើល​ដែរ​តែ​ខ្ញុំ​អត់​ដឹង​ទេ គ្រាន់​តែ​ថា​ថ្ងៃ​២៥​គេ​ឲ្យ​មើល​ក្រដាស​លុយ​បើ​ចង់​តវ៉ា តវ៉ា​ឲ្យ​ហើយ​ថ្ងៃ​២៦ ទើប​បាន​បើក​លុយ​ឲ្យ។ ប៉ុន្តែ​ខាង​កម្មករ​មិន​ដឹង​ពី​របៀប​គុណ​យ៉ាង​ម៉េច​ផង។ គ្រាន់​តែ​ថា​ឲ្យ​ខាង​រោងចក្រ​គាត់​ធ្វើ​តាម​ច្បាប់​ក្រសួង​ការងារ​ទៅ ទូទាត់​សំណង​ឲ្យ​ត្រូវ​តាម​ច្បាប់​ក្រសួង​ការងារ​ទៅ»

អាស៊ី​សេរី​មិន​អាច​សុំ​ការ​បញ្ជាក់​ជុំវិញ​ការ​ទូទាត់​សំណង​ឲ្យ​កម្មករ ពី​រដ្ឋបាល​គ្រប់គ្រង​ទូទៅ​នៃ​រោងចក្រ​ដេរ​សំលៀកបំពាក់ ហាណាវ័ន ខេមបូឌៀ (Hana1 Cambodia) លោក ហ័ង បាន​ទេ​ដោយ​ទូរស័ព្ទ​មិន​អាច​ទាក់ទង​បាន។

កម្មករ​កម្មការិនី​ប្រមាណ ៨រយ​នាក់ នៃ​រោងចក្រ​ដេរ​សំលៀកបំពាក់ ហាណា​វ័ន ខេមបូឌៀ (Hana1 Cambodia) ដែល​មាន​ទីតាំង​នៅ​ភូមិ​ត្រពាំងក្រសាំង សង្កាត់​ត្រពាំងក្រសាំង ខណ្ឌ​ពោធិសែនជ័យ បាន​ធ្វើ​កូដកម្ម​នៅ​ថ្ងៃ​ទី២៣ មិថុនា បន្ទាប់​ពី​ខាង​រោងចក្រ​ប្រកាស​កាល​ពី​ថ្ងៃ​ទី២២ មិថុនា​ថា ក្ស័យធន នឹង​ត្រូវ​បិទទ្វារ​ឆាប់ៗ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។