កម្មករ​ថា មន្ត្រី​ក្រសួង​ការងារ​សន្យា​យក​ឯកសារ​រដ្ឋបាល​នៃ​សិប្បកម្ម​តម្បាញ ហុង ស៊ីង ទៅ​ប្រជុំ​ដោះស្រាយ

ដោយ ម៉ៅ សុធានី
2019-12-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កម្មករ​រោងចក្រ ហុង ស៊ីង (Hong Xing) នៅ​ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ កំពុង​តវ៉ា​នៅ​មុខ​រោងចក្រ នៅ​ថ្ងៃ​ទី១៤ ខែ​ធ្នូ ឆ្នាំ២០១៩ ដោយសារ​ថៅកែ​រត់​ចោល​កម្មករ។
កម្មករ​រោងចក្រ ហុង ស៊ីង (Hong Xing) នៅ​ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ កំពុង​តវ៉ា​នៅ​មុខ​រោងចក្រ នៅ​ថ្ងៃ​ទី១៤ ខែ​ធ្នូ ឆ្នាំ២០១៩ ដោយសារ​ថៅកែ​រត់​ចោល​កម្មករ។
រូប៖ RFA

កម្មករ​រោង​សិប្បកម្ម​តម្បាញ ហុង ស៊ីង (Hong Xing) នៅ​ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ឱ្យ​ដឹង​ថា មន្ត្រី​ក្រសួង​ការងារ បាន​នាំ​អាជ្ញាធរ​មូលដ្ឋាន ទៅ​ចាក់សោ​ទ្វារ​របង​សិប្បកម្ម ចូល​ទៅ​ពិនិត្យមើល​សម្ភារៈ​នៅ​សេសសល់​ក្នុង​ទីតាំង​រួច​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី៣០ ធ្នូ ប៉ុន្តែ​មន្ត្រី​ទាំងនោះ​មិនទាន់​បញ្ជាក់​ប្រាប់​កម្មករ​ថា នឹង​ត្រូវ​លក់​សម្ភារៈ​ទូ​ទាត់​សង​កម្មករ ឬ​អត់​នោះ​ទេ។

កម្មការិនី​ម្នាក់ ឈ្មោះ សៀ សម្បត្តិ ប្រាប់​ថា សម្ភារៈ​មានតម្លៃ និង​កុំព្យូទ័រ​ទំនើបៗ ត្រូវ​បាន​ថៅកែ​ជនជាតិ​ចិន លួច​ដឹក​ចេញ មុន​ពេល​រត់ចោល​កម្មករ​អស់រលីង​ហើយ គឺ​នៅ​សល់​តែ​ម៉ាស៊ីនដេរ​ចាស់ៗ​ជាច្រើន​គ្រឿង និង​សម្ភារៈ មិនសូវ​មានតម្លៃ​មួយ​ចំនួន​ប៉ុណ្ណោះ​។ លោកស្រី មិន​ដឹង​ថា សម្ភារៈ​ទាំងនោះ អាច​លក់​បាន​គ្រប់​តម្លៃ​លុយ ដែល​ថៅកែ​ជំពាក់​កម្មករ​បាន ឬ​អត់​នោះ​ទេ ហើយ​មន្ត្រី​ក្រសួង​ការងារ ក៏​មិនទាន់​បញ្ជាក់​ប្រាប់​កម្មករ​បែប​ណា​ដែរ ដោយ​គ្រាន់​ប្រាប់​ថា នឹង​យក​ឯកសារ​រដ្ឋបាល​ទាំងអស់ ទៅ​ឱ្យ​ប្រជុំ​ជាមួយ​ថ្នាក់លើ​សិន។

អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​ភាគី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានទេ នៅ​ថ្ងៃ​ទី៣០ ធ្នូ ដោយសារ អ្នកនាំពាក្យ និង​ជា​តំណាង​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម​បាតុកម្ម នៅ​តាម​គ្រប់​មុខសញ្ញា លោក ទេស រុក្ខាផល មិន​ទទួល​ទូរស័ព្ទ។

សិប្បកម្ម​តម្បាញ​ហុង ស៊ីង មាន​កម្មករ​សរុប​១៩០​នាក់ ត្រូវ​បាន​ថៅកែ​ជនជាតិ​ចិន ចាក់សោ​ទ្វារ​របប​រត់ចោល​កម្មករ តាំងពី​ថ្ងៃទី៩ ធ្នូ មក​។ កម្មករ បាន​បណ្ដាក់​គ្នា ដេក​យាម​ទាំង​ថ្ងៃ ទាំង​យប់ តាំងពី​ពេលនោះ មក​ដើម្បី​យាម​សម្ភារៈ ខ្លាច​មានការ​លួច​ដឹក​ចេញ​បន្ត​ទៀត ក៏ប៉ុន្តែ​មាន​កម្មករ​ខ្លះ​បាន​ចាប់ផ្ដើម​ស្វែងរក​ការងារ​ថ្មី​ជា​បណ្ដើរ​ហើយៗ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល